Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, November 16, 2012

អណ្ដើក​នៅ​ជើង​ បាច់​អី​ដក់​ឆ្កែ​





សេចក្ដី​អធិប្បាយ​


ជា​ធម្មតា​កសិករ​នៅ​តាម​ស្រុក​ស្រែ​ចម្ការ​ ក្រៅ​ពី​មើល​​​បង្ហើយ​កិច្ច​ការ​របស់​ខ្លួន​ហើយ​ តែង​តែ​ឆ្លៀត​ឱកាស​​ទៅ​ឆ្លុះ​កង្កែប​ ចាប់​ក្ដាម​ ចាប់​ត្រី​ ឬ​អណ្ដើក​ជាដើម​។​ តាម​ធម្មជាតិ​ សត្វ​លោក​ទាំង​ឡាយ​រមែង​តែង​តែ​ត្រូវ​ការ​រស់​ គ្មាន​នរណា​ចង់​ស្លាប់​នោះ​ទេ។​ តើ​ក្នុង​លោក​នេះ​ មាន​នរណា​ទៅ​ដែល​ចង់​ស្លាប់​នោះ​? ពិត​ណាស់​ ប្រាកដ​ជា​គ្មាន​ទេ​។​ ពួក​គេ​តែង​តែ​ស្វែង​រក​ចំណី​អាហារ​មក​ចម្អែត​ក្រពះ​របស់​ខ្លួន​ដើម្បី​ជីវិត​ទៅ​ថ្ងៃ​មុខ​ទៀត​ជានិច្ច​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ដែរ​ បើ​សិន​ជា​កសិករ​ម្នាក់​ ឃើញ​អណ្ដើក​មួយ​ក្បាល​វារ​គើម​ៗ​ក្បែរ​ជើង​ហើយ​នោះ​ ចាំ​បាច់​ស្រែក​ហៅ​​ឆ្កែ​ធ្វើ​អ្វី​ ម៉េច​មិន​​រើស​យក​ខ្លួន​ឯង​ទៅ​។​ នៅ​ក្នុង​ន័យ​នេះ​ គេ​អាច​និយាយ​បាន​ថា​ អណ្ដើក​ស្មើ​នឹង​ប្រយោជន៍​ រី​ឯ​ឆ្កែ​​​នៅ​ទី​​នេះ​ សំដៅ​ទៅ​ដល់​អ្នក​ដទៃ​​​។
តាម​ន័យ​ត្រង់​ សុភាសិត​ដ៏​ល្អ​នេះ​ ​បាន​បង្ហាញ​អំពី​សត្វ​អណ្ដើក​មួយ​ក្បាល​ដែល​កំពុង​វារ​នៅ​ជិត​ជើង​របស់​មនុស្ស​ នេះ​ប្រៀប​ដូច​ជា​លាភ​ឬ​ទ្រព្យ​អ៊ីចឹង​ បើ​យើង​ដឹង​ហើយ​ ជា​របស់​យើង​ហើយ​ ចាំ​បាច់​អី​ទៅ​ប្រាប់​ឲ្យ​អ្នក​ដទៃ​ដឹង​នោះ។​ ជា​ធម្មតា​ មនុស្ស​ភាគ​ច្រើន​តែង​តែ​សម្លឹង​មើល​ឃើញ​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​ បើ​យើង​ឲ្យ​គេ​ដឹង​ គេ​ប្រាកដ​ជា​ទាមទារ​ស្មើ​យើង​ឬ​ច្រើន​ជាង​យើង​ក៏​ថា​បាន នេះ​ហើយ​គឺជា​សច្ច​ភាព​នៃ​ជីវិត​។​ ការ​ទទួល​លាភ​ហើយ​ ទៅ​ប្រាប់​គេ​ មិន​ខុស​អី​ពី​ប្រាប់​សត្រូវ​ឲ្យ​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​នោះ​ឡើយ​។ យើង​​តោង​តែ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ គេ​អាច​វាស់​ជម្រៅ​ទឹក​បាន​ តែ​គេ​មិន​អាច​វាស់​ជម្រៅ​ចិត្ត​មនុស្ស​បាន​ទេ​ ចិត្ត​មនុស្ស​អាច​ផ្លាស់​ប្ដូរ​គ្រប់​ពេលវេលា​ មិន​ត្រឹម​តែ​មិន​បាន​ទទួល​លាភ​ទេ​ ថែម​ទាំង​អាច​បាត់​បង់​ជីវិត​ទៀត​ផង​។​ ជាក់​ស្ដែង​ នៅ​ក្នុង​ស្នាដៃ​រឿង​សព្វសិទ្ធិ​ របស់​ម៉ឺន​ភក្ដី​អក្សរ​តន់​ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ ភីលៀង​ ជា​អ្នក​ជំនិត​របស់​សព្វ​សិទ្ធ​​ នៅ​តែ​ក្បត់​​​ដក​​ដួង​វិញ្ញាណ​របស់​ខ្លួន​ទៅ​ចូល​រូប​កាយ​របស់​សព្វ​សិទ្ធ ព្រោះ​តែ​ចង់​បាន​នាង​សុវណ្ណ​កេសរ។​ នេះ​ក៏​ព្រោះ​តែ​សព្វសិទ្ធ​គិត​ថា​គេ​ស្មោះ​ត្រង់​ទើប​មិន​សូវ​គិត​ច្រើន​ មាន​អី​ស្រាប់​តែ​ភីលៀង​សម្លឹង​មើល​ឃើញ​អណ្ដើក​ទៅ​វិញ​។​ បើ​ក្រឡេក​មក​មើល​សង្គម​ជាក់​ស្ដែង​ ក៏​មិន​ខុស​គ្នា​ដែរ​ គឺ​រឹត​តែ​ច្បាស់​ក្រឡែត​តែ​​ម្ដង​ ឧទាហរណ៍​ នៅ​ក្នុង​គ្រួសារ​មួយ​ ឪពុក​ម្ដាយ​ស្លាប់​ចោល​អស់​ តែ​បាន​បន្សល់​ដី​និង​ផ្ទះ​ដ៏​ធំ​ ធ្វើឲ្យ​កូន​ៗ​មាន​ចិត្ត​ច្រណែន​ឈ្នានីស​គ្នា​​ រហូត​ចង់​បាន​រៀង​ៗ​ខ្លួន ដល់​ថ្នាក់​ប្ដឹង​តុលា​ការ​អស់​ប្រាក់​ទាំង​សង​ខាង។​ តើ​វា​មាន​ប្រយោជន៍​អ្វី​ទេ​ បើ​ដល់​ថ្នាក់​ហ្នឹង? ចម្លើយ​ប្រាប់​ថា​ គ្មាន​ទេ​ ព្រោះ​របស់​នៅ​ក្នុង​ដៃ​អស់​ហើយ​ គ្រាន់​តែ​ចេះ​ចែករំលែក​និង​សម្រុះសម្រួល​គ្នា​ទៅ​ជា​ការ​ស្រេច​ មិន​ចាំ​បាច់​អី​ឡើង​ដល់​តុលាការ​ដណ្ដើម​កេរ្តិ៍​ប៉ុណ្ណឹង​នាំ​ឲ្យ​ខាត​ពេល​ខាត​លុយ​ធើ​អី​ ហ៊ើយ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ ដែល​មនុស្ស​យើង​មាន​ចរិត​បែប​នេះ​។
គេ​ថ្នាំ​ជា​អាវុធ​មុខ​ពីរ​ រី​ការ​បក​ស្រាយ​អាច​ស្រប​ឬ​បដិសេធ​អាស្រ័យ​លើ​ការ​ពន្យល់​លើក​ហេតុ​ផល​ យ៉ាង​មិញ​នៅ​ក្នុង​ខ្លឹមសារ​នៃ​​សុភាសិត​នេះ​​ ក៏​មិន​ទាន់​ត្រឹម​ត្រូវ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​ស្រុង​ដែរ​ ហេតុ​នេះ​ហើយ​ទើប​គេ​អាច​និយាយ​ថា​ អ្វី​ៗ​ទាំង​ឡាយ​​តែ​ង​តែ​មាន​​គូ​បដិបក្ខ​របស់​វា​ ទាំង​​ចំណុច​វិជ្ជមាន​​និង​ចំណុច​អវិជ្ជមាន​ផង​។ នៅ​ក្នុង​សុភាសិត​នេះ​ដែរ បើ​គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ពេក​ក៏​មិន​កើត​ដែរ​ គួរ​តែ​ចេះ​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក​។​ បើ​យើង​បាន​អណ្ដើក​ហើយ​ គួរ​ស្ល​​ចែក​គ្នា​ហូប​ឲ្យ​បាន​សប្បាយ​ទាំង​អស់​ ហើយ​គួរ​កុំ​សម្លឹង​មើល​មនុស្ស​ក្នុង​ផ្លូវ​អវិជ្ជមាន​ឲ្យ​សោះ បើ​នៅ​តែ​មាន​​ផ្នត់​គំនិត​បែប​នេះ​ ប្រាកដ​​ជា​ត្រូវ​រស់​នៅ​តែ​ម្នាក់​ឯង​ក្នុង​លោក​សន្និវាស​ដ៏​ងងឹត​នេះ​ជា​មិន​ខាន​។​
សរុប​មក​ឃើញ​ថា​ អណ្ដើក​ប្រៀប​ដូចជា​ប្រយោជន៍​ រី​ឯ​ឆ្កែ​ប្រៀប​ដូច​អ្នក​​ទី​ទៃ​ក្រៅ​ពី​ខ្លួន​យើង​​ បើ​លាភ​​ធ្លាក់​មក​លើ​ដៃ​ហើយ​ មិន​ត្រូវ​ប្រហែស​ឲ្យ​បាត់​ទៅ​វិញ​ទេ​ គួរ​តែ​ចេះ​ប្រយ័ត្ន​ប្រយែង​​​ឲ្យ​មែន​ទែន​។ ប៉ុន្តែ​គួរ​ចង​ចាំ​ថា​ ក៏​មិន​ត្រូវ​អាត្មា​និយម​ពេក​ទេ​ គួរ​មាន​សទ្ធា​ជ្រះ​ថ្លា​បរិច្ចាគ​ខ្លះ​ផង​ ទើប​មាន​សេចក្ដី​សុខ​។​ ថ្វី​បើ​ខ្លួន​យើង​ទទួល​ប្រយោជន៍​មែន​ តែ​ក៏​មិន​មែន​ធ្វើ​ខ្លួន​ដំឡើង​ឫក​នោះ​ឡើយ​។​ អាច​និយាយ​ថា​ មនុស្ស​ណា​ដែល​យើង​គួរ​ផ្ដល់​ឲ្យ​ ហើយ​មនុស្ស​ណា​ដែល​យើង​មិន​គួរ​​ផ្ដល់​ឲ្យ​។​ ទី​បញ្ចប់​ សុភាសិត​នេះ​ពិត​ជា​តម្លៃ​ណាស់​ ថ្វី​ត្បិត​វា​មាន​ចំណុច​វិជ្ជមាន​ផង​និង​អវិជ្ជមាន​ផង​ក៏​ដោយ​ ក៏​វា​នៅ​តែ​ជា​ពាក្យ​ក្រើន​រំឭក​​មួយ​ដ៏​ប្រសើរ​ផង​ដែរ​។

ដោយ​ រស់ វាសនា

No comments: