Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 16, 2019

រឿងរាមាយណ ភាគទី១២​ ប្រែសម្រួល និងអត្ថាធិប្បាយដោយ រស់ វាសនា




            ហនុមាន ក៏បួងសួងសេពវេទមន្ត ហើយបានពង្រីកខ្លួនកាន់តែធំទៅៗរហូតទាល់តែទល់មេឃ ហើយអាចលោតរំលងទៅដល់លង្កា។
            គ្រានោះ​ គេក៏កាឡាខ្លួនឲ្យតូចបំផុត ដែលធ្វើឲ្យអ្នកយាម​មិន​អាចមើលឃើញបាន រួចក៏ដើរ​រក​មើលព្រះនាងសិតា។ គេក៏រត់កាត់តាមរាជវាំង ដំណាក់ និងសួនច្បារ ប៉ុន្តែ​ពុំឃើញ​ព្រះនាងសិតាទាល់តែសោះ​។
            ក្រោយពីស្វែងរកយ៉ាងយូរ គេក៏មកដល់សួនអសោកៈ (Ashoka Garden) ដ៏ស្រស់ស្អាតមួយកន្លែង​។ នៅ​ក្រោម​ដើម​ឈើ គេឃើញព្រះនាងសិតាកំពុងតែអង្គុយលើផ្ទាំងថ្ម។ ព្រះពស្តរបស់ព្រះនាងរហែក និងមើលទៅអស់​កម្លាំង និងកើតទុក្ខក្រៀមក្រំ និងនៅតែសូត្រឈ្មោះ «រាមៈ រាមៈ»។ ពួករាក្សជាច្រើនបានការពារព្រះនាងជុំជិត ពួកគេតែងតែសើចនិងចំអកដាក់ព្រះនាង។ ប៉ុន្តែព្រះនាងមិនខ្វល់ចំពោះពួកគេទេ។

ហនុមានបានរកឃើញព្រះនាងសិតាក្នុងសួនអសោកនៃក្រុងលង្កា រួចបង្ហាញចិញ្ចៀន

            ហនុមានរង់ចាំនៅលើដើមឈើ។ ពេលយប់ ពួកអ្នកយាមដេកលក់អស់ គេក៏ចុះមកក្រោម និងឱនគោរពប្រណិប័តន៍ព្រះនាង ហើយប្រគល់ចិញ្ចៀនរបស់ព្រះរាមៈទៅព្រះនាង។
            ព្រះសីតាចាប់ផ្ដើមយំ ពេលដែលនាងឃើញចិញ្ចៀននេះ។
            «ព្រះនាង! ឡើងអង្គុយលើស្មាទូលព្រះបង្គំមក ទូលបង្គំនឹងនាំព្រះនាងទៅជួបព្រះរាមៈ»។
            នាងនិយាយថា «ទេ! ខ្ញុំមិនអាចទៅជាមួយអ្នកបានទេ។ ត្រឡប់ទៅជួបព្រះរាមៈវិញចុះ ហើយ​ប្រាប់ទ្រង់ថា ខ្ញុំនៅរង់ចាំព្រះអង្គមកបំផ្លាញរាវណៈ និងសង្គ្រោះខ្ញុំ ចូរយកស្នៀតសក់នេះទៅប្រគល់ជូនទ្រង់ផង។ ទ្រង់នឹងដឹងថា អ្នកបានជួបខ្ញុំហើយ។»
            នៅពេលដែលអ្នកយាមក្រោកឡើង និងបានឃើញហនុមាន​ ពួកគេក៏ព្យាយាមដេញ និងយកដំបង និងថ្ម ដេញគប់។ ខ្លះរត់ទៅប្រាប់រាវណៈ។ ឥន្ទ្រជិត កូនប្រុសរបស់រាវណៈ បានចាប់ហនុមាន ហើយចង និងចាប់គេយកទៅថ្វាយព្រះបិតារបស់ខ្លួន។
            «តើឯងជានរណា ហើយហេតុអ្វីបានជាឯងមកទីនេះ?» រាវណៈសួរ។
            «ខ្ញុំជារាជទូតរបស់ព្រះរាមៈ។ ទ្រង់នឹងមកទីនេះដើម្បីសម្លាប់ពួកឯង ព្រោះឯងបាន​លួចយកមហេសីរបស់ទ្រង់។»
            «សម្លាប់​អាស្វាចង្រៃនេះទៅ!» រាវណៈស្រែក។
            ប៉ុន្តែក្រុមមន្ត្រីបានក្រើកឡើង និងពោលថា «ក៏ប៉ុន្តែគេជារាជទូត។ ព្រះអង្គមិនអាច​សម្លាប់គេបាន​ទេ ព្រោះខុសច្បាប់។»
            «បើអ៊ីចឹង ដុតកន្ទុយរបស់វាទៅ!» រាវណៈបញ្ជា។
            នៅពេលដែលអ្នកយាមចាប់ផ្ដើមដុតកន្ទុយ​របស់​ហនុមាន ស្រាប់​តែកន្ទុយនេះកាន់តែលូត​វែង​ទៅៗ។
            រាវណៈស្រែក «កន្ទុយអីក៏វែងម្ល៉េះ!»
            ហនុមានក៏ផ្ដាច់ចំណង និងចាប់ផ្ដើមលោតពីដំបូលមួយទៅដំបូលមួយ​ ហើយដុតឆេះពេញវាល។ តែមួយប៉ប្រិចភ្នែក លង្កាទាំងមូលក៏សន្ធោសន្ធៅដោយភ្លើង លើកលែងតែសួនអសោកៈប៉ុណ្ណោះ។ ហនុមានបានដើរចូលទៅក្នុងសមុទ្រ និងយកកន្ទុយជ្រលក់ក្នុងទឹកដើម្បីរំលត់ភ្លើង។
ហនុមានបានដុតក្រុងលង្កាឆេះយ៉ាងសន្ធោសន្ធៅ
           ហនុមាន​ពិតជាសប្បាយរីករាយណាស់ ដែលបានរកឃើញ​ព្រះនាងសិតា និង​បាន​ជម្រះបញ្ជី​នឹងរាវណៈ។ មួយទៀត គេ​អាច​ពង្រីកខ្លួន​បានកាន់តែធំ និងលោតឆ្លងសមុទ្របាន​រហូតដល់កន្លែងដែលទ័ព​ស្វាកំពុង​រង់ចាំ។
           សំឡេងសាទរក៏បន្លឺឡើង ពេលបានឃើញគេមកដល់។ គេបានផ្ដល់ដំណឹងល្អថា បាន​រកឃើញ​ព្រះនាងសិតា កំពុងស្ថិតនៅទីមានសុវត្ថិភាព។ ពិតជារីករាយណាស់ ពួកគេក៏ត្រលប់ទៅរាយការណ៍ថ្វាយ​ព្រះរាមៈតែម្ដង។
សំណួរ
១.តើគេឆ្លងសមុទ្រដោយវិធីណា?
២​.តើគេរកឃើញព្រះនាងសិតានៅឯណា?
៣.តើព្រះនាងសិតានិយាយដូចម្ដេច នៅពេលបានឃើញចិញ្ចៀនរបស់ព្រះរាមៈ?
៤.តើនរណាចាប់ចងហនុមាន និងយកគេទៅឲ្យរាវណៈ? តើរាវណៈចេញបញ្ជាយ៉ាងដូចម្ដេច?
៥.តើហនុមានបានធ្វើដូចម្ដេច នៅពេលគេរួចពីចំណង?
សូមមើលវីដេអូបន្ថែម


No comments: