សង្ខេបរឿងធនញ្ជ័យ
រាត្រីដែលធនញ្ជ័យបានមកចាប់កំណើតក្នុងពោះម្ដាយ
បណ្ដាលឲ្យនាងជាម្ដាយនោះយល់សប្ដិឃើញថា «ដូចជាយល់សូង យល់សប្ដិឃើញដូង
បេះបានទាំងផ្លែ យល់សប្ដិឃើញខែ ខែនោះពេញបូណ៌មី»។
ចម្លែកនឹងសប្ដិនេះ ព្រឹកឡើងនាងនោះក៏បានធ្វើដំណើរទៅកាន់ផ្ទះតាហោរ
ដើម្បីឲ្យទាយមើល ប៉ុន្តែជួនជាតាហោរមិននៅ
នាងនោះក៏បាននិយាយរឿងសប្ដិនោះឲ្យប្រពន្ធតាហោរស្ដាប់។
ប្រពន្ធតាហោរដឹងថា តាមសប្ដិនេះ
នាងនេះនឹងមានកូនប្រុសម្នាក់អាចឡើងធ្វើជាស្ដេច ក៏បានទាយបង្ខុសថា
៖
«នាងឯងនឹងមានកូនប្រុស
កូននោះនឹងទៅជាខ្ញុំគេ»។
ក្រោយមក
នាងនោះក៏កើតបានកូនប្រុសមែន ក៏ដាក់ឈ្មោះថា «ធនញ្ជ័យ»។ អាយុបាន
៧ឆ្នាំ កុមារធនញ្ជ័យតែងដើរទៅលេងផ្ទះលោកមហាសេដ្ឋីរាល់ថ្ងៃ។ ថ្ងៃមួយ
ពេលកំពុងតែត្បាញនៅលើផ្ទះ ប្រពន្ធមហាសេដ្ឋីបានធ្វើឲ្យជ្រុះត្រល់ទៅដី
ក៏ស្រែកហៅធនញ្ជ័យឲ្យរើស ដោយសន្យានឹងឲ្យអំបុកច្រើនដល់ធនញ្ជ័យវិញ។
ប៉ុន្តែពេលប្រពន្ធសេដ្ឋីយកអំបុកមកឲ្យ
ធនញ្ជ័យយំស្រែកប្រកែកមិនព្រមយក ដោយយល់ថាអំបុកនោះតិចពេក។
សំឡេងយំរបស់ធនញ្ជ័យបានឮដល់លោកមហាសេដ្ឋី។
លោកមហាសេដ្ឋីបានប្រើល្បិចបញ្ឆោតមួយដោយយកអំបុកដាក់រាយពេញចង្អេរមួយ
និងក្នុងកញ្ជើមួយ រួចឲ្យធនញ្ជ័យជ្រើសរើស។ ធនញ្ជ័យចាញ់ល្បិចគេ
ក៏បានយកអំបុកនៅលើចង្អេរ តែក្រោយមកក៏មានការភ្ញាក់រឭកមើលឃើញការបោកប្រាស់នេះ
ក៏សុំម្ដាយឲ្យយកខ្លួនទៅនៅបម្រើលោកសេដ្ឋីដើម្បីសងសឹក។
ពេលនៅជាមួយសេដ្ឋី ធនញ្ជ័យបានត្រូវសេដ្ឋីប្រើយ៉ាងវីវក់
ដូចជាឲ្យរត់តាមសេះទៅរោងជំនុំគាល់ស្ដេច ចាំចម្ការ ឃ្វាលគោ
ធ្វើការក្នុងផ្ទះ ទៅជញ្ជូនឥវ៉ាន់ពេលភ្លើងឆេះផ្ទះ។
ប៉ុន្តែគ្រប់សកម្មភាពត្រូវបានធនញ្ជ័យផ្ចាញ់យ៉ាងធ្ងន់ធ្ងរ
ដូចជាធនញ្ជ័យរើសអាចម៍សេះដាក់ក្នុងថង់យាម
បណ្ដោយឲ្យគោក្របីចូលស៊ីដំណាំចម្ការអស់
ចាប់គោឈ្មោលអ្នកស្រុកចងបណ្ដាលឲ្យមានរឿងរ៉ាវដល់សេដ្ឋី។ ស្រែកហៅលោកសេដ្ឋីឲ្យមកពិសាបាយឲ្យគាត់ខ្មាសគេខ្លាំង
និងជញ្ជូនតែសម្បុកមាន់ សម្បកប៉ោត ពេលភ្លើងឆេះផ្ទះជាដើម។
ដោយខ្លាចប្រាជ្ញាធនញ្ជ័យ និងដើម្បីសងសឹកផង
លោកសេដ្ឋីក៏បាននាំធនញ្ជ័យទៅថ្វាយស្ដេច។
នៅជាមួយមុនដំបូង
ស្ដេចបានដេញប្រាជ្ញាធនញ្ជ័យ ដូចជាឲ្យធនញ្ច័យោភរស្ដេច
ឲ្យធនញ្ជ័យរកពងមាន់ឲ្យបានមួយពេលមុជចូលទៅក្នុងទឹក
ឲ្យធនញ្ជ័យជិះដំរីចាស់គ្រេចជើង ដឹកក្រយាស្ងោយស្ដេចទៅប្រពាតព្រៃ
ឲ្យធនញ្ជ័យបោសសំរាមនៅក្រោមដំណាក់ ឲ្យធនញ្ជ័យរកមាន់មកប្រជល់នឹងមាន់ស្ដេច
ឲ្យធនញ្ជ័យរកក្របីមកជល់នឹងក្របីស្ដេច។ ក្នុងការដេញប្រាជ្ញានេះ
ធនញ្ជ័យបានឈ្មះស្ដេចគ្រប់លើក ធ្វើឲ្យស្ដេចខ្មាស
ហើយដុះគំនិតព្យាបាទកាច់បំបាក់
ដូចជាប្រើស្រីស្នំឲ្យទៅជុះអាចម៍ដាក់ផ្ទះធនញ្ជ័យ ស្អប់មុខធនញ្ជ័យ ហើយមិនឲ្យធនញ្ជ័យចូលវាំង។
តែគ្រប់អំពើតាមព្យាបាទឈ្នានីសរបស់ស្ដេច
ត្រូវបានធនញ្ជ័យផ្ចាញ់ផ្ចាលយ៉ាងដំណំ
ដូចជាធនញ្ជ័យហ៊ានចំតិតក្ដិតដាក់ស្ដេច
ហ៊ានវាយពួកមេនំមេនាងដែលស្ដេចប្រើឲ្យទៅជុះអាចម៍ដាក់ផ្ទះ។
ប្រាជ្ញាធនញ្ជ័យល្បីល្បាញពេញផ្ទៃប្រទេស
និងរីកសាយរហូតដល់ប្រទេសចិន។
ស្ដេចស្រុកចិនក៏បានបញ្ជូនអ្នកប្រាជ្ញគេមកស្រុកខ្មែរដើម្បីភ្នាល់គ្នាជាមួយស្ដេចខ្មែរ
ទាយរកចំនួនគ្រាប់ឪឡឹកដែលចិនយកមកក្នុងបំណងយកស្រុកខ្មែរជារណប។
ក្នុងការដោះចំណោទលើកនេះ ធនញ្ជ័យយកខ្លួនធានា
ប៉ុន្តែដោយចំណោទទាយរកចំនួនគ្រាប់ឪឡឹកនោះពិបាកពេក
ធនញ្ជ័យដោយមិនចង់ឃើញប្រទេសជាតិធ្លាក់ក្នុងកណ្ដាប់ដៃចិន
ក៏បានទៅលោតទឹកសម្លាប់ខ្លួន។ តែគាត់មិនលិចទេ
បែរជារសាត់ទៅប៉ះសំពៅចិន ក៏តោងចង្កូតជាប់។ ពេលនោះ ជួនជាយប់ស្ងាត់
ធនញ្ជ័យ
បានឮពួកមន្ត្រីចិននិងអ្នកប្រាជ្ញរបស់គេជជែកគ្នាអំពីចំនួនគ្រាប់ឪឡឹកក្នុងផ្លែនីមួយៗ។
ធនញ្ជ័យបានឮក៏ហែលត្រឡប់មកផ្ទះវិញ។ ស្អែកឡើង
គាត់ក៏បានទាយរកចំនួនគ្រាប់ឪឡឹកត្រូវទាំងអស់។ ពួកចិនទទួលព្រមចាញ់
បានប្រគល់សំពៅឲ្យស្ដេចខ្មែរប្រាំរយគ្រឿង រួចត្រឡប់ទៅវិញ។
ដោយខ្លាចប្រាជ្ញាធនញ្ជ័យ ស្ដេចពុំហ៊ានឲ្យគាត់នៅជិតវាំងឡើយ
ក៏បញ្ជាឲ្យទៅនៅឆ្ងាយឯដងទន្លេ។ ទីនោះ
ធនញ្ជ័យបានបង្កើតឲ្យមានការបង់ពន្ធគយ បណ្ដាលឲ្យមានទំនាស់ជាមួយពួកឈ្មួញដែលរកស៊ីតាមទន្លេ
ជាហេតុធ្វើឲ្យស្ដេចមានលេសប្រើពេជ្ឈឃាដចាប់ធនញ្ជ័យយកទៅសម្លាប់ចោល។
ធនញ្ជ័យបានបោកពួកពេជ្ឈឃាដឲ្យច្រៀងរាំលើទូក
រួចគាត់លួចលោតចុះក្នុងទឹកហែលគេចមកបួសជាព្រះសង្ឃក្នុងវត្តមួយ។
គេបានគិតថា ធនញ្ជ័យស្លាប់ក្នុងទឹកទន្លេទៅហើយ។
ដំណឹងបានលេចឮដល់ស្ដេចស្រុកចិន។ ស្ដេចចិនសប្បាយចិត្តណាស់
ក៏បានបញ្ជាឲ្យអ្នកប្រាជ្ញគេមកស្រុកខ្មែរ
ចោទជាប្រស្នាដាក់ប្រទេសជាតិទៀត។
ធនញ្ជ័យបានសឹកចេញពីវត្តមកជួបស្ដេច ហើយបានចូលទៅតតាំងដោះស្រាយប្រស្នាជាមួយអ្នកប្រាជ្ញចិន
រហូតទទួលបានជោគជ័យជាលើកទីពីរ។
ស្ដេចខ្មែរត្រេកអរក្នុងចិត្តនឹងជ័យជម្នះ ក៏ចង់រកប្រពន្ធឲ្យធនញ្ជ័យ
តែធនញ្ជ័យបដិសេធមិនព្រមឲ្យស្ដេចរកឲ្យ
ដោយគាត់ចាត់ទុកនារីដែលនៅស្ងៀមចាំតែគេលើកឲ្យមានប្ដីនោះថាសុទ្ធតែជា
«ញី»។
គាត់បានដើររកប្រពន្ធដោយខ្លួនឯង
ហើយក៏បានជួបនាងសួស្ដីដែលគាត់ចាត់ទុកថា ជាស្រីពេញលក្ខណៈ
រួចបានស្ដីដណ្ដឹងនិងរៀបការតាមប្រពៃណីខ្មែរ។ ក្រោយមកទៀត
ស្ដេចខ្មែរនិងពួកមន្ត្រីសក្ដិភូមិមានការព្រួយបារម្ភនឹងប្រាជ្ញាធនញ្ជ័យកាន់តែខ្លាំង
និងស្អប់ធនញ្ជ័យកាន់តែខ្លាំងផងនោះ
ក៏បាននិរទេសគាត់ឲ្យទៅនៅស្រុកចិន
ដោយជឿថានឹងត្រូវស្លាប់បាត់បង់ជីវិតនៅទីនោះមិនខាន។
នៅឯស្រុកចិន
ធនញ្ជ័យបានធ្វើនំបញ្ចុកលក់ល្បីដល់ស្ដេចចិន។
ស្ដេចចិនចង់សោយចំណីចម្លែករបស់ធនញ្ជ័យ
ក៏ហៅធនញ្ជ័យយកនំទៅថ្វាយដែលជាហេតុបណ្ដាលឲ្យគាត់មានលទ្ធភាពអាចមើលមុខស្ដេចចិនបាន
ព្រមទាំងបានពោលពាក្យប្រមាថឲ្យផង។ ស្ដេចចិនខឹង
ក៏ឲ្យអាមាត្យចាប់ធនញ្ជ័យទៅដាក់គុកសំរឹទ្ធ។ ក្នុងគុក
ធនញ្ជ័យបានប្រដាល់គ្នាជាមួយអ្នកទោសចិន ដើម្បីកុំឲ្យរងាស្លាប់
រួចគាត់ឆ្លៀតធ្វើខ្លែងបង្ហើរពេលយប់។
ស្ដេចចិនបានឮសំឡេងឯករបស់ខ្លែងក៏មានការភិតភ័យព្រួយបារម្ភ
ក៏ហៅហោរាមកគន់គូរមើល។ ហោរាចិនបានទាយថា គឺជាសំឡេងនៃសត្វចម្លែកមួយនឹងចូលមកស៊ីមនុស្សក្នុងស្រុកចិននោះអស់មិនខាន
បើមិនព្រមដោះលែងអ្នកប្រាជ្ញស្រុកខ្មែរចេញពីគុក
ហើយជូនគេត្រឡប់ទៅស្រុកខ្មែរវិញទេ។
ស្ដេចចិនឮដូច្នោះក៏បញ្ជាឲ្យគេដោះលែងធនញ្ជ័យ ហើយរៀបចំសំពៅមួយមានវត្ថុប្រើប្រាស់ល្អៗជាច្រើន
និងប្រជាជនចិន ១០០ នាក់ ជូនដំណើរធនញ្ជ័យត្រឡប់មកស្រុកខ្មែរវិញ។
ឃើញធនញ្ជ័យអាចរកមធ្យោបាយត្រឡប់មកមាតុភូមិវិញដោយជោគជ័យយ៉ាងនេះ
ស្ដេចខ្មែរនិងពួកមន្ត្រីសក្ដិភូមិខ្មែរក៏មានសេចក្ដីកោតខ្លាចប្រាជ្ញាធនញ្ជ័យ
លែងហ៊ានមករករឿងហេតុទៀត
បណ្ដាលឲ្យធនញ្ជ័យបានរស់នៅជាមួយភរិយាយ៉ាងសុខសាន្ត។ ថ្ងៃក្រោយមក
ធនញ្ជ័យក៏ធ្លាក់ខ្លួនឈឺជាទម្ងន់ តែមុននឹងស្លាប់
គាត់បានហៅស្ដេចមកផ្ដាំថា «សោយត្រីព្រួល កុំចោលស្រកា
សោយត្រីប្រា កុំចោលស្រកី ស្លម្ជូរក្បាលត្រី ត្រូវដាក់ម្ជូរសណ្ដាន់» ហើយផ្ដាំប្រពន្ធថា
កាលណាគាត់ស្លាប់ទៅ ឲ្យយកសាកសពគាត់ទៅកប់ ហើយធ្វើចម្រូងដាំ
ខ្ញែរលើផ្នូរដើម្បីការពារផ្នូរនោះតទៅ៕
ចប់
No comments:
Post a Comment