Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

ព្រះវេស្សន្ដរ


សង្ខេបរឿងព្រះវេស្សន្ដរ

    កាល​​ព្រះពុទ្ធ​​យាង​មក​ដល់​ចំពោះ​ព្រះភក្ត្រ​ព្រះ​ញាតិវង្ស​ ស្រាប់​តែ​មាន​ភ្លៀង​​ដ៏​អាស្ចារ្យ​ ​ធ្លាក់​មក​ពី​នភាល័យ​ កំពុង​ភ្លៀង​ ព្រះ​ពុទ្ធ​បាន​ទេសនា​អំពី​ប្រវត្តិបុព្វកម្ម​របស់​ព្រះ​នាង​ផុស្សតី​ ជា​ស្រី​សួគ៌​ពេល​ត្រូវ​​ច្យុត​ចាកឋាន​ទេវលោក​ ព្រះ​នាង​បាន​ទូល​សុំ​ព្រះ ពរ​ ១០* ប្រការ​ ពី​ព្រះ​ឥន្ទ្រា​ធិរាជ​។ ព្រះ​ឥន្ទ្រ​ក៏​សម្រេច​ប្រទាន​តាម​សំណូមពរ​។ ព្រះ​នាង​បាន​កើត​ជា​បុត្រី​ព្រះ​បាទ​មន្ទរាជ​។ រួច​បាន​​រៀប​អភិសេក​ជាមួយ​ព្រះ​បាទ​ស្រី​សញ្ជ័យ​​នៅ​​​​ជេតុត្តនគរ​ ឬ​ នគរ​ស្រី​ពិរាស្ត្រ​។ នៅ​ពេល​នោះ​ មាន​ពោធិសត្វ​ចាប់​បដិសន្ធិ​ ដែល​មាន​ព្រះនាម​ថា «​ព្រះ​វេស្សន្ដរ​»​។ ប្រសូត​ភ្លាម​នោះ ចេះ​និយាយ​ទៀត​ថា ​«​បពិត្រ​ អ្នក​មេ​ ទ្រព្យ​ក្នុង​នរគ​យើង​មាន​ឬ​ទេ​ ខ្ញុំ​នឹង​ឲ្យ​ទាន​។​ ពេល​ប្រសូត​ មាន​ដំរី​១​ហោះ​នាំ​កូន​ឈ្មោល​មក​ថ្វាយ​​ព្រះរាជកុមារ​ ដំរី​នោះ​ឈ្មោះ​ បញ្ច័យ​នាគេន្ទ្រ។​
    បន្ទាប់​ពី​ចម្រើន​ពេញ​វ័យ​ បាន​រៀបអភិសេក​ជាមួយ​ព្រះ​នាង​មេទ្រី​ មាន​បុត្ត​២​អង្គ​ ព្រះ​នាម​ជាលី​ និង​ ក្រឹស្នា​។​
   ក្រោយ​ពី​ប្រទាន​ដំរី​បញ្ច័យ​នាគេន្ទ្រទៅ​ឲ្យ​អ្នក​ស្រុក​គលិង្គរាស្ត្រ​មក​ អ្នក​ស្រុក​ស្រី​ពិរាស្ត្រ​ក្ដៅ​ក្រហាយ​ ក៏​នាំ​គ្នា​តវ៉ា​សុំ​ឲ្យ​ព្រះ​បាទ​ស្រី​សញ្ជ័យ​ បំបរបង់​​ព្រះ​វេស្សន្តរ​ចេញ​ពី​នគរ​។ ព្រះ​វេស្សន្ដរ​និ​ង​ព្រះនាង​មេទ្រី​ និង​បុត្ត​ សុំ​លា​ព្រះ​មាតាបិតា​គង់​លើ​រាជរថ​ បរ​ទៅ​កាន់​គិរីវង្គត់​ ដើម្បី​បួស​ជា​ឥសី​។​
កាល​នោះ​​មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ជូជក់​ មាន​ប្រពន្ធ​ឈ្មោះ​ អមិត្តធីតា បាន​ទៅ​សុំ​បុត្ត​ព​ី​ព្រះវេស្សន្ដរ​។ ព្រះវេស្សន្ដរ​ក៏​បាន​ប្រទាន​បុត្រាបុត្រី​ តាម​សំណូមពរ​ នៅ​​ពេលព្រះនាង​មេទ្រី​ចេញ​ទៅ​ព្រៃ​បេះ​ផ្លែឈើ​។​ តា​ជូជក់​ ក៏​ចាប់​បណ្ដើរ​​ព្រះរាជកុមារ​ចេញ​ទៅ​។ ព្រះ​អង្គខឹង​ខ្លាំង​ណាស់​ តែដោយ​នឹក​ឃើញ​ប្រពៃណីក្សត្រ​​ ព្រះ​អង្គ​ក៏​កាត់​ចិត្ត​ទៅ​វិញ​។ ពេល​ដែល​ព្រះ​នាង​មេទ្រី​វិល​មក​កាន់​អាស្រម​វិញ​ ព្រះ​នាង​ពុំ​ឃើញ​បុត្ត​រត់​មក​ទទួល​ដូច​សព្វដង​ នាង​ភិតភ័យ​យ៉ាង​ខ្លាំង​ ក៏​សួរ​ព្រះ​ស្វាមី​។​ ព្រះអង្គ​ឆ្លើយ​តបចំពោះ​​ព្រះ​នាង​​វិញ​។ ព្រះ​នាង​មេទ្រី​សោយសោក​ រហូត​ដល់​ដួល​សន្លប់​បាត់​ស្មរតី​។​
​          និយាយ​ពី​ព្រះ​ឥន្ទ្រាធិរាជ​ ទ្រង់​ចុះ​មក​កាឡា​ជា​ព្រាហ្មណ៍​ម្នាក់ ដើរ​ចូល​មក​អាស្រម​ព្រះ​វេស្សន្ដរ​។ ព្រះ​នាង​មេទ្រ​ីយល់​អធ្យាស្រ័យ​ស្វាមី​ ក៏​យល់​​ព្រម​ឲ្យ​ព្រះអង្គ​​ដាក់​ទាន​នាង​ឲ្យ​ឥន្ទ្រ​ព្រាហ្មណ៍​។​ ព្រះ​អង្គ​ទ្រង់​សរសើរ​ព្រះ​ហឫទ័យ​សប្បុរស​របស់​​ព្រះ​វេស្សន្ដរ​ ហើយ​ទ្រង់​បាន​​ប្រគល់​ព្រះ​នាង​មេទ្រី​ថ្វាយ​ព្រះ​វេស្សន្ដរ​វិញ​។​
    តា​ជូជក់​​បាន​ដើរ​អស់​ ១៥​ ថ្ងៃ​ ហើយ​ទី​បំផុត​ក៏​វង្វេង​ផ្លូវ​​ទៅ​កាន់​ក្រុង​ជេតុត្ត​។ ព្រះ​បាទ​ស្រី​សញ្ជ័យ​​ទត​ឃើញ​ព្រាហ្មណ៍​ចាប់​បណ្ដើរ​ក្មេង​តូច​ៗ​ ទើប​ទ្រង​់​បញ្ជា​ឲ្យ​​ហៅ​ក្មេង​តូច​ៗ​ ចូល​មក​គាល់​។ ព្រះ​អង្គ​ស្គាល់​ជាក់​ថា ជាលី​ក្រឹស្នា​ជា​ចៅ​ព្រះ​អង្គ​ ព្រះ​អង្គ​ក៏​លោះ​ជាលីក្រឹស្នា​​ពី​តា​ជូជក់​វិញ​។ ឯ​តា​ជូជក់​ក្រោយ​ពី​បាន​ទទួល​ព្រះរាជទ្រព្យ​រួចមក ក៏​បាន​បរិភោគ​អាហារ​រហូត​​ដល់​បែក​ពោះ​ស្លាប់​។​
​          ព្រះ​បាទ​ស្រីសញ្ជ័យ​ ព្រះ​នាង​ផុស្សតី​ រាជវង្ស​ និង​អាមាត្យ​ មន្ត្រី​ ព្រមទាំង​កុមារ​ទាំង​ពីរ​ បាន​ចេញ​ដំណើរ​ទៅ​ភ្នំ​គិរី​វង្គត់​។ ក្សត្រ​ទាំង​៦​អង្គ​ក៏​បាន​ជួបជុំ​គ្នា​ដូច​ប្រាថ្នា​ុ។​ អស់​មុខ​មន្ត្រី​ក្រាប​បង្គំ​​ព្រះវេស្សន្ដរ​និង​ព្រះនាង​មេទ្រី​ សូម​ឲ្យ​ទ្រង់​យាង​ត្រឡប់​ថ្កាន​ព្រះនគរ​សោយរាជ​សម្បត្តិ​វិញ​។​
ក្រោយ​មក ព្រះវេស្សន្ដរ​និង​ព្រះនាង​មេទ្រី​បាន​លា​ព្រះ​ភ្នួស​។ ព្រះបាទ​ស្រី​សញ្ជ័យ​បាន​សុំ​ទោស​បុត្ត​ ហើយ​ទ្រង់​បាន​លួងលោម​បុត្រី​ និង​ដង្ហែ​ព្រះ​ពោធិសត្វ​ ចូល​ព្រះនគរ​វិញ​ដោយ​សុវត្ថិភាព។
ព្រះវេស្សន្ដរ​សោរាជ្យ​រហូត​ដល់​សោយទិវង្គត​ ហើយ​បាន​ទៅ​កើតនៅ​ឋានតុសិត​។​ ព្រះ​រាជវង្សានុវង្ស​ និង​នាម៉ឺន​សព្វមុខមន្ត្រី​ បាន​ធ្វើ​ពិធី​រាជាភិសេក​ព្រះជាលី និង​ក្រឹស្នា​ជា​មហា​ក្សត្រ​ត​រៀង​​ទៅ​។​
ចប់​​

ចំណុច​សម្គាល់​
*រឿង​ព្រះ​វេស្សន្ដរ​ មាន​ ១៣ កណ្ឌ​ ដូចជា​
១​- កណ្ឌ​ទសពរ​ 
២- ទានកណ្ឌ   
៣- ទាន​កណ្ឌ
៤- កណ្ឌ​ វនប្បវេសន៍        
៥- កណ្ឌ​ជូជក់​​
៦- កណ្ឌ​ចូឡពន    
៧- កណ្ឌ​ហេមពាន្ត​
៨- កណ្ឌ​កុមារ​បាព៌   
៩- កណ្ឌ​មទ្រី​បាព៌
១០​- កណ្ឌ​សក្កបាព៌​       
១១- ​កណ្ឌ​មហារាជ​បាព៌​
១២-​កណ្ឌ​ឆ​ក្សត្រ​ ​
១៣​-​នគរ​កណ្ឌ
*ព្រះនាង​ផុស្សតី​សុំ​ពរ​ថា៖ បពិត្រ​​ទេវរាជ​ ជា​ឥសូរ​កំពូល​លើ​ពួកទេវតា បើ​ព្រះ​អង្គ​ទ្រង់​ប្រទាន​ពរ​ដល់​​ខ្ញុំ​ម្ចាស់​ ខ្ញុំ​ម្ចាស់​សូម​៖
១-​ឲ្យ​បាន​ជាមហេសី​នៃ​ព្រះ​បាទ​ស្រី​សញ្ជ័យ​
២- ឲ្យ​បាន​ភ្នែក​ល្អ​ មាន​ភូមោ​កោង​ទ្រទេសទ្រទួយដូច​​បង្កួយ​កៅទណ្ឌ​
៣-ឲ្យ​មាន​ឈ្មោះ​ថា​ផុស្សតី​ដដែល​
៤-​ឲ្យ​មាន​កូន​ប្រុស​មួយ​មាន​ឈ្មោះ​ល្បីល្បាញ​
៥-​ពេល​មាន​គភ៌​ សូម​ឲ្យ​មាន​ផ្ទៃពោះ​រាប​ស្មើ​ល្អ​ដូច​ប្រក្រតី​
៦-​កុំ​ឲ្យ​មាន​ដោះ​សណ្ដាយ​
៧-​កុំ​ឲ្យ​មាន​សក់​ស្កូវ​
៨-ឲ្យ​មាន​សម្បុរ​សាច់​ម៉ដ្ឋខៃ​
៩-​​ឲ្យ​មាន​អំណាច​​ដោះ​ទុក្ខ​ទោស​របស់​​មនុស្ស​សត្វ​ទាំងឡាយ​

១០​-​ឲ្យ​មាន​បក្សី​គឺ ហង្ស​ ក្ងាន​ ក្ងោក​ បន្លឺ​សំឡេង​ល្វេងល្វើយ​ ជិត​ព្រះរាជមន្ទីរ​។

ទាញយក​អត្ថបទសង្ខេប
ទាញយកអត្ថបទសង្ខេបជាកំណាព្យ

No comments: