Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

សូផាត


 សង្ខេប​រឿង​ សូផាត​  
និពន្ធ​ដោយ លោក រីម គីន​

          លោក​ សួន​ ចៅហ្វាយ​ស្រុក​សេរីសោភ័ណ​​បាន​ផ្លាស់​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង​ភ្នំពេញ​ បាន​ទុក​សង្សារ​កម្សត់​​ គឺ​នាងសូយា​ ឲ្យ​នៅ​ម្នាក់​ឯង​ដោយ​មាន​ជំងឺ​ផង​។​ ដោយ​មាន​ក្ដី​អាល័យ​សង្សារ​ លោក​​បាន​ដោះ​ចិញ្ចៀន​ពេជ្រ​មួយ​វង់​ឲ្យ​នាង​ទុក​ជា​​ដំណែល​។ រំលង​បាន​​ប៉ុន្មាន​ខែ​មក​ ​ក្រោយ​ពេល​ដែល​លោក សួន​ មក​ធ្វើ​ការ​នៅ​ភ្នំពេញ​ នាង​សូយា​នៅ​តែ​ម្នាក់​ឯង​​ស្រុក​សេរីសោភ័ណ​ នាង​ឆ្លង​ទន្លេ​បាន​កូន​ប្រុស​ម្នាក់​ រូប​ល្អ​ឆើត​ឆាយ​គួរ​ឲ្យ​ចេតនា​ពេក​ណាស់​ ហើយ​​នាង​បាន​ដាក់​ឈ្មោះ​ឲ្យ​គេ​ថា​ សូផាត​។​ នាង​ស្រលាញ់​​កូន​ជាង​ម្ដាយ​ឯទៀត​​ៗ ព្រោះ​កូន​នាង​គឺ​ជា​ឪពុក​នាង​ គឺ​ម្ដាយ​នាង​ និង​ជា​សង្សារ​នាង​ ព្រោះ​តែ​​កូន​នេះ​ហើយ​ ទើប​ធ្វើឲ្យ​នាង​ភ្លេច​គិត​ថា​ នាង​បាន​ព្រាត់ប្រាស​សង្សារ​ នៅ​ឯកា​អនាថា​កណ្ដាល​លោក​នេះ​។ នាង​រស់​នៅ​កម្សត់​តែ​ពីរ​នាក់​ម្ដាយ​កូន​។ ចំណែក​លោក​ សួន វិញ ចាប់​តាំង​ពី​ទៅ​ធ្វើ​ការ​នៅ​ភ្នំពេញ​ ពុំ​ដែល​បាន​សរសេរ​សំបុត្រ​សួរ​សុខទុក្ខ​នាង​សូយា​ឡើយ​។​
បន្ទាប់​ពី​ទទួល​ដំណឹង​ពី​នារី​ម្នាក់​ដែល​បាន​ប្រាប់​ថា​ លោក​ សួន​ មាន​ប្រពន្ធ​ថ្មី​ នាង​ទ្រហោ​យំ​ រហូត​ក្អួត​ឈាម ខ្យល់​ចាប់ និង​ធ្លាក់​ខ្លួន​ឈឺ​រហូត​ដល់​ស្លាប់​។​ ​ក្រោយ​ពេល​នាង​សូយា​ស្លាប់​ទៅ កូន​នាង​​ត្រូវ​បាន​អ្នក​ស្រុក​ទំនុកបម្រុង​​ចិញ្ចឹម​។​ លុះ​សូផាត​ អាយុ​បាន​ប្រាំបី​ឆ្នាំ​ ​អ្នក​ស្រុក​បាន​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ​​ក្នុង​វត្ត​ ​ព្រះសង្ឃ​គ្រប់​អង្គ​បាន​ជួយ​សង្គ្រោះ​ចិញ្ចឹម ​     សូផាត​ ព្រម​ទាំង​ជួយ​បង្ហាត់​បង្រៀន​​សូផាត​ពុំ​ដែល​​មាន​ជិនណាយ​។​ អាយុ​បាន​ ១២ ឆ្នាំ​ សូផាត​ បាន​សូម​លា​លោកគ្រូ​ទៅ​ភ្នំពេញ​ដើម្បី​តាម​រក​​ឪពុក។ លោក​គ្រូ​បាន​ប្រគល់​ចិញ្ចៀន​កេរ្តិ៍​ដំណែល​ដែល​ខ្មោច​នាង​សូយា​ជា​ម្ដាយ​បាន​បន្សល់​ឲ្យ​សូផាត​និង​សោហ៊ុយ ព្រម​ទាំង​បាន​ឲ្យ​សូផាត​ ទៅ​វត្ត​ឧណ្ណាលោម​សុំ​ជ្រកកោន​នឹង​ព្រះសង្ឃ​។ ជាង​នេះ​ទៅ​ទៀត​ លោក​គ្រូ​ក៏​បាន    ​ទូន្មាន​ និង​ដាស់តឿន​សូផាត​នូវ​ដំបូន្មាន​ល្អ​ៗ​ ដើម្បី​ប្រតិបត្តិ​ក្នុង​ជីវិត​ផងដែរ​។​
ពេល​ចុះ​ពី​លើ​រថយន្ត​ តា​ចាស់​ម្នាក់​បាន​ប្រាប់​ផ្លូវ​​សូផាត​ឲ្យ​ដើរ​តម្រង់​​ទៅ​វត្ត​ឧណ្ណាលោម​ដើម្បី​ស្វែង​រក​លោក​គ្រូ​ប៉ក់​។ សូផាត​​ក៏​បាន​ស្នាក់​នៅ​វត្ត​ឧណ្ណាលោម​។ ក្នុង​ពេល​ស្នាក់​នៅ​វត្ត សូផាត​​ក៏​ឆ្លៀត​ពេល​រក​ផ្ទះ​លោក​សួន​ ដែល​​ជា​ឪពុក​ តែ​​គ្មាន​អ្នក​ណា​ស្គាល់​សោះ​។​ ថ្ងៃ​មួយ​ក្នុង​ដំណើរ​ស្វែង​រក​ឪពុក​​ សូផាត​បាន​ជួយ​យក​អាសា​ក្មេង​ម្នាក់​ដែល​​ត្រូវ​គេ​ព្រួត​វាយ​ គឺ​កុមារ ណារិន​។​ ណារិន ក៏​បាន​សុំ​សូផាត​​ធ្វើ​ជា​មិត្ត​សម្លាញ់​។ ដោយ​ក្ដី​ស្រលាញ់​និង​រាប់អាន​ ណារិន​ បាន​អញ្ជើញ​​សូផាត​ឲ្យ​ទៅ​នៅ​ផ្ទះ​ជាមួយ​។ តាម​រយៈ​ណារិន សូផាត​បាន​ទៅ​រស់​នៅ​ផ្ទះ​លោក​អធិបតី​សេនា​។ សូផាត​ ទទួល​​បាន​នូវ​ការ​រាក់ទាក់​ និង​ក្ដី​អនុគ្រោះ​ពី​លោក​អធិបតី​ ដោយ​បាន​ឲ្យ​សូផាត​ ទៅ​រៀន​ជាមួយ​ណារិន​ដែរ​។ ក្នុង​គ្រា​ស្នាក់​អាស្រ័យ​នៅ​ផ្ទះ​របស់​លោក​អធិបតីសេនា​ សូផាត​បាន​យក​ចិត្ត​ទុកដាក់​​រៀន​សូត្រ​និង​ធ្វើ​ការងារ​ឥត​មាន​ល្អៀង​។ ការ​ខិតខំ​របស់ សូផាត​ ក៏​បាន​ធ្វើ​ឲ្យ​ណារិន​ កែប្រែ​មារយាទ​ រហូត​ក្លាយ​ជា​សិស្ស​ពូកែ​ដែរ​។​
គាប់​ជួន​ថ្ងៃ​មួយ​ សូផាត​ កំពុង​ថែ​សួន​ ត្រូវ​ក្មេង​មួយ​ក្រុម​មើល​ងាយ​ ដោយ​យក​ដុំ​ដី​គប់​លេង​ជា​ល្បែង​ បន្ទាប់​មក​ សូផាត​ត្រូវ​បាន​នាង​ម៉ានយ៉ាន​ ជា​បង​ណារិន​ ជួយ​យក​អាសា។ ដោយ​សេចក្ដី​ព្យាយាម​រៀន​សូត្រ សូផាត​និង​ណារិន​ បាន​ប្រលង​ជាប់​សញ្ញាប័ត្រ​បឋមសិក្សា​វិជ្ជា​បារាំង​ខ្មែរ។ លោក​អធិបតី​សេនា​បាន​សម្រេច​ជាមួយ​ភរិយា​ថា ឲ្យ​ណារិន​ រៀន​បន្ត​ ឯ​សូផាត​លោក​ឲ្យ​ឈប់​រៀន​ ហើយ​រក​ការងារ​ឲ្យ​ធ្វើ​ មាន​មុខងារ​ក្នុង​ហាង​ជំនួញ​មួយ​។​
ថ្ងៃ​មួយ​ សូផាត​បាន​ភ្លេច​ចិញ្ចៀន​នៅ​ក្នុង​បន្ទប់​ទឹក​ ហើយ​ត្រូវ​នាង​ម៉ានយ៉ាន​ រើស​បាន​ រួច​យក​មក​ជូន​លោក​អធិបតីសេនា​។ បន្ទាប់​ពី​បាន​​សាកសួរ​នាង​ម៉ានយ៉ាន​សព្វគ្រប់​ លោក​អធិបតី​សេនា​បាន​កំណត់​ក្នុង​ចិត្ត​ថា សូផាត ជា​កូន​បង្កើត​របស់​ខ្លួន​។​ នៅ​ពេល​បាន​ដឹង​ការ​ពិត​ លោក​អធិបតីសេនា​មាន​គំនិតថ្មី​ ដោយ​សម្រេច​ចិត្ត​ឲ្យ​សូផាត​ចូល​រៀន​បន្ត​ គឺ​ចូល​រៀន​នៅ​កូលែស​ស៊ីសុវត្ថិ​។ មិន​តែ​ប៉ុណ្ណោះ​ លោក​បាន​ឲ្យ​គេ​រៀបចំ​បន្ទប់​ដំណេក​ឲ្យ​សូផាត​បាន​ស្អាត​ប្លែក​ជាង​ពី​មុន​ទៀត​ផង​។ ចំណែក​ពេល​បរិភោគ​អាហារ​ លោក​អធិបតីសេនា​​ហៅ​សូផាត​ឲ្យ​មក​ជួប​ជុំ​នឹង​លោក​ ព្រមទាំង​ជាមួយ​ប្រពន្ធ​កូន​ទាំងអស់​។ ក្នុង​ខណៈ​ពេល​នោះ សូផាត​ និង​ម៉ានយ៉ាន​ កើត​មាន​សេចក្ដី​ស្នេហា​ក្នុង​ចិត្ត​រវាង​គ្នា​នឹង​គ្នា​។ យប់​មួយ នាង​ អ៊ូរី​ ក៏​ឡើង​ទៅ​សុំ​សេចក្ដី​ស្នេហា​ពី​សូផាត​ តែ​សូផាត​មិន​ព្រម​ ហើយ​ក៏សុំឲ្យ​នាង​អ៊ូរី​ វិល​ត្រលប់​មក​ផ្ទះ​វិញ។ ជួន​ជា​ពេល​នោះ នាង​ម៉ានយ៉ាន​ ក្រឡេក​ឃើញ​នាង​អ៊ូរី​ដើរ​ចេញ​ពី​បន្ទប់​​សូផាត​ នាង​ក៏​កើត​ក្ដី​ប្រចណ្ឌ​​។ ចាប់​ពី​ពេល​នោះ​ នាង​ម៉ានយ៉ាន​មាន​ការ​តូច​ចិត្ត​នឹង​សូផាត ហើយ​ចេះ​តែ​ព្យាយាម​គេច​មុខ​ពី​សូផាត។ ដោយ​ឃើញ​អាកប្បកិរិយា​ដូចនេះ​ ព្រម​ទាំង​នឹក​ស្មាន​ថា​គេ​ស្អប់​នូវ​ទឹក​ចិត្ត​ដែល​ខ្លួន​បាន​លួច​ស្រលាញ់​​នាង​នោះ​ សូផាត​ក៏​បាន​សម្រេច​ចិត្ត​រត់​ចេញ​ពី​ផ្ទះ​​លោក​អធិបតីសេនា​ទាំង​​កណ្ដាល​យប់​​។ ​មុន​នឹង​ចាកចេញ​ទៅ​សូផាត​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទុក​ជូន​ម្ចាស់​ផ្ទះ​​ ដើម្បី​ថ្លែង​អំណរគុណ​​ក្នុង​ការ​ជួយ​ទំនុកបម្រុង​​ខ្លួន​សព្វ​បែប​យ៉ាង​ ព្រមទាំង​រ៉ាយរ៉ាប់​​ពី​ទឹកចិត្ត​នៃ​ក្ដី​ស្នេហា​ស្មោះ​ចំពោះ​នាង​ម៉ានយ៉ាន​។​
កាល​បើ​បាត់​សូផាត​ គ្រួសារ​លោក​អធិបតី​សេនា​មាន​ការ​សោកស្ដាយ​អាឡោះអាល័យ​គ្រប់​ៗ​គ្នា​។​ ហើយ​លោក​អធិបតី​សេនា​ប្ដេជ្ញា​ឲ្យ​គេ​ជួយ​រក​សូផាត​ឲ្យ​ទាល់​តែ​ឃើញ​។​ មួយ​អាទិត្យ​​ក្រោយ​មក​ ​ក្រុម​នគរបាល​បាន​ប្រទះ​ឃើញ​ខ្មោច​ក្មេង​ប្រុស​ម្នាក់​​អាយុ​ប្រហែល​ ២០ ឆ្នាំ​លង់​ទឹក​ស្លាប់​។ ចំណែក​​គ្រួសារ​លោក​អធិបតីសេនា​ក៏​បាន​សន្មត​ថា​ជា​ខ្មោច​សូផាត​ រួច​ក៏​យក​សព​នោះ​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​។ រំលង​យូរ​មក​ មាន​កូន​អ្នក​មាន​ម្នាក់​ឈ្មោះ សំណាង​ ចូល​ស្ដី​ដណ្ដឹង​​នាង​ម៉ានយ់ាន​។ ទាំង​លោក​ប្រុស​ លោក​ស្រី ក៏​យល់​ព្រម​ តែ​នាង​ម៉ានយ៉ាន​សុំ​អង្វរ​ដោយ​ពុំ​ទាន់​អស់​ចិត្ត​​ពី​ខ្មោច​លង់​ទឹក​។​ រី​ឯ​សូផាត​ វិញ​មិន​ទាន់​ស្លាប់​ទេ​។ ខ្មោច​ដែល​លោក​អធិបតី​សេនា​​យក​មក​ធ្វើ​បុណ្យ​​គឺ​ជា​មនុស្ស​ផ្សេង​។​
សូផាត បាន​ទៅ​រស់​នៅ​ជាមួយ​មេ​ស្រុក​ឈ្មោះ​ សុខ​ ក្នុង​មូលដ្ឋាន​ខេត្ត​កំពត​ ដោយ​បាន​ប្ដូរ​ឈ្មោះ​​ជា​ «ផនស៊ី​»​។ មេស្រុក​ សុខ​ បាន​ឲ្យ ផនស៊ី​ ​ធ្វើ​ជា​ស្មៀន​។ ថ្ងៃ​មួយ​ លោក​អធិបតី​​សេនា​បាន​នាំ​គ្រួសារ​ និង​គូ​ដណ្ដឹង​នាង​ម៉ានយ៉ាន​​ទៅ​កេង​ឯ​ផ្ទះ​មេ​ស្រុក​សុខ​ ដើម្បី​លំហែ​ទុក្ខ​សោក​ទាំងឡាយ​។ ក្រោយ​ពី​បាន​ទទួល​ដំណឹង​នេះ​មក​ លោក​មេស្រុក​សុខ​បាន​​ឲ្យ ផនស៊ី​ រៀប​តុបតែង​កន្លែង​ទទួល​ភ្ញៀវ​។ លុះ​ពេល​ភ្ញៀវ​មក​ដល់ ផនស៊ី មិន​ចេញ​មក​ទទួល​ភ្ញៀវ​ទេ​ ​ធ្វើ​ពុត​ជា​ឈឺ​ ដើម្បី​មិន​ចង់​ឲ្យ​អ្នក​ទាំងនោះ​ឃើញ​មុខ​ខ្លួន​។ ពេល​នាង ម៉ានយ៉ាន បាន​ដើរ​មើល​ទេសភាព​វាលស្រែ​តែ​ម្នាក់​ឯង នៅ​ក្បែរ​គុម្ព​ឫស្សី​ ស្រាប់​តែ​​ឃើញ​សូផាត​ នៅ​ជិត​បង្កើយ​។​ នាង​ស្មាន​ថា​ជា​ខ្មោច​សូផាត​មក​លង​ ក៏​ដួល​សន្លប់​បាត់​ស្មារតី​ ហើយ​ត្រូវ​បាន​គ្រួសារ​នាង​បែរបន់​សព្វ​បែប​យ៉ាង។​ ពេល​នាងដឹង​ខ្លួន ពួកគេ​ក៏​​​នាំ​នាង​មក​ភ្នំពេញ​វិញ​។​ ក្រោយ​ពី​ថ្ងៃ​ទទួល​លោក​អធិបតី ផនស៊ី​ ក៏​បាន​ចាកចេញ​ពី​ផ្ទះ​លោក​មេស្រុក​សុខ​ ដោយ​​ពុំ​ឲ្យ​នរណា​ម្នាក់​បាន​ដឹង​ទេ​។​ គេ​បាន​មក​រស់​នៅ​ផ្ទះ​នាយ​រ៉ក​ ជា​សម្លាញ់​នៅ​ភូមិ​ច្បារ​អំពៅ​។​
ចំណែក​គ្រួសារ​លោក​អធិបតីសេនា​ បន្ទាប់​ពី​ជំងឺ​នាង​ម៉ានយ៉ាន​បាន​ធូរស្រាល​បន្តិច​ លោក​​​ក៏​បាន​​រៀប​ចំ​ពិធី​មង្គលការ​​ឲ្យនាង​​ជាមួយ​សំណាង​។​ នាង​ម៉ានយ៉ាន​ ពុំ​បាន​បំពេញ​ករណីយកិច្ច​នេះ​ទេ​ គឺ​នាង​បាន​​លោត​សម្លាប់​ខ្លួន​នៅ​ក្នុង​ទឹក​។​ ដោយ​នាង​យល់​ឃើញ​ថា សូផាត​ ​ស្លាប់​​ដោយ​សារ​​តែ​ខ្លួន​​ជា​អ្នក​បង្ក​បញ្ហា​​ ម្យ៉ាង​​ទៀត​ នាង​មិន​ចង់​យក​ប្ដី​​ឡើយ​។ នាង​ម៉ានយ៉ាន​មិន​បាន​ស្លាប់​​ទេ ដោយសារ​បាន​អ្នក​នេសាទ​ម្នាក់​ គឺ​នាយរ៉ក​ ដែល​ជា​មិត្ត​សម្លាញ់​របស់​សូផាត​ប្រទះ​ឃើញ​ ក៏​ស្រង់​យក​មក​ផ្ទះ​នៅ​ភូមិ​ច្បារ​អំពៅ​ដើម្បី​ជួយ​សង្គ្រោះ​នាង​។ សូផាត​បាន​​មក​ជួយ​សង្គ្រោះ​ ហើយ​បាន​ពិនិត្យ​​ស្គាល់​ជាក់​ថា​ជា​នាង​ម៉ានយ៉ាន​ ដែល​ជា​សង្សារ​របស់​ខ្លួន​។ ពេល​នោះ​ សូផាត​ បាន​ពិពណ៌នា​រឿងរ៉ាវ​របស់​ខ្លួន​​និង​នាង​ម៉ានយ៉ាន​​ឲ្យ​នាយ​រ៉ក​ស្ដាប់​។ ក្រោយ​ពេល​បាន​ដឹង​ខ្លួន​ នាង​ម៉ានយ៉ាន​និង​សូផាត​ក៏​បាន​​រ៉ាយរ៉ាប់​រឿងរ៉ាវ​ និង​មូលហេតុ​រៀង​ៗ​ខ្លួន​​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​។​
ស្នាក់នៅ​ផ្ទះ​រ៉ក​មិន​បាន​ប៉ុន្មាន​ ដោយសារ​ខ្លាច​រឿងរ៉ាវ​លេច​ឮ​ដល់​គ្រួសារ​លោក​អធិបតី​សេនា​ និង​គ្រួសារ​សំណាងជា​គូ​ដណ្ដឹង​ សូផាត​ និង​ម៉ានយ៉ាន​ បាន​សុំ​លា​នាយ​រ៉ក​ ទៅ​រស់​នៅ​ក្នុង​ស្រុក​មួយ​ឆ្ងាយ​បន្តិច​ពី​​ទីរួមខេត្ត​​ស្វាយរៀង​។ បាន​ទៅ​ដល់​មូលដ្ឋាន​ អ្នក​ទាំងពីរ​បាន​លក់​គ្រឿង​មាស​ពេជ្រ​ ដើម្បី​ទិញ​លំនៅ​ស្រែ​ចម្ការ​ ហើយ​ប្រកប​របរ​នៅ​ទី​នោះ​ដោយ​រីករាយ​ ដោយមានការ​ស្រឡាញ់​រាប់អាន​ពី​អ្នក​ស្រុក​នៅ​ទី​នោះ​ផង​។ ដោយ​ខ្វះ​ពូជ​ស្រូវ​សម្រាប់​បង្កបង្កើន​​ផល នាង​ម៉ានយ៉ាន​ក៏​ឲ្យ​សូផាត​យក​ចិញ្ចៀន​មក​លក់​នៅ​ហាង​ក្លឹង​នៅ​ឯ​មាត់​ទន្លេ​ក្រុង​ភ្នំពេញ​។ ពេល​ធ្វើ​ដំណើរ​​ពី​ខេត្ត​ស្វាយរៀង​ឆ្លង​ផុត​អ្នក​លឿង​បន្តិច​ ឡាន​​ដែល​សូផាត​ជិះ​ក៏​បាន​បុក​គោ រួច​ក្រឡាប់​។ អ្នក​ជិះ​របួស​ច្រើន​ ឯ​សូផាត​សន្លប់​មិន​ដឹង​ខ្លួន តែ​ត្រូវ​គេ​នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ភ្នំពេញ​។ រី​ឯ​នាង​ម៉ានយ៉ាន​នៅ​ឯ​ខេត្ត​ស្វាយរៀង​តែ​ម្នាក់​ឯង​ មាន​ការ​បារម្ភ​នឹក​រឭក​ប្ដី​ជា​ខ្លាំង​។​
ថ្ងៃ​មួយ​ នាង​មាន​ជំងឺ​ដោយ​ទ្រាំ​​ពុំ​បាន​ ក៏​អញ្ជើញ​គ្រូ​ពេទ្យ​ជា​មិត្ត​សំណាង​មក​ពិនិត្យ​ និង​ព្យាបាល​។ ជំងឺ​នាង​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ​ តែ​ដោយ​គ្រូ​ពេទ្យ​ស្គាល់​ជាក់​ថា​នាង​ជា​អ្នក​រៀបការ​ជាមួយ​សំណាង​ ក៏​បញ្ជូន​នាង​​មក​ព្យាបាល​នៅ​ភ្នំពេញ​។ នៅ​មន្ទីរពេទ្យ​​ភ្នំពេញ​ សំណាង ម៉ានយ៉ាន​ សូផាត​ លោក​អធិបតី​សេនា​ បាន​ជួបជុំ​គ្នា​ ហើយ​មាន​ការ​ជជែក​វែកញែក​ពី​បញ្ហា​សំណាង​ និង​នាង​ម៉ានយ៉ាន​។ លោក​ សួន​ ក៏​សម្រេច​សង​បណ្ណាការ​ទាំងអស់​ទៅ​សំណាង​វិញ​។​
​កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃ​ លោក​អធិបតីសេនា​ក៏​បាន​រៀប​អាពាហ៍ពិពាហ៍​​ឲ្យ​សូផាត​និង​នាង​ម៉ានយ៉ាន​ ជា​គូ​ស្វាមីភរិយា​ ប្រកប​ដោយ​ភាព​អធិកអធម​ក្រៃ​លែង​និង​សុខសាន្ត​តទៅ​។

ចប់​


ទាកយកអត្ថបទសង្ខេប

សូមមើលវីដេអូបន្ថែម



សូមចុច Subscribe លើ YouTube Channel នេះ ដើម្បីទទួលបានវីដេអូបន្ថែម

No comments: