«សឹមៗ» មានន័យថា តិចៗ យឺតៗ ឯ «កុំបំបោល» សំដៅដល់ការបររទេះគោ ឬរទេះសេះ កាលបើលឿនជ្រុលពេក នឹងអាចក្រឡាប់ ឬគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះតែការធ្វេសប្រហែល ខ្វះការប្រុងប្រយ័ត្ន តែបើធ្វើដំណើរដោយយកចិត្តទុកដាក់ មិនតក់ក្រហល់ ប្រាកដជាសម្រេចគោលបំណងជាក់ជាមិនខាន។
- ន័យអត្ថបដិរូប (ន័យធៀប)
តាមរយៈសុភាសិតនេះ គេចង់និយាយថា ធ្វើអ្វីក៏ដោយ គឺត្រូវមានលំដាប់លំដោយ តាមឋានានុក្រមរបស់វា មិនមែនរៀនភ្លាមចេះភ្លាមនោះទេ គឺត្រូវចំណាយពេលយូរ។ ឧទាហរណ៍ បើចង់បានសញ្ញាបត្របាក់ឌុប គឺត្រូវរៀនថ្នាក់ទី១ សិន ដោយការខិតខំប្រឹងប្រែង ១២ ឆ្នាំក្រោយនឹងទទួលបានជោគជ័យដូចបំណង។ ដូច្នេះ គ្រប់កិច្ចការអ្វីក៏ដោយត្រូវធ្វើដោយប្រុងប្រយ័ត្នបំផុត ទើបសម្រេចបាន។
សេចក្ដីអធិប្បាយ
ចង់ទទួលបានផ្លែផ្កា ឬលទ្ធផលអ្វីមួយ តោងតែមនុស្សគ្រប់គ្នារក្សានូវចិត្តអត់ធ្មត់បំផុត ហើយមិនដកថយ ឬខ្លាចឧបសគ្គឡើយ គឺត្រូវធ្វើបន្តិចម្ដងៗតាមដំណាក់កាលនីមួយៗ មិនមែនធ្វើភ្លាមចង់បានភ្លាមនោះ ទេ មិនអាចទៅរួចឡើយ វានាំតែខាតពេល ឬគ្រោះថ្នាក់ដល់ខ្លួនប៉ុណ្ណោះ។ ហេតុនេះទើបមានសុភាសិតមួយដាស់តឿនយ៉ាងដូច្នេះថា «សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា»។
តើទស្សនៈប្រធាននេះចង់និយាយអំពីអ្វី?
ដើម្បីឲ្យបំណកស្រាយកាន់តែក្បោះក្បាយនោះ ជាបឋម គួរគប្បីស្វែងយល់នូវពាក្យគន្លឹះជាមុនសិន។ ពាក្យថា «សឹមៗ» មានន័យថា មួយៗ មិនលឿនពេក ចំណែកឯ «កុំបំបោល» គឺកុំចង់លឿនពេក អាចនឹងមាន ទុក្ខទោសដល់ខ្លួន។ តាមរយៈសុភាសិតទាំងមូល គេចង់អប់រំថា គ្រប់កិច្ចការទាំងឡាយ ត្រូវធ្វើដោយប្រុងប្រយ័ត្ន មើលមុខមើលក្រោយ កុំប្រញាប់ពេក បើមិនដូច្នោះទេនឹងមានកំហុសច្រើន និងនាំតែពិបាកដល់ខ្លួនទៀតផង។
មែនហើយ គេសង្កេតឃើញថា សិស្សមួយចំនួនបានរៀនផ្លោះ ថ្នាក់ពីទីដប់ ទៅទីដប់ពីរតែម្ដង គឺរំលងមួយថ្នាក់ ជួនកាលអាចមានបញ្ហាច្រើនទាក់ទងនឹងការសិក្សា ជាពិសេសនោះ មេរៀនទាក់ទងគ្នា បើមិនបានរៀនថ្នាក់ទីដប់មួយ ក៏ពិបាកយល់មេរៀនក្នុងថ្នាក់ទីដប់ពីរដែរ ជួនកាលអាចនឹងត្រូវធ្លាក់ថ្នាក់ទៀតផង។ ផ្ទុយទៅវិញ បើសិស្សនោះខិតខំរៀនសូត្រតាមដំណាក់កាលនីមួយៗ ប្រាកដជាឆាប់ទទួលបានចំណេះដឹង ងាយយល់មេរៀនបន្តបន្ទាប់គ្នាជាក់ជាមិនខាន ហើយក៏ធ្វើឲ្យការសិក្សារបស់គេកាន់តែល្អប្រសើរជាងសិស្សដែលរៀនផ្លោះថ្នាក់នោះទៀតផង។ បន្ថែមពីនេះទៅទៀត តាមរយៈរឿងកុលាបប៉ៃលិន របស់លោក ញ៉ុក ថែម បានបង្ហាញយ៉ាងច្បាស់នូវសេចក្ដីព្យាយាមរបស់ចៅចិត្រ ដែលស៊ូទ្រាំរាល់ការលំបាកទាំងឡាយ ទោះពេលខ្លះត្រូវនាង ឃុន នារី ស្ដីបន្ទោសយ៉ាងណា ក៏គេមិនខឹងដែរ គឺរឹតតែធ្វើការងាររបស់ខ្លួនទ្វេដង។ មិនត្រឹមតែប៉ុណ្ណោះ រូបគេថែមទាំងលួចស្រលាញ់នាងឃុន នារី ទៀត។ ឱកាសមិនទាន់មាន ចៅចិត្រនៅតែរក្សាអាថ៌កំបាំងនេះដដែល ទាល់តែដល់ចោរប្លន់ ទើបយកជីវិតមកប្ដូរនឹងសេចក្ដីស្រលាញ់នេះ ទីបំផុតក៏ទទួលបានជោគជ័យ។ ដោយឡែក បាឡាត់ស្រុកសង្កែ មានតែឋានៈបុណ្យសក្ដិ តែខ្វះសេចក្ដីតស៊ូ ចង់តែបានស្រួលៗ ចុងក្រោយក្លាយជាមនុស្សសម្អប់សម្រាប់នាង ឃុន នារី ទៅវិញ។ មួយវិញទៀត នៅក្នុងរឿងតេជោយ៉ត របស់លោក ទី ជីហួត បានបង្ហាញថា ក្រោយពីគ្រូរបស់ខ្លួន គឺតេជោមាស ស្លាប់ទៅ តេជោយ៉ត ជាសិស្សដែលជនជាតិភាគតិចផងនោះ ក៏កើតចិត្តប្រតិព័ទ្ធប្រពន្ធគ្រូខ្លួនឯង ហើយក៏សារភាពស្នេហ៍ចំពោះនាង តែក៏ត្រូវនាងបដិសេធ។ ផ្ទុយទៅវិញ តេជោយ៉ត ពុំបានបោះបង់នូវបំណងប្រាថ្នានេះឡើយ គេថែមទាំងរកល្បិចឲ្យនាងព្រមទទួលរូបគេធ្វើជាប្ដីប្រកបដោយភាពជោគជ័យទៀតផង។ ផ្ទុយទៅវិញ នៅក្នុងរឿងទុំទាវ របស់ព្រះភិក្ខុសោម បានលាតត្រដាងនូវទង្វើដ៏តក់ក្រហល់របស់ទុំ ក្នុងគ្រាដែលនាង ទាវ ត្រូវម្ដាយបង្ខំឲ្យរៀបការជាមួយម៉ឺនងួន នៅឯខេត្តត្បូងឃ្មុំ ទុំពុំបានបង្ហាញរាជសារទេ តែបែរជាយកស្រា និងកំហឹងមកដាក់មុខទៅវិញ ធ្វើឲ្យបក្សពួកអរជួន និងម្ដាយទាវក្រពុលមុខ ចាប់ទុំយកទៅសម្លាប់ចោលតែម្ដង នេះប្រសិនបើទុំចេះទប់អារម្មណ៍ យករាជសារបង្ហាញពួកគេ មេ៉្លះសមនឹងជួបនាងទាវ និងមិនបាត់បង់ជីវិតឡើយ។
សរុបសេចក្ដីមក ធ្វើអ្វីក៏ដោយត្រូវចេះមើលមុខមើលក្រោយ មានចក្ខុវិស័យវែងឆ្ងាយ មិនឆេវឆាវ សឹមៗតាមជំហានៗ នោះនឹងធ្វើឲ្យគ្រប់ភារកិច្ច ទាំងឡាយអាចសម្រេចបានផ្លែផ្កាដ៏ត្រចះត្រចង់ តែបើតក់ក្រហល់ពេក មិនត្រឹមតែមិនដល់គោលដៅទេ ថែមទាំងមានគ្រោះថ្នាក់ដល់ខ្លួនទៀតផង។
ផ្អែកតាមរយៈបំណកស្រាយខាងលើ គេអាចវាយតម្លៃបានយ៉ាងដូច្នេះថា សុភាសិតដែលបានលើកឡើងនេះពិតជាមានតម្លៃដ៏មហាសាល ក្នុងការអប់រំមនុស្សទាំងឡាយឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះការងាររបស់ខ្លួន ប្រសិនបើចង់បានផលសម្រេច។ ក្នុងនាមជាអ្នករៀនសូត្រ គួរគប្បីអនុវត្តតាមសុភាសិតនេះ ដើម្បីបណ្ដុះនូវការប្រឹងប្រែងគ្រប់ពេលវេលា និងលប់បំបាត់ឲ្យអស់នូវសេចក្ដីខ្ជិលច្រអូសទាំងឡាយ ក្នុងបំណងចូលរួមកសាងសង្គមជាតិឲ្យរុងរឿង។
សូមមើលវីដេអូបន្ថែម
សូមទាញយកឯកសារជា PDF
No comments:
Post a Comment