Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, July 25, 2015

«ធ្វើ​ស្រែ​នឹងទឹក ធ្វើ​សឹក​នឹង​បាយ​»​




សេចក្ដី​អធិប្បាយ​

    ប្រទេស​កម្ពុជា​មាន​សណ្ឋាន​អំណោយ​ផល​ល្អ​សម្រាប់​ដាំដុះ ហើយ​ប្រជាជន​ភាគ​ច្រើ​ន​ជា​កសិករ​ កក្តា​បែប​នេះ​ហើយ​ទើ​ប​គេ​ឃើញ​ថា​ការ​ផលិត​ស្បៀង​គឺ​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រជា​ជន​ខ្មែរ​យើង​ មិន​ត្រឹម​តែប៉ុណ្ណោះ​យើង​មាន​ទន្លេ​បឹងបួ​ជាច្រើន​ទៀត​ដើម្បី​ស្រោចស្រព​ដំណាំ​ផង​ដែរ​។ ដោ​--​យ​មើល​ឃើញ​ស្ថានភាព​ភូមិសាស្ត្រ​នេះ​ហើយ ទើប​បុព្វបុរស​ខ្មែរ​ខំ​ដាស់តឿន​​ដល់​អ្នក​ដឹកនាំ​គ្រប់​សម័យ​កាល​ឲ្យ​យកចិត្ត​ទុកដាក់​ ដល់​វិស័យ​កសិកម្ម​ក៏​ដូចជា​ការ​គ្រប់​គ្រង​ប្រទេស​ ជា​សុភាសិត​យ៉ា​-ង​ដូច្នេះ​ថា «​ធ្វើ​ស្រែ​នឹង​ទឹក​ ធ្វើ​សឹក​នឹង​បាយ​»​។​
    តើ​សុភាសិត​នេះ​​បង្កប់​នូវ​ឧត្ដម​គតិ​យ៉ាង​ដូចម្ដេច​ខ្លះ​?​
    ដើម្បី​ឈាន​ដល់​ការ​បក​ស្រាយ​សុភាសិត​ខាង​លើ​នេះ​ គួរ​គប្បី​យល់​នូវ​ឃ្លា​​គន្លឹះ​មួយ​ចំនួន​សិន
ដូ​ច​​ជា​ «​ធ្វើ​ស្រែ​»​ និង​ «​ធ្វើ​សឹក​»​។ «​ធ្វើស្រែ​» គឺ​ជា​សកម្មភាព​ដាំ​ស្រូវ​ដើម្បី​ផលិត​ជា​អង្ករសម្រាប់​ស្ទុ-​-ក​ជា​ស្បៀង​ រី​ឯ​ «​ធ្វើ​សឹក​»​ ​សំដៅ​ទៅ​លើ​ការ​ធ្វើ​សង្គ្រាម​ ការ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ​។​ សុភាសិត​​​ខាង​លើ​នេះ​ចង់​បង្ហាញ​ថា ការ​ធ្វើ​ស្រែ​មិន​អាច​ខ្វះ​ទឹក​បាន​ទេ​ ​អាច​ធ្វើ​ឲ្យ​ដី​ក្រៀម​ក្រោះ​ ស្រូវ​មិន​អាច​ដុះ​បាន​ ហើយ​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​សត្រូវ​ក៏​មិន​ត្រូវភ្លេច​ក្នុង​ការ​ត្រៀម​នោះដែរ​ បើ​គ្មាន​បាយ​ហូប​ កងទ័ព​ប្រាកដ​ជា​​អស់​​កម្លាំង​ បាក់​ទឹកចិត្ត​ ហើយ​​មិន​អាច​ច្បាំង​ការពារ​ទឹក​ដី​ពី​ពួក​ឈ្លាន​ពាន​បាន​ឡើយ​។
    ​ជា​ការ​ពិត​ណាស់​ ​វិស័យ​កសិកម្ម​គឺ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏​សំខាន់​ប្រទេស​កម្ពុជា​យើង​។ នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ បើ​គេ​សង្កេត​ទៅ​ម់ើល​សម័យ​អង្គរ​ គេ​ប្រាកដ​ជា​ឃើញ​ថា​ ព្រះ​មហាក្សត្រ​ខ្មែរ​នៅ​ជំនាន់​នោះ​ បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​នយោបាយ​ទឹក​ មាន​ការ​ជីកប្រឡាយ​បង្ហូរ​ទឹក​ និង​ការ​បង្កើត​ប្រព័ន្ធ​ផ្លូវ​ទឹក​ខ្វាត់​ខ្វែង​នៅ​ក្នុង​ក្រុង​អង្គរ​ ការ​ធ្វើ​បែប​នេះ​ដើម្បី​ងាយ​ស្រួយ​ក្នុង​ការ​​ស្រែ​ចម្ការ​​។ កាល​ណា​មាន​ស្បៀង​ហូប​គ្រប់គ្រាន់​ហើយ​ ប្រជាជន​ប្រាកដ​ជា​រីករាយ​ និង​មាន​កម្លាំង​ពលំ​ ​សម្រាប់​ការពារ​ទឹកដី​បាន​។ មិន​ថា​ត្រឹម​សម័យ​អង្គ​រ​ទេ​ សូម្បី​តែ​នៅ​ក្នុង​សម័យ​​ដែល​ព្រះ​បាទ​ចន្ទ​រាជា​ច្បាំង​នឹង​ស្ដេច​កន​ ​ក៏​មាន​ការ​គិត​ក្នុង​ផលិត​ស្បៀង​និង​ការ​ធ្វើ​ស្រែ​ដែរ​។ ជាក់​ស្ដែង​នៅ​ពេល​ដែល​ទ័ព​ទាំង​ទ្វេ​ភាគី​អស់​កម្លាំង​រៀង​ៗ​ខ្លួន​ ហើយ​ជិត​ដល់​រដូវ​ធ្វើ​ស្រែ​ទៀត​នោះ​ ទាំង​ព្រះ​បាទ​ចន្ទ​រា​ជា​ និង​ទាំង​ស្ដេច​កន​ បាន​ចុះ​កិច្ច្ច​ព្រមព្រៀង​​ផ្អាក​សង្គ្រាម​បណ្ដោះ​អាសន្ន​សិន​ ដើម្បី​ទុក​ឱកាស​ឲ្យ​ប្រជាជន​ធ្វើ​ស្រែ​សិន​។ ទង្វើ​បែប​នេះ​ក៏​បង្ហាញ​ពី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វិស័យ​កសិកម្ម​ដែរ​ ហើយ​ទ្រង់​ពិត​ជា​យល់​ច្បាស់​ថា ការ​ធ្វើសឹក​ដោយ​ខ្វះ​ចំណី​អាហរ​នោះ ទ័ព​ប្រាកដ​ជា​គ្មាន​កម្លាំងចិត្ត​ប្រយុ​-ទ្ធ​ទេ​ ហេតុ​នេះ​ហើយ​ទើប​មាន​ការ​បញ្ឈប់​សង្គ្រាម​ក្នុង​រយៈ​ពេល​ខ្លី​បែប​នេះ​។ ​បន្ថែម​​ពី​នេះ​ នៅ​ពេល​ដែល​មេទ័ព​សៀម​ដឹកនាំ​ទ័ព​ពី​ប្រទេស​សៀម​ មក​ឡោម​ព័ទ្ធ​ក្រុង​​លង្វែក​អស់រយៈ​ពេល​យ៉ាង​ យូរ​ ទី​បំផុត​​ក៏​ដាច់​ស្បៀង​ ហើយ​បាន​សម្រេច​ចិត្ត​ដឹកនាំ​ទ័ព​ត្រឡប់​ទៅ​មាតុភូមិ​ខ្លួន​វិញ​ មុន​នឹង​ទៅ​ ពួកគេ​បាន​បាច់​ប្រាក់​ដួង​ចូល​គុម្ព​ឫស្សី​ ប្រជាជន​ហេតុ​តែ​លោភលន់​ ហើយ​ដោយ​សារ​ឃើញ​សៀម​ដក​ទ័ព​ទៀត​នោះ ទើប​នាំ​គ្នា​កាប់​ឆ្ការ​ឫស្សី​អស់​ រហូត​អស់​រលីង​ មិន​យ៉ូរ​ប៉ុន្មាន​សៀម​ក៏​លើក​ទ័ព​មក​ម្ដង​ទៀត​ វាយ​បែក​បន្ទាយ​លង្វែក​ទៅ​។ ការណ៍​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា ស្បៀង​សំខាន់​ណាស់​ សៀម​ដាច់​បាយ​មែន​ តែ​គេ​បាន​ប្រើ​វិធីសាស្ត្រ​ពន្យាពេល​ដើម្បី​សម្រាក​យក​កម្លាំង​ និង​មាន​ឱកាស​ទៅ​យក​ស្បៀង​​ក្នុង​ការ​វាយ​បន្ត​ទៀត​ នៅ​ពេល​ពួក​គេ​ហូប​ឆ្អែត​ហើយ កម្លាំង​តស៊ូ​ក៏​កាន់​តែ​ក្លៀវ​ក្លា​ ហើយ​ទី​បំផុត​ក្រុង​លង្វែក​របស់​ខ្មែរ​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​។​ ក្រៅ​ពី​នេះ​ នៅង​សម័យ​សង្គម​រាស្ត្រ​និយម​វិញ​ ព្រះ​បាទ​នរោត្ដម​សីហនុ​ តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​វិស័យ​កសិ​កម្ម​ និង​នយោបាយ​ទឹក​ ដោយ​ទ្រង់​យល់​យ៉ាង​ច្បាស់​ថា ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​មហា​អំណាច​ខាង​ប្រេង​ស​ គឺ​អង្ករ​នេះ​ហើយ​ ទើប​ទ្រង់​ប្រឹងប្រែង​បែប​នេះ​។ 
    សរុប​មក​ឃើញ​ថា ការ​ធ្វើ​ស្រែ​មិន​អាច​ខ្វះ​ទឹក​បាន​ទេ​ យ៉ាង​ណា​មិញ​ ការ​ធ្វើ​សឹក​ក៏​មិន​អាច​ខ្វះ​បាយ​បាន​ដែរ​ ហេតុ​នេះ​ទើប​បុព្វបុរស​ខ្មែរ​គ្រប់​សម័យ​កាល​តែង​តែ​យកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​វិស័យ​ដាំដុះ​នេះ​ ហើយ​ក៏​តែង​តែ​គិត​គូរ​ពី​ការ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​ជានិច្ច​។
    យោង​តាម​ការ​បក​ស្រាយ​ខាង​លើ​នេះ​ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា សុភាសិត​នេះ​ពិ​ជា​មាន​ន័យ​អប់​រំ​ប្រកប​ដោយ​ឧត្ដមគតិ​យ៉ាង​ប្រាកដ​ ដែល​ពញ្ញាក់​ឲ្យ​អ្នក​ដឹក​នាំ​និង​​ប្រជាជន​ចេះ​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កម្ពុជា​ និង​ចូល​រួម​សាមគ្គី​គ្នា​ដើម្បី​ការពារ​ទឹក​ដី​ផង​ដែរ​ ដោយ​ពុំ​មាន​ការ​ធ្វេស​ប្រហែល​។ ក្នុង​នាម​ជា​កូន​ចៅ​ជំនាន់​ក្រោយ​ ត្រូវ​នាំ​គ្នា​អភិវឌ្ឍ​នេះ​ឲ្យ​កាន​តែ​រីក​ចម្រើន​ ដើម្បីឈាន​ទៅ​រក​ភាព​លូត​លាស់​​ក្នុង​ពេល​អនាគតដ៏​ខ្លី​នេះ​។

No comments: