Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, July 18, 2019

រឿងរាមាយណ ភាគទី១៤ ប្រែសម្រួល និងអត្ថាធិប្បាយដោយ រស់ វាសនា



            គ្រប់ច្រកចូលក្រុងលង្កាទាំងអស់ត្រូវបានចាក់សោ និងយាមកាមយ៉ាងតឹងតែង ប៉ុន្តែព្រះរាមៈ លក្ស្មណៈ និងទ័ពស្វា អាចទម្លុះចូលទៅបានយ៉ាងងាយ។
            ចម្បាំងដ៏សាហាវរវាងសត្រូវធំទាំងពីរនេះបានប្រព្រឹត្តទៅជាច្រើនថ្ងៃ។ រាវណៈ បានយកដំណឹងនេះទៅប្រាប់ កុម្ពកាណ៌ (កុម្ពកាណ៌ ដេករយៈពេលតែ៦ខែ និងដេកមិនអស់ជាច្រើនឆ្នាំ)។
            ទោះបីជាគេខ្លាំងអាចបង្ក្រាប​ហនុមានឲ្យរាបដល់ដី និង សុគ្រីវៈ បានក៏ដោយ ក៏ទីបំផុតនៅតែចាញ់ក្រោមអនុភាពនៃផ្លែព្រួញព្រះរាមៈដែរ។​
            រាវណៈបានបញ្ជូនឥន្ទ្រជិតជាមួយអាវុធរបស់ព្រះព្រហ្ម អាវុធនេះមិនត្រឹមតែសម្លាប់សត្រូវនិងបញ្ឈប់អ្វីៗបាននោះទេ ថែមទាំងអាចបំបាំងកាយពីសត្រូវបានទៀតផង។ ដោយហោះហើរពុំមាននរណាមើលឃើញ ឥន្ទ្រជិតបានរារាំងលក្ស្មណៈដោយប្រើអាវុធរបស់ព្រះព្រហ្ម។ លក្ស្មណៈមើលមិនឃើញអ្នកដែលរារាំងគេឡើយ ហើយមិនអាចប្រយុទ្ធតបតវិញបាននោះទេ រួចក៏បានដួលសន្លប់ដល់ដីតែម្ដង។
            ឥន្ទ្រជិតបានវិលត្រលប់មកជួបបិតាវិញ រួចនិយាយថា «ជ័យជម្នះបានក្លាយទៅជារបស់យើងហើយ! លក្ស្មណៈស្លាប់ហើយ។»
            រាវណៈ រីករាយណាស់ ពួករាក្សសាទរ «ជ័យជម្នះបានមកយើងហើយ។»
        ព្រះរាមៈសោយសោក​យ៉ាងខ្លាំង ពេលឃើញព្រះអនុជរងរបួសបែបនេះ។ កងទ័ពទាំងមូលនៅស្រឡាំងកាំង និងភាន់ភាំង។
     សុសេនៈ អ្នកដែលដឹងថ្នាំទិព បាននិយាយទៅហនុមានថា «ចូរទៅភ្នំគន្ធ្មទ៌ន (Gandhmardan) ទៅរកថ្នាំទិពដែលដុះនៅទីនោះ។ បើយកវាមកត្រដុសលើមុខរបួសរបស់លក្ស្មណៈមុនថ្ងៃរះនោះ គេនឹងអាចរស់បាន។»
            នៅពេលហនុមានហោះរំលងនិងដល់ភ្នំ គេក៏ច្រលំ ព្រោះរុក្ខជាតិជាច្រើនមុខដុះពេញភ្នំ ដែលពិបាកចំណាំថាមួយណាជាថ្នាំទិព្វ។ គេក៏នឹកឃើញរឿងមួយ គឺប្រមូលថាមពលទាំងអស់ គាស់ភ្នំ ហោះនាំយកទៅដោយទ្រតែបាតដៃតែម្ខាង។ នៅតាមផ្លូវ​ គេបានឃើញព្រះអាទិត្យជិតរះ ហនុមានក៏ដៃម្ខាងទៀតទៅចាប់ព្រះអាទិត្យមកដាក់នៅក្នុងដៃទៀត។
            នៅពេលដែលទ័ពស្វាឃើញគេត្រឡប់មកវិញ ពួកគេក៏នាំគ្នាចៀសចេញដើម្បីទុកកន្លែងសម្រាប់ដាក់ភ្នំ។ សុសេនៈ ក៏ប្រញាប់បោចផ្កានិងស្លឹកនៃថ្នាំទិព្វ និងត្រដុសលើមុខរបួសលក្ស្មណៈ។​ បន្តិចក្រោយមក លក្ស្មណៈ ក៏ក្រោកឈរឡើង។ ព្រះរាមៈរីករាយដែលបានឃើញព្រះអនុជ​ប្រសើរឡើងវិញ។ ទ្រង់ឱបលក្ស្មណៈយ៉ាងជាប់។
ហនុមានគាស់ភ្នំគន្ធ្មទ៌ន (Gandhmardan) ទាំងមូល ព្រោះវង្វេងមិនស្គាល់ថ្នាំ
            ព្រះរាមៈក៏សួរហនុមានថា «តើអ្វីកំពុងបញ្ចេញពន្លឺក្នុងបាតដៃរបស់ឯង?»
            «ព្រះពរម្ចាស់ នោះគឺព្រះអាទិត្យ ខ្ញុំចាប់វាមកជាមួយដែរ ព្រោះខ្លាចវារះឡើង។»
            «បានហើយ! ឆាប់លែងវិញទៅ!» ព្រះរាមៈមានបន្ទូលទាំងញញឹម។
            «មិនអីទេ!» ហនុមានឆ្លើយតប និងដោះលែងព្រះអាទិត្យ។
            សម្រែក «ជ័យជម្នះបានលើរាមៈ» ត្រូវបានលាន់ឮខ្ទររំពង។ រាវណៈ ក៏បានឮផងដែរ។ តើមានន័យដូចម្ដេចទៅ? រាវណៈបានដឹងថា ឥន្ទ្របានសម្លាប់លក្ស្មណៈហើយ។ គ្មាននរណាអាចរស់បាន​វិញ​ឡើយ ក្រោយត្រូវអាវុធរបស់ព្រះព្រហ្ម។
            ដំណឹងនេះ បានធ្វើរាវណៈបញ្ជូនអ្នកស៊ើបការទៅជំរំរបស់ព្រះរាមៈ។ ពួកគេបានកាឡាខ្លួនជាទ័ពស្វា ហើយរត់យ៉ាងលឿនចូលក្នុងជំរំ។ ពេលពួកគេចូលដល់ជំរំរបស់ព្រះរាមៈ វិភិសាណៈ ក៏ស្គាល់ពួកគេ។ ជនបង្កប់ទាំងនោះក៏ភ័យ។
            ពេលពួកគេត្រលប់ទៅជួបរាវណៈវិញ ពួកគេបានរាយរាប់ថា លក្ស្មណៈនៅរស់ទេ ហើយមានសុខភាពល្អទៀតផង ចំណែកកងទ័ពរបស់ព្រះរាមៈវិញត្រៀមប្រយុទ្ធរួចហើយ។
            រាវណៈក៏បានសម្រេចចិត្តដឹកនាំទ័ពដោយផ្ទាល់ ដោយមានឥន្ទ្រជិតទៅជាមួយផង។ សង្គ្រាមដ៏សាហាវបានផ្ទុះឡើងអស់រយៈពេលជាច្រើនម៉ោង ធូលីលុយទ្រលោមពីសមរភូមិ គ្រាដែលរទេះចម្បាំង និងទ័ពសេះប្រយុទ្ធគ្នា ។ ក្រោយពីមានជីវិតឡើងវិញ ព្រះលក្ស្មណៈ សច្ចាថា នឹងសម្លាប់ឥន្ទ្រជិត ឲ្យបាន ដោយគេបានធ្វើដំណើរទៅដំណាក់ដែលឥន្ទ្រជិតកំពុងតែអធិដ្ឋានបួងសួងសុំជីវិតអមតៈ។ ប៉ុន្តែលក្ស្មណៈបានបំផ្លាញមហិទិ្ធឫទ្ធិអាថ៌កំបាំងរបស់ឥន្ទ្រជិត និងសម្លាប់គេមុននឹងបញ្ចប់ការអធិដ្ឋាន និងទទួលពរ។
            ពេលរាវណៈឃើញបុត្ររបស់ខ្លួនស្លាប់ គេក៏បែរទៅមើលព្រះរាមៈ កែវភ្នែករបស់គេក៏ប្រែជាក្រហមពោរពេញដោយកំហឹង។ សង្គ្រាមដ៏សាហាវបានផ្ទុះឡើងរវាងក្រុមទាំងពីរ។ ព្រះរាមៈអាចរារាំងរាល់អាវុធដ៏មានអនុភាពរបស់រាវណៈ។ សង្គ្រាមនៅតែបន្តជាច្រើនថ្ងៃទៀត សូម្បីតែអាទិទេពនៅស្ថានសួគ៌ក៏ទន្ទឹងរង់ចាំមើលទាំងរសាប់រសល់ដែរ។ ឫទ្ធានុភាពរបស់រាវណៈក៏ចុះថយបន្តិចម្ដងៗ ព្រះរាមៈបានប្រើធ្នូបង្ក្រាបរាវណៈបានដោយជោគជ័យ។
សំណួរ
១.តើ កុម្ពកាណ៌ ជានរណា? តើគេស្លាប់ដោយរបៀបណា?
២.តើ ឥន្ទ្រជិត ជានរណា? តើគេមានអាវុធអ្វី? អនុភាពនៃអាវុធនេះបានមកពីណា?
៣.តើហនុមានទៅរកថ្នាំទិពនៅឯណា? តើ សុសេនៈ បានប្រាប់គេយ៉ាងដូចម្ដេច?
៤.តើមានបញ្ហាអ្វីកើតឡើង នៅពេលហនុមានព្យាយាមរកថ្នាំទិព្វ? តើគេធ្វើដូចម្ដេច?
៥.តើរាវណៈបានបញ្ជូននរណាទៅជំរំរបស់ព្រះរាមៈ? តើនរណាស្គាល់ពួកគេ?
៦.តើព្រះលក្ស្មណៈបង្ក្រាប​ឥន្ទ្រជិតដោយវិធីណា?
៧.តើរាវណៈស្លាប់ដោយរបៀបណា?

សូមមើលវីដេអូបន្ថែម

No comments: