Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, January 28, 2019

ប្រាសាទព្រះគោ


ប្រាសាទព្រះគោមានទីតាំងស្ថិតនៅចម្ងាយប្រមាណ១៣គីឡូម៉ែត្រ នៃភាគខាងកើតពីទីក្រុងសៀមរាប ហើយស្ថិតនៅក្នុងបរិវេណនៃអតីតរាជធានីហរិហរល័យនាសម័យបុរាណ ប៉ុន្តែសព្វថ្ងៃស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប នៃតំបន់រលួស។ ប្រាសាទ
ព្រះគោជាប្រាសាទមួយស្ថិតនៅចន្លោះបា្រសាទបាគង និងប្រាសាទលលៃ នៅខាងលិចផ្លូវទៅកាន់ប្រាសាទបាគង។ ប្រាសាទព្រះគោ ត្រូវបានប្រជាជនសម័យក្រោយដាក់ឈ្មោះថាប្រាសាទព្រះគោ ដោយយោងទៅតាមរូបសំណាក់ព្រះគោចំនួនបីចំពីមុខប្រាង្គទាំងបីនៃប្រាសាទនេះ។ ប៉ុន្តែតាមពិតប្រាសាទនេះមានឈ្មោះថា ស្រីបរមេស្វរៈ ជាភាសាសំស្ក្រឹត។
ប្រាសាទព្រះគោនេះត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៩ ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ (៨៧៧-៨៨៩) ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នេះក៏ជាប្រាសាទ ដែលសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះមាតាបិតារបស់ព្រះអង្គ និងបុព្វជន ព្រះបាទជ័យវរ្ម័នទី២ និងព្រះអគ្គមហេសី។ ប្រាសាទព្រះគោបែរមុខទៅទិសខាងកើត ដែលទិសសំខាន់ក្នុងការផ្តល់កំណើតដល់សត្វទាំងឡាយ។ ប្រាសាទនេះមានទំហំ៥០០ម៉ែត្រគុណ៤០០ម៉ែត្រមានកំពែងធ្វើអំពីថ្មបាយក្រៀមព័ទ្ធជុំវិញជាពីរដាច់ដោយឡែកពីគ្នា និងមានកំពែងមួយធ្វើអំពីឥដ្ឋព័ន្ធជុំវិញខឿនប្រាសាទដែលអាចមើលឃើញនូវស្នាកស្នាមខ្លះៗ។ កំពែងទី១ សង់អំពីថ្មបាយក្រៀម។
ខ្លោងទ្វារចូលមានលម្អបង្អួច និងចម្រឹងបង្អួចធំធ្វើអំពីថ្មភក់ដោយមានក្បាច់ចម្លាក់ក្បូរល្អស្អាត មានសសរវែងពីរបញ្ឈរធ្វើអំពីថ្មភក់។ ផ្លូវចូលមានក្រាលថ្មបាយក្រៀម។ កំពែងទី២សង់អំពីថ្មបាយក្រៀមហើយមានសាភាពបាក់បែកខ្លាំង។ នៅពេលដើរហួសកាត់កំពែងទី២ទៅខាងក្នុង យើងឃើញមានប្រាង្គមួយនៅខាងខ្វេងដៃ ដែលប្រាង្គនោះធ្វើអំពីឥដ្ឋលម្អដោយថ្មភក់នៅខ្លោងទ្វារ និងសសរទ្វារ។ ចំណែកឯកំពែងទី៣ សង់អំពីឥដ្ឋត្រូវបានបាក់បែកខូចខាតស្ទើរតែមិនអាចសម្គាល់បានឡើយ ប៉ុន្តែបើយើងពិនិត្យឱ្យបានល្អិតល្អន់ យើងឃើញមានបំណែកឥដ្ឋខ្លះរបស់កំពែងនេះជាក់ជាមិនខាន។ នៅក្នុងកំពែងនេះមានរូបគោចំនួន៣ក្រាបពីមុខប្រាង្គសំខាន់។ គោនោះគឺជាយានជំនិះរបស់ព្រះឥសូរគឺគោនិន្ទិ។ នៅលើខឿនមានប្រាង្គចំនួនប្រាំមួយសង់រៀបជាជួរនៅលើខឿនតែមួយ ក្នុងនោះមានប្រាង្គបីស្ថិតនៅក្នុងជួរខាងមុខ សម្រាប់ឧទ្ទិសដល់បុព្វការីជនភេទប្រុសដែលកាលពីមុននៅក្នុងប្រាង្គទាំងនេះត្រូវបានគេតម្កល់រូបទេវរូបភេទប្រុស និងប្រាង្គបីទៀតស្ថិតនៅជួរខាងក្រោយ សម្រាប់ឧទ្ទិសដល់បុព្វការីជនភេទស្រីកាលពីមុនត្រូវបានគេតម្កល់ទេវរូបភេទស្រីនៅក្នុងប្រាង្គនីមួយៗ។ តាមសិលាចារឹកលេខ K-៧១៣ ប្រាសាទព្រះគោមានឈ្មោះដើមថា បរមេស្វរៈ ជាភាសាបាលីឬសំស្រ្តឹត ដែលមានន័យថាព្រះសិវៈដល់ប្រសើរ ជាឈ្មោះព្រះសិវៈនិងព្រះមរណនាមព្រះបាទជ័យវរ្ម័នទី២(៨០២-៨៥០)។ប្រាសាទនេះបានស្ថាបនាឡើងនៅក្នុងឆ្នាំ៨៧៩នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១។
ប្រភពអត្ថបទ សូមចុចត្រង់នេះ

No comments: