Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, July 15, 2019

រឿងរាមាយណ ភាគទី១១ ប្រែសម្រួលដោយ រស់ វាសនា


            សុគ្រីវៈ មានបងប្រុសម្នាក់ឈ្មោះ វាលី  ជាស្ដេចនៃនគរកិស្កិន្ទៈ (Kishkinda)។ ថ្ងៃមួយ គ្រាដែលពួកគេ​ប្រយុទ្ធ​ជាមួយនឹងពួកបិសាច វាលី​បាន​ដេញបិសាចចូលទៅដល់ក្នុងរូងភ្នំ ខណៈនោះ សុគ្រីវៈ បាន​ឈរ​ការពារនៅខាងក្រៅ។ ក្រោយពីរង់ចាំអស់រយៈពេលពីរបីថ្ងៃ គ្រាដែលវាលីមិនឃើញចេញមកខាងក្រៅល្អាងភ្នំ សុគ្រីវៈ ក៏​គិតស្មានថា បងប្រុសខ្លួនស្លាប់ ដូច្នេះហើយគេក៏ប្រកាសខ្លួនជាស្ដេចនៃនគរកិស្កិន្ទៈតែ​ម្ដង។ ថ្ងៃមួយនោះ ស្រាប់តែវាលីត្រលប់មកវិញ និងគិតថា សុគ្រីវៈ មានគំនិតអាក្រក់ ហើយបាន​ដេញសុគ្រីវចេញពីនគរ និងយកប្រពន្ធរបស់ខ្លួនទៀតផង។ សុគ្រីវៈក៏មករស់នៅឯ​ភ្នំរិស្យាមុខៈ។  វាលី មិនអាចចូលមកកន្លែងនេះបានទេ ព្រោះតែជាប់បណ្ដាសា។
            ដូច្នេះ នៅពេលដែល​ព្រះរាមៈ និងលក្ស្មណៈមកដល់ភ្នំ​រិស្យាមុខៈ សុគ្រីវៈ បាន​បញ្ជូនហនុមាន ដែលជាពានរដ៏អង់អាចក្លាហាន និងឈ្លាសវៃមួយ ដើម្បីស៊ើបកាណ៍រមើលថាតើពួកគេទាំងពីរត្រូវវាលីបញ្ជូន​មកធ្វើឃាតខ្លួនឬអត់។ ហនុមាន​បានជួប​ព្រះរាមៈ និង​លក្ស្មណៈ និងបានស្ដាប់រឿងរ៉ាវរបស់អ្នកទាំងពីរ​នេះ​។ ហនុមានក៏ដាក់អ្នកទាំងពីរ​នៅ​លើស្មា ហើយលោតតែម្ដងគត់រហូតដល់កំពូលភ្នំដែលជាកន្លែងដែលសុគ្រីវៈរស់នៅ។
            សុគ្រីវៈរើសបានគ្រឿងអលង្ការដែលព្រះនាងសិតាបោះទៅកាន់ហ្វូងស្វា គ្រា​ដែល​រាវណៈកំពុងតែចាប់ព្រះនាងយកទៅ។ គេក៏​បាន​បង្ហាញ​ព្រះរាមៈនូវគ្រឿងទាំងនេះ​ និង​ប្រាប់នូវបណ្ដាំផ្ញើរបស់ព្រះនាង។
            ទឹកភ្នែកក៏ហូរចេញពីនេត្រាទាំងទ្វេ​របស់ព្រះរាមៈ គ្រាដែលកាន់គ្រឿងអលង្ការនៅក្នុងព្រះហស្ត​។ ព្រះអង្គ​សម្លឹងមើល និង​និយាយថា «រាវណៈ បានលួច​ប្រពន្ធរបស់ខ្ញុំ។ ខ្ញុំនឹងមិនត្រឹមតែសម្លាប់វាទេ ថែមសម្លាប់ប្រជាជនរបស់វាទៀតផង។»
            «ទូលបង្គំនឹងជួយព្រះអង្គ។ ទូលបង្គំមាន​ទ័ព​ស្វា​យ៉ាង​ច្រើន​។» សុគ្រីវៈ​និយាយ។
            ជាការតបស្នង ព្រះរាមៈបាន​សន្យាថានឹងជួយសុគ្រីវៈវិញ​ ដើម្បីយករាជបល្លង្កមកវិញ។ ដូច្នេះ នៅពេលការ​ប្រយុទ្ធរវាង វាលី និង សុគ្រីវៈ ត្រូវបានចាប់ផ្ដើមឡើង ព្រះរាមៈ​ក៏​លួច​ធ្វើឃាតដោយពួន​នៅ​ពីក្រោយ​ដើមឈើ និងជួយឲ្យសុគ្រីវឡើង​ធ្វើ​ជាស្ដេច​ម្ដងទៀត។
            សុគ្រីវៈ​បាន​បញ្ជា​ហនុមាន​ឲ្យកោះហៅទ័ពស្វា​ទាំង​អស់​។ ពេលកងទ័ពជុំ​គ្នា​ហើយ សុគ្រីវៈក៏​និយាយ​ថា «នេះ​គឺជាព្រះរាមៈ ចាប់តាំងពីពេលនេះតទៅ ព្រះអង្គគឺជាម្ចាស់ និងជា​គ្រូរបស់អ្នក​ទាំងអស់​គ្នាហើយ។ ចូរគោរពតាមបញ្ជារបស់ព្រះអង្គ។ ចូរអ្នករាល់​គ្នា​ត្រូវ​ទៅគ្រប់ច្រកល្ហកនៃ​ផែនដីនេះ​ដើម្បី​ស្វែង​រក​ព្រះនាងសិតា។»
            ព្រះ​រាមៈបានថ្វាយ​ចិញ្ចៀន​មួយ​វង់ទៅ​ហនុមាន​ ដោយ​មាន​បន្ទូលថា «បើឯង​រកនាងឃើញ​ ចូរបង្ហាញចិញ្ចៀននេះ​ទៅ​នាង​ចុះ នាង​នឹង​ដឹងថា ឯង​មកទីនេះ​តាមបញ្ជារបស់ខ្ញុំជាក់ជាមិនខាន។»
            ទ័ពស្វាបានចែកគ្នាជាក្រុម និង​ស្វែងរកព្រះនាងសិតា។ ពួកគេរកព្រះនាងមិនឃើញទេ​។ ពួកគេមិន​ហ៊ានវិលមកវិញឡើយ បើរកដំណឹងព្រះនាងសិតាមិនឃើញ​។ ដូច្នេះ​ ពួកគេ​ក៏នៅតែ​បន្តស្វែងរក   ដដែល។ នៅតាម​ផ្លូវ​ ពួកគេក៏បានជួប សឹមបាលី ដែលជាសត្វបក្សីដ៏ចំណាស់ និងជាបងប្រុសរបស់ជតាយុ ហើយគេបានប្រាប់ថា «រាវណៈបានចាប់ព្រះនាងសិតាទៅលង្កាហើយ វាបានហោះឆ្លងសមុទ្រនេះឯង។»
            ស្វាទាំងឡាយបាន​មើលទៅសមុទ្រដ៏ធំល្វឹងល្វើយនេះ​ និងឆ្ងល់ថាតើឆ្លងទៅដោយរបៀបណា។ ជម្ពវន្តៈ ជាខ្លាឃ្មុំមួយបានផ្ដល់យោបល់ថា ហនុមាន មាន​ល្បឿនដូចខ្យល់ អាចលោតឆ្លងមហាសមុទ្រទៅដល់​លង្កាបាន។
សំណួរ
១.តើសុគ្រីវៈជានរណា?
២.តើព្រះរាមៈរកឃើញសុគ្រីវៈនៅឯណា? ហេតុអ្វីបានជាគេនៅទីនោះ?
៣.តើសុគ្រីវៈបានផ្ដល់អ្វីដល់ព្រះរាមៈ?
៤.តើព្រះរាមៈបានសច្ចាយ៉ាងដូចម្ដេចចំពោះរាវណៈ?
៥.តើបទបញ្ជាអ្វីដែលសុគ្រីវៈបានផ្ដល់ទៅដល់កងទ័ពស្វាទាំងអស់?
៦.តើនរណាដែលបានប្រាប់ហ្វូងស្វាថា រាវណៈចាប់ព្រះនាងសិតាទៅលង្កា?
៧.តើនរណាបានហោះរំលងសមុទ្រទៅក្រុងលង្កា?

សូមមើលវីដេអូបន្ថែម


No comments: