Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

ពុទ្ធិសែន


សង្ខេបរឿងពុទ្ធិសែន

កាល​ដើម​ឡើយ​ មាន​សេដ្ឋី​ពីរ​នាក់​ប្ដី​ប្រពន្ធ​ រស់​នៅ​ប្រកប​ដោយ​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ ប៉ុន្តែ​គ្មាន​បុត្រ​នឹង​គេ​ទេ​។​ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​មាន​ការ​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​ ព្រោះ​ខ្លាច​គ្មាន​កូន​ស្នង​​ទ្រព្យ​សម្បត្តិ​ ទើប​ពិគ្រោះ​ដើម្បី​ទៅ​សុំ​កូន​ពី​ដើម​ជ្រៃ​មួយ​ដែល​ល្បី​ថា​សក្ដិសិទ្ធិ។​ ការ​បន់ស្រន់​ ​ពិត​ជា​ឆុត​ឆាប់​មែន​ មិន​យូរ​ប៉ុន្មាន​ ប្រពន្ធ​សេដ្ឋី​ក៏​មាន​គភ៌​ជា​បន្តបន្ទាប់​ ដោយ​ប្រសូត​បាន​បុត្រី​ចំនួន​១២​នាក់​ មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​។​ ជា​អកុសល​ កូន​ៗ​របស់​សេដ្ឋី​ កាល​បើ​ឪពុកម្ដាយ​​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ដូចនេះ​ ពួកគេ​មិន​បាន​ខ្វល់ខ្វាយ​នឹង​ការ​រក​ចំណូល​បន្ថែម​នោះ​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​​ពួក​នាង​ៗ​គិត​តែ​ខំ​ធ្វើ​ខ្លួន​ រហូត​រលាយ​អស់​ទ្រព្យ​សម្បត្តិ​។​ ដោយ​ពុំ​មាន​លទ្ធភាព​​នឹង​ចិញ្ចឹម​កូន​ៗ​តទៅ​ទៀត​បាន​ សេដ្ឋី​និង​ភរិយា​ បាន​សម្រេច​បំបរបង់​កូន​ចោល​ក្នុង​ព្រៃ​ ដោយ​ប្រើ​ល្បិច​ថា​ទៅ​រក​អុស​។​ កូន​ៗ​កាល​បើ​បាត់​ឪពុកម្ដាយ​ និង​មិន​អាច​​ទ្រាំ​នឹង​ភាព​អត់ឃ្លាន​បាន​ ពួក​នាង​​បាន​ចាប់​ត្រី​មក​បរិភោគ​ ដោយ​បាន​ដោត​ភ្នែក​ត្រី​ទាំង​សង​ខាង​ លើកលែង​តែ​នាង​ពៅ​ ដែល​បាន​ដោត​ភ្នែក​ត្រី​តែ​ម្ខាង​។ ក្លិន​ត្រី​ដុត​ និង​ផ្សែង​ភ្លើង​ បាន​អណ្ដែត​ទៅ​ប៉ះ​ឥន្ទ្រីយ៍​របស់​យក្ខិនី​​ស្រី​ឈ្មោះ​ សន្ធិមារ​ ដែល​គ្រប់គ្រង​នៅ​នគរ​តាលវ័ន​។ យក្ខិនី​បាន​ចុះ​ទៅ​លួងលោម​ពួក​នាង​ ដោយ​​សង្ឃឹម​ថា​នឹង​ចាប់​យក​នាង​ទាំង​១២​​ ដែល​មាន​រូប​រាង​ស្រស់​ស្អាត​ ដើម្បី​ឲ្យ​បម្រើ​កូន​ស្រី​របស់​នាង​​ឈ្មោះ​ កង្រី​។
ការ​រស់​នៅ​របស់​នាង​ទាំង​១២​​នៅ​នគរ​តាលវ័ន​ មិន​បាន​យូរ​អង្វែង​​នោះ​ទេ​ ដោយ​ពួក​នាង​បាន​ដឹង​ការ​ពិត​ថា ជា​នគរ​យក្ស​ ដោយ​មាន​ការ​ខ្សឹប​ប្រាប់​ពី​ពួក​ព្រលឹង​ខ្មោច​ ដែល​ត្រូវ​បាន​ពួក​យក្ខ​ចាប់​ស៊ី​។​ ពួក​នាង​បាន​​ព្យាយាម​រត់​គេច​ពី​នគរ​នោះ​ ទោះ​បី​មាន​ការ​តាម​ចាប់​ពី​យក្ខិនី​សន្ធមារ​ក៏​ដោយ​។​ ដោយ​មាន​ជំនួយ​ពី​សត្វ​ដំរី​ សត្វ​គោ​ និង​សត្វ​ឈ្លូស​ ពួក​នាង​បាន​គេច​រួច​ពី​យក្ខិនី​ រហូត​ដល់​ស្ទឹង​មួយ​ ក្បែរ​ក្រុង​ឥន្ទបត្ត​បុរី​។ ពួក​នាង​បាន​ឡើង​ទៅ​សម្រាក​នៅ​លើ​ដើមឈើ​ធំ​ក្បែរ​ស្រះ​ទឹក​នោះ​ ប៉ុន្តែ​ត្រូវ​បាន​ខ្ញុំ​សេដ្ឋី​ម្នាក់​មក​ឃើញ ក៏​នាំ​គ្នា​យក​ដំណឹង​នោះ​ទៅ​ប្រាប់​សេដ្ឋី​ ហើយ​ក៏​បាន​នាំ​ដំណឹង​បន្ត​ទៅ​ទូល​ស្ដេច​។ ព្រះ​បាទ​រថសិទ្ធិ​ដែល​គ្រប់គ្រង​អំណាច​នៅ​នគរ​នោះ​ ក៏​បាន​នាំ​​ពលរេហ៍​ដើម្បី​ទៅ​មើល​ហេតុការណ៍​ ដែល​កើត​មាន​នៅ​ក្បែរ​ស្រះ​ទឹក។​ ភាព​អស្ចារ្យ​​បាន​កើត​ឡើង​ចំពោះ​ព្រះរាជា​ ដោយ​បាន​ពើប​ផ្ទាល់​នឹង​នាង​ទាំង​១២​ នារី​ដែល​មាន​សម្ផស្ស​ស្រស់​ស្អាត​លើស​ស្រី​ទាំង​ពួង​ក្នុង​នគរ។ ព្រះបាទ​រថសិទ្ធិ​បាន​នាំ​យក​ពួក​នាង​ចូល​ក្នុង​រាជវាំង​ ហើយ​បាន​រៀប​អភិសេក​ជា​មហេសី​ទាំង​អស់​។​
ការ​ទៅ​​រស់​នៅ​ក្នុង​រាជវាំង​ មិន​បាន​គេច​ផុត​ពី​ការ​តាម​ព្យាបាទ​របស់​នាង​សន្ធមារ​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ នាង​សន្ធមារ​កាល​បើ​ទទួល​ដំណឹង​ថា​ពួក​នាង​ទាំង​១២​កំពុង​រស់​នៅ​ក្នុង​ព្រះ​បរម​រាជវាំង ក៏​បាន​ប្រែ​កាឡា​ខ្លួន​ជា​ស្រី​ស្អាត​​ ហើយ​ទៅ​សម្រាកដើម​ឈើ​​ក្បែរ​ស្រះ​ទឹក​ ដោយ​ត្រាប់​តាម​ដំណើរ​របស់​នាង​ទាំង​១២​។ សន្ធមារ​បាន​ចូល​ក្នុង​រាជវាំង​ ដូច​បំណង​មែន​​ ហើយ​បាន​​ក្លាយ​ជា​មហេសី​ព្រះ​បាទ​រថសិទ្ធិ​។ ដោយ​លង់​មន្តស្នេហ៍​​នាង​សន្ធមារ​ ព្រះ​រាជា​ស្ទើរតែ​ភ្លេច​នាង​ទាំង​១២​​ ទៅ​ហើយ​ ដោយ​ហ៊ាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​បំពេញ​បំណង​នាង​សន្ធមារ​។​
          ថ្ងៃ​មួយ សន្ធមារ​ធ្វើ​ពុត​ជា​ឈឺ​ ដោយ​​គ្មាន​ថ្នាំ​ព្យាបាល​ ហើយ​បាន​បង្គាប់​ឲ្យ​ខ្វេះ​ភ្នែក​​នាង​ទាំង​១២​ ដើម្បី​ធ្វើ​ថ្នាំ​ព្យាបាល​ជំងឺ​របស់​នាង​។ នាង​ទាំង​អស់​​ត្រូវ​គេខ្វេះ​ភ្នែក​ទាំង​សង​ខាង​​ លើក​លែង​តែ​នាង​ពៅ​ដែល​ត្រូវ​បាន​ខ្វេះ​ភ្នែក​តែ​ម្ខាង​ ហើយ​ត្រូវ​បាន​យក​ទៅ​ឃុំ​ក្នុង​រូង​ថ្មក្រៅ​រាជវាំង​។​ កែវ​ភ្នែក​របស់​ពួក​នាង​ត្រូវ​បាន​នាង​សន្ធមារ​យក​ទៅ​ទុក​នឹង​នាង​កង្រី​បុត្រី​របស់​ខ្លួន​ នៅ​នគរ​តាលវ័ន​។​
ពួក​នាង​ទាំង​១២​ បាន​ប្រសូត​បាន​បុត្រ​ម្នាក់​មួយ ប៉ុន្តែ​ត្រូវ​បាន​ពួក​នាង​ចាប់​ហែក​ស៊ី​ ដោយ​អាការៈ​អត់​ឃ្លាន​ លើក​លែង​តែ​នាង​ពៅ​ម្នាក់​ប៉ុណ្ណោះ​ ដែល​ពុំ​បាន​សម្លាប់​បុត្រ​ខ្លួន​ ហើយ​បាន​រក្សា​រហូត​ដល់​ធំ​ដឹង​ក្ដី​។​ បុត្រ​នោះ​ឯ​​ងឈ្មោះ​ ពុទ្ធិសែន​ ដែល​ទទួល​បន្ទុក​រក​អាហរ​មក​ចិញ្ចឹម​ម្ដាយ​ និង​អ៊ំ​ៗ​របស់​ខ្លួន​ ដោយ​ពុទ្ធិសែន​ជា​ក្មេង​ពូកែ​បាញ់​អង្កុញ​អស្ចារ្យ​។ ដំណឹង​នេះ​ឮ​ដល់​ស្ដេច​ ស្ដេច​ក៏​បាន​ហៅ​ក្មេង​នោះ​ចូល​ក្នុង​វាំង​ដើម្បី​ល្បង​គ្នា​មើល៍​។ ពុទ្ធិសែន​បាន​យក​ឈ្នះ​ស្ដេច​ ដោយ​ធ្វើ​ឲ្យ​​មាន​ការ​កោត​ស្ញប់ស្ញែង​ក្រៃ​លែង​ ហើយ​ត្រូវ​បាន​ស្ដេច​សុំ​ធ្វើ​ជា​បុត្រ​របស់​ខ្លួន​។​ ឆ្លៀត​ឱកាស​ល្អ ពុទ្ធិសែន​បាន​រាប់រៀប​ពី​ដំណើរ​រឿង​របស់​ខ្លួន​ និង​មាតា​ រហូត​ធ្វើ​ឲ្យ​ព្រះរាជា​នឹក​សង្វេគ​ជា​ខ្លាំង​ ព្រម​ទទួល​ស្គាល់​ពុទ្ធិសែន​ជា​បុត្រ​បង្កើត​របស់​ខ្លួន​។​
ដោយ​មើល​ឃើញ​ស្ថានភាព​មិន​ល្អ សន្ធមារ​បាន​ប្រើ​ល្បិច​ម្ដង​ទៀត​ ដោយ​ពុត​ជា​ឈឺ​រក​ថ្នាំ​ព្យាបាល​មិន​ត្រូវ​ ហើយ​ស្នើ​ព្រះរាជា​ ឲ្យ​ពុទ្ធិសែន​ធ្វើ​ដំណើរ​ទៅ​នគរ​តាលវ័ន​ ដើម្បី​យក​ថ្នាំ​ព្យាបាល​ ដោយ​ភ្ជាប់​​នូវ​លិខិត​មួយ​ច្បាប់​ សម្រាប់​ផ្ញើ​ទៅ​នាង​កង្រី​ផង​ដែរ​។ ខ្លឹមសារ​ក្នុង​​លិខិត​​នោះ​បាន​បញ្ជា​ឲ្យ​កង្រី​បុត្រីខ្លួន​ ត្រូវ​តែ​សម្លាប់​ពុទ្ធិសែន​ចោល​ បើ​ដល់​យប់​ ស៊ី​ទាំង​យប់​ បើ​ដល់​ថ្ងៃ​ស៊ី​ទាំង​ថ្ងៃ​ ត្បិត​អី​ អានេះ​ជា​កូន​នាង​ទាំង​១២​​។ តាម​ផ្លូវ​ធ្វើ​ដំណើរ​ ពុទិ្ធសែន​បាន​ឈប់​សម្រាក​ ដោយ​ចង​សារ​នៅ​ជាប់​ក​សត្វ​សេះ​ជំនិះ​របស់​ខ្លួន​។ យល់​ការណ៍​មិន​ល្អ​ ឥសី​ក៏​បាន​ចេញ​មក​លួច​ដូរ​សារ​លិខិត​នោះ​មក​ជា​មាន​សេចក្ដី ថា កាល​បើ​ពុទ្ធិសែន​​ទៅ​ដល់​ ត្រូវ​រៀបការ​ជាមួយ​ភ្លាម​ ត្បិត​អី​ចៅ​នេះ​ជា​គូ​នឹង​កង្រី​កូន​ហើយ​។
ដំណើរ​របស់​ពុទ្ធិសែន​ បាន​ទៅ​ដល់​នគរ​នាង​កង្រី ដោយ​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​អស្ចារ្យ​ពី​ពួក​រេហ៍​ពល​របស់​កង្រី​។​ ពួកគេ​បាន​សម្ដែង​ឫទ្ធិ​របស់​ពួកគេ ដោយ​កាឡា​​ជា​រូប​ផ្សេង​ៗ​ដើម្បី​បន្លាច​ពុទ្ធិសែន​។ ប៉ុន្តែ​ពុទ្ធិសែន​​បាន​ហុច​សារលិខិត​នោះ​ថ្វាយ​នាង​កង្រី​ ដែល​សភាព​​ប្រុង​ប្រយ័ត្ន​នោះ​ប្រែ​​ទៅ​ជា​​រីករាយ​ទៅ​វិញ​ ព្រោះ​កង្រី​​បាន​ឈ្លក់​វង្វេង​នឹង​សម្រស់​របស់​ពុទ្ធិសែន​ ហើយ​ប្រញាប់​ចាត់​ចែង​ឲ្យ​មាន​ការ​ធ្វើ​ពិធី​ បើ​ទោះ​បី​ជា​មាន​ការ​ជំទាស់​ពី​ហោរា​ក្ដី​ ដែល​បាន​ទាយ​ថា ពុទ្ធិសែន​​ជា​សត្រូវ​ បើ​​កង្រី​រៀបការ​ជាមួយ​នោះ ​យ៉ាង​ហោច​ណាស់​ត្រឹម​បី​ឆ្នាំ​នឹង​រលាយ​នគរ​តែ​ម្ដង​។​
ការ​រស់​នៅ​ក្នុង​នគរ​យក្ស​ កង្រី​បាន​ខិតខំ​បម្រើ​ស្វាមី​មិន​ឲ្យ​ទាស់​ចិត្ត​ ហើយ​បាន​ប្រាប់​​ពី​អាថ៌កំបាំង​ផ្សេង​ៗ​ដែល​មាន​នៅ​ក្នុង​នគរ​នោះ​ រួម​​ទាំង​កន្លែង​រក្សា​ទុក​កែវ​ភ្នែក​នាង​ទាំង​១២​ ថ្នាំ​ព្យាបាល​ និង​វត្ថុ​ទិព្វ​មួយ​ចំនួន​ផង​ដែរ​។ ការ​រស់​នៅ​នគរ​នោះ​ ទាំង​កង្រី​និង​ពុទ្ធិសែន​​មាន​ក្ដី​សុខ​ក្រៃលែង​ ដោយ​​បាន​បង្កើត​បុត្រ​ពីរ​អង្គ​ ប៉ុន្តែ​សម្រាប់​ពុទ្ធិសែន​ ដែល​តែ​ង​មាន​ចិត្ត​កតញ្ញូ​​រមែង​នឹក​​បារម្ភ​​ចំពោះ​មាតា​ និង​អ៊ំ​របស់​ខ្លួន​មិន​ដែល​ខាន​ ដោយ​ខិតខំ​រក​គ្រប់​វិធី​​ដើម្បី​លួច​យក​កែវភ្នែក​ និង​ថ្នាំ​ព្យាបាល​នោះ​ទៅ​សង្គ្រោះ​ពួកគាត់​។​
លុះ​គម្រប់​បាន​បី​ឆ្នាំ​ ពុទ្ធសែន​ឆ្លៀត​ពេល​ដែល​នាង​កង្រី​លង់លក់​ បាន​លួច​យក​កែវ​ភ្នែក​ ថ្នាំ​ទិព្វ​ និង​វត្ថុ​សក្ដិសិទ្ធិ​ទាំង​នោះ​ រត់​ចេញ​ពី​នគរ​។​ កង្រី​កាល​បើ​ដឹង​ថា​ ព្រះស្វាមី​លួច​រត់​ហើយ​ បាន​នាំ​រេហ៍​ពល​ ដើម្បី​តាម​រក​ព្រះ​ស្វាមី​ បំណង​​យាង​ទ្រង់​មក​វិញ​។ លុះ​តាម​ទាន់​ព្រះ​ស្វាមី​ នាង​ក៏​បាន​ហៅ​ឲ្យ​ឈប់​ ប៉ុន្តែ​ពុទ្ធិសែន​​បាន​អង្វរ​​ឲ្យ​ត្រឡប់​ទៅ​វិញ​ ដោយ​ក្រោយ​ពេល​សង្រ្គោះ​​ អ្នក​មាន​គុណ​របស់​ខ្លួន​រួច​ នឹង​ត្រឡប់​មក​វិញ​។ ប៉ុន្តែ​នាង​នៅ​តែ​តាម​ ដោយ​ពួក​ពល​យក្ស​ បាន​ខិតខំ​​រារាំង​ ពុទ្ធិសែន​​ក៏​បាន​​បោះ​ផ្លែ​ក្រូច​មួយ​ ដែល​ជា​វត្ថុ​សក្ដិសិទ្ធិ​​ ក្លាយ​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ខ្ពស់។​ លុះ​ពេល​យក្ស​និង​កង្រី​​នៅ​តែ​តាម​​ទ្រង់​ទៀត​ ក៏​បោះ​​ក្រូច​មួយ​ទៀត​ ​ក្លាយ​ជា​ពពក​​យ៉ាង​ក្រាស់​ និង​មាន​ភ្លើង​​ឆេះ​ពួក​រេហ៍ពល​​ ស្លាប់​ស្ទើរ​អស់​​​។​ នាង​កង្រី​នៅ​តែ​តាម​ទៀត​ ប៉ុន្តែ​ត្រូវ​បាន​ពុទ្ធិសែន​​ បោះ​ផ្លែ​ក្រូច​មួយ​ទៀត​ កើត​ជា​សមុទ្រ​​ ដែល​មិន​អាច​ឲ្យ​នាង​ឆ្លង​រួច​ ​នាងក៏​បាន​ដួល​សន្លប់​​នៅ​ទី​នោះ​ទៅ​។​
ពុទ្ធិសែន​បាន​​ទៅ​ដល់​នគរ​​ឥន្ទបត្ត​បុរី​ បាន​សម្លាប់​សន្ធមារ​ និង​បាន​សង្គ្រោះ​​ព្រះ​មាតា​ និង​អ៊ំ​ៗ​របស់​ខ្លួន​ បាន​ជា​សះ​ស្បើយ​ និង​រស់​យ៉ាង​សុខសាន្ត​នៅ​ក្នុង​រាជវាំង​ជាមួយ​ព្រះបាទ​រថសិទ្ធិ​។ ដោយ​មិន​ភ្លេច​នូវ​ពាក្យ​សន្យា​របស់​​ខ្លួន​ជាមួយ​កង្រី​ ពុទ្ធិសែន​ក៏​បាន​ត្រឡប់​ទៅ​នគរ​តាលវ័ន​វិញ​​ ដើម្បី​ជួប​នាង​។​ ពេល​ទៅ​ដល់ កង្រី​ហៀប​តែ​នឹង​ដាច់​ខ្យល់​ស្លាប់​ទៅ​ហើយ​ ប៉ុន្តែ​គ្រាន់​តែ​បាន​ឃើញ​មុខ​ស្វាមី​ជា​លើក​ចុងក្រោយ​ នាង​ក៏​បាន​លាចាកលោក​នេះ​ទៅ​​ ដែល​ពុទ្ធិសែន​​កើត​ទុក្ខ​យ៉ាង​ខ្លាំង​​។  នៅ​សល់​បុត្រ​ពីរ​អង្គ​ ពុទ្ធិសែន​ ក៏​បាន​​នាំ​យក​ទៅ​រស់​នៅ​ជាមួយ​​មាតាបិតា​របស់​ខ្លួន​​ ឯ​នគរ​ឥន្ទបត្ត​បុរី​។​


ចប់


បទវិភាគរឿង​ពុទ្ធិសែន សូម​ចុច SUBSCRIBE ដើម្បីទទួលបានវីដេអូបន្ថែមទៀត



សូមចុច Subscribe លើ YouTube Channel នេះ ដើម្បីទទួលបានវីដេអូបន្ថែម

No comments: