សេចក្ដីអធិប្បាយ
គេថាមនុស្សកុំមើលងាយមនុស្ស ភ្នំមួយខ្ពស់ គង់មានភ្នំមួយខ្ពស់ជាង ឬអាចនិយាយបានថាភ្នំខ្ពស់គង់ទាបជាងស្មៅ ចំណែកសមត្ថភាពរបស់មនុស្សមិនមែនសម្គាល់លើសម្បកក្រៅឡើយ តែវាស្ថិតទៅលើទង្វើនិងការអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងទេពកោសល្យ ហេតុនេះគេមិនអាចមើលតែចំណុចខាងក្រៅទេ។ ដោយមើលស្ថានភាពបែបនេះ ទើបបុព្វបុរសខ្មែរយើង ក្រើនរំឭកជាសុភាសិតមួយថា «ត្រុកៗអ្នកស្រុកមើលងាយ រលាស់គូទខ្ចាយ មានឱតមានភ័ន្ត»។
តើសុភាសិតនេះមានន័យដូចម្ដេច?
មុននឹងចូលដល់ការបកស្រាយសុភាសិតនេះ គួរគប្បីន័យនូវពាក្យគន្លឹះនិងឃ្លាសំខាន់ដូចជា «ត្រុកៗ» និង «មានឱតមានភ័ន្ថ»។ «ត្រុកៗ» មានន័យថា ដែលមឹះៗ មិនអង់អាច មើលទៅហាក់ដូចជាមិនកើតការ រីឯ «មានឱតមានភ័ន្ត» សំដៅទៅលើការនិយាយដែលធ្វើអ្នកស្ដាប់មានភាពស្រឡាំងកាំង នឹកស្មានមិនដល់។ សុភាសិតទាំងមូលចង់និយាយពីមនុស្សដែលមើលពីខាងក្រៅ មានលក្ខណៈសាមញ្ញ ធ្វើឫកពាហាក់ដូចជាជនល្ងង់ខ្លៅមិនចេះអ្វីសោះ ដែលធ្វើឲ្យមនុស្សនានាមើលងាយ ប៉ុន្តែដល់ពេលស្ថិតនៅក្នុងចំណោមមហាជន ក៏បញ្ចេញសមត្ថភាព ដែលធ្វើឲ្យអ្នកផងទាំងឡាយភ្ញាក់ផ្អើល និងកោតសរសើរ ដែលមិនគួរឲ្យជឿ។
គេថាមនុស្សជាសត្វដែលមានសភាវគតិ ចេះគិតពិចារណា ត្រិះរិះរកហេតុផល ប៉ុន្តែអ្នកដែលសាហាវបំផុតក៏ជាមនុស្សដែរ។ បុគ្គលមួយភាគច្រើន ពេលចេះអ្វីបន្តិចបន្តួច ច្រើនតែក្អេងក្អាង និងអួតថាខ្លួនក្លាហានអង់អាច ចេះអ្វីគ្រប់យ៉ាង ប៉ុន្តែក៏មានជនមួយចំនួនទៀតមានសមត្ថភាពពិតៗឥតក្លែងក្លាយ ផ្ទុយទៅវិញគេបែរជាដាក់ខ្លួន ដាក់រហូតដល់មើលទៅខោមិនខោអាវមិនអាវ រហូតធ្វើឲ្យអ្នកនៅជុំវិញខ្លួនមាក់ងាយ និងគិតថាជននោះមិនសមជាអ្នកចេះដឹងឡើយ។ បើយើងក្រឡេកទៅមើលអ្នកប្រាជ្ញល្បីៗលើលោក សុទ្ធតែកើតចេញពីការរៀនសូត្រនិងការហ្វឹកហាត់ និងប្រើនូវទេពកោសល្យផ្ទាល់ខ្លួន គួបផ្សំនឹងការពិសោធន៍យ៉ាងស្វឹតស្វាញ ទោះបីជួនកាល គាត់មិនសូវគិតពីបញ្ហាផ្ទាល់ខ្លួន ឬជីវិតរបស់ពួកគាត់ឡើយ ពេលខ្លះក៏ដុះពុកមាត់ ពុកចង្កាស្រមេមស្រមាម រស់នៅក្នុងផ្ទះសាមញ្ញ និងស្លៀកពាក់ធម្មតាៗ បើយើងមើលមួយភ្លែតប្រាកដជាគិតថាពួកគាត់ជាមនុស្សខ្វះអនាម័យ និងល្ងង់ខ្លៅមិនខានដែលធ្វើបាបខ្លួនឯងបែប។ ជាក់ស្ដែង ដូចលោក អ៊ីសាក់ ញូវតុន ដែលសិស្សរៀនខ្សោយ ប៉ុន្តែក្រោយមកក៏បញ្ចេញនូវចំណេះដឹងដ៏មហាសាលរបស់គាត់ គឺច្បាប់ទំនាញ ដែលល្បីល្បាញក្នុងវិស័យវិទ្យាសាស្ត្ររហូតមកទល់សព្វថ្ងៃនេះ ហើយធ្វើអ្នកផងទាំងឡាយនឹកស្មានថាគាត់មានបញ្ញាបែបនេះសោះ។ លើសពីនេះទៀត គេឃើញបុគ្គលខ្លះ កើតមកមានកាយសម្បទាមិនគ្រប់គ្រាន់ ខ្លះគថ្លង់ ខ្លះពិការភ្នែក ចំណែកខ្លះទៀតពិការដៃ ឬជើង ហើយជួនកាលមានតែដៃ ឥតមានជើង ឬមានតែដៃ តែឥតមានជើង ហើយអ្វីដែលលំបាកជាងនោះគឺអត់ទាំងដៃអត់ទាំងជើង ដែលធ្វើឲ្យមនុស្សភាគច្រើនគិតថាពួកគេប្រាកដជាមិនអាចធ្វើអ្វីបាន ប៉ន្តែមានឯណា យើងមិនអាចមើលងាយពួកគេបាន ដោយពួកគេមានសម្ថភាពរៀងខ្លួន អាចធ្វើជាអ្នកប្រឹក្សាផ្លូវចិត្ត បើកយន្តហោះ បើកឡាន និងអាចធ្វើផ្សេងៗយ៉ាងល្អឥតខ្ចោះជាងមនុស្សធម្មតាទៀតផង។
ក្រៅនេះគឺអាចយកពិនិត្យមើលរឿងនិទានមួយ គឺតាព្រហ្ម និងគីង្គក់ ដែលបានបង្ហាញថា ដោយសារគ្រោះរាំងស្ងួតគ្មានភ្លៀង ធ្វើឲ្យដីស្ងួតហួតហែង ប្រេះក្រៀមក្រញង់ រុក្ខជាតិទាំងឡាយប្រែជាស្រពោន ខ្លះងាប់ រីឯសត្វតូចៗដូចជា កង្កែប គិង្គក់ និងសត្វតូចៗនានា ព្រមរុក្ខជាតិផ្សេងទៀតៗទៀត បានសហការគ្នាឡើងទៅឋានព្រះព្រហ្ម ដើម្បីទាមទារទឹកភ្លៀង ក្រោយមកពួកគេក៏ស្រុះស្រួលអុកឡុកព្រះព្រហ្ម រហូតដល់ទ្រង់សន្យាផ្ដល់ទឹកភ្លៀងរាល់ពេលឮពួកកង្កែប ហ៊ីង គង្គក់ ស្រែកយំ។ រឿងសបញ្ជាក់ឲ្យឃើញថា រុក្ខជាតិនិងសត្វទាំងនោះមើលទៅតូចតាចក្ដី ប៉ុន្តែអាចមើលងាយបានទេ នេះក៏ដោយសារតែពួកគេមានសមត្ថភាពមួយគឺ ការធ្វើការងារជាក្រុមដោយភាពក្លាហានមោះមុត ទើបព្រះព្រហ្មលែងហ៊ានមើលងាយ និងគោរពតាមសន្យារបស់សត្វទាំងនោះ។ យ៉ាងណាមិញ ក្នុងរឿងកុលាបប៉ៃលិន ចៅចិត្រ មានរូបរាងស្គមស្គាំង មើលទៅហាក់ដូចជាគ្មានកម្លាំងកំហែង ដែលធ្វើឲ្យនាងឃុននារីប្រើសម្ដីមិនសមរម្យចំពោះគេ ដោយចោលសម្ដីថា រាងស្គមដូចអ្នកញៀនអាភៀន។ យូរៗទៅទើបឃើញយ៉ាងច្បាស់ថា ចៅចិត្រខិតខំធ្វើការដោយភាពអំណត់ខ្ពស់ ចេះសាមគ្គី ស្មោះស្ម័គ្រ ព្រមទាំងរៀនបានប្រកាសនិយប័ត្រ ចេះច្រៀង មានកម្រិតវប្បធម៌ខ្ពស់គ្រាន់បើ ហើយមានសមត្ថភាពអាចគ្រប់គ្រង់បានយ៉ាងល្អ។ ទីបំផុត នាងឃុននារី ក្ដី លោកហ្លួងរតនសម្បត្តិក្ដី សុទ្ធតែពេញចិត្តនិងមានមោទនភាពចំពោះគេយ៉ាងខ្លាំង រហូតទទួលយកគេធ្វើជាកូនប្រសារ និងផ្ដល់តំណែងជាថៅកែត្បូងដល់គេផងដែរ។ ចំណែកនៅក្នុងរឿងព្រះអាទិត្យថ្មី រះលើផែនដី ដែលជាវណ្ណកម្មដ៏ល្បីល្បាញរបស់លោក សួន សុរិន្ទ ក៏បានបង្ហាញឲ្យឃើញថា សម ជាតួអង្គដែលដាក់ខ្លួនរស់ក្រោមសង្គមអយុត្តិធម៌ សង្គមពុករលួយ និងអសីលធម៌ ព្រមទាំងទុច្ចរិត គ្មានជនណាម្នាក់អាចធ្វើបានដូចសមឡើយ ទោះបីជាក្រខ្វះខាតមែន ប៉ុន្តែមានឧត្ដមគតិលើសជនណាៗទាំងអស់ ដោយប្រកាន់នូវសច្ចធម៌ យុត្តិធម៌ មិនក្បត់មនសិការ ចិញ្ចឹមជីវិតដោយសុចរិតត្រឹមត្រូវ មិនចេះកេងប្រវ័ញ្ចអ្នកណាឡើយ។ ត្រង់ចំណុចទាំងនេះហើយ ដែលធ្វើឲ្យអ្នកអានអ្នកស្ដាប់កាន់តែកោតស្ងប់ស្ងែងចំពោះទង្វើរបស់គេយ៉ាងខ្លាំង និងគួរឲ្យគោរពបំផុត ទោះបីជាគេក្រយ៉ាងបែបនេះក្ដី។
សរុបមក សបញ្ជាក់ឲ្យឃើញថា មនុស្សគ្រប់រូបទោះបីមើលពីខាងក្រៅល្ងង់ខ្លៅ និងស្លៀកពាក់ខោអាវចាស់ៗ ប៉ុន្តែបែរជាសមត្ថភាពហួសពីការស្មាន និងគួរឲ្យគោរពបំផុត តួយ៉ាងដូចជា លោក អ៊ីសាក់ ញូវតុន ចៅចិត្រ គិង្គក់ និងតួអង្គ សមជាដើម។
យោងតាមការបកស្រាយខាងលើនេះ គេអាចសន្និដ្ឋានបានថា សុភាសិតខាងលើនេះ ពិតជាមានតម្លៃអប់រំយ៉ាងខ្លាំងចំពោះមហាជនទូទៅ មិនថាចាស់មិនថាក្មេង មានឬក្រឡើយ។ ដូចនេះ ក្នុងនាមជាមនុស្សដូចគ្នា មិនត្រូវវិនិច្ឆ័យគ្នាតាមតែសម្បកក្រៅនោះទេ គួរតែផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក និងស្វែងយល់ពីគ្នាឲ្យបានច្រើន ទើបការងារបានរីកចម្រើន និងមិនមានការនិន្ទាគ្នានៅពេលខាងមុខ។
ដោយ រស់ វាសនា
ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥
No comments:
Post a Comment