Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, November 16, 2012

ចេះ​ពីរៀន​ មាន​ពី​រក​



                                                                    
                                                                   
                                                                         សេចក្ដី​អធិប្បាយ​

ធ្វើ​អ្វី​ក៏​ដោយ​ ត្រូវ​តែ​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​ជានិច្ច​​ ព្រោះ​មនុស្ស​កើត​មក​ សុទ្ធ​តែ​ល្ងង់​ដូច​តែ​គ្នា​ គ្មាន​នរណា​ឆ្លាត​ជាង​នរណា​ទេ​ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​អ្នក​ចេះ​និង​អ្នក​ល្ងង់​នោះ​ គឺ​បណ្ដាល​មក​ការ​ប្រឹង​ប្រែង​ឧស្សាហ៍​ព្យាយាម​ មិន​រា​ថយ​ មិន​ខ្លាច​ឧបសគ្គ​។​ សុក្រាត​ បាន​ពោល​ថា​ «អ្វី​ដែល​នៅ​ជុំវិញ​ សុទ្ធ​តែ​ជា​គ្រូ​យើង​»​ មិន​ថា​អ្វី​ទាំង​អស់​ សុទ្ធ​តែ​ជា​គ្រូ​របស់​យើង​ទាំង​អស់​ ឲ្យ​តែ​យើង​តាំង​ចិត្ត​រៀន​សូត្រ​ ហើយ​ក្នុង​នាម​ជា​មនុស្ស​ក៏​ត្រូវ​ស្វែង​រក​និង​សន្សំ​សំចៃ​ផង​ដែរ​ ដើម្បី​រក្សា​លំនឹង​ក្នុង​ជីវិត​។ ដូច​នេះ​ នៅ​ត្រង់​សុភាសិត​នេះ​ គេ​បាន​បង្កប់​នូវ​ន័យ​ក្រើន​រំឭក​ដ៏​ប្រសើរ​។
បើ​ក្រឡេក​មើល​នៅ​ក្នុង​ស្នាដៃ​អក្សរសិល្ប៍​ខ្មែរ​មួយ​ចំនួន​ តួអង្គ​ភាគច្រើន​សុទ្ធតែ​មាន​ការ​តស៊ូ​ប្រឹង​ប្រែង​។ ចៅ​ចិត្រ​ នៅ​ក្នុង​រឿង​កុលាប​ប៉ៃលិន​ (របស់​លោក​ ញ៉ុក​ ថែម​)​ មាន​ចំណេះ​ជំនាញ​ រៀន​ចប់​ប្រកាស​និយប័ត្រ​នៅ​សម័យ​នោះ​ មាន​ភាព​អំណត់​តស៊ូ​ ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​មិនថា​យប់​ថ្ងៃ​។ លទ្ធផល​ មិន​មែន​ឥត​ប្រយោជន៍​ទេ​ គឺ​គេ​ទទួល​បាន​វិញ​នូវ​ការ​តប​ស្នង​យ៉ាង​ប្រសើរ​ រហូត​ដល់​នាង​ឃុន​ នារី​ បាក់​ចិត្ត​ស្រឡាញ់​ ហើយ​ទទួល​ការ​ទំនុក​បម្រុង​ពី​សំណាក់​លោក​ ហ្លួង​រតនសម្បត្តិ​ ទៀត​ផង​។ អ្វី​ៗ​មិន​អាច​ដើរ​មក​រក​យើង​ទេ​ សម​ដូច​ស្រី​ហិ​តោ​​បទេស​ បាន​ពោល​ថា​ «​គ្មាន​សត្វ​ម្រឹគ​ណា​ បោល​ចូល​មាត់​សីហ​ដែល​កំពុង​ដេក​ទេ​» ចំណែក​​កំណាព្យ​របស់​លោក​តា​ក្រម​ង៉ុយ​ក៏​បា​ន​បង្ហាញ​ផង​ដែរ​ថា​ «​ប្រើ​ចង់​ស្រាល​ខ្លួន​ ត្រូវ​រៀន​ឲ្យ​មួន​ ឲ្យ​មាំ​ចាំ​ស្ទាត់​ បើ​ចេះ​ស្ទាក់​ស្ទើរ​ ងីងើ​ឥត​បទ​ បើ​ចេះ​ប្រាកដ​ ប្រាក់​រត់​តាម​ហៅ​។» មាន​ពល​កម្ម​ ទើប​មាន​សមិទ្ធផល​ កាន់​តែ​ធ្វើ​ កាន់​តែ​ទទួល​។​ ដាំ​ស្វាយ​ បាន​ស្វាយ​ ដាំ​ក្រូច​ បាន​ក្រូច​ នៅ​ក្នុង​សាច់​រឿង​មួយ​ទៀត​ គឺ​រឿង​ទេរវង្សកុមារ​ឬ​ចៅ​ស្រទប​ចេក​ (របស់​កវី​ យស ងិន)​ ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ តួអង្គ​ចៅ​ស្រទប​ចេក​ ដែល​ធ្លាប់​ជា​កូន​សេដ្ឋី​ ហើយ​បែរ​ជា​ធ្លាក់​ខ្លួន​ក្រ​តោ​ក​យ៉ាក​ សូម្បី​តែ​ឪពុក​ម្ដាយ​ក៏​ស្លាប់​ចោល​ទៀត​ នៅ​សល់​តែ​ខ្លួន​ទទេ​ គ្មាន​ញាតិ​បង​ប្អូន​ តែ​បាន​ទទួល​ការ​ទំនុក​បម្រុង​ពី​អ្នក​ជិត​ខាង​ ​ហើយ​គេ​ជា​មនុស្ស​ឧស្សាហ៍​ណាស់​ តាំង​ចិត្ត​រៀន​សូត្រ​ជានិច្ច​ ទីបំផុត​ក៏​មាន​ភព្វ​វា​សនា​ក្លាយ​ទៅ​ជា​ស្ដេច​ផែនដី​។ ទុំ​ តួអង្គ​ក្នុង​រឿង ទុំទាវ​ (របស់​ភិក្ខុ​សោម)​ ​ចេះ​ស្មូត​ ក៏​ព្រោះ​​តែ​ហាត់​រៀន​ ពេជ្រ​ចេះ​ផ្លុំ​ខ្លុយ​ក៏​ព្រោះ​តែ​រៀន​ ​មាន​នរណា​កើត​មក​មិន​រៀន​នោះ​ សូម្បី​តែ​ព្រះ​សមណ​គោត្ដម​នៃ​យើង​​ ក៏​ចៀស​មិន​ផុត​ពី​ការ​រៀន​សូត្រ​ឡើយ​។ សម​ ក្នុង​រឿង​ ព្រះអាទិត្យ​ថ្មី​រះ​លើ​ផែន​ដី​ចាស់​ (របស់​លោក​ សួន​ សុរិន្ទ​) បាន​បង្ហាញ​ថា​ ជីវិត​តស៊ូ​របស់​គេ​ គឺ​មិន​សាប​សូន្យ​ ទោះ​ សម​ មិន​បាន​រៀន​ជ្រៅជ្រះ​ តែ​គេ​បាន​រៀន​ពី​បរិយាកាស​ខាង​ក្រៅ​ឬ​ពី​សង្គម​ខាង​ក្រៅ​ ដែល​ធ្វើ​ឲ្យ​គេ​ចេះ​ពី​វិធី​រស់​នៅ​ក្នុង​សង្គម​បាន​យ៉ាង​ល្អ​ ហើយ​មាន​ភាព​អត់​ធ្មត់​ខ្ពស់​ ការ​ព្យាយាម​របស់​ សម​ ធ្វើ​ឲ្យ​គេ​មាន​ការ​ងារ​ធ្វើ​នៅ​ទីបំផុត​ គឺ​ត្រូវ​មន្ត្រី​វ័យ​មើល​ឃើញ​ពី​សមត្ថភាព​និង​ភាព​ស្មោះ​ត្រង់​របស់​គេ​។ អ្នក​និពន្ធ​ភាគ​ច្រើ​ន តើ​គេ​ចេះ​មក​ពី​ណា​? ពិត​ហើយ​ ចេះ​ពី​រៀន​ គ្មាន​នរណា​មួយ​មិន​រៀន​ឡើយ​ ប៉ុន្តែ​ក៏​ត្រូវ​មាន​វិធី​របស់​វា​ដែរ​ មិន​មែន​ចេះ​រៀន​​ឡើយ​។ បុគ្គល​ខ្លះ​ ខំ​ប្រឹង​ពី​ភាព​ក្រី​ក្រ​រហូត​ក្លាយ​ខ្លួន​ទៅ​ជា​មហាសេដ្ឋី​ពិភព​លោក​ តួយ៉ាង​ដូច​ជា​ លោក​ លី​ កា​ស៊ីង​ជាដើម​។ តើ​មាន​អ្វី​ខុស​ប្លែក​ទៅ​ បើ​យើង​ប្រឹង​ប្រែង​នោះ​ ឬ​មួយ​សុខ​ចិត្ត​ដេក​ចាំ​ព្រេង​វាសនា​ប្រទាន​ឲ្យ​​?​ វា​គ្មាន​ផ្លូវ​នោះ​ទេ​ ដរាប​ណា​នៅ​មួយ​កន្លែង​ ដរាប​នោះ​ប្រៀប​ដូច​ជា​រូបចម្លាក់​យ៉ាង​ដូច្នោះ​ឯង​។​ សូម​ក្រឡេក​មក​មើល​ អក្សរសិល្ប៍​បុរាណ​មួយ​ទៀត​ គឺ​រឿង​រាមកេរ្ដិ៍ ព្រះ​រាម​ចេះ​ក្បួន​យុទ្ធ​សាស្ត្រ​ដ៏​ចំណាន​ ដោយ​សារ​តែ​ការ​ប្រឹង​ប្រែង​រៀន​របស់​ទ្រង់​។ សូម្បី​តែ​ទេវតា​ទាំង​មួយ​រយ​មួយ​នគរ​ក៏​ប្រៀប​ពុំ​បាន​សោះ​ឡើយ​​។​ តើ​មាន​អ្វី​ត្រូវ​ប្រកែក​តវ៉ា​ទៀត​ទេ​?​ នេះ​ហើយ​ជា​ហេតុ​ផល​ដែល​ប្អូន​សិស្សានុសិស្ស​ទន្ទឹង​ចង់​អាន​បំផុត​នោះ​។
ផ្ទុយ​ទៅ​វិញ​ ការ​ចេះ​ដឹង​និង​ការ​​មានបាន​​​ មិន​មែន​ពឹង​ពាក់​ត្រឹម​តែ​ខ្លួន​ឯង​ទេ​ គឺ​ទាមទារ​នូវ​កក្ដា​ខាង​ក្រៅ​ជាច្រើន​ដូចជា​ គ្រួសារ​ មិត្ត​ភក្តិ​ លោក​គ្រូ​-អ្នក​គ្រូ​ បរិយាកាស​ខាង​ក្រៅ រួម​ទាំង​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ​។​ សូម្បី​តែ​ ព្រះ​រាម​ ទុំ​ ចៅ​ស្រទប​ចេក​ សម​ ចៅ​ចិត្រ ក៏​សុទ្ធ​តែ​ពឹង​លើ​កត្តា​​ខាង​លើ​ដូច​គ្នា​​ ទើប​អាច​សម្រេច​បាន​។
ដូច​នេះ​សុភាសិត​ «​ចេះ​ពី​រៀន​ មាន​ពី​រក​»​ នេះ ពិត​ជា​មាន​ន័យ​ទូលំ​ទូលាយ​ណា​ស់​ មិន​មែន​សំដៅ​តែ​ទៅ​លើ​ការ​សិក្សា​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ ​អ្វី​ក៏​ដោយ​ឲ្យ​តែ​ចេះ​ដោយ​ការ​រៀន​ ទោះ​តាម​វិធី​ប្រយោល​ឬ​ផ្ទាល់​ក្ដី​ តែ​ក៏​មិន​មែន​មាន​ន័យ​ថា​ខ្លួន​ឯង​តែ​ម្នាក់​អាច​ធ្វើ​បាន​នោះ​ឡើយ​ គឺ​ត្រូវ​មាន​គ្រូ​ឧទ្ទេស​ឬ​អ្នក​ណែនាំ​ផ្លូវ​ដ៏​ល្អ​ មាន​ការ​លើក​ទឹក​ចិត្ត​ពី​ញាតិ​មិត្ត​បង​ប្អូន​ និង​សង្គម​ ទើប​អាច​សម្រេច​ផល​ល្អ​ ហើយ​ក៏​ត្រូវ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ដែរ​។​​​​​

ដោយ​ រស់ វាសនា








No comments: