Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, February 8, 2019

ប្រធានបទទី១២ ពេលវេលាជាមាសប្រាក់

ប្រធានបទទី១២ សុភាសិត​មួយ​ពោលថា «​ពេលវេលា​ជាមាសប្រាក់» ចូរស្រាយបំភ្លឺ
ន័យអត្ថានុរូប (ន័យចំ)

ពេល​វេលា ពិត​ជាកន្លង​ទៅ​លឿន​ឥត​ឈប់​ឈរ​ឡើយ​ ប្រសិន​បើនរណា​ម្នាក់​ខ្ជីខ្ជា​ពេល​ខ្លួន​ឯង ហាក់​ដូច​បោះបង់​ចោលអនាគត​របស់ខ្លួន​ ហើយ​បន្សល់​វិប្បដិសារី​ប៉ុណ្ណោះ​។ ហេតុ​នេះ មួ​យថ្ងៃៗ​ពិតជាសំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ បើ​ចង់​ធ្វើ​អ្វី រៀន​អ្វី​នោះ គួរ​ចាប់​ផ្ដើម​ធ្វើ​ កុំ​រារែក​ឡើយ​ ព្រោះ​ពេល​វេលា​មិន​រង់​ចាំ​យើង​ឡើយ ហើយ​វាមាន​តម្លៃ​ដូចមាសប្រាក់​យ៉ាង​ដូច្នោះ​ដែរ។
សេចក្ដីអធិប្បាយ
            គ្រប់កិច្ចការ​ទាំងឡាយ មិន​គួរមើលរំលង​ឡើយ​ បើ​មិន​ដូច្នេះ​ទេ​ វា​នឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា បុគ្គល​ប្រភេទ​នោះ​ជាមនុស្ស​ខ្ជីខ្ជា ខ្វះ​ការ​យកចិត្ត​ទុកដាក់ ដែល​បណ្ដែត​បណ្ដោយ​ឲ្យ​ពេល​វេលា​កន្លង​ហួស​ដល់​ថ្នាក់​នេះ​។ ដើម្បី​ជាការ​ក្រើន​រំឭក​ ទើប​បុព្វបុរស​ខ្មែរ​លើក​ឡើង​ជា​សុភាសិត​មួយ​ឡើងថា «ពេល​វេលា​ជា​មាស​ប្រាក់​»​។
            តើ​សុភាសិត​ខាង​លើ​នេះ​មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច?
            ដើម្បី​ជាពន្លឺ​បំភ្លឺដល់​ការ​បកស្រាយ​ខាង​លើ​ គួរ​គប្បី​យល់​នូវ​ពាក្យ​គន្លឹះ​មួយ​ចំនួន​ជាមុន​សិន​។ ដូចជា​ «ពេលវេលា» និង​ «​មាសប្រាក់»។ ពាក្យថា «​ពេលវេលា» សំដៅ​ទៅ​កាល​ ចំណែក​ឯ «មាសប្រាក់​»​ គឺ​ជា​ទ្រព្យធន​ ទ្រព្យ​សម្បត្តិ​ជាដើម។​ តាម​រយៈ​ទស្សនៈប្រធាន​ខាង​លើ​ ដូនតា​ខ្មែរ​ចង់​ប្រៀន​ប្រដៅ​ថា ក្នុង​នាម​ជាមនុស្ស​មិន​ត្រូវ​ទុក​ពេល​វេលា​ឲ្យ​កន្លង​ហួស​នោះ​ទេ ត្រូវ​ចេះ​ចាប់​យក​ឱកាស និង​ឆ្លៀត​ឱកាស​ ដើម្បី​កុំ​ឲ្យ​ហួស​ពេល​។
            ជា​ការពិត​ណាស់​ មាន​មនុស្ស​មិន​តិច​ទេ​ដែល​ទុក​ពេល​ទំនេរ​ទៅធ្វើ​រឿង​អត់​ប្រយោជន៍ ដូចជា ដើរ​លេង​មិន​ចូល​សាលា គេ​ចសាលា មិនចូល​រៀន​ ភ្លើតភ្លើន​ងប់ងុល​នឹង​គ្រឿង​ញៀន​ សេពគប់​មិត្ត​ល្អ ទីបំផុត​ ក៏​ត្រូវ​​មាន​​វិប្បដិសារី​ និង​បាត់បង់​អនាគត​របស់​ខ្លួន​ ខ្លះ​ត្រូវ​ជាប់​ទោស ជាប់​ព័ន្ធធនាគារ​ជាដើម​។ ផ្ទុយ​ទៅវិញ​ ចំពោះ​សិស្ស​ និស្សិត​ដែល​ចេះ​ខិតខំរៀន​សូត្រ​ដោយ​យកចិត្តទុកដាក់​ ឧស្សាហ៍​ព្យាយាម​ ទី​បំផុត ក៏​ទទួល​បាន​លទ្ធផល​ល្អ​ ហើយ​អាច​មាន​សំណាង​ក្លាយ​ទៅ​ជាមេដឹកនាំ​ និង​​មាន​ការងារ​ត្រឹមត្រូវ​ធ្វើ​ផងដែរ​។ សកម្មភាព​ទាំងពីរ​ដែល​បាន​លើក​ឡើង​ខាង​លើ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពីការ​ធ្វេស​ប្រហែស​ និង​ការ​យកចិត្តទុក​ដាក់​ចំពោះ​ពេលវេលា។​ បុគ្គល​​ទាំងឡាយ​ណា​ដែល​ព្រងើយកន្តើយ​ នឹង​មាន​ការ​សោកស្ដាយ​នៅ​ពេល​ចុងក្រោយ​នៃ​ជីវិត​ រី​ឯ​ជន​ណា​ដែល​ប្រុង​ប្រយ័ត្ន​ ចេះ​ប្រើប្រាស់​ពេល​របស់​ខ្លួន ជន​នោះ​នឹង​នាំ​ខ្លួន​ទៅ​ដល់​ត្រើយ​នៃ​ភាព​ជោគជ័យ​ ដែល​ជាទ្រព្យ​ដ៏​ប្រសើរ​នៃជីវិត។​ ជា​ទឡ្ហីករណ៍ តាមរយៈ​រឿង​កុលាបប៉ៃលិន តួអង្គ​ចៅចិត្រ​ ថ្វី​ត្បិតតែ​មាន​ការងារ​ជា​កម្មករ​ជីក​ត្បូង​ក៏​ពិតមែន ប៉ុន្តែ​រូប​គេ​មិនដែល​មើលងាយ​ភារកិច្ច​ ឬ​មាន​ការប្រមាទ​អ្វី​បន្តិច​ឡើយ​។ ជាក់ស្ដែង​ណាស់ ចៅចិត្រ​​ ជា​បុគ្គល​ដែល​លះបង់​សាច់​ឈាម​ដើម្បី​ការងារ​ និង​ប្រកាន់​នូវ​សុចរិត​ត្រឹមត្រូវ​មិន​ចេះ​បៀតបៀន​អ្នក​ដទៃ​ឡើយ មិន​ត្រឹម​តែប៉ុណ្ណោះ​ គេ​ថែម​ទាំង​ជាគំរូ​ល្អ​ដល់​កម្មករ​ផ្សេង​ៗ​ទៀត​ផង​ដែរ​ ដោយ​មិន​ដែល​មាន​ជម្លោះ​ជាមួយ​អ្នក​ជិត​ខាង​ណា​ម្នាក់​នោះ​ទេ​។ ជាង​នេះ​ទៅ​ទៀត​ ចៅចិត្រ ក៏​អាច​ឆក់​យក​ចិត្ត​នាង​បាន​ថែម​ទៀត​ផង​។ ក្នុង​ឱកាស​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ចៅ​ចិត្រ​ក្លាយ​ជា​បុគ្គល​ដ៏​ជោគជ័យ​មួយ​ទាំង​ផ្នែក​ការងារ​ និង​ស្នេហា ដែល​គួរ​ជាទី​ស្ញប់ស្ញែង​បំផុត​។​ បន្ថែម​ពី​នេះ​ នៅ​ក្នុងរឿង​សូផាត ទោះ​បី​ជាតូអង្គ សូផាត បាត់បង់​ម្ដាយ គ្មាន​ឪពុក​នៅ​ក្បែរ​ខ្លួន​ក៏​ដោយ​ ក៏រូប​គេ​នៅ​តែ​ខិតខំរៀន​សូត្រ​រហូតដល់​ចេះពូកែ​ ចំណែក​តួអង្គ​ ណាវិន ដែល​ជាកូន​របស់​លោកអធិបតី​សេនា​វិញ មានភាព​ខ្ជិល​ច្រអូស​ ទាល់ពេល​សូផាត ចេះ​តែណែនាំ​ យូរទៅ​ៗ​ក៏​ក្លាយ​ទៅ​ជា​សិស្ស​ពូកែដែរ។​ មួយ​វិញ​ទៀត​ តាមរយៈរឿង​ទុំ​ទាវ​ តួអង្គ ក្រៅ​ពី​ចេះ​ស្មូត​ហើយ​ ក៏​ឆ្លៀត​ពេល​លក់តោកថែម​ទៀត​ផង ដែល​រក​បច្ច័យ​បន្ថែម​ទៀត​ផង​ដែរ។​ ក្រៅ​ពី​នេះ​ តេជោយ៉ត​ ដែល​មាន​តួអង្គ​នានាដូចជា តេជោមាស តេជោយ៉ត រួម​ទាំង​ជំទាវ​ស្រែន​ផង​ដែរ​ ហើយ​គេ​សង្កេត​ឃើញ​ថា តេជោយ៉ត ជាជនជាតិ​ភាគតិច តែគេ​មាន​តស៊ូ​ព្យាយាម​ បាន​ក្លាយ​ជា​​មេទ័ព​ដ៏​ខ្លាំង​ក្លា​នៅ​សម័យ​ឧដុង្គ ក្នុងរាជ​ព្រះបាទ​ជ័យ​ចេស្ដា​។ នេះ​ក៏ដោយ​សារ​រូប​គេ​មានមិន​ប្រមាទ​លើ​ពេល​វេលា​ ចេះ​ឆ្លៀត​រៀនសូត្រ​ រហូត​ដល់​ទទួល​បាន​ជោគជ័យ​បែ​ប​នេះ​។
            សរុប​សេចក្ដីមក បុគ្គល​ទាំងឡាយ​ណាដែល​ខ្ជះខ្ជាយ​ពេល​វេលា នោះ​នឹង​ធ្វើ​ឲ្យ​អនាគត​ ភាពជោគជ័យ​ត្រូវ​រសាត់​បាត់​ចេញ​ផុត​ពី​ដៃ​ជាក់ជា​មិនខាន ប៉ុន្តែ​បើ​គេ​ចេះ​ក្ដោបក្ដាប់​ពេល​វេលា​នៅក្នុង​ដៃ​បាន​យ៉ាង​ជាប់​នោះ​ ជីវិត​របស់​ពួកគេ​ប្រាកដ​ជា​មាន​ពន្លឺ​មិន​ខាន​ឡើយ ជាក់ស្ដែង​ ដូចជា​តួអង្គ ចៅចិត្រ​ សូផាត តេជោយ៉ត​ ជាដើម។

            យោងតាម​បំណកស្រាយ​ខាង​លើ គេអាច​វាយ​តម្លៃ​បាន​ថា មតិប្រធាន​ខាង​លើ​ពិត​ជា​មាន​តម្លៃ​យ៉ាង​ធំធេង​ក្នុង​ការ​បណ្ដុះ​កូន​ចៅ​ជំនាន់​ក្រោយឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុងកិច្ច​ការ និង​ចេះ​ប្រើប្រាស់​ពេលវេលា​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឆ្ពោះ​ទៅ​កាន់​អនាគត។ ក្នុងនាម​ជា​អ្នកសិក្សា គួរ​គប្បី​ស្វែង​យល់​និង​រៀន​សូត្រ​ឲ្យ​​តាម​ខ្លឹមសារ​សុភាសិត​ខាង​លើ​នេះ​ ដើម្បី​កសាង​ខ្លួន និង​កែប្រែចំណុច​អវិជ្ជមាន​ទាំងឡាយ​ ដើម្បី​ត្រៀម​ខ្លួន​ក្លាយ​ជាធនធាន​មនុស្ស​ដ៏​សំខាន់​សម្រាប់​សង្គម​ជាតិ​ទាំងមូល។


                                                         អង្គារ ទី​១៣ កើត ខែ​កក្ដិក ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២
                                                        សៀមរាប ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨

                                                   
សូមមើលវីដេអូបន្ថែម

សូមទាញយកឯកសារជា PDF

No comments: