Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, February 27, 2019

ប្រធានបទទី១៨ ពងមាន់កុំជល់នឹងថ្ម

ប្រធានបទទី១៨ សុភាសិត​មួយ​ពោលថា «​ពងមាន់​កុំ​ជល់​នឹ​ង​ថ្ម» ចូររៀបរាប់។

ន័យអត្ថានុរូប (ន័យចំ)

តាម​ធម្មជាតិ​ «ពង​មាន់»​ មាន​សភាព​ទន់​ជ្រាយ​ ងាយ​នឹង​បែក​ ប្រសិន​បើ​វា​ប៉ះទង្គិច​នឹង​វត្ថុរឹង ប្រាកដ​ជា​ខូច​ខាត​ ជាពិសេស​នោះ បើ​យក​ទៅ​ជល់​នឹង​ថ្ម​ប្រាកដ​ជា​បែក​ខ្ទេច​គ្មាន​សល់​ ទោះ​បី​យក​រាប់​ម៉ឺន​លាន​ពង​ទៅ​ជល់​ក៏​បែក​អស់​ដែរ​។ ដូច្នេះ ទើប​លោក​ហាម​ថា មិន​ត្រូវ​យក​ពងមាន​ទៅ​ជល់​នឹង​ថ្ម​នោះ​ឡើយ​។


ន័យអត្ថបដិរូប (ន័យធៀប)
តាម​ន័យ​ធៀប​ «ពងមាន់​»​ តំណាង​ឲ្យ​មនុស្ស​តូច​ទាប ក្រី​ក្រ គ្មាន​បុណ្យសក្ដិ គ្មានខ្នង​បង្អែក​ គឺសំដៅ​ទៅ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​តែម្ដង ចំណែក​ «ថ្ម»​ តំណាង​ឲ្យជន​មាន​អំណាច មាន​កម្លាំង​ខ្លាំងក្លា​។ ហេតុ​នេះ ដូនតា​បាន​ប្រដៅ​ថា ក្នុងនាម​ជា​ជន​តូចតាចមិន​គួរ​ណា​ទៅ​ហ៊ាន​ប្រឆាំង​នឹង​អ្នក​មាន​អំណាច​នោះ​ទេ​ គឺ​មាន​តែ​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ មិន​អាច​ឈ្នះ​គេ​ទេ​ គួរ​តែ​សម្ងំយក​សុខ​វិញ​ល្អ​ជាង​ ព្រោះ​គ្មាន​កម្លាំង​តបត​នឹង​អ្នក​ធំ​បាន​។
សេចក្ដី​អធិប្បាយ

            អ្នកខ្លះ​តូចទាប​ទេ ប៉ុន្តែ​ធ្វើ​ខ្លួន​មិន​ប្រកប​ ទៅ​ហ៊ាន​ប្រឆាំង​នឹង​អ្នក​មាន​អំណាច​ ទីបំផុត​ក៏​ត្រូវ​ជួប​នឹង​គ្រោះ​ ហើយ​អាច​នឹងត្រូវ​ប៉ះពាល់​ដល់​អាយុជីវិត​ទៀតផង​ក៏​ថា​បាន​។ ដោយ​មើល​ឃើញ​ចំណុច​គ្រោះថ្នាក់​នេះ​ហើយ​ ទើប​មាន​សុភាសិត​មួយ​រំលេច​ឡើងថា «ពងមាន់​កុំជល់​នឹងថ្ម»។
            តើសុភាសិត​នេះ​បង្កប់​គំនិត​អប់​រំ​អ្វី​ខ្លះ?​
            ដើម្បី​ឲ្យ​ការបកស្រាយ​កាន់តែ​ល្អប្រសើរ​នោះ ជាបឋម​គួរ​យល់​នូវពាក្យ​គន្លឹះ​ជាមុន​សិន ដូចជា «ពងមាន់» និង​ «ថ្ម»​ ជាដើម​។ ពាក្យ​ថា «​ពងមាន់»​ សំដៅ​ល់ស៊ុត​ ឬ​ពង​ដែល​កើត​ចេញ​ពី​មេមាន់​ ចំណែក​ឯ​ «ថ្ម» ជាវត្ថុ​រឹង​ដែល​កើតចេញ​ពីធម្មជាតិ ឬ​ពំនើង​ផ្នត់។​ តាមរយៈ​ទស្សនៈប្រធាន​ទាំងមូល​បាន​ពន្យល់ថា ពង​មាន់​មាន​សភាព​ទន់​ជ្រាយ​ រី​ឯ​ថ្មវិញ​មាន​សភាពរឹង​ណាស បើ​យក​ស៊ុត​នេះ​ទៅ​ជល់​នឹង​ថ្ម ប្រាកដ​ជាបែក​ ហើយ​ថ្ម​នៅ​តែ​មាន​ស្ថាន​ភាព​ដដែល តាមន័យ​ធៀបវិញ​ បាន​អប់រំ​ថា អ្នក​តូចទាប​មិន​ត្រូវ​ប្រឆាំង​នឹង​អ្នក​ដែល​មាន​កម្លាំង​ជាងខ្លួន​ឡើយ ដោយ​ហេតុ​ថា​អាច​នឹង​គ្រោះថ្នាក់​ដល់​ខ្លួន​នៅ​ថ្ងៃណាមួយ​មិន​ខាន។​
            តាមរយៈអក្សរសិល្ប៍​ខ្មែរជាច្រើន​តែងតែលើក​ឡើង​នូវ​ជម្លោះ​វណ្ណៈ​រវាង​កសិករ​កម្មករ​ក្រីក្រ និង​ពពួក​អ្នក​មាន​ឬអភិជន​ នៃ​របប​មូលធន​ សក្ដិភូមិនិយម​ជាដើម​ ច្រើន​តែ​​ប្រើ​អំណាច​យ៉ាង​ចាស់​ដៃ​ទៅ​លើ​អ្នកណា​ដែល​ហ៊ាន​ប្រឆាំង​នឹង​ខ្លួន​។ ជាក់ស្ដែង​នៅ​ក្នុង​រឿង​ភូមិតិរច្ឆាន បាន​បង្ហាញ​នូវ​សកម្មភាព​ដ៏​ឃោរឃៅ​របស់​អ្នក​ភូមិ​ក្រាំង​លាវ​ ដែល​មាន​សមាជិក​ ដូចជា នាង​នី នាងប៊ី ជួន នៅ​ជាដើម បាន​រួម​គ្នា​សម្លាប់​បារដែស​ ទី​បំផុត​ពួកគេ​ក៏សម្រេច​ទៅតាម​បំណង​មែន​ តែ​បារាំង​ក៏​មិន​នៅស្ងៀម​ដែរ ពួក​គេ​ក៏​បាន​លើក​កង​កម្លាំង​ចុះ​មក​បង្ក្រាប​វិញ​ដែរ​ រហូត​ចាប់​ សម្លាប់​អ្នក​ដទៃ​រួម​ដៃ​ជាច្រើន​ ហើយ​ត្រូវ​ក៏​ត្រូវ​បាន​ដាក់​ភូមិនេះ​ថា ជាភូមិតិរច្ឆាន​តែម្ដង​ ដោយ​ព្រះ​រាជ​ប្រកាស​របស់​ព្រះ​បាទ​ស៊ីសុវត្ថិ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ នៅ​ក្នុងរឿង​ព្រះអាទិត្យថ្មីរះ​លើផែនដីចាស់​ បាន​បង្ហាញ​នូវ​ចរិត​ពិត​របស់​ថៅកែ ឬ​អ្នក​មាន​ជាដើម​ តួយ៉ាង​ ដូចត្រង់​ថៅកែ​ហុក បាន​ចាប់​រំលោភ​នាង​ស៊យ ពេល​សម​ទៅ​រក​ថៅកែ​នេះ​ដើម្បី​សងសឹក​ ក៏​ត្រូវ​ថៅកែ​បោក​បញ្ឆោត​ ហើយ​ត្រូវ​ជាប់​ទោស​ទៀត​។ ក្រៅ​នេះ​ នៅក្នុង​ថៅកែ​ចិត្ត​ចោរ​ ពូហំ ហេតុ​តែ​ចង់​បាន​លុយ​ពីថៅកែ ក៏​ព្រម​ធ្វើ​រឿង​ទុច្ចរិត​ គឺ​ជិះ​ឡាន​បំបុក​ឡាន​ថៅកែ​ហុងលី​ ពេល​សម្រេច​កិច្ចការ​ហើយ​ ក៏​ទៅ​ទារ​លុយ​ តែ​ថៅកែ​មិន​បាន​គោរព​តាម​សន្យា​ឡើយ​ គឺ​ឲ្យ​ថ្លៃ​ឈ្នួល​តិច​បំផុត ដែល​ពូហំ​មិន​អាច​ទទួល​យក​បាន ក្រោយមក​ កម្មករ​នានា ដូចជា មាន សុខ​ គង​ ទ្រី រួមទាំង​ផានិត ក៏​រួម​គ្នា​តវ៉ា ទីបំផុត​ក៏​ត្រូវ​ថៅកែ​បញ្ឈប់​ពីការងារ​ រី​ឯ​ពូហំ ក៏​ត្រូវ​ប៉ូលិស​ចាប់​យក​ទៅដាក់​គុក​ទៀត​។ ផ្សេង​ពី​នេះ នៅ​ក្នុង​រឿង​ទុំទាវ​របស់​ព្រះ​ភិក្ខុ​សោម​ ក៏បាន​លាត​ត្រដាង​នូវ​អំណាច​របស់​អរជូន​ដែល​ជាស្ដេច​ត្រាញ់​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ​ បាន​រៀបការ​នាង​ទាវ​និង​ម៉ឺន​ងួន​ ទាំង​បំពាន​ ពេល​ដែល​ទុំ​ចេញ​មុខ​ប្រឆាំង​ ក៏​ត្រូវ​ម្ដាយ​ទាវ​បញ្ឆេះ​ថែមត្រង់វគ្គទី៨១៤ថា  «ស្រែក​ថា​អរជូន​ខ្លួន​មាន​បុណ្យ​ មិនគិត​កែកុន​ឆាប​រហ័ស​ ចាប់អាទុំចោរ​ចិត្ត​មានះ​ ទាញពី​លើ​ផ្ទះ​ទម្លាក់​ទៅ​។ ហៅ​អស់​ពួក​ក្រុម​នាំ​វា​ឆាប់​ ចាក់​បាញ់​សម្លាប់​កុំឲ្យ​នៅ​ ធ្ងន់ផ្ទះធ្ងន់ដីអប្រិយត្រូវ​ កើត​កេរ្តិ៍​អាស្រូវ​ឥឡូវ​ហើយ​។» ទី​បំផុត​ ទុំ​ក៏ត្រូវ​គេ​ចាប់​យក​ទៅ​សម្លាប់​ចោល​ ដោយ​ហេតុ​ថា​ទុំ​គ្មាន​អ្វី​នឹង​តបត​គេ​វិញ​បាន​។ បន្ថែម​ពី​នេះ តាមរយៈរឿង​រាមកេរ្តិ៍​វិញ ក្រុង​រាពណ៍​ដឹង​តែ​ខ្លួន​មិន​អា​ច​យក​ឈ្នះ​ព្រះរាម​ហើយ ក៏​នៅ​តែ​ហ៊ាន​ទៀត ទោះ​បី​ជាពិភេក​ហោរា គន់គូ​រយ៉ាងណា​ក៏​មិន​ស្ដាប់​ទៀត ចុង​ក្រោយ​ក៏​ត្រូវ​ទទួល​តែ​សេចក្ដី​វិនាស​មែន​។
            សរុប​សេចក្ដី​មក​ បុគ្គល​ទាំងឡាយ​ណា​ដែល​ដឹង​ខ្លួន​ថា​តូច​ទាប ទន់​ខ្សោយ​ហើយ មិន​ត្រូវ​ទៅ​ប្រឆាំង​អ្នក​ដែល​មាន​អំណាច​ធំ​នោះ​ទេ ចាំ​ខ្លួន​ក្លាយ​ជា​អ្នក​មាន​អំណាចដែរ​ ចាំ​ទៅ​តតាំង​នឹង​គេ បើ​មិន​ដូច្នោះ​ទេដូចទៅ​រក​សេចក្ដី​ស្លាប់​អ៊ីចឹង​ តួយ៉ាង​ដូចជា ទុំ ពូ​ហំ តួអង្គ​មួយ​ចំនួន​ក្នុងរឿង​ភូមិតិរច្ឆាន រួម​ទាំង​ក្រុង​រាពណ៍​ផងដែរ។​

            យោងតាម​ការ​បកស្រាយ​សុភាសិត​ខាង​លើ​នេះ គេ​អា​ច​វាយ​តម្លៃ​បាន​ថា​ ទស្សនៈ​ប្រធាន​នេះ​ពិត​ជា​មាន​តម្លៃ​ក្នុង​ការ​ក្រើន​រំឭក​ដល់​ជនានុជន​ទាំងឡាយ​ឲ្យ​ចេះ​ប្រមាណ​កម្លាំង​ខ្លួន​ កុំ​ចេះ​តែ​ធ្វើ​ទាំង​ទទឹង​ទិស​ឲ្យ​សោះ​ ព្រោះ​វា​អាច​នាំ​គ្រោះថ្នាក់​ដល់​ខ្លួន​។ ក្នុង​នាម​ជា​អ្នក​សិក្សា គួរ​ចេះ​ក្រេប​យក​ចំណេះ​វិជ្ជាដើម្បី​បង្កើត​ប្រាជ្ញា និង​ចេះ​បត់បែន​តាម​កាលៈទេសៈ គឺចូល​ស្ទឹង​តាមបត់ ចូល​ស្រុកតាម​ប្រទេស ទើបអាច​រក្សា​ជីវិត​ និង​ឧត្ដម​គតិ​របស់ខ្លួន​ទៅ​ថ្ងៃ​មុខ​បាន​។
                                              ថ្ងៃព្រហស្បតិ៍ ទី​១៥ កើត ខែ​កក្ដិក ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២

                                              សៀមរាប ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨

សូមមើលវីដេអូបន្ថែម


សូមទាញយកឯកសារជា PDF

No comments: