Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, February 17, 2019

ប្រធានបទទី១៥ «សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿង​ដោយសារប្រពន្ធ»

ប្រធានបទទី១៥ សុភាសិត​មួយ​ពោលថា «​សម្លឆ្ងាញ់​ដោយសារ​គ្រឿង​ គ្រួសារ​រុង​រឿង​ដោយសារ​ប្រពន្ធ» ចូរស្រាយ​បំភ្លឺ​។


ន័យអត្ថានុរូប (ន័យចំ)

ជា​ការពិត​ណាស់ ការ​ដាំ​ស្ល​គឺ​ជា​សិល្បៈ​មួយ​ទាក់ទង​ទៅ​នឹង​រសជាតិ​ ដើម្បី​ម្ហូប​កាន់តែ​ឆ្ងាញ់​នោះ ពិត​ជា​ចាំបាច់​នូវ​ការ​ផ្សំ​គ្រឿង​គ្រប់​ប្រភេទ​ ដូចជា​ អំបិល ស្ករ ប៊ីចេង ខ្ទឹម​ ម្រេច បន្លែបន្លុក។ល។ គេ​មិន​អាច​យក​គ្រឿង​១​មុខ​ទៅ​ស្ល​ឲ្យ​ឆ្ងាញ់​បាន​ឡើយ​ ទាល់​តែ​យក​គ្រឿង​ទាំង​នោះ​ផ្សំ​បន្តិច​លាយ​គ្នា​ទើប​ចេញ​ជារសជាតិ​ដ៏​ជក់មាត់​បាន​។


ន័យអត្ថបដិរូប (ន័យធៀប
ដោយ​ឡែក​តាមរយៈ​សុភាសិត​នេះ គេ​ចង់​សំដៅ​ថា «សម្លឆ្ងាញ់»​ ធៀប​ទៅ​នឹង​ «​គ្រួសារ​រុងរឿង»​ រី​ឯ​ «គ្រឿង​»​ គឺ​ប្រៀបបាន​ទៅ​នឹង​ «​ប្រពន្ធ​»​។ ក្នុង​ន័យ​នេះ​បាន​ន័យ​ថា គ្រួសារ​មិន​មែន​ អាងតែ​ខ្លួន​ជាប្ដី​ចេះតែ​ធ្វើ​អ្វីតាម​តែអំពើ​ចិត្ត​នោះ​ទេ ទាល់​តែ​មាន​ការ​ចូលរួម​ពី​ភរិយា​ដែរ ទើប​សុខសាន្ត​។ ប្រពន្ធ ជាអ្នក​រៀប​ចំ​ ទុកដាក់​ សន្សំ​ នោះ​ទ្រព្យសម្បត្តិ និងសេចក្ដីសុខ​នឹង​កើត​មាន​ឡើង​។ សុភាសិត​នេះ​បាន​ផ្ដល់​តម្លៃ​ដល់​ស្ត្រី​ក្នុងការរួម​ចំណែក​កសាង​សង្គម​គ្រួសារ​មួយ​ឲ្យ​មាន​សុភមង្គល​បំផុត។



សេចក្ដីអធិប្បាយ
            ជាការពិត​ណាស់ នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​បុរស​ មិនអាច​ខ្វះ​ការ​ចូលរួម​របស់​ស្ដ្រី​បាន​ឡើយ​ យ៉ាង​ណាមិញ នៅ​ក្នុងសង្គម​គ្រួសារ​ក៏​យ៉ាង​ដូច្នោះ​ដែរ​ ប្ដី​ជាអ្នក​ខំរក​ រី​ឯប្រពន្ធ​ជាអ្នកជួយសន្សំ​ និង​ថែរក្សា បើ​ភរិយា​នោះ​គិតតែ​លេងល្បែង​ ឬ​ចាយ​ប្រាក់​ខ្ជះខ្ជាយ មិន​យកចិត្តទុកដាក់ នោះ​ក៏​គ្មាន​សុភមង្គល​ឡើយ​។ សម​ដូច​សុភាសិត​មួយ​តែងពោលថា «​សម្ល​ឆ្ងាញ់​ដោយសារ​គ្រឿង គ្រួសារ​រុងរឿង​ដោយសារប្រពន្ធ​»​។
            សុភាសិត​នេះ​បង្កប់​នូវ​ឧត្ដម​គតិ​ដូចម្ដេច​ខ្លះ?​
            ដើម្បី​ជាពន្លឺ​ដល់​ការ​បកស្រាយ​ ដំបូង​គួរ​យល់​នូវ​ពាក្យ​គន្លឹះ​ជាមុន​សិន​ ដូចជា​ «សម្ល» «គ្រឿង» និង «គ្រួសារ​»​។ ពាក្យថា «សម្ល»​ អាហារ​ដែល​គេ​ស្លដោយ​ផ្សំ​ជាមួយ​នឹងគ្រឿង​ផ្សំ​ផ្សេង​ៗ​ រី​ឯ «គ្រឿង​» គឺជាធាតុ​ផ្សំ​ ឬ​គេ​ហៅថា​ គ្រឿង​ទេសសម្រាប់បង់​ចូល​ក្នុងសម្ល ដើម្បី​បង្កើន​រសជាតិ ចំណែក​ឯ​ «គ្រួសារ​»​ គឺ​ជា​បណ្ដុំ​នៃ​មនុស្ស​ដែល​មាន​សមាជិក​បងប្អូន​រស់​នៅ​ក្រោម​ដំបូលតែមួយ​។​ តាមរយៈ​សុភាសិត​នេះ​ គេ​អាច​លើក​ឡើង​បានថា «សម្ល ​ឆ្ងាញ់​»​ប្រៀប​បាន​ទៅនឹង​គ្រួសារភាពរុងរឿង រីឯ «គ្រឿងផ្សំ»​ ត្រូវ​នឹង «ប្រពន្ធ»​ ក្នុងន័យ​នេះ​គេចង់អប់រំថា សង្គម​គ្រួសារ​មួយ​មាន​ភាព​រីកចម្រើន​ទៅ​មុខ​បាន​ មិនមែន​មាន​តែ​បុរស​ជាប្ដីម្នាក់ឯង​ទេ តែមាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពីភរិយា​ផងដែរ​ទើប​បាន ប្រៀប​បាន​សម្ល​ឆ្ងាញ់​ដោយ​សារ​គ្រឿងយ៉ា​ង​ដូច្នោះ​ដែរ។​
            ជាការពិត​ណាស់​ គេសង្កេត​ឃើញថា​ គ្រួសារ​ខ្លះ​ ប្ដី​ខំរក​ស៊ី​ឡើងចង់​ដាច់ខ្យល់​ តែ​ប្រពន្ធ​វិញ​មិន​ខំ​យកចិត្ត​ទុកដាក់​សោះ ទី​បំផុត​ក៏​នៅ​តែ​ក្រ​ដដែល​។ ជាក់ស្ដែង​នៅ​ក្នុងរឿង​ មារយើង​ ត្រង់​វគ្គ​ចៅ​មាណព មាន​ប្រពន្ធ​ស្រស់​ស្អាត​ម្នាក់ តែ​នាង​នោះ​មិន​ចេះ​សន្សំ​សំចៃ​ ខ្ជីខ្ជា ប្រមាទ​ការងារ​ ពេល​ប្ដីជញ្ជាត់​ត្រីបាន នាង​បែរ​ជាយក​ត្រីនោះ​ទៅដាក់​ក្នុងកញ្ជើ​ធ្លុះ​ទៅវិញ​ ទោះ​រកត្រី​បាន​ប៉ុណ្ណា ក៏​មិនសល់​ ហើ​យចៅ​មាណព​នោះ​ក៏​នៅតែ​ក្រដដែល​ ចំណែក​សេដ្ឋីក៏​បាន​ដូរ​ប្រពន្ធ​គ្នា​នឹង​ចៅមាណព​ នារី​កញ្ជើធ្លុះនោះ​ក៏​ទៅ​បង្ហិន​បង្ហោច​សេដ្ឋី​រហូតដល់​ធ្លាក់ខ្លួន​ក្រ​           រីឯ​ចៅ​មាណព​ដែល​បាន​ប្រពន្ធសេដ្ឋី​ក៏​ចេះ​តែ​ខំរកស៊ី​ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ​ ជីវភាព​ក៏​កាន់តែ​ប្រសើរ​ជាង​មុន​ ហើយ​ក៏​បាន​ក្លាយ​ជា​ខ្លួន​ជាមហាសេដ្ឋីវិញ​ម្ដង​។ បន្ថែម​ពី​នេះ តាមរយៈរឿង​បុរស​នេសាទត្រី​ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្ដីប្រពន្ធ​មួយ​គូ​ជាអ្នក​នេសាទ ហើយ​អ្នក​ភូមិ​ផងរបងជាមួយ​តែ​ងស្អប់​ខ្ពើម​នឹងអត្តចរិត​របស់ភរិយា និងមិនគួរជាទីរាប់អាន​ឡើយ​ ថ្ងៃ​មួយពេល​ទៅបង់សំណាញ នាងជាភរិយា ដោយគិតថា​បាន​ត្រី​ពេញ​សំណាញ ក៏​ទៅ​ធ្វើ​ជាជេរបញ្ចោរ​ញាតិជិតខាង កុំឲ្យគេមក​សុំ​ត្រី​ខ្លួន ទីបំផុត​ក៏ត្រូវប្រជាជន​ខឹង​ ហើយ​ចាប់​វាយដំ​រហូតដល់​ទក់សាច់។ នេះ​សរបញ្ជាក់​ឲ្យ​ឃើញ​ថា គ្រួសារ​នេះ​គ្មាន​ការរីកចម្រើន​អ្វីឡើយ ដោយប្រពន្ធមាណព​នេះ​មិន​ចេះ​រាប់ញាតិ មិន​ចេះ​ថែរក្សា​ទ្រព្យ​ គិតតែ​ឈ្លោះ​នឹង​អ្នក​ជិតខាង ទី​បំផុត​ខាត​ប្រយោជន៍ឥតអំពើ។ ផ្ទុយ​ទៅវិញ អ្វី​ដែល​ជាគាប់​ប្រសើរ​នោះ គេ​សង្កេត​ឃើញ​ថា នាង​មទ្រី​ នៅ​ក្នុង​រឿង​ព្រះវេស្សន្ដរ​ ដែល​ជាស្នាដៃអក្សរសិល្ប៍​ស្ថិត​ក្នុង​ចលនា​ពុទ្ធ​និយ​ម​នោះ​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ថា នាង​ពិត​ជានារី​ដ៏​ល្អ​ បាន​ជួយ​ជ្រោម​ជ្រែង នៅ​តាម​បម្រើ​ស្វាមី និង​ថែរក្សា​កូន​ទាំង​ពីរ​ជានិច្ច​ ទោះ​មាន​ការ​លំបាក​យ៉ាង​ណាក៏​ដោយ​ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រួសារ​ពោរ​ពេញ​ទៅដោយសុភមង្គល​ជា​ពន់​ពេក​។ ក្នុងនោះ​ដែរ តាមរយៈរឿង​រាមកេរ្តិ៍ នាងសីតា​ មាន​ការ​លះបង់​ខ្ពស់​ចំពោះ​គ្រួសារ ទោះបី​ត្រូវ​ក្រុង​រាពណ៍​ចាប់​យកទៅ​យ៉ាងណាក៏ដោយ ក៏​នាង​នៅតែ​ស្មោះស្ម័គ្រចំពោះស្វាមី​ និង​រង់ចាំ​ឲ្យ​ព្រះរាម​មក​ជួយ​ជានិច្ច​ នាង​នៅ​តែ​រក្សាភាព​បរិសុទ្ធដដែល​ ទង្វើ​បាន​ផ្ដល់​ជាគំរូ​ល្អ​មួយ​សម្រាប់​នារី​គ្រប់​រូប​ក្នុងការលើក​មុខមាត់​ និង​ការផ្ដល់​កិត្តិយស​ស្វាមី​ ព្រម​ទាំង​គ្រួសារ​ទាំង​មូល​កាន់តែ​ល្អប្រសើរ​ឡើង​។
            សរុប​មក​ នារី​ពិត​ជា​សំខាន់​ណាស់​ក្នុងការកសាង​គ្រួសារ​ឲ្យ​កាន់តែ​ចម្រុងចម្រើន​ឡើង គឺ​នាង​ត្រូវ​តែ​មាន​ស្មោះ​ត្រង់​ ចេះ​ថែរក្សា​ទ្រព្យ​ដែល​រក​បាន មិន​មាន​សហាយ​ចុះ​ចោល​ប្ដី​ តួយ៉ាង​គេ​សង្កេត​ឃើញថា មាន​នាង​ សីតា និង​នាង មទ្រី​ជាគំរូ​ល្អស្រាប់។
                        យោងតាម​បំណកស្រាយ​ខាង​លើ​ គេ​អា​ច​វាយ​តម្លៃ​បាន​ថា សុភាសិត​នេះ​ពិតជាមាន​ឧត្ដមគតិ​យ៉ាង​ប្រសើរ​ក្រៃលែង​ ដែល​បុរស​ជាប្ដី​គួរ​ផ្ដល់​តម្លៃ​ស្ដ្រី​ជាភរិយា និង​គោរព​នាង​ដូច​ជា​ម្ដាយ​ ប្អូនស្រី ឬ​បង​ស្រី​របស់ខ្លួន ដោយ​ហេតុ​ បើគ្មាន​ស្ដ្រី​ ក៏​គ្មាន​ការ​រីកចម្រើន​ដែរ​។ ក្នុងនាម​ជា​អ្នកសិក្សា​ គួរ​ក្រេប​យកនូវ​ការ​អប់រំ​នៅ​ក្នុងសុភាសិត​ខាង​លើ​នេះ​ទៅ​ប្រើប្រាស់​ ឬ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​ ដើម្បី​ចូល​រួម​កសាង​ជាតិ​យើង​ឲ្យ​កាន់តែ​មាន​ភាព​រុងរឿង​ជានិច្ច​និរន្តរ៍។
                                                  ព្រហស្បតិ៍ ទី​១៥ កើត ខែ​កក្ដិក ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២

                                                សៀមរាប ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨

សូមមើលវីដេអូបន្ថែម

No comments: