ន័យអត្ថានុរូប (ន័យចំ)
|
តាមរយៈសុភាសិតខាងលើនេះ ពុំមានការធៀបបៀប ឬប្រើឧបមានវិធីអ្វីឡើយ ប៉ុន្តែប្រើពាក្យចំៗតែម្ដង ដែលបណ្ដុះឲ្យមនុស្សគ្រប់យល់នូវតម្លៃនៃការប្រឹប្រែង អត់ធ្មត់ លះបង់ មិនខ្ជិលច្រអូល ហើយក៏មិនងាករេ ឬខ្លបខ្លាចឧបសគ្គដែលនៅចំពោះមុខឡើយ។
|
សេចក្ដីអធិប្បាយ
បុគ្គលដែលសាងអ្វី នឹងទទួលបានផលនោះ ដរាបណាមានការព្យាយាម ដរាបនោះនឹងមើលឃើញនូវពន្លឺនៃភាពជោគជ័យ យ៉ាងណាមិញ គ្រប់ភារកិច្ចទាំងឡាយពិតជាទាមទារយ៉ាងចាំបាច់ណាស់នូវការអត់ធ្មត់ ហើយមិនរាថយចំពោះឧបសគ្គដែលនៅចំពោះមុខ។ ដើម្បីជាការទូន្មាន ទើបមានសុភាសិតមួយពោលថា «តស៊ូគង់បានសម្រេច»។
តើទស្សនៈខាងលើផ្ដល់ពុទ្ធិអ្វីខ្លះ?
ដើម្បីជាប្រទីបបំភ្លឺដល់បំណកស្រាយ ជាដំបូង គួរគប្បីយល់នូវពាក្យគន្លឹះមួយចំនួនសិន ដូចជា «តស៊ូ» ជាសកម្មភាពនៃការព្យាយាម មិនចុះចាញ ចំណែក «សម្រេច» សំដៅដល់ការទទួលបាន។ និយាយទៅគ្មានអ្វីឈ្នះសេចក្ដីស្វាធ្យាយនោះឡើយ នេះជាអាវុធដ៏សំខាន់ដើម្បីទម្លុះការលំបាកទាំងឡាយ ហើយឈានទៅដល់គោលដៅមួយដែលខ្លួនប្រាថ្នាចង់បាន។
មនុស្សគ្រប់រូបរមែងចង់បានអ្វីដែលខ្លួនប៉ងប្រាថ្នា ប៉ុន្តែទន្ទឹមនឹងនោះ ក៏មិនត្រូវភ្លេចនូវការខិតខំប្រឹងប្រែងឡើយ ដោយហេតុថា គ្មានទេវតាឯណាមកជួយនោះឡើយ ដូចពាក្យចាស់លោកពោលថា ចង់ឲ្យព្រះជួយ ទាល់តែជួយខ្លួនឯងជាមុនសិន។ ជាការពិតណាស់ សិស្សដែលទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សានៅឯសាកលវិទ្យាល័យ មិនមែនជាការងាយស្រួលឡើយ ទាល់តែសិស្សនោះប្រឹងរៀនសូត្រជាប្រចាំ ហើយមិនដែលនឿយណាយចំពោះមេរៀនដែលគ្រូដាក់ឲ្យនោះឡើយ ពួកគេច្រើនតែចំណាយពេលវេលាក្នុងការសិក្សា ជាជាងដើរលេងសប្បាយឥតប្រយោជន៍ ទីបំផុត សិស្សទាំងនោះក៏ទទួលបានលទ្ធផលល្អដូចសេចក្ដីប៉ងប្រាថ្នា។ ផ្ទុយទៅវិញ អ្នកដែលគេចសាលា សេពគប់មិត្តមិនល្អ ប្រើប្រាស់គ្រឿងញៀនជាដើម រមែងខាតបង់ទ្រព្យសម្បត្តិ កិត្តិយស រួមទាំងអនាគតរបស់ខ្លួនផងដែរ។ បន្ថែមពីនេះ នៅក្នុងរឿងកុលាបប៉ៃលិន ដែលជាស្នាដៃនិពន្ធរបស់លោក ញ៉ុក ថែម បានស្ដែងឲ្យនូវភាពអត់ធ្មត់របស់ចៅចិត្រ ដែលស៊ូទ្រាំរាល់ការលំបាកទាំងឡាយ ទោះបីស្ថិតនក្រោមកម្ដៅថ្ងៃយ៉ាងណាក៏ដោយ ក៏រូបគេមិនដែលធុញទ្រាន់ ឬត្អូញត្អែរដែរ មានតែខិតខំជានិច្ច ចំណុចនេះហើយដែលធ្វើឲ្យចៅចិត្រមានអនាគតល្អប្រសើរ។ បើងាកមកមើលរឿង ផ្កាស្រពោន របស់ នូ ហាច វិញ ឃើញថា ប៊ុនធឿន ជាយុវជន ដែលស្រលាញ់ការសិក្សា និងមានសមត្ថភាព អាចបន្តការសិក្សានៅឯសាលាដ៏ល្បីមួយក្នុងក្រុងភ្នំពេញ គឺវិទ្យាល័យស៊ីសុវត្ថិ។ បន្ថែមពីនេះ នៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ របស់លោក សួន សុរិន្ទ បានបង្ហាញអំពីវីរភាពរបស់ព្រះបាទនរោត្ដមសីហនុ ក្នុងការទាមទារឯករាជ្យជូនជាតិមាតុភូមិប្រកបដោយភាពជោគជ័យ ហើយបានជួយស្រោចស្រង់ជីវិតប្រជារាស្ត្រខ្មែរឲ្យរួចផុតពីអាណានិគមនិយមបារាំង។ ថ្លែងពីតួអង្គ សម វិញ ក៏វិលត្រឡប់ទៅធ្វើស្រែចម្ការនៅឯស្រុកកំណើតវិញ។ នេះរាជកិច្ចមួយដែលព្រះអង្គលះបង់ដើម្បីជាតិខ្មែរ។ ក្រៅពីនេះ នៅក្នុងរឿងរាមកេរ្តិ៍ នាងសីតា ត្រូវបានក្រុងរាពណ៍ឆកយកទៅក្រុងលង្កា ចំណែកឯព្រះរាមវិញនៅមិនសុខទេ ខិតខំទាំងយប់ទាំងថ្ងៃប្រមូលកងទ័ព ដើម្បីកម្ចាត់ពួកសភាវៈអាក្រក់ រួមទាំងជួយសង្គ្រោះព្រះនាងសីតាផង។ ទីបំផុត ព្រះអង្គក៏អាចបង្ក្រាបក្រុងរាពណ៍បាន ហើយក៏យកនាងសីតាត្រឡប់ទៅនគរវិញ។ មួយវិញទៀត នៅក្នុងរឿងសូផាត របស់លោក រីម គីម តួអង្គសូផាត ជាក្មេងដ៏កម្សត់ម្នាក់ ត្រូវម្ដាយស្លាប់ចោលតាំងពីនៅជាទារក ចំណែកឯឪពុកក៏មិននៅក្បែរខ្លួនទៀត ក៏ប៉ុន្តែរូបគេមិនបញ្ឈប់ត្រឹមហ្នឹងឡើយ គេក៏លាព្រះចៅអធិការវត្ត ដើរស្វែងរកឪពុកនៅទីក្រុងភ្នំពេញ ទាល់មិនទទួលផល រហូតទាល់ចាប់ចិត្តស្រលាញ់នាងម៉ានយ៉ាន ទាល់តែយូរបន្តិចទើបដឹងថា លោកអធិបតីសេនា ជាឪពុកបង្កើតរបស់ខ្លួន។ ផ្សេងពីនេះ នៅក្នុងរឿងទុំទាវ របស់ព្រះភិក្ខុសោម បានបង្ហាញអំពីសេចក្ដីស្នេហាដ៏ប្ដូរផ្ដាច់របស់ទុំទាវ គ្រាដែលនាងទាវត្រូវបានបញ្ជូនទៅដល់រាជវាំងនៅឯក្រុងលង្វែក ដើម្បីត្រៀមខ្លួនធ្វើជាស្នំឯករបស់ព្រះបាទរាមាជើងព្រៃ ក៏ប៉ុន្តែបានប្ដូរស្លាប់រស់សារភាពរឿងរ៉ាវស្នេហារបស់ខ្លួនទៅកាន់ព្រះរាជា ចុងក្រោយព្រះអង្គក៏ព្រមឲ្យអ្នកទាំងពីររៀបការជាមួយគ្នាទៅតាមប្រពៃណីខ្មែរ។
សរុបមក គ្រប់ភារកិច្ចទាំងឡាយអាចទទួលលទ្ធផលបាន លុះត្រាណាតែបុគ្គលនោះប្រឹងប្រែង និងខ្នះខ្នែងបំផុត ដោយមិនខ្លាចការនឿយហត់ ទោះជាដឹងថាវាមានបញ្ហាច្រើនយ៉ាងណាក៏ដោយ ក៏មិនចុះចាញ់។ តួយ៉ាង មានឧទាហរណ៍ដូចក្នុងបំណកស្រាយខាងលើស្រាប់។
យោងតាមការបកស្រាយខាងលើ គេអាចសន្និដ្ឋានបានថា សុភាសិតពិតជាពោរពេញទៅដោយគំនិតអប់រំដ៏ប្រសើរសម្រាប់ក្រើនរំឭកដល់ជនានុជនទាំងឡាយឲ្យប្រតិបត្តិតាមដើម្បីកសាងអនាគត។ ក្នុងនាមជាអ្នកសិក្សា ក៏ដូចជាកូនខ្មែរ គួរគប្បីលះបង់នូវភាពខ្ជិលច្រអូល ហើយស្រវាចាប់យកការសិក្សាវិញ ដើម្បីកែប្រែវាសនារបស់ខ្លួនឲ្យទាន់សាកលភាវូបនីយកម្មនេះ។
ថ្ងៃអង្គារ ទី០៨ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
សៀមរាប ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨
រស់ វាសនា
No comments:
Post a Comment