សង្ខេបរឿងគូលីកំណែន
ឆ្នាំ១៩៣៥ នៅភូមិគោកចំបក់
ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមានការដកហូតងារមេឃុំកឹម
រួចហើយលើកបន្តុបពូផាន់ជំនួសវិញ ព្រោះពូផាន់មានទ្រព្យសម្បត្តិច្រើន ពូកែទារពន្ធដារ
និងចេះផ្គាប់ផ្គុនចៅហ្វាយនាយ។ ថ្ងៃអាទិត្យមេឃុំផាន់តែងនាំលោកចៅហ្វាយស្រុកទៅផឹកស៊ីរកស្រីញី ជាពិសេសជាមួយនាងខ្វែននៅភូមិដើមក្រសាំង។ ក្នុងពេលកេណ្ឌពលករឲ្យជប៉ុនម្តងៗ
មេឃុំផាន់បានច្រើនទាំងប្រាក់ និងសគុណ។ ក្នុងរយៈពេលធ្វើការ៥ឆ្នាំ
មេឃុំផាន់ទទួលបានមេដាយដល់ទៅពីរ។
លឹមជាកូនប្រុសរបស់តាង៉ែតយាយម៉ុកត្រូវមេឃុំផាន់កេណ្ឌឲ្យទៅធ្វើព្រលានយន្តហោះពោធិចិនតុង
ទោះបីនៅសល់ជាងមួយខែទៀតត្រូវរៀបការក៏ដោយ។ លឹមជាអ្នកបួសរៀនខាងផ្លូវពុទ្ធសាសនា
គេមានគំនិតជឿនលឿន មានជំនឿសមហេតុផលទៅលើទស្សនៈកម្មផល។
ការយល់ដឹងការងាររាក់ជ្រៅក្នុងសង្គម លឹមបានយឹមដែលជាឧបាសកខើចជើងនៅបាសាក់ព្រះត្រពាំងជួយណែនាំ។
ពេលទៅកំណែននៅពោធិចិនតុង
មេឃុំផាន់
និងលោកចៅហ្វាយស្រុកមានឧបាយកលអាក្រក់ចង់បាននាងហេងដោយឲ្យយាយចាន់ធ្វើជាមេអណ្តើក។
ការនេះមិនបានសម្រេច មេឃុំផាន់ក៏ប្រើវិធីគំរាមកំហែងថានឹងឲ្យប៉ូលីសមកចាប់នាងហេង។
យល់ហេតុការណ៍មិនស្រួល ពូស្វាយមីងពតក៏នាំនាងហេងយកទៅលាក់ទុកនៅផ្ទះតាង៉ែត
យាយម៉ុកក៏ដាច់ចិត្តបររទេះនាំអនាគតកូនប្រសារគេចទៅលក់អង្ករនៅភ្នំពេញ
រង់ចាំថ្ងៃលឹមវិលមកវិញទើបរៀបការតែម្តង។
ជាគ្រោះកាច
ពេលយន្តហោះអាមេរិចមកទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពជប៉ុន
ពិសេសត្រង់ចេតិយវត្តឧណ្ណលោម តាង៉ែតយាយម៉ុក និងនាងហេងក៏ត្រូវស្លាប់យ៉ាងអណោចអធមដោយគ្រាប់បែកនោះទៅ។
ពេលបញ្ចប់ការងារនៅឯពោធិចិនតុងហើយលឹមក៏វិលត្រឡប់មកភូមិកំណើតវិញ។
ពេលនោះលឹមត្រូវបាត់បង់នូវអ្វីៗទាំងអស់ ឪពុកម្តាយ
គូសង្សារក៏ត្រូវស្លាប់ជាមួយនោះអុងប៉ាងថាវក៏រឹមអូសដីស្រែ ផ្ទះសំបែង
ដើម្បីកាត់សងបំណុលខ្មោចឪពុក។
ថ្ងៃមួយបន្ទាប់ពីបានទទួលសំបុត្រពីឧបាសកយឹម
ដែលគ្រូសូត្រម៉ក់យកមកប្រគល់ឲ្យលឹមៗក៏បានទៅជួបយឹមនៅផ្ទះនូដូងឯភ្នំពេញ។
លឹមត្រូវមានភារកិច្ចជូននូដូងដែលទើបរត់ចេញពីគុកទៅស្វាយដូនកែវដើម្បីបន្តចលនាតស៊ូជាមួយបារាំង។
ម៉ឹងត្រូវជាប្អូនបង្កើតរបស់នូដូង
ក្រោយពីបានរៀនចប់វិទ្យាល័យបានចូលទៅបម្រើការងារនៅខេត្តព្រៃវែង។
ម៉ឹងបានសម្រាកនៅផ្ទះអ្នកគ្រូពេជ្រណារី។
អ្នកគ្រូនេះមានប្អូនស្រីជីដូនមួយឈ្មោះអ្នកគ្រូគូរស់។ ម៉ឹង
និងអ្នកគ្រូគូរស់តែងនាំគ្នាដើរកំសាន្តនៅវាលស្រែប្រាំងហើយបានយល់ចិត្តថ្លើមគ្នាដោយស្មោះ។
ក្រោយមកម៉ឹងបានទទួលសំបុត្រពីនូដូចជាបងឲ្យចូលព្រៃដើម្បីធ្វើការតស៊ូជាមួយគ្នា។
យប់នោះម៉ឹងក៏សរសេរសំបុត្រជាពាក្យកាព្យដាក់ក្រោមពូកទុកឲ្យអ្នកគ្រូគូរស់
រួចក៏ចេញទៅតាមបង។
ឆ្នាំ១៩៥៤
សន្និសីទសឺណែវបានបង្ខំឲ្យបារាំងប្រគល់ឯករាជ្យឲ្យប្រទេសទាំងបីនៅឥណ្ឌូចិន។
ក្រោយពីបានជ័យជំនះ ស្រុកក៏បានឯករាជ្យ
លឹមក៏ត្រឡប់មកភូមិកំណើតវិញជាមួយអ្នកតស៊ូឯទៀត។ ចំណែកម៉ឹងពិការដៃម្ខាងក្នុងពេលតស៊ូ
ហើយក៏សុខចិត្តរស់នៅបង្កបង្កើនផលឯស្រុកលើ។
ដំណឹងនេះបានធ្វើឲ្យអ្នកគ្រូគូរស់កាន់តែពេញចិត្ត។
អ្នកទាំងពីរនៅតែរក្សាភក្តីភាពនឹងគ្នាជានិច្ច ហើយម៉ឹងក៏បានកំណត់ពេលវេលាផ្តាំមកអ្នកគ្រូគូរស់
ដើម្បីទៅរៀបចំទ្រនំសុភមង្គលជាមួយគ្នាទៀតផង។
ចប់
No comments:
Post a Comment