បា្រសាទបាពួនមានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង
ស្ថិតនៅបន្ទាប់ពីប្រាសាទបាយ័ន និងក្បែរព្រះពន្លាជល់ដំរី។
ដើរឆ្លងកាត់ចេញពីប្រាសាទបាយ័នបន្តិចឆ្ពោះទៅទិសខាងជើងស្ថិតនៅ
ខាងឆ្វេងដៃមានរូងរូបសំណាក់ព្រះពុទ្ធដល់ធំមួយ
ហើយបើយើងដើរឆ្ពោះទៅទិសខាងជើងចម្ងាយប្រហែលបួនដប់ម៉ែត្រទីនោះ
យើងឃើញមានបំណែកថ្មយ៉ាងច្រើនអនេករាយពាសពេញផ្លូវឆ្ពោះទៅកាន់ប្រាសាទបាពួន។
បើយើងទស្សនាប្រាសាទបាពួនពីទិសខាងកើតដោយឡើងពីទីលានខាងមុខយើងនឹងឃើញផ្លួវតភ្ជាប់ពីព្រលានខាងមុខសំដៅទៅកានើខឿនរបស់ប្រាសាទជាទម្រង់ស្ពាន់ផ្លូវចូល។
ប្រាសាទបាពួនមានឈ្មោះដើមហៅថា ត្រីភូវនចូនាមណី ដែលក្រោយមកឈ្មោះនេះនៅសល់តែភូវន
តែប៉ុណ្ណោះ ហោយពាក្យថា ភូវន ក្លាយជាភូនវិញ។
ពាក្យត្រីភូវនមានន័ថាអ្នកដែលគ្រប់គ្រងលើភពទាំងបី។ ចំនែកពាក្យដែលក្លាយទៅជាពួន
គឺមានន័យថាលាក់បំបាំងកាយ ដែលប្រាស់ចាក់ពីឈ្មោះដើមដែលមានន័យគ្រប់គ្រាន់។
ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១១ រវាងឆ្នាំ១០៦០ ដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២
សោយរាជ្យចន្លោះឆ្នាំ(១០៥០-១០៦៦) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។
ឈ្មោះនៃប្រាសាទនេះ គេច្រើនតែសរសេរ
"បាពួន" ដែលផ្ទុយពីន័យដើមរបស់ប្រាសាទនេះ។ ឈ្មោះគួរតែហៅ ឬក៏សរសេរ "បាពួន"
ដែលអាចផ្ដល់ន័យត្រឹមត្រូវទៅនឹងន័យដើមរបស់ប្រាសាទមានចារនៅក្នុងសិលាចារឹក។
តាមមាត់អ្នកស្រុកដែលហៅ "បាពួន" នេះ មានឈ្មោះជាភាសាសំស្រ្កឹត "ភូវនតិលក (Bhuvan-tilaka)
ឬព្រះភូវន (តិលក)" ដែលលោកសឺដែសគិតថាមានន័យដូចគ្នានឹង
"ត្រៃលោក្យតិលក (Trailokyatilaka)" ប្រែមកថា
"ភពបី"។ ឈ្មោះ ត្រៃលោក្យតិលក មានចារនៅក្នុងសិលាចារឹកលង្វែកដែលនិយាយទាក់ទងនឹងប្រាសាទបាពួន។
រីឯអ្នកគ្រូ ពៅ សាវរស យល់ថាឈ្មោះបាពួននេះក្លាយមកពី "ត្រីភូវនចូធាមណិ (Tribhuvanacūḍāmaṇi)"
ប៉ុន្តែអ្នកគ្រូមិនបានពន្យល់ពីឈ្មោះនេះមកពីសិលាចារឹកណាមួយទេ។
ទោះជាយ៉ាងណាក្ដី "ភួន" ក្លាយមកពី "ភូវន"
ដែលជាសម្លេងខ្លីទម្លាប់ហៅតាមមាត់ខ្មែរ។ រីឯ "បា" វិញ ពោលគឺមានន័យស្មើនឹង
"ព្រះ"។ ឈ្មោះប្រាសាទផ្សេងទៀតក៏មានហៅជួនកាល "បា" ជួនកាល
"ព្រះ" ដូចជាប្រាសាទ "ព្រះគោ" ឬ "បាគោ"
(ប្រាសាទនៅរលួស)ជាដើម។តាមសិលាចារឹកលង្វែកដដែលនេះ ប្រាសាទបាពួនមានឈ្មោះដើម
"ហេមាទ្រី (Hemadri)" មានន័យថា
"ភ្នំមាស"។ សូមសម្រួលនិងសង្ខេបន័យនៅក្នុងសិលាចារឹកដែលនិយាយថា
"នៅកណ្ដាលជម្ពូទ្វិប ដែលជាលំនៅនៃទេពទាំងឡាយ មានភ្នំមាសមួយ (ហេមាទ្រី)។
ព្រះបាទ ឧទ័យទិត្យវរ្ម័នបានលើកភ្នំមាសមួយនេះនៅកណ្ដាលទីក្រុង..."។
ទាក់ទងនឹងភ្នំមាស ឬប្រាសាទមាសនេះក៏មាននិយាយនៅក្នុងកំណត់ត្រារបស់អ្នកការទូតចិន
ជីវតាក្វាន់ ដែលមកអង្គរនៅក្នុងឆ្នាំ១២៩៦និង៩៧ដែរ។ ក្នុងកំណត់ត្រានោះនិយាយថា
"...ព្រះរាជវាំងស្ថិតនៅផ្នែកខាងជើងនៃប្រាសាទមាសនិងស្ពានមាស
នៅជិតទ្វារចូលខាងជើង ចម្ងាយប្រហែលពី៥ទៅ៦លី (ព្រះរាជវាំងគឺនៅក្នុងបរិវេណអង្គរធំ
មានប្រាសាទភិមានអាកាសនៅកណ្ដាល) ។
អ្នកស្រាវជ្រាវយល់ថាប្រាសាទមាសនិងស្ពានមាសដែលនិយាយក្នុងកំណត់ត្រាចិននោះ
គឺជាប្រាសាទបាពួននេះឯង។ ប្រាសាទបាពួនគឺជាប្រាសាទភ្នំ
តំណាងឱ្យភ្នំសុមេរុដែលជាទីស្ថានរបស់អាទិទេពគង់នៅ។
នៅចំពីមុខតួប៉មរបស់ប្រាសាទបែរមុខទៅទិសខាងកើតតំណាងឱ្យសិរីសួស្តី
មានស្ពានមួយប្រវែង២០០ម៉ែត្រទទឹងប្រវែង២.៥ម៉ែត្រ ទ្រដោយសសរមួយចំនួន ៥៤៧ដើម
រៀបគ្នាជាជួរយ៉ាងស្មើ
ស្ពាននេះត្រូវបានប្រើប្រាស់សម្រាប់ដើរចេញចូលគឺតំណាងឱ្យផ្លូវភ្ជាប់ពីឋានមនុស្សទីឋានសួគ៌។
នៅខាងឆ្វេងនៃស្ពានមានស្រះទឹកមួយទំហំ ៣៧ម៉ែត្រ គុណ២៨ម៉ែត្រ
លម្អដោយកាំជណ្តើរធ្វើអំពីថ្មភក់។ ស្រះនេះត្រូវបានគេយល់ថា
គេប្រើសម្រាប់ពិធីលាងបាបនៅសមួយនោះ។ កំពែងរបស់ប្រាសាទមានទំហំ ៤២៥ម៉ែត្រ គុណនឹង
១២៤ម៉ែត្រ ប៉ុន្តែរាងរបស់កំពែងត្រូវបានបាក់បែកខូចខាតទាំងស្រុង
រីឯតួប្រាសាទមានបណ្តោយប្រវែង ១២០ម៉ែត្រ និងទទឹងប្រវែង១០០ម៉ែត្រ
មានកម្ពស់ប្រហែល៥០ម៉ែត្រ។ សំណង់ប្រាសាទកសាងដោយថ្មភក់ស្រោបពីខាងក្រៅ
រីឯពំនូតដីនិងថ្មបាយក្រៀមត្រូវបានធ្វើជាខឿនស្ថិតនៅផ្នែកខាងក្នុង។
តួរបស់ប្រាសាទមានបីថ្នាក់ ថ្នាក់នីមួយៗព័ន្ធជុំវិញដោយសាងពីថ្មភក់លម្អ
ដោយបង្អួចចំហជាច្រើននិងខ្លោងទ្វារមួយផងដែរ
ប៉ុន្តែសាលទាំងនោះត្រូវបានបែកបាក់ជាច្រើន។ ប្រាសាទភ្នំនេះមានរាង
ដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើ ពីថ្មភក់ថ្មបាយក្រៀម និងឈើមានគោបុរៈ នៅទាំងបួនទិស
ព្រមទាំងមានរូបចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ
និងមានក្បាច់ចម្លាក់ផ្សេងៗ ទៀតទាក់ទងទៅនឹងល្បែងកីឡា
និងរូបព្រះពុទ្ធចូលព្រះនិពា្វនដែលគេទើបកសាងនាសម័យលង្វែក។
ប្រាសាទបាពួនត្រូវបានរៀបចំជុសជុលឡើងវិញ
ដោយគម្រោងអង្គការ EFEO ចាប់ពីឆ្នាំ១៩៦០។
ប៉ុន្តែនៅក្នុងឆ្នាំ១៩៧២គម្រោងនេះត្រូវបានផ្អាកដំណើរការមួយរយៈពេល ដោយហេតុអសន្តិសុខ
និងពួកទាហានខ្មែរក្រហមមិនអនុញ្ញាតឱ្យបន្តការងារ។
ប៉ុន្តែប្រាសាទនេះចាប់ផ្តើមគម្រោងជុសជុលសារឡើងវិញចាប់ពីឆ្នាំ១៩៩៥
បន្ទាប់ពីបានផ្អាកការដ្ឋានរយៈពេល២៥ឆ្នាំ។ គម្រោងនេះត្រូវបានកំណត់បញ្ចប់នៅឆ្នាំ២០០៤
ដោយចំណាយទឹកប្រាក់ជាង ១០លានដុល្លារសហរដ្ឋអាមេរិច
ប៉ុន្តែប្រាសាទជាក់ស្តែងប្រាសាទនេះត្រូវបានជុសជុលបន្ត
និងបញ្ចប់គម្រោងជាស្ថាពរនៅខែមេសាឆ្នាំ២០១១ ហើយត្រូវបានសម្ពោធឱ្យប្រើប្រាស់
និងទស្សនាជាផ្លូវការណ៍នៅថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១១ ក្រោមអធិបតីព្រះមហាក្សត្រ
សម្តេចព្រះបាទនរោត្តមសីហមុនី និងនាយករមន្រ្តីបារាំងឈ្មោះ Francois Fillon ។
ប្រភពអត្ថបទ៖ សូមចុចត្រង់នេះ
No comments:
Post a Comment