Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, February 5, 2019

ប្រធានបទទី៩ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់


ន័យអត្ថានុរូប (ន័យចំ)

សុភាសិតនេះ គ្មានឧបមានវិធី​អ្វី​ឡើយ គឺ​ប្រាប់​តាម​ត្រង់​ ឬ​ចំៗ​។ តាមរយៈ​ខ្លឹម​សារ​នៃ​សុភាសិត​ខាង​លើ​សរបញ្ជាក់​ឲ្យ​ឃើញ​ថា អំពើ​ល្អ​ រមែង​ទទួល​បាន​នូវ​សេចក្ដី​ស្រលាញ់ ការពេញ​ចិត្ត​ និងមាន​គោរព កោតសរសើរ​ពី​គ្រប់​មជ្ឈដ្ឋាន ចំណែក​បុគ្គល​ទាំងឡាយ​ណា​ដែល​សាងតែ​អំពើ​អបាយមុខ ប្រាកដ​ជា​ទទួល​បាន​មក​វិញ​ទៅតាម​ទង្វើ​របស់ខ្លួនដែល​បានសាង​។ តួយ៉ាង ត្រូវ​បាន​គេ​ស្អប់​ខ្ពើម​ មិន​ចូល​ចិត្ត​ រួម​ទាំង​មិន​គួរ​ជាទីរាប់អាន​សម្រាប់​មនុស្ស​គ្រប់​គ្នា​ឡើយ​។


សេចក្ដីអធិប្បាយ
            ការបើកើត​មក​ជាមនុស្ស​ហើយ មិន​គួរ​ណា​មាន​ចិត្ត​បៀតបៀន​ ឬ​ព្យាបាទ​អ្នក​ដទៃ​ឡើយ​ ដោយ​ហេតុ​ថា​គេ​ក៏ចង់​បាន​សុខ​ដែរ​ តែ​បើ​ហ៊ាន​ប៉ះពាល់​គេ នោះខ្លួន​ឯង​ក៏​អាច​នឹង​មាន​បញ្ហា​ដែរ បើ​មិន​កើត​ថ្ងៃ​នេះ ក៏ថ្ងៃ​ក្រោយ​គង់​តែ​ជួប​។ សមដូច​សុភាសិត​មួយ​បាន​ទូន្មាន​បន្ថែម​ថា «ធ្វើ​ល្អ​ បាន​ល្អ​ ធ្វើ​អាក្រក់ បាន​អាក្រក់​»​។
            តើ​មតិ​ប្រធាន​ខាង​លើ​មាន​ខ្លឹមសារ និង​តម្លៃ​អប់រំ​បែប​ណា​ខ្លះ?
            ដើម្បី​ជានាវា​ចម្លង​ទៅដល់​ការ​បកស្រាយ​សុភាសិត​ខាង​លើ​នេះ ជា​ដំបូង​ គួរ​គប្បី​យល់​នូវពាក្យ​សំខាន់​ៗ​មួយចំនួន​សិន​ ដូចជា​ «ល្អ»​ និង​ «អាក្រក់»។ ពាក្យថា «​ល្អ​»​ សំដៅ​ដល់​អ្វី​ដែល​គ្មាន​មន្ទិល​ គ្មាន​សៅហ្មង​ ភាព​ប្រសើរ​ ត្រឹមត្រូវ ចំណែក​ឯ «អាក្រក់​»​ បង្ហាញ​នូវ​ចំណុច​អវិជ្ជមាន​ ភាព​ល្អក់កករ​ មិន​ថ្លៃថ្លា។ ជារួមមក សុភាសិត​ខាង​លើ​ចង់​អប់រំ​ថា បុគ្គលទាំងឡាយ បើ​ធ្វើ​អ្វី​ហើយ រមែង​ទទួល​បាន​ផល​នោះ បើ​សាង​ល្អ ទទួល​បាន​ផល​ល្អ តែ​បើ​ប្រព្រឹត្ត​អំពី​ស្មោកគ្រោក​វិញ នោះ​នឹង​ទទួល​អាក្រក់​មក​វិញ​ជាក់ជាមិនខាន គ្រាន់តែ​យូរ​នឹង​ឆាប់​ប៉ុណ្ណោះ​។
            ជាការពិតណាស់​ អ្នកដែល​សាងអំពើ​កុសល​ រមែងមាន​ញាតិ​មិត្ត​រាប់​អានជុំជិត តែ​បើ​ចិត្តកំណាញ់ ឬ​គម្រិះ មិន​ចេះ​ធ្វើ​បុណ្យ វិញ​នោះ​គ្មាន​នរណា​ចង់​នៅ​ក្បែរ​ឡើយ។ ដោយ​ឡែក​ មាន​អ្នក​ខ្លះ​ប្រព្រឹត្ត​អំពើ​អបាយ​មុខ​ ដូចជា​ឆក់​ប្លន់ ជួញដូរ​គ្រឿងញៀនជាដើម ដល់​ពេល​លក្ខណ៍ ក៏​ត្រូ​វ​ប៉ូលិសចាប់​បាន​ ត្រូវមាន​ទោស​ជាប់​គុក​ច្រវាក់​ នាំ​ឲ្យ​ខូច​ឈ្មោះ​ពូជពង្ស​វង្សត្រកូល​ថែម​ទៀត​ រីឯ​អ្នកដែល​ចេះ​ជួយ​យក​អាសា​គ្នា ចេះ​ចែក​រំលែក​គ្នា​ទៅ​​វិញ​ទៅ​មក នោះ​នឹង​នាំ​សង្គមពោរ​ពេញដោយ​សេចក្ដី​សុខ​គ្រប់​ពេល​វេលា​ ហើយ​មាន​អ្នក​ស្រលាញ់​ចូលចិត្ត​គ្រប់​ៗ​គ្នា​។ បើងាក​មក​មើលប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​វិញ ប៉ុល ប៉ត​ ខៀវ សំផន អៀង សារី ដែល​ជា​ក្រុម​បង​ធំ​ក្នុង​បន​ប្រល័យ​ពូជសាសន៍ ត្រូវបាន​គេកត់​ត្រា​នៅក្នុង​ការ​ចង​ចាំ​ថា​ជាមេដឹកនាំ​ដែល​បំផ្លាញ​សង្គម​ជាតិ​យ៉ាង​ពិត​ប្រាកដ​ ទីបំផុត​ត្រូវ​គេចាប់​យក​ទៅកាត់​ទោស​តាមច្បាប់​ ចំណែក​ឯព្រះបាទនរោត្ដម​សីហនុ ដែលមាន​មរណ​នាម​ថា​ បរម​រតនកោដ្ឋ​ វិញ​ ព្រះ​អង្គ​បាន​សាង​ស្នាព្រះហស្ត​ជាច្រើន​ដូចជា​ ដណ្ដើម​ឯករាជ្យ​ពេញ​លេញ​ជូន​ជាតិ​មាតុភូមិ​ និងជួយ​ជំរុញ​ការបទឈប់បាញ់​រវាង​ខ្មែរ​ និង​ខ្មែរទៀត​ផង​។ ទោះបី​ព្រះ​អង្គ​សោយទិវង្គត​ទៅក្ដី ក៏​កិត្តិ​នាម​របស់​ទ្រង់​នៅតែ​ស្ថិតនៅ​ក្រអៅបេះដូង​របស់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​រូប​ផងដែរ​ រហូត​ដល់​មាន​សាង​រូប​សំណាក​ព្រះ​អង្គ​នៅ​ឯ​រាជធានី​ភ្នំពេញទៀត​ផង​។ បន្ថែម​ពី​នេះ អំពើ​ល្អ​មិន​ចេះ​សាប​សូន្យ​ឡើយ ថ្លែង​ពី​ព្រះវេស្សន្ដរ​វិញ​ ទ្រង់​ខិត​ខំ​សាង​ទាន​ ដើម្បីរំដោះ​ប្រជាជន​ដោយ​មិន​រើស​អើង ឲ្យ​រួច​ផុត​ពី​គ្រោះ​ទុរ្ភិក្ស ទោះបី​កាល​ពី​ដំបូង​អាណា​ប្រជានុរាស្ត្រ​របស់ទ្រង់ផ្ទុះ​កំហឹង​ រហូត​ដល់​បណ្ដេញ​ព្រះអង្គ​ចេញ​ពី​ព្រះ​នគរ​ក្ដី ក៏​ទ្រង់​មិន​មាន​ការ​សងសឹក​ឡើយ គឺ​នៅតែ​រក្សា​ចិត្ត​សាង​ទាន​ដដែល ដរាប​ដល់​ជីវិត​ចុង​ក្រោយ​។ មិន​យូរ​មិន​ប៉ុន្មាន ប្រជាជន​ព្រះអង្គ​ក៏​យល់​នូវ​​គោល​បំណង​របស់​ព្រះ​អង្គ ក៏​នាំ​គ្នាសាទរ​សុំ​យាង​ទ្រង់​មក​សោយរាជ្យ​នៅ​នគរ​ស្រីពិរាស្ត្រ​វិញ​។ ក្រៅពី​នេះ​ គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​រឿង​ទុំទាវ បក្សពួកអរជួន រួម​ទាំង​ម្ដាយ​ទាវ ដែល​រួម​ផ្សំ​គំនិត​គ្នា​ពង្រាត់បង្រាស​ទុំទាវ ហើយ​បង្ខំ​នាងទាវ​ឲ្យរៀបការ​ជាមួយ​ម៉ឺនងួន ថែម​ទាំង​សម្លាប់​ទុំ​ចោល​ទៀត​ ទី​បំផុត​ឈាម​ស្រែក​ស្បែក​ហៅ ព្រះ​រាជា​ក៏​យាង​មក​ត្បូង​ឃ្មុំ​ដោយ​ផ្ទាល់​ ដោយ​កាត់​ទោស​ប្រហារជីវិត​ជនទាំង​នោះ​ដោយ​រាស់នឹង​រនាស់​ ចំណែក​ឯ​ពាក់ព័ន្ធផ្សេង​ទៀត​បាន​បញ្ចូល​ទៅ​ជាអ្នក​ងារ​។ បើ​និយាយ​ពី​ចៅចិត្រ​នៅ​ក្នុងរឿង​កុលាបប៉ៃលិន​ របស់​លោក ញ៉ុក​ ថែម​វិញ ក៏​បាន​ស្ដែង​ឲ្យ​ឃើញថា ទោះបី​រូប​គេ​ជាយុវជន​ក្រី​ក្រមែន តែ​មិនដែល​ធ្វើ​អ្វីដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដទៃ​ឡើយ មិន​ខិលខូច ឬ​បៀត​បៀន​នារីភេទ​ក៏ទេ​ដែរ​ ចំណែក​បាឡាត់ស្រុក​វិញសាងតែ​អំពើ​អាក្រក់​ ឃុបឃិត​ជាមួយ​ថៅកែផាន់​ ដែល​ជាចោរ​ ឬ​ជនទុច្ចរិត​ ចុង​ក្រោយ​ក៏​ត្រូវ​វិនាស​ ហើយ​ចៅ​ចិត្រ​ក៏​ក្លាយ​ជា​បុគ្គល​ជាទុកចិត្ត​ និង​ស្រលាញ់​រាប់​អាន​ពី​សំណាក់​ថៅកែ កម្មករ ជាពិសេស​គឺ​នាង​ឃុន នារីតែម្ដង។ បើ​ក្រឡេក​មក​មើល​រឿង​រាម​កេរ្តិ៍​វិញ​ ក្រុង​រាពណ៍​អា​ងអំណាច​ ប្រើ​ល្បិច​ខិលខូច​ ហ៊ាន​ឆក់​យក​ប្រពន្ធ​ជាទីស្រលាញ់​របស់​គេ​ ទង្វើ​នេះ​ប្រាស​ចាក​នឹងធម៌ ទោះបី​ជាពិភេក​ហោរា​ ហាម​​ក៏​មិនស្ដាប់​ ទីបំផុត​ នគរ​លង្ការ​ទាំងមូល​ក៏​ត្រូវ​វិនាស​ដោយសារ​ក្រុង​រាពណ៍​តែ​ម្ដង មិនត្រឹមតែប៉ុណ្ណោះ ត្រូវ​បាត់​កូន​ និង​កងទ័ព​យ៉ាងច្រើន​ ​ នេះក៏ដោយ​សារ​ល្មោភ​នឹង​កាម​តណ្ហា​នេះឯង​។
            សរុប​មក​ សាង​អ្វី ទទួល​បាន​ផល​នោះ ធ្វើ​ល្អ​ បាន​ផលល្អ សាង​អាក្រក់​ ទទួល​បាន​នូ​វ​សេចក្ដី​វិនាស​ ហើយ​នាំ​ឲ្យ​អាប់ឱន​ដល់​សង្គម​ រួម​ទាំង​គ្រួសារ​ទៀត​ផង​ តួយ៉ាង​ដូច​ក្រុង​រាពណ៍​ជាដើម​ ប៉ុន្តែ​បើ​ប្រព្រឹត្ត​តែ​អំពើ​​តាម​គន្លង​ធម៌ នោះ​នឹងធ្វើ​ឲ្យ​ជីវិត​ជួប​តែ​សុភមង្គល​ និង​ភាពរីក​ចម្រើន​តែម្ដង​។

            យោងតាម​ការ​បកស្រាយ​ខាង​លើ​ គេ​អាច​សន្និដ្ឋាន​បា​នថា សុភាសិត​នេះ​ពិត​មាន​តម្លៃ​អប់រំ​យ៉ាង​វិសេស​​វិសាល​បំផុត​សម្រាប់​ដឹកនាំ​មនុស្ស​គ្រប់​ឲ្យស្គាល់​អ្វី​ល្អ និង​អ្វី​ដែល​អាក្រក់​។ ក្នុង​នាម​ជា​កុលបុត្រ​កុលធីតា​ខ្មែរ​ គួរ​តែ​ចៀសឲ្យផុត​នូវ​អំពើ​អបាយមុខទាំងឡាយ ហើយ​ងាក​មកមើល​ចំណុច​វិជ្ជមានវិញ ដើម្បី​រួម​ចំណែក​កសាង​ធនធាន​មនុស្ស​សម្រាប់​ប្រទេស​ជាតិ​ឲ្យ​រីកចម្រើន​។


                                                 ថ្ងៃអង្គារ ទី​០៨ រោច ខែ​ភទ្របទ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២
                                                     សៀមរាប ថ្ងៃ​ទី​០២ ខែ​តុលា ឆ្នាំ​២០១៨
                                                        ហត្ថលេខា


                                                                         រស់ វាសនា

 សូមមើលវីដេអូបន្ថែម

 សូមទាញយកអត្ថបទជាPDF

No comments: