Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, July 24, 2015

«ចំណេះ​ជា​អាហារ ប្រាជ្ញា​ជា​អាវុធ​»​





សេចក្ដី​អធិប្បាយ​

          ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ​ មនុស្ស​ភាគច្រើន​តែងតែ​ស្វែង​រក​ជំនាញ​និង​ចំណេះ​ដឹង​ដើម្បី​ស្វែង​រក​នូវ​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ខ្លួន​ឯង សង្គម​គ្រួសារ និង​បំពេញ​តម្រូវ​ការ​នានា​ ប៉ុន្តែ​​ការ​ប្រើ​ជំនាញ​របស់ខ្លួន​ ក៏​ត្រូវ​មាន​បញ្ញា​គួប​ផ្សំ​ ក្នុង​បំណង​ទម្លុះ​រាល់​ឧបសគ្គ​នានា​ និង​អាច​ស្វែង​យល់​លិ្បកកិច្ចកល​ផ្សេង​ៗ​ផង​ដែរ​។ ដោយ​មើល​ឃើញ​ចំពោះ​បញ្ហា​ទាំង​នេះ​ហើយ ទើប​មាន​សុភាសិត​មួយ​ទូន្មាន​ទុក​ថា «​ចំណេះ​ជា​អាហារ ប្រាជ្ញា​ជា​អាវុធ​»​។
          តើ​សុភាសិត​នេះ​បង្កប់​នូវ​ខ្លឹមសារ​អប់រំ​យ់ាងដូចម្ដេច​ខ្លះ?​
          មុន​នឹង​ចូលដល់​ការ​ពន្យល់​បក​ស្រាយ ជា​បឋម​គួរ​គប្បី​យល់​នូវ​ពាក្យ​គន្លឹះ​មួយ​ចំនួយ​សិន​ ដូច​ជា​ «​ចំណេះ​»​ និង​ «​ប្រាជ្ញា​»​។ ពាក្យ​ថា «​ចំណេះដឹង​»​ សំដៅ​ទៅ​លើ​ការ​ចេះដឹង​ មាន​ចំណេះ​ជំនាញ​ រី​ឯ​ «​ប្រាជ្ញា​»​ មាន​ន័យ​ថា ជា​ញាណ​ប្រកប​ដោយ​ការ​ត្រិះរិះពិចារណា​ ចេះ​ថ្លឹងថ្លែង​ និង​យល់​កាលៈទេសៈ ហើយ​អាច​គេច​ផុត​ពី​លិ្បច​របស់​សត្រូវ​បាន​។ នៅ​ទៅ​ សុភាសិត​ទាំង​មូល​ចង់​មាន​ន័យ​ថា ការ​ចេះដឹង​ និង​ឯកទេស​ អាច​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន ដោយ​ទទួល​បាន​នូវ​ថវិកា​ទៅ​តាម​អ្វី​ដែល​ខ្លួន​ចេះ​ ហើយ​បញ្ញា​ប្រៀប​បាន​នៅ​នឹង​អាវុធ​ដែល​អាច​ទម្លុះ​ឬ​វាយ​ប្រហារ​ទៅ​លើ​សត្រូវ​បាន​។​
          មនុស្ស​​ខ្លាំង​ឬ​ខ្សោយ​មិន​មែន​ស្ថិត​នៅ​លើ​​មាស​ប្រាក់​ទេ ប៉ន្តែ​ដោយ​សារ​ពួកគេ​មាន​ការ​គិត​បាន​ស៊ីជម្រៅ​ និង​មាន​ចំណេះ​វិជ្ជា​ក្នុងសង្គម​។ ដូច​ជា​ពាក្យ​ដែល​គេ​ធ្លាប់​និយាយ​ថា ការងារ​បង្រៀន​មនុស្ស​ ពំនោល​នេះ​ពិត​ជា​ត្រឹមត្រូវ​ខ្លាំង​ណាស់​ ​មិន​យូរ​ទេ គេ​អាច​នឹង​ទទួល​បាន​បទពិសោធន៍​ពី​ការ​ងារ​​យ៉ាង​ច្រើន​។ យ៉ាង​ណា​មិញ​ ​មុន​នឹង​មាន​ការ​ចេះ​ដឹង​គឺ​ត្រូវ​រៀន​សូត្រ​ជាមុន​សិន មិន​ថា​រៀន​ពី​នរណា​ឡើយ ​មាន​ន័យ​ថា​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​ខ្លួន​យើង​សុទ្ធ​តែ​ជា​គ្រូ​របស់​យើង​។ គួប​ផ្សំ​នឹង​ជំនាញ​របស់​ខ្លួន​ ក៏​ទាមទារ​នុវ​បញ្ញា​ផង​ដែរ​។ បញ្ញា​សំដៅ​លើ​ភាព​ឈ្លាសវៃ​នៃ​គំនិត​ ដែល​អាច​​ត្រួស​ត្រាយ​ផ្លូវ​ដើម្បី​សម្រេច​នូ​វ​គោល​បំណង​​ស្រប​ទៅ​តាម​ជំនាញ​របស់​ខ្លួន​។ ដោយ​ឡែក​ គេ​អាច​សង្កេត​ឃើញ​នូវ​សកម្មភាព​​​របស់​មនុស្ស​ចំនួន​ដែល​ខ្សោយ​ទាំង​ចំណេះដឹង​ក្នុង​សង្គម​ហើយ​ក៏​មិន​សូវ​មាន​បញ្ញា​ទៀត​ ចំណុច​ទាំង​នេះ​ហើយ​ដែល​ធ្វើ​​ឲ្យ​បុគ្គល​នោះ​ជួប​តែរឿង​បរាជ័យ​ និង​ត្រូវ​ក្លាយ​ជា​ជន​ក្រោម​អំណាច​គេ​ និង​ចាញ់​ក្រោម​កលល្បិច​របស់​អ្នក​ដទៃ​ ជាក់​ស្ដែង​ សព្វ​ថ្ងៃ​សម្បូរ​ទៅ​ដោយ​ជន​បោកប្រាស​ ឧទាហរណ៍​ មាន​ស្ដ្រី​ចំណាស់​ម្នាក់​កំពុង​តែ​ដើរ​តាម​ដង​ផ្លូវ​ ស្រា​ប់​តែ​ប្រទះ​ឃើញ​ខ្សែ​ក​​មាស​មួយ​ខ្សែ​ទម្ងន់​ប្រហែល​ពីរ​តម្លឹឹង​ ក៏​កើត​ចិត្ត​ត្រេកអរ​​មួយ​រំពេច ប៉ុន្តែ​ចៃដន្យ​អី​ ក៏​មាន​បុរស​ម្នាក់​ទៀត​ឃើញ​ដែរ​ ទើប​ខំ​មក​ប្រជែង​យក​មាស​នោះ​ដែរ ក្នុង​បំណង​ចែក​គ្នា​ស្មើ តែ​ស្ដ្រី​ចំណាស់​មិន​ព្រម​ឲ្យ​ ដោយ​សារ​គាត់​បាន​ឃើញ​មុន ចំណែក​ឯ​បុរស​នោះ​ក៏​មិន​សុខ​ចិត្ត​ដែរ​ ហើយ​ក៏​សម្លឹង​ឃើញ​ខ្សែ​ក​មាស​របស់​ស្ដ្រី​ចំណាស់​ដែល​ពាក់​លើ​ក​ទម្ងន់​ពីរ​ជី​ ទើប​ស្នើ​សុំ​ខ្សែក​នោះ​ ហើយ​​សុខ​ចិត្ត​ឲ្យ​ស្ដ្រី​ចំណាស់​យក​ខ្សែ​ក​ដែល​ខ្លួន​រើស​បាន​នោះ​ទាំង​អស់​ ដោយ​ភាព​លោភលន់​ និង​ខ្ចះ​នូច​ការ​ពិចារណា​ផង​នោះ​ ទើប​ធ្វើ​តាម​បុរស​នោះ​។ មិន​យូរ​ប៉ុន្មាន​ ទើប​ដឹង​ថា ខ្សែក​មាស​ដែល​រើស​បាន​នោះ​ គឺ​ជា​របស់​កាឡៃ​ ទីបំផុត ស្ដ្រី​ចំណាស់​បាន​ត្រឹម​តែ​សោកស្ដាយ​និង​ខាត​បង់​តែ​ប៉ុណ្ណោះ​ មិន​គួរ​ណា​ចាញ់​បោក​គេ​យ៉ាង​ដូច្នេះ​សោះ​។ ទឡ្ហីករណ៍​នេះ​ ពិត​ជា​មាន​មែន​​ក្នុង​សង្គម​ខ្មែរ​​យើង​ ហេតុ​នេះ​ហើយ​ទើប​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ចេះ​ស្វែង​រក​ពត៌មាន​ឲ្យ​បាន​ច្រើន​ កុំ​ឲ្យ​គេ​ថា​ដូច​ជា​កង្កែប​ក្នុង​អណ្ដូង​។
          ដើម្បី​ផ្ដល់​នូវ​ទិន្នន័យ​ឲ្យ​កាន់​តែ​ច្បាស់​ជាង​នេះ​ទៀត​ សូម​ក្រឡេក​មក​មើល​ស្នាដៃ​អក្សរសិល្ប៍​មួយ​ចំនួន​សិន​ ជាក់​ស្ដែង​នៅ​ក្នុង​រឿង​កុលាប៉ៃលិន​ ចៅ​ចិត្្រ​ជា​តួអង្គ​ដែល​តំណាង​ឲ្យ​មនុស្ស​មាន​ការ​ចេះដឹង​ ចេះ​ពិចារណា​ ស្គាល់ហេតុផល​ និង​មាន​ប្រាជ្ញា​ឈ្លាសវៃ​ អាច​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​នានា​បាន​។ បន្ថែម​ពី​នេះ នៅ​ពេល​ឡាន​ខូច​កណ្ដាល​ព្រៃ​ភ្នំ​ចំ​ពេល​បាក់​រសៀល​ទៅ​ហើយ មិន​អាចធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​បាន​ឡើយ​ បើ​និយាយ​ពី​លោក​ហ្លួង​រតនសម្ប្តត្តិ នាង​ឃុននារី និង​លោក​បាឡាត់​ស្រុក​វិញ​ មិន​ដឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​រក​ទឹក រក​ឆ្នាំង​ រក​អុស ដើម្បី​ដាំបាយ​ឡើយ ​ផ្ទុយ​ទៅ​វិញ​ ចៅចិត្រ​បាន​គិត​ឃើញ​ភ្លាម​ថា ទឹក​អាច​យក​ពី​ក្នុងធុង​ទឹកក្នុង​ឡាន​ រី​ឯ​កំប៉ុង​អាច​យក​ជំនួស​ឆ្នាំង​ រី​ឯ​អុស​មិន​បាច់​ខ្វល់ អាច​កាច់​មែក​ឈើ​ងាប់​ៗ​ក៏​ស្រេច​ហើយ​។ នេះ​ជា​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ​​បំផុត​ក្នុង​កាលៈទេសៈ​​បែប​នេះ​។ ក្រៅ​ពី​នេះ​ បើ​មិន​មាន​ចំណេះ​វិជ្ជា​និង​ប្រាជ្ញា​ស្មារតី​ទេ​ ជីវិត​ពិត​ជា​ជួប​តែ​រឿង​អកុសល្យ​ជា​មិន​ខាន​ ជាក់​ស្ដែង​នៅ​ក្នុង​ថៅកែចិត្ត​ចោរ ពូហំ​ ហេតុ​តែ​ចង់​បាន​ប្រាក់​ពេក​ លែង​គិត​ពី​មនសិការ​ការងារ​ ​និង​ពុំ​បាន​ពិចារណា​វែង​ឆ្ងាយ​ឡើយ ក៏​បណ្ដោយ​ខ្លួន​ទៅ​តាម​សន្យា​ផ្ដល់​ប្រាក់​មួយ​ម៉ឺន​រៀល​ ដោយ​ត្រូវ​បើក​ឡាន​បំបុក​ឡាន​ថៅកែ​ហុងលី​។ ទីបំផុត​ ថៅកែ​ក្រឡាស់​សម្ដី​ខ្លួន​វីញ​ គឺ​មិន​បាន​ផ្ដល់​ប្រាក់​សន្យា​ឡើយ​ ហើយ​ធ្វើ​ឲ្យ​ពូ​ហំ​ត្រូវ​ជួប​បញ្ហា​និង​ប៉ះពាល់​ដល់អនាគត​​គ្រួសារ​ប្រពន្ធ​កូន​ថែម​ទៀត​ផង​។ 
          សរុប​មក​ឃើញ​ថា​ ​ការ​ចេះស្វែង​រក​ចំណេះ​ដាក់​ខ្លួន​ប្រាកដ​ជា​អាច​បណ្ដុះ​នូវ​បញ្ញា​ នឹង​ចៀស​ផុត​រាល់​បញ្ហា​ទាំងឡាយ​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្លួន​ តួយ៉ាង​ដូច​ករណី ​​ ចៅចិត្រ​ ជាដើម​ ប៉ុន្តែ​បើ​ខ្វះ​ខាត​នូវការ​ចេះដឹង​និង​ការ​គិតពិចារណា​វិញ​ គឺ​អាចធ្វើ​ឲ្យ​ខ្លួន​តែ​ការ​ខាត​បង់​ ដូច​ករណី​ស្ដ្រី​ចំណាស់​ និង​ ពូ​ហំ យ៉ាង​ដូច្នោះ​ឯង​។
          យោង​តាម​ការ​បក​ស្រាយ​យ៉ាង​ក្បោះក្បាយ​ខាង​លើ​ គេ​អាច​វាយ​តម្លៃ​បាន​ថា សុភាសិត​នេះពិត​ជាមាន​តម្លៃ​យ៉ាង​ខ្ពស់​ខ្ពស់​ណាស់​។​ ក្នុង​នាម​ជា​អ្នក​សិក្សា​និង​ជា​កូន​ខ្មែរ គួរ​គប្បី​ប្រឹងប្រែង​រៀន​សូត្រ​ ស្វែង​រក​ចំណេះ​ បណ្ដុះ​បញ្ញា​ស្វារតី​ ដើម្បី​ឈាន​ក្លាយ​ជា​សសរទ្រូង​នៃ​ប្រទេស​ជាតិ​នា​ពេល​អនាគតដ៏​ខ្លី​ខាង​មុខ​នេះ​។​

ដោយ រស់ វាសនា​
ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥​
          

No comments: