សង្ខេបរឿងតេជោយ៉ត
និពន្ធដោយលោក ទី ជីហួត
នៅកំពង់ស្វាយ
មានបុរសម្នាក់ឈ្មោះមាស មានងារជាឧកញ៉ាតេជោបរមរាជ ដែលគេហៅថា
តេជោមាស។ លោកមានភរិយាឈ្មោះស្រែន មានងារជាជំទាវ និងមានសិស្សឈ្មោះ
យ៉ត ដែលតែងតែទៅសមរភូមិជាមួយនឹងលោកគ្រប់ទីកន្លែង។
ស្វាមីភរិយាទាំងពីរនេះមានទឹកចិត្តស្រឡាញ់រាប់អាន យ៉ត ជាពន់ពេក។
ស្ដេចសម្រែ បានតាំងខ្លួនឯងថា «ស្ដេចសម្រែធិរាជ» បានតាំងទ័ពនៅកំពង់ហៅ (កំពង់ឆ្នាំង)
ដោយបានរៀបចំបន្ទាយមួយឲ្យឈ្មោះថា «បន្ទាយនគរ»។
ស្ដេចសម្រែជាមេក្រុមបះបោរប្រឆាំងនឹងស្ដេចព្រះជ័យចេស្ដា
ដើម្បីដណ្ដើមអំណាចគ្រប់គ្រងផែនដី។
តេជោមាសនិងយ៉តបានព្យាយាមលើកទ័ពទៅបង្ក្រាបក្រុមបះបោរនេះខ្លាំងណាស់ដែរ
តែត្រូវបរាជ័យ។ ជំទាវស្រែនបានរៀបចំល្បិចបញ្ឆោតឲ្យស្ដេចសម្រែធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង
ហើយបង្អកស្រារហូតដល់ស្រវឹង។ ស្ដេចសម្រែនិងបក្សពួកត្រូវបានតេជោមាស
យ៉ត និងកងទ័ពចាប់ទៅថ្វាយព្រះចៅជ័យចេស្ដាកាត់ទោសតាមច្បាប់នគរ។
ក្រោយពីបានជោគជ័យលើស្ដេចសម្រែរួចមក
តេជោមាសក៏បានទទួលអនិច្ចកម្មទៅ។
ព្រះរាជាក៏ប្រទានងារនោះឲ្យទៅតេជោយ៉ត បំពេញនាទីដឹកនាំកងទ័ពជំនួស។
តេជោយ៉តបានទទួលរាជបញ្ជា
និងដាវអាជ្ញាសឹកទៅបង្ក្រាបពួកឈ្លើយសឹកបះបោរនៅខេត្តពោធិ៍សាត់់។
ឆ្លងតាមបទពិសោធនរបស់ឧកញ៉ាចក្រី និងក្រឡាហោមទទួលការបរាជ័យក្នុងការបង្ក្រាបឈ្លើយសឹកនៅទីនោះ
តេជោយ៉តបានរកឃើញថាការចាញ់សង្គ្រាមនេះ
បណ្ដាលមកពីមានខ្មាំងនៅពីក្រោយខ្នង។ តេជោយ៉ត
បានបញ្ជាឲ្យកេណ្ឌទ័ពនៅលង្វែក កំពង់ស្វាយ ក្នុងនោះមានម៉ឺនចៃចុងរ៉ាក់
ដែលប្អូនថ្លៃព្រះមហាក្សត្រផងដែរ។ ដើម្បីរកខ្មាំងខាងក្រោយខ្នង
តេជោយ៉តបានបញ្ជាឲ្យកងទ័ពកំណែនទាំងអស់អូសឫស្សីបញ្ច្រាសចុងដើម្បីកសាងបន្ទាយ
បើនរណាប្រឆាំងត្រូវសម្លាប់ចោល។
បក្សពួកម៉ឺនចៃចុងរ៉ាក់មិនបានធ្វើតាមបញ្ជានេះឡើយ
ហើយថែមទាំងធ្វើតាមទំនើងចិត្តរបស់ខ្លួនព្រោះសំអាងលើបងស្រីដែលធ្លាប់ទទួលសំណូក
និងជាអ្នកម្នាងនៃព្រះមហាក្សត្រ នឹងជួយឲ្យរួចផុតពីកំណែននេះ។
ទង្វើនេះត្រូវតេជោយ៉តរកឃើញថា
ម៉ឺនចៃចុងរ៉ាក់នេះឯងជាខ្មាំងពីក្រោយខ្នង
ហើយក៏ចាប់យកទៅសម្លាប់ចោលទៅ។
ក្រោយពីបានទទួលដំណឹងថាប្អូនប្រុសខ្លួនស្លាប់ អ្នកម្នាងនូ
បានទូលព្រះរាជាឲ្យចាប់តេជោយ៉តទៅកាត់ទោសប្រហារជីវិត។
ព្រះរាជាបានធ្វើតាមការសុំរបស់អ្នកម្នាង
តែតេជោយ៉តមិនបានមកតាមបញ្ជានោះឡើយ ដោយសំអាងថាខ្លួនជាប់ដៃបង្ក្រាបសត្រូវបះបោរចាំរួចការនោះ
ខ្លួននឹងមកទទួលទោសដោយខ្លួនឯង។
ដោយការទទូចសុំរបស់អ្នកម្នាងខ្លាំងពេក
ព្រះរាជាបានបង្ខំឲ្យតេជោយ៉តមកជួបតទល់ជាមួយអ្នកម្នាងនូ។
ពេលកំពុងជជែកគ្នានោះ តេជោយ៉តបានចោទប្រកាន់ថាអ្នកម្នាងនូជាខ្មាំងពីក្រោយខ្នង
ព្រោះបានរំខានខ្លួនធ្វើសឹក បើកឱកាសឲ្យសត្រូវវាយលុកនិងទទួលសំណូក
ដើម្បីការពារបក្សពួកម៉ឺនចៃចុងរ៉ាក់ ធ្វើឲ្យកងទ័ពបាក់ស្មារតី
ហើយក៏គប់កូនដាវសម្លាប់អ្នកម្នាងនូនាពេលនោះទៅ។
តេជោយ៉តប្រកាសជម្រាបមន្ត្រីទាំងនោះថា ចាំបង្ក្រាបសត្រូវរួច
នឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯង។
ការបង្ក្រាបឈ្លើយសៀមបះបោរបានសម្រេចជោគជ័យ
តេជោយ៉តឲ្យគេធ្វើឃ្នាង
ហើយដាក់ខ្លួនឯងដើរចូលទៅទទួលទោសពីព្រះរាជាពីបទដែលខ្លួនសម្លាប់អ្នកម្នាងនូ។
ព្រះរាជាមិនឲ្យចូលជួប រួចបញ្ជាឲ្យមន្ត្រីដោះលែង
និងឲ្យទៅត្រួតការងារឯខេត្តកំពង់ស្វាយ។
តេជោយ៉តបានកួចចិត្តប៉ងប្រាថ្នាយកជំទាវស្រែនមកធ្វើជាភរិយា
តែមិនបានសម្រេចទេ ព្រោះជំទាវស្រែនបានគិតថា យ៉ត ជាជនជាតិភាគតិច
ហើយជាសិស្សរបស់ប្ដីនាងពីមុនផងដែរ។
ដោយសង្កេតឃើញជំទាវស្រែនរើសអើងសេចក្ដីស្នេហាបែបប្រកាន់វណ្ណៈយ៉ាងនេះ
តេជោយ៉តបានប្រើល្បិចលួចយកកាំជណ្ដើរផ្ទះជំទាវស្រែនមកឲ្យជាងដាប់ឆ្លាក់ជារូបព្រះពុទ្ធបដិមា
និងរូបតេជោមាស ហើយប្រកាសធ្វើបុណ្យយ៉ាងធំបញ្ជូនកុសលទៅគ្រូររបស់ខ្លួន។
ជំទាវស្រែនបានទៅចូលរួមពិធីនេះ ហើយថ្វាយបង្គំព្រះពុទ្ធបដិមា
និងរូបសំណាកតេជោមាសនោះ
តែត្រូវបានតេជោយ៉តប្រាប់នូវការពិតថាថ្វាយបង្គំកាំជណ្ដើររបស់ខ្លួនឯង។
គ្រានោះជំទាវស្រែនយល់ន័យនៃទង្វើរបស់តេជោយ៉ត
ហើយក៏ព្រមព្រៀងរៀបការជាមួួយតេជោយ៉តនាពេលនោះទៅ។
ចប់
សូមមើលវីដេអូបន្ថែមទៀត
សូមចុច Subscribe លើ YouTube Channel នេះ ដើម្បីទទួលបានវីដេអូបន្ថែម
No comments:
Post a Comment