Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, July 17, 2019

រឿងរាមាយណ ភាគទី១៣ ប្រែសម្រួលនិងអត្ថាធិប្បាយដោយ រស់ វាសនា



            ក្រោយពីហនុមានចាកចេញទៅ វិភិសាណៈ ប្អូនប្រុសរបស់ រាវណៈ បាននិយាយថា «ព្រះអង្គ សូម​កុំនាំសេចក្ដីវិនាសដល់អាណាប្រជានុរាស្ត្រនោះឡើយ។ វា​ពិតជាមានបាបកម្មណាស់ដែលពង្រាត់ប្រពន្ធរបស់គេ។ ទាន់នៅមានឱកាស សូមប្រគល់នាងទៅព្រះរាមៈវិញ ហើយអ្វីៗនឹងប្រែក្លាយជាប្រសើរជាងមុនជាក់ជាមិនខាន។»
            រាវណៈផ្ទុះកំហឹងជាខ្លាំង។
            «ម៉េចក៏ឯងហ៊ាននិយាយ​ជាមួយយើងបែបនេះ! យើងមិនយកនាងសិតាទៅឲ្យវាវិញទេ។ បើ​ឯង​ខ្លាចសង្គ្រាម បាន! យើងបើកផ្លូវឲ្យ​ឯង​ទៅ។ ឯង​នឹង​ក្លាយ​ជា​ជនកំសាកអស់មួយជីវិត។»
            «ខ្ញុំមិនមែនជាជនកំសាកទេ ប៉ុន្តែខ្ញុំមិនចូលរួមសាងអំពើបាបបែបនេះឡើយ។ ខ្ញុំនឹងចាកចេញពីក្រុងលង្កា។» វិភិសាណៈ តបសម្ដី។
            «ហើយឯងចុះចូលនឹងរាមៈ?» រាវណៈ សួរបែបមើលងាយ។
            «ត្រូវ​ហើយ ខ្ញុំនឹង​រួមដៃជាមួយនឹងព្រះរាមៈ ប្រសិនបើទ្រង់ទទួលយកខ្ញុំ»
            វិភិសាណៈ បាន​ចាកចោលនគរ និងធ្វើដំណើរទៅជំរំព្រះរាមៈ។ ពួកស្វាទាំងឡាយបាន​ឃើញ​ក៏ស្រែកឡើងថា «មើលចុះ! នោះមកហើយសត្រូវរបស់យើង!»
            លក្ស្មណៈចេញមកមើល។ ពួកគេបានឃើញសត្រូវ​មកជិតដល់ជំរំរបស់ពួកគេ។ តើគេជានរណា? ហេតុអ្វីបានជាគេមកទីនេះ?
            វិភិសាណៈ បានមកជួបនឹងលក្ស្មណៈ និងនិយាយថា «ខ្ញុំឈ្មោះថា វិភិសាណៈ ប្អូនប្រុសរបស់​រាវណៈ ខ្ញុំមកសុំរាជានុញ្ញាតពីព្រះរាមៈដើម្បីរួមដៃគ្នា។»
            «ហេតុអ្វី?» លក្ស្មណៈសួរ។
            «ខ្ញុំមិនអាចចូលរួមក្នុងសង្គ្រាមដ៏ស្មោកគ្រោកនេះបានទេ។ នោះហើយជាមូលហេតុដែលខ្ញុំចាកចេញពីបងប្រុស និងមកទីនេះ។ សូមនាំខ្ញុំទៅជួបព្រះរាមៈផង។»
            ពេលគេបានជួបរាមៈ វិភិសាណៈ បានប្រណិប័តន៍ដល់បាទាទ្រង់ ហើយលក្ស្មណៈរៀបរាប់នូវរឿងរ៉ាវទាំងអស់។
            «ព្រះរាមៈ! សូមរាជានុញ្ញាត​ឲ្យទូលបង្គំនៅទីនេះផង។ ទូលបង្គំនឹងនៅតាមបម្រើព្រះអង្គអស់មួយជីវិត។» វិភិសាណៈ និយាយ។
            ព្រះរាមៈបានឱបវិភិសាណៈ និងមានបន្ទូលដោយញញឹមថា «អ្នកមិនមែនជាអ្នកបម្រើទេ តែគឺជាមិត្តសម្លាញ់។»
            ភ្លាមនោះ ហនុមាន ក៏មកដល់ជាមួយនឹងដំណឹងល្អអំពីព្រះនាងសិតា។ ព្រះរាមៈ រីករាយក្រៃលែង​ដែលដឹងថាព្រះនាងសិតាមានសុវត្ថិភាព។ ទ្រង់ក៏រៀបចំធ្វើសង្គ្រាមតែម្ដង។
            «តែយើងឆ្លងសមុទ្រដោយវិធីណា បើវាធំម្លឹងៗនោះ?» ហ្វូងស្វាសួរ។
            «បើអ៊ីចឹង ធ្វើស្ពានឆ្លងតែម្ដងទៅ។» ព្រះរាមៈឆ្លើយ។
            ស្វាក៏នាំគ្នីគ្នាប្រមូលថ្មធំៗ ដាក់គរទៅក្នុងសមុទ្រយ៉ាងច្រើន។ ពួកគេប្រឹងប្រែងជាច្រើនសប្ដាហ៍ ហើយនៅទីបំផុត ក្រោមការត្រួសត្រាយរបស់វិភិសាណៈ ពួកគេក៏ទទួលបានជោគជ័យក្នុងការសង់ស្ពាន​ឆ្លងសមុទ្រ។ ពួកគេរីករាយ ពេលទទួលបានជោគជ័យ។
            ពួករាក្សបាន​ឮសំឡេង​ពីឆ្នេលង្កាមក ក៏នាំគ្នារត់ទៅប្រាប់រាវណៈ។
            «ព្រះរាមៈបានសង់ស្ពានឆ្លងសមុទ្រមកលង្ការួចរាល់ហើយ ព្រះអង្គនឹងយាងមកទីនេះជាមួយនឹងកងទ័ពមកសម្លាប់ពួកយើងហើយ។»
            «ត្រៀមប្រយុទ្ធ!» បញ្ជា រាវណៈ។
សំណួរ
១.តើ វិភិសាណៈ ជានរណា? តើគេបានប្រាប់ រាវណៈ យ៉ាងដូចម្ដេច?
២.តើ រាវណៈ ឆ្លើយតបយ៉ាងដូចម្ដេច?
៣.តើ វិភិសាណៈ បានប្រាប់អ្វីខ្លះទៅព្រះរាមៈ និងលក្ស្មណៈ?
៤.នៅពេលដែលហ្វូងស្វាបានឃើញសមុទ្រ តើពួកគេនិយាយដូចម្ដេច? តើព្រះរាមៈឆ្លើយតបដូចម្ដេច?
៥.តើពួកគេសាងសង់ស្ពានដោយវិធីណា?

សូមមើលវីដេអូបន្ថែម

No comments: