Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, January 28, 2019

ប្រាសាទព្រះខ័ន



    ច្រកចូលសំខាន់របស់ប្រាសាទនេះស្ថិតនៅទិសខាងកើត ប៉ុន្តែភ្ញៀវទេសចរអាចចេញចូលពីទិសខាងលិច ឬទិសខាងជើងក៏បានដែរ។ នាខែវិច្ឆិកា ឆ្នាំ១៩៣៩ លោក មូរីស៍គ្លេសជាមន្ត្រីអភិរក្សអង្គរបានរកឃើញសិលាស្ដម្ភចារិកមួយផ្ទាំងកប់ដីនៅក្នុងបរិវេណនៃប្រាសាទនេះ។
ផ្ទាំងសិលាចារិកនោះមានកម្ពស់ ១,៨៥ម៉ែត្រ សរសេរជាភាសាសំស្រ្កឹតមានចំនួន ១៧៨ ស្លោកគាថា ដែលបរិយាយអំពី ការបួងសួង ការលើកសរសើរព្រះរាជា ការតម្កល់ព្រះបដិមា ការចូលរួមថែទាំនិងផ្តល់តង្វាយពីព្រាហ្មផ្សេងៗ ពីស្តេចជ្វា ស្តេចចាម ស្តេចយួន និងពីអ្នកភូមិនៅជុំវិញប្រាសាទ ពិធីអភិសេកព្រះ និងផ្តល់ព័ត៌មានអំពីបារាយណ៍ជយតដាកដែលមានប្រាសាទនាគព័ន្ធស្ថិតនៅចំកណ្តាល។ សិលាចារិកនេះនិពន្ធដោយព្រះអម្ចាស់ វិរកុមារ ជាព្រះបុត្រាព្រះបាទជយវម្ម៌ទី៧។ ប្រាសាទព្រះខ័ន មានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ ម x ៧០០ ម សង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗ បានសង់បន្ថែមបន្ដបន្ទាប់នៅគ្រិស្តសតវត្សទី ១២ - ១៣។ ក្បាច់រចនានៃប្រាសាទ មានលក្ខណៈដូចជាប្រាសាទបន្ទាយក្តី និង ប្រាសាទតាព្រហ្មដែរ។ ប្រាសាទព្រះខ័ន ស្ថិតនៅតាមផ្លូវវង់ធំ ដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅគ្រិស្តសតវត្យរ៍ទី ១២ ក្នុងឆ្នាំ ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ។ ប្រាសាទនេះ មានទំហំ ៥៦ ហិចតា។ តាមសិលាចារឹកថា ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជ័យវរ្ម័នទី៧ បានផ្តួលរំលំពួកចាម។ ប្រាសាទនេះមានកំពែងបួនជាន់។ នៅកំពែងខាងក្រៅ ដែលបច្ចុប្បន្នរុំព័ទ្ធទៅដោយព្រៃ គឺជាកន្លែងដែលព្រះសង្ឃ និងសិស្សស្នាក់នៅក្នុងប្រាសាទនេះ។ នៅកំពែងជាន់ទីពីរ គឺជាកន្លែងគោរពសាសនា។ ប្រាសាទកណ្តាលជាកន្លែងព្រះពុទ្ធសាសនា ឯភាគខាងជើង និងខាងលិច គឺសម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា គឺព្រះនារាយណ៍ (ព្រះវិស្ណុ) (ខាងលិច) និងព្រះឥសូរ (ព្រះសិវៈ) (ខាងជើង)។ នៅផ្នែកខាងត្បូង ជាកន្លែងសម្រាប់គោរពបុព្វជន។ ប្រាសាទព្រះខ័នត្រូវបានកសាងនៅលើតំបន់ដែលព្រះបាទជ័យវរ្ម័នទី៧ បានទទួលជ័យជំនះលើការឈ្លានពានរបស់ពួកចាម ក្នុង១១៩១នៃគ្រឹស្តសករាជ។ ឈ្មោះនៃប្រាសាទមានន័យថា ព្រះខ័នជ័យ (ដាវជ័យ) ដែលយកឈ្មោះពីបុរាណ ជ័យស្រី (ទីក្រុងជ័យជំនះដ៏ពិសិដ្ឋ)។ ទីតាំងដែលមានប្រាសាទសំខាន់បីគឺប្រាសាទព្រះខ័ន ប្រាសាទតាសោម និងប្រាសាទនាគព័ន្ធត្រូវបានគេដាក់ឈ្មោះថា នគរជយស្រី មានន័យថាទីក្រុងនៃព្រះខ័នជ័យ។ ប្រាសាទព្រះខ័នត្រូវបានកសាងនៅចំកណ្តាលអតីតនគរជយស្រីសម្រាប់ឧទ្ទិសថ្វាយជូនដល់ព្រះបិតារបស់ព្រះបាទជយវម្ម៌ទី៧ ព្រះនាមធរណិន្រ្ទវម្ម៌ ក្នុងទម្រង់ជាបដិមាព្រះពោធិសត្វអវលោកេស្វរៈ ដែលមាននាមថា ជយវម្ម៌ស្វេរ នៅឆ្នាំ១១៩១។ លើសពីនេះទៅទៀតនៅអឡុងពេលនៃការជួសជុលរាជធានីយសោធរបុរ ឬហៅថាក្រុងអង្គរធំដែលធ្លាប់ត្រូវបានដុតបំផ្លាញ់ដោយកងទ័ពចាម ហើយវាមានតួនាទីជាកន្លែងសម្រាប់ព្រះមហាក្សត្រធ្វើការផង ជាសកលវិទ្យាល័យផង និងសម្រាប់គោរពប្រតិបត្តិសាសនាចម្រុះទាំងព្រះពុទ្ធសាសនា និងព្រហ្មញសាសនាផង។ ប្រាសាទព្រះខ័នក៏ធ្លាប់ជាសមរភូមិប្រយុទ្ធប្រឡាក់ទៅដោយថ្លុកឈាមនៅពេលកងទ័ពចាមវាយលុបនិងគ្រប់គ្រងក្រុងអង្គរនៅឆ្នាំ១១៧៧ ប៉ុន្តែត្រូវបានព្រះបាទជយវម្ម៌ទី៧ ធ្វើសង្គ្រាមដណ្តើមយកជ័យបានមកវិញនៅឆ្នាំ១១៨១។ ព្រះខ័ន មានន័យថាដាវ។ តាមការស្រាវជ្រាវនៅពេលថ្មីៗ នេះ ប្រជាជនយល់ថា ប្រាសាទព្រះខ័ន ជាទីកន្លែងដាក់គ្រឿងសម្រាប់ធ្វើសឹក។ ដូច្នេះ ព្រះខ័ន គឺជាឈ្មោះទំនើបនៅរក្សា ឈ្មោះពីបុរាណ ពោលគឺ ជ័យស្រី នេះមានន័យថា ព្រះខ័ន និងមានន័យម៉្យាងទៀតថា ម្លូ។ តាមរយៈព័ត៌មានសិលាចារិកព្រះខ័ន បានឱ្យដឹងថា បដិមានៃរូបព្រះពុទ្ធ ព្រះឥសូរ និងព្រះវិស្ណុ ដែលត្រូវបានតម្កល់នៅក្នុងប្រាសាទនេះមានចំនួនដល់ទៅ ២០,៤០០ ដែលធ្វើអំពីមាស ប្រាក់ សំរិទ្ធ និងថ្ម (ប៉ុន្តែលោកហ្សក សឺដែស្តថា បដិមាទេវៈផ្សេងៗមានចំនួន ៤៣០) និងភូមិចំនួន ១៣,៥០០ ដែលមានតួនាទីថែរក្សាផ្គត់ផ្គង់មូលនិធិសាសនាឱ្យមានដំណើរការល្អនៅប្រាសាទនេះ (ប៉ុន្តែលោកហ្សក សឺដែស្តថាស្បៀងអាហារជាច្រើនផ្តល់ដោយឃ្លាំងព្រះរាជទ្រព្យ ឬដោយភូមិចំនួន ៥៣២៥ ដែលមានមនុស្សទាំងពីរភេទចំនួន៨៧,៨៤០នាក់)។ មានបដិមាចំនួន ២៨៣ ត្រូវបានតម្កល់ជុំវិញបដិមាព្រះពោធិសត្វលោកេស្វរៈ ដែលតំណាងឱ្យដួងព្រលឹងព្រះបិតាព្រះរាជា។ មានសំណង់ប៉មចំនួន ៨៥សម្រាប់តម្កល់ព្រះបដិមាដល់ទៅ ៥២៥អង្គជាចំណុះប្រាសាទដ៏ធំនេះ។ សិលាចារឹកបានបន្តទៀតថា អ្នកនិពន្ធបានឧទ្ទឹសកុសលទៅកាន់អតីតព្រះរាជាព្រះនាម ធរណិន្ទ្រវរ្ម័ន ដែលជាព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ និងបួងសួងឱ្យព្រះមហាក្សត្រជំនាន់ក្រោយ ដែលបានជួយថែរក្សាសំណង់ព្រះពុទ្ធសានា ដែលមានទាសាទាសីចំនួន ៣០៦,៣៧២នាក់ សូមឱ្យទទួលផលបុណ្យគ្រប់ៗគ្នា។ខ្លឹមសារសិលាចារឹកបានឱ្យដឹកថា មានសាលាសំណាក់ដែលមានភ្លើងបំភ្លឺចំនួន ១២១ត្រូវបានកសាងតាមផ្លូវទូទាំងអាណាចក្រក្នុងនោះមាន៖ ចំនួន ៥៧សាលាសំណាក់ ពីក្រុងអង្គរទីរាជធានីប្រទេសចាម្ប៉ា(ផាន់រ៉ាង ឬវិជ័យ) ចំនួន ១៧សាលាសំណាក់ ពីរាជធានីអង្គរទៅប្រាសាទភីម៉ៃនៅលើភ្នំកូរ៉ាត ចំនួន ៤៤សាលាសំណាក់ ស្ថិតនៅតាមផ្លូវផ្សេងៗទៀត ដែលគេមិនដឹងទីកន្លែងពិតប្រាកដ សាលាសំណាក់មួយនៅលើភ្នំជីសូរ និងពីរទៀតនៅមានភាពស្រពិចស្រពិលនៅឡើយ។ ចម្ងាយពីសាលាសំណក់មួយទៅសាលាសំណាក់មួយទៀតមានប្រវែង ១២ទៅ១៥គីឡូម៉ែត្រ ដែលត្រូវប្រើប្រាស់ពេលប្រហែលជា ៤ទៅ៥ម៉ោងដើរដោយថ្មើរជើង។ គេបានសម្គាល់បានចំនួន ៨ក្នុងចំណោម១៧ ដែលស្ថិតនៅតាមផ្លូវពីរាជធានីអង្គរទៅភីម៉ៃ បឹងមាលា តាព្រហ្ម និងបន្ទាយឆ្មារ។
ប្រភពអត្ថបទ៖ សូមចុចត្រង់នេះ

No comments: