ប្រធានបទទី១ សុភាសិតមួយលើកឡើងថា «ខ្លួនទីពឹងខ្លួន»
តើសមហេតុផលដែរឬទេ? ចូរពិភាក្សា។
សេចក្ដីអធិប្បាយ
ចំណេះដឹង ទ្រព្យសម្បត្តិមាសប្រាក់
មិនដែលកើតឡើងដោយឯកឯងនោះឡើយ ទាល់តែយកដៃទៅធ្វើទើបអាចទទួលបាន
និយាយឲ្យខ្លីទៅ គ្មានអ្នកណាចាំជួយរហូតទេ
លុះត្រាតែសាមីខ្លួននោះចេះក្រោកឈរឡើង និងមានការភ្ញាក់រឭកទើបបាន
មានតែខ្លួនឯងទេដែលអាចជួយខ្លួនឯងបាន។
ដើម្បីជាការដាស់តឿនបន្ថែមនោះ ក៏មានសុភាសិតមួយបានលើកឡើងថា «ខ្លួនទីពឹងខ្លួន»។
តើសុភាសិតនេះសមហេតុផលហើយឬនៅ?
មុននឹងឈានដល់ការវែកញែក
ជាបឋមគួរគប្បីយល់នូវពាក្យគន្លឹះសំខាន់ៗជាមុនសិន ដូចជា «ខ្លួន» និង «ទីពឹង»។ «ខ្លួន» សំដៅទៅលើសព៌ាង្គកាយ
រីឯ «ទីពឹង» គឺមានន័យថា ពំនាក់អាស្រ័យលើ ឬពឹងផ្អែកទៅលើ។
តាមរយៈសុភាសិតទាំងមូល គេចង់និយាយថា មានតែការតស៊ូចេញពីខ្លួនឯងទេ
ទើបទៅដល់គោលដៅបាន។
ការពិតណាស់
គេអាចសង្កេតមើលនៅតាមសាលារៀនជាច្រើន សិស្សមួយចំនួនរៀនពូកែណាស់
រហូតទទួលការកោតសរសើរស្ញប់ស្ញែងពីសំណាក់មិត្តភ័ក្ដិ គ្រូបង្រៀន។
មិនត្រឹមតែប៉ុណ្ណោះ គេមានទម្លាប់យ៉ាងល្អ ទាំងក្នុងពេលសិក្សា
និងនៅផ្ទះ ហើយប្រឹងប្រែងរៀនសូត្រមិនដែលខានឡើយ
ដែលខុសពីសិស្សមួយចំនួនតែងតែប្រឹងរៀនតែពេលជិតដល់ថ្ងៃប្រលង
ហើយទិញធូបទៀនមកបន់ស្រន់ព្រះឬទេវតា ដើម្បីឲ្យខ្លួនប្រឡងជាប់។
ត្រង់ករណីនេះសិស្សដែលខ្វះការតស៊ូ ច្រើនតែបានចំណាត់ថ្នាក់ទាប ឬធ្លាក់
រីឯសិស្សដែលមានការអត់ធ្មត់រមែងទទួលជោគជ័យយ៉ាងត្រចះត្រចង់
លទ្ធផលទាំងនេះ
សុទ្ធតែកើតឡើងពីកម្លាំងកាយកម្លាំងចិត្តរបស់បុគ្គលនោះឯង។
បន្ថែមពីនេះ ទ្រព្យសម្បត្តិមាសប្រាក់ទាំងឡាយ មិនដែលហូរចូលទទេបានឡើយ
ទាល់តែចេញទៅស្វែងរកទើបអាចទទួលបាន មានការងារខ្លះស្រួល ខ្លះពិបាក
ត្រូវឈរហាលថ្ងៃ ហាលភ្លៀង និងប្រឹងប្រែងបំផុត ខ្លះទៀតហ៊ានលះបង់ជីវិត
ពេលវេលា និងសេចក្ដីសុខរបស់ខ្លួន គ្មានទេវតាឯណា
មកជួយនោះឡើយដូចពាក្យចាស់លោកតែងពោលថា បើចង់ឲ្យព្រះជួយ
ត្រូវជួយខ្លួនឯងជាមុនសិន ហើយក៏ដូចជាពាក្យប្រដៅមួយនៃច្បាប់ស្រីហិតោបទេសបានលើកឡើងថា «គ្មានម្រឹគឯណាបោលចូលមាត់សីហៈដែលកំពុងដេកនោះឡើយ» បានន័យថា បើចង់មាន ទាល់តែខំធ្វើការ។ បន្ថែមពីនេះ
ការប្រកបរបរវិជ្ជាជីវៈផ្សេងៗ ដូចជា វិស្វករ គ្រូពេទ្យ មេធាវី
គ្រូបង្រៀនជាដើម សុទ្ធសឹងតែកើតឡើងពីសមត្ថភាពពិតៗរបស់មនុស្សដែលមានការខិតខំប្រឹងប្រែងរៀនសូត្រ
និងស្រាវជ្រាវយ៉ាងខ្លាំង ទើបអាចទទួលកិច្ចការទាំងនោះបាន។ ដោយឡែក
បើក្រឡេកមកមើលស្នាដៃអក្សរសិល្ប៍ ដូចជារឿងកុលាបប៉ៃលិនជាដើម
ចៅចិត្រតែងតែចងចាំនូវបណ្ដាំឪពុកជានិច្ច
គឺត្រូវចេះពឹងពាក់លើខ្លួនឯងឲ្យបានច្រើន
មិនចាំឲ្យតែគេជួយគ្រប់ពេលវេលានោះទេ
ក្រោយមកចៅចិត្រក៏ទទួលការងារជាកម្មករជីកត្បូង
ប៉ុន្តែគេនៅតែស្រឡាញ់ការងារនោះជានិច្ច
និងខំធ្វើការអស់ពីចិត្តពីថ្លើម រហូតដល់ចៅហ្វាយនាយពេញចិត្ត
និងស្រឡាញ់ ត្រង់ករណីនេះដោយសាររូបគេឧស្សាហ៍ព្យាយាម
និងមិនដែលប្រចាំគ្នាឡើយ ហើយលទ្ធផលដែលគេទទួលបាន
គឺកើតចេញពីខ្លួនគេផ្ទាល់តែម្ដង។ បន្ថែមពីនេះ នៅក្នុងរឿងសូផាត
ដែលជាវណ្ណកម្មរបស់លោក រីម គីន ស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ខេមរនិយម
ក៏បានបង្ហាញឲ្យឃើញពីការតស៊ូរបស់សូផាត
ទោះបីរូបគេជាក្មេងកំព្រាក្ដី
ក៏គេមិនដែលដែលបណ្ដោយខ្លួនតាមព្រហ្មលិខិតដែរ។ ម្យ៉ាងវិញទៀត
រឿងទុំទាវនោះវិញ ព្រះភិក្ខុសោម បានលាតត្រដាងឲ្យឃើញពីការរើបម្រះប្រឆាំងនឹងប្រពៃណីចាស់គំរឹល
ហើយពួកគេបានសម្រេចបំណងដូចគ្នា
ហើយព្រះរាជាបានរៀបការឲ្យដោយស្របច្បាប់ រីឯរឿងធនញ្ជ័យវិញ
ក៏បានបញ្ជាក់យ៉ាងច្បាស់ថា
ការរួចផុតពីកណ្ដាប់ដៃចិនគឺបណ្ដាលមកពីប្រាជ្ញាគេនេះឯងយ៉ាងពិតប្រាកដ
គ្មានអាទិទេពណាជួយបានឡើយ ប្រសិនបើគ្មានគេទេ
ស្រុកខ្មែរប្រហែលជាធ្លាក់ក្នុងចំណុះចិនជាមិនខាន។ ត្រង់ចំណុចនេះ
បានសបញ្ជាក់ឲ្យឃើញថា បញ្ញារបស់ធនញ្ជ័យ
កើតឡើងពីខ្លួនគេផ្ទាល់ដែលជាការពិចារណារកហេតុផលដ៏ល្អ។ មួយវិញទៀត
ក្នុងរឿងផ្កាស្រពោនរបស់លោក នូ ហាច បានលើកឡើងពីសេចក្ដីអំណត់របស់ ប៊ុន
ធឿន ទោះបីគេធ្លាក់ខ្លួនក្រយ៉ាងណាក្ដី
ក៏គេមិនដែលបាត់បង់ក្ដីសង្ឃឹមឡើយ
គឺរឹតតែខិតខំរៀនសូត្ររហូតទទួលបានជោគជ័យ។ ក្រៅពីនេះ នៅក្នុងរឿងពុទ្ធិសែន
ដែលជាអក្សរសិល្ប៍បុរាណបែបពុទ្ធនិយម
ក៏បានលើកឡើងពីសមត្ថភាពរបស់គេពុទ្ធិសែន យ៉ាងពិតប្រាកដ
ដើម្បីជួយព្យាបាលភ្នែកម្ដាយនិងអ៊ំស្រីទាំងដប់មួយឲ្យជាសះស្បើយ។
សរុបមក មានតែការពឹងលើខ្លួនឯងទេ ទើបល្អប្រសើរ ហើយមិនមានអ្នកណាជួយខ្លួនគ្រប់ពេលវេលានោះទេ
ដូចពាក្យចាស់ថា បើចង់ឲ្យព្រះជួយ ទាល់តែជួយខ្លួនឯងសិន។ ដូចនេះ
មតិប្រធានខាងលើពិតជាត្រឹមត្រូវមែន។
ផ្ទុយទៅវិញ
ការពឹងពាក់លើខ្លួនឯងតែម្យ៉ាង មិនអាចទទួលបានជោគជ័យទាំងស្រុងនោះទេ
ដែលត្រូវការកត្តាផ្សេងៗចូលរួមជាច្រើន
គឺទាមទារឲ្យបុគ្គលទាំងនោះបង្កើនទំនាក់ទំនងល្អ ចេះចូលរួម
និងទទួលការជ្រោមជ្រែងពីអ្នកផ្សេងផងដែរ។ ជាក់ស្ដែង
កិច្ចការស្រែចម្ការមិនមែនធ្វើតែម្នាក់ឯងបានទេ
យ៉ាងហោចណាស់ក៏មានគោក្របី គោយន្ត និងកម្លាំងមនុស្សផងដែរ
សំខាន់ជាងនេះទៅទៀត នៅពេលប្រមូលផល គេសង្កេតឃើញថា
ប្រជាកសិករភាគច្រើនមានប្រាជ្ញាឈ្លាសវៃ ចេះយកដៃគ្នាមកប្រើ
មិនយូរប៉ុន្មានក៏ច្រូតកាត់អស់យ៉ាងលឿន។ មួយវិញទៀត
ក្នុងការបំពេញការងារផ្សេងៗ ចាំបាច់ណាស់នូវកម្លាំងសាមគ្គីជាធ្លុងមួយ
ឧទាហរណ៍ នៅពេលប្រជាជនសាងសង់ផ្ទះម្ដងៗ មានមនុស្សចូលរួម ខ្លះលើកសសរ
ខ្លះលើកក្ដារ ខ្លះដំជញ្ជាំង ហើយខ្លះទៀតប្រកដំបូល មិនយូរទេ
ផ្ទះនោះនឹងចេញជារូបរាងឡើង
រីឯការកសាងប្រាសាទវិញក៏មិនខុសគ្នាប៉ុន្មានដែរ ជាក់ស្ដែង
ការស្ថាបនាអង្គរវត្ត គឺត្រូវការកម្មកររាប់លាននាក់។ បន្ថែមពីនេះ
ការរៀនសូត្រឲ្យពូកែមិនមែនពឹងតែលើខ្លួនឯងតែម្យ៉ាងនោះទេ
ចាំបាច់ត្រូវមានគ្រូចាំផ្ដល់ដំបូន្មាន និងជួយកែលម្អ
ហើយក៏ត្រូវការការជ្រោមជ្រែងពីមិត្តភ័ក្ដិ បងប្អូន
និងអ្នកជិតខាងទៀតផង។ ដោយឡែក បើក្រឡេកមកមើលស្នាដៃអក្សរសិល្ប៍វិញ
គេឃើញតួអង្គចៅចិត្រ នៅក្នុងរឿងកុលាបប៉ៃលិន
អាចមានឱកាសបញ្ចេញសមត្ថភាពបាន ក៏ដោយសារគ្រូពេទ្យស្អាតជួយផងដែរ។
ដំបូងឡើយ គ្រូពេទ្យស្អាតបានជួយមើលជំងឺតាចឺម ប៉ុន្តែក្រោយមក
ដោយសារតែ តាចឺម ត្រូវជាឪពុកបានទទួលមរណភាព
រួមផ្សំនឹងការអាណិតអាណិតចៅចិត្រផងនោះ
គាត់ក៏បានសរសេរសំបុត្រមួយច្បាប់ឲ្យចៅចិត្រ យកទៅប៉ៃលិន
ហើយក៏បានទទួលការងារជាកម្មករជីកត្បូងរបស់លោកហ្លួងរតនសម្បត្តិ
កុំតែបានគ្រូពេទ្យស្អាត ម្ល៉េះគេក៏គ្មានការងារធ្វើ
និងគ្មានឱកាសបញ្ចេញទេពកោសល្យឡើយ ចំណែកឯរឿងសូផាតវិញ
ក៏បានបង្ហាញពីការជួយជ្រោមជ្រែងពីអ្នកជិតខាងក្នុងការទំនុកបម្រុងសូផាតឲ្យធំធាត់
សម្រាប់តស៊ូក្នុងឆាកជីវិតតទៅទៀតដែរ។ ក្រៅពីនេះ
អក្សរសិល្ប៍បុរាណបែបពុទ្ធនិយម គឺរឿងពុទ្ធិសែន
ក៏បានលាតត្រដាងយ៉ាងច្បាស់ថា ការពឹងលើសមត្ថភាពខ្លួនឯងតែម្យ៉ាង
មិនអាចទៅរួចទេ ជាក់ស្ដែងនៅពេលពុទ្ធិសែននាំសារលិខិតទៅនគរយក្ស
ដោយខ្លឹមសារសំបុត្រនោះមានន័យថា ទៅដល់ទាំងថ្ងៃ ស៊ីទាំងថ្ងៃ
ទៅដល់យប់ ស៊ីទាំងយប់ ប៉ុន្តែក៏ត្រូវតាឥសីជួយ កែថា ទៅដល់ថ្ងៃ
ការទាំងថ្ងៃ ទៅដល់យប់ ការទាំងយប់។ ត្រង់ចំណុចនេះ
កុំតែបានតាឥសីជួយ ម្ល៉េះប្រហែលពុទ្ធិសែនត្រូវស្លាប់បាត់ទៅហើយ។
លើសពីនេះ គេដឹងហើយថា ក្នុងរឿងរាមកេរ្តិ៍
ព្រះរាមអាចយកឈ្នះក្រុងរាពណ៍បាន មិនមែនធ្វើដោយព្រះអង្គឯងឡើយ
គឺមានអ្នកជួយជាច្រើន ដូចជា សុគ្រីព ហនុមាន ព្រះលក្ស្មណ៍
និងពិភេកហោរាជាដើម។ ក្រៅពីនេះ
ក៏មានការចូលរួមនៃបណ្ដាកងទ័ពស្វាយ៉ាងច្រើនផងដែរ។ សរុបមក
ការពឹងពាក់តែលើខ្លួនឯងសុទ្ធសាធ នឹងគ្មានផ្លូវអាចទៅមុខរួចឡើយ គឺចាំបាច់ណាស់ត្រូវមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន
ចេះស្វែងរកការគាំទ្រការជ្រោមជ្រែងពីសំណាក់បុគ្គលជោគជ័យនានា
ទើបអាចសម្រេចបាន។
យោងតាមមតិទាំងពីរខាងលើ គេអាចអះអាងថា
គឺសុទ្ធតែត្រឹមត្រូវដូចគ្នា ធ្វើជាមនុស្សត្រូវចេះពង្រឹងពង្រីកចំណេះវិជ្ជា
បង្កើនសមត្ថភាព ហើយក៏ត្រូវមានទំនាក់ល្អផងដែរ បានមានន័យថា
ពឹងពាក់លើខ្លួនឯងក៏ត្រូវការ ពឹងពាក់លើអ្នកដទៃក៏ត្រូវការ
និយាយឲ្យចំទៅ មនុស្សមិនអាចរស់ឯកាតែម្នាក់ឯងបានឡើយ។
ដោយផ្អែកតាមការធ្វើសំយោគខាងលើ
គេអាចសន្និដ្ឋានបានថា មតិប្រធានខាងលើក៏ត្រឹមត្រូវខ្លះដែរ
ប៉ុន្តែពុំទាន់ថាអាចនាំមកនូវជោគជ័យ
ឬត្រឹមត្រូវទាំងស្រុងនោះឡើយ។ ក្នុងនាមជាមនុស្ស
គួរគប្បីខិតខំឲ្យបានច្រើនដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនថែមទៀត
No comments:
Post a Comment