Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, July 20, 2015

«ទូក​ទៅ​ កំពង់​នៅ​»​



សេចក្ដី​អធិប្បាយ​

         ទឹកហូរ​ទៅ​ហើយ​មិន​អាច​ត្រឡប់​ក្រោយ​បាន រី​ឯ​ជីវិត​ដែល​បាត់​បង់​ទៅ ក៏​មិន​អាច​រស់​ឡើង​វិញ​​បាន​ដែរ​ យ៉ាង​ណា​មិញ អ្វី​ៗ​ដែល​កើត​ហើយ​ រមែង​រលាយ​ទៅ​វិញ​​តាម​ច្បាប់​ធម្មជាតិ​ ដោយ​ឡែក​ មនុស្ស​គឺ​ជា​សត្វដែល​មាន​សភាវគតិ​ ចេះគិត​ពិចារណា​ ស្គាល់​ខុស​ត្រូវ​ ខ្លះ​ខំ​សាង​អំពើ​ល្អ​ រី​ឯ​អ្នក​ខ្លះ​ប្រព្រឹត្តតែ​អំពើ​ស្មោកគ្រោក​ ដល់​ខ្លួន​ស្លាប់​ទៅ​ ក៏​បន្សល់​កេរ្តិ៍​ឈ្មោះ​​ទៅ​តាម​ទង្វើ​របស់​ខ្លួន​។ ដើម្បី​ជា​ការ​ទូន្មាន​ដល់​ជនានុជន​ទាំងឡាយ​ ឲ្យ​ខំ​សាង​កុសលធម៌​ បុព្វ​យើង​បាន​បង្កើត​សុភាសិត​មួយ​ដោយ​ប្រៀប​ធៀប​ដូច​តទៅ​នេះ​ «​ទូក​ទៅ កំពង់​នៅ​»​។​​
        តើសុភាសិត​នេះ​បង្កប់​នូវ​តម្លៃ​អប់រំ​យ៉ាង​ដូចម្ដេច​ខ្លះ​?​
       ​ដើម្បី​ងាយ​ស្រួយ​ក្នុង​ការ​បក​ស្រាយ​សុភាសិត​ខាង​លើ​នេះ​ គួរ​គប្បី​យល់​នូវ​ពាក្យ​គន្លឺ​សំខាន់​មួយ​ចំនួន​សិន​ដូចជា «​ទូក​» និង​ «​កំពង់​»​។ ពាក្យ »​ទូក» ជា​​ប្រភេទ​នៃ​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ រី​ឯ​ «កំពង់​»​ ជា​កន្លែង​សម្រាប់​ទូក​ចូល​ចត​។ តាម​ន័យ​ត្រង់​គេ​អាច​ពន្យល់​បានថា ទូក​ធ្វើ​ដំណើរ​តាម​ទឹកអាច​ទៅ​ដល់​ត្រើយ​ ឬ​អាច​ជួប​គ្រោះ​ថ្នាក់​តាម​ផ្លូវ​ក៏​ថា​​បាន​​ ចំណែក​ឯ​កំពង់​ដ​ មិន​ទៅ​តាម​​ទូក​ទេ​ គឺ​នៅ​តែ​កន្លែង​ដដែល​ជានិច្ច​ គេ​ចង់​ធៀប​ថា «ទូកទៅ​»​ គឺ​នៅ​ពេល​ដែល​មនុស្ស​យើង​ស្លាប់​ទៅ​ តែ​ង​តែ​បន្សល់​នូវ​ «​កំពង់​»​ គឺ​កេរ្តិ៍​ឈ្មោះ​ហ្នឹង​ឯង​ បើ​ធ្វើ​អំពើ​ល្អ​ បន្សល់​នូវ​កេរ្តិ៍​ឈ្មោះ​ល្អ​ មាន​គេ​ស្រឡាញ់​រាប់​អានច្រើន​ បើ​ធ្វើ​អាក្រក់​ នឹង​បន្សល់​តែ​កេរ្តិ៍​ឈ្មោះ​ស្អុយ​រលួយ​ គេ​ស្អប់​គេ​ខ្ពើម​គ្រប់​ជំនាន់​ទៀត​ផង​។
        ជា​ការ​ពិត​ណាស់​ អ្វី​ៗ​ទាំង​អស់​មិន​អាច​ចៀសផុត​ពី​សេ​ចក្ដី​ស្លាប់​បាន​ឡើយ​ ទោះ​បី​អ្នក​ឯង​ធ្វើ​ល្អ​ក្ដី​ ធ្វើ​អាក្រក់​ក្ដី​ មាន​ឋានៈប់ុណ្ណា​ក៏​ដោយ​ ឲ្យ​តែ​ដល់​ពេល មច្ចុរាជ​ប្រាកដ​ជា​មក​តាម​ទារ​ព្រលឹង​ជា​មិន​ខាន​។ ជាក់​ស្ដែង​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ មាន​បុគ្គល​ដ៏​អស្ចារ្យ​ជាច្រើន​ដែល​បាន​ព្យាយាម​រក្សា​ការពារ​ទឹក​ដី​ខ្មែរ​ពី​បរទេស​ឈ្លាន​ពាន​ តួយ៉ាង​ដូចជា​ ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧​ បាន​ប្រដេញ​​ចាម្ប៉ា​ចេញ​ពី​​ក្រុង​អង្គរ​ ហើយ​ព្រះ​អង្គ​ខិតខំ​កសាង​ប្រាសាទ​បាយ័ន​ និង​លើក​តំកើង​អក្សរសាស្ត្រ​ និង​គោរព​សាសនា​ព្រះពុទ្ធ​ ក្រៅ​ពី​នេះ​ព្រះ​បាន​កសាង​សាលា​សំណាក់ មន្ទីពេទ្យ​ សាលា​ជាដើម​។ ក្រៅ​ពី​នេះ​ នៅ​ក្នុង​សម័យ​ឧដុង្គ​ ព្រះ​អង្គ​ឌួង​បាន​ឡើង​សោយ​រាជ្យ​នៅ​ខណៈពេល​ដែល​យួូួន​និង​សៀម​កាត់​ទឹក​ដី​ខ្មែរ​ជាពីរ​ចែក​គ្នា ដោយ​ព្រះអង្គ​​មាន​មនសិការ​ស្នេហា​ជាតិ​យ៉ាង​ជ្រាលជ្រៅ​នោះ​ ទើប​ទ្រង់​សម្រេច​ព្រះ​ទ័យ​​ផ្ញើ​រាជសារ​ ដើម្បី​សុំ​ជំនួយ​ពី​បារាំង​ក្នុង​ការ​កាត់​បន្ថយឥទ្ធិពល​​យួន​សៀម​ ក៏​ដូច​ជា​ការ​ទប់​ស្កាត​នូវ​ការ​លេប​ត្រដាក់​ប្រទេស​ខ្មែពី​សំណាក់​ប្រទេស​ទាំង​ពី​រ​នេះ​ផង​ដែរ​។ ព្រះ​អង្គ​មិន​ត្រឹម​តែ​ស្មោះ​ស្ម័គ្រ​ចំពោះ​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​ជា​កវី​និពន្ធ​ដ៏​ល្បីល្បាញ​ខាង​ផ្នែក​អក្សរសាស្ត្រ​ និង​ជា​អ្នក​ថែរក្សា​វប្បធម៌​ប្រពៃ​ណី​ខ្មែរ​ផង​ដែរ​។ ដោយ​ឡែក​ ព្រះបាទ​នរោត្តម​សីហនុ​ បាន​ដណ្ដើម​ឯករាជ្យ​ទាំង​ស្រុង​ពី​បារាំង​ជូន​មាតុភូមិ​កម្ពុជា​​យើង​​ទាំង​ស្រុង​ ឲ្យ​ស្គាល់​នូវ​ពន្លឺ​សន្តិ​ភាព​ ទោះ​បី​ទ្រង់​សុគត​ក្ដី ក៏​ក្ដី​ស្រឡាញ់​របស់​ប្រជាជន​ចំពោះ​ព្រះ​អង្គ​ ក៏​នៅ​តែ​ឋិតឋេរ​ជានិរន្តរ៍​។
        ដោយ​ឡែក​ បើ​ក្រឡេក​មក​មើល​ផ្នែក​អក្សរសិល្ប៍​វិញ​ គេ​ឃើញ​តួ​អង្គ​ចៅចិត្រ​ ក្នុង​រឿង​កុលាប​ប៉ៃលិន​ ​បាន​បង្ហាញ​ថា​ ​បាន​​បន្សល់​នូវ​គំរូ​ដ៏​ល្អ​សម្រាប់​អ្នក​សិក្សា​និង​យុវជន​ជំនា់ន់ក្រោយ​ ឲ្យ​ចេះ​តស៊ូ​អំណត់​អត់ធន់​ចំពោះ​ឧបសគ្គ​ និង​មិន​រើសអើង​ការងារ​ជាដើម។​ ផ្ទុយ​ទៅ​វីញ​ លោក​បាឡាត់​ស្រុ​ក​សង្កែ​ ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​លាមក​ចូល​ចិត្ត​មើល​ងាយ​អ្នក​ដែល​ទាប​ជាង​ខ្លួន មិន​គោរព​សិទ្ធិ​នារី​ និង​​រួម​ដៃ​ជាមួយ​ចោរ សកម្មភាព​របស់​គេ​ពុំ​អាន​អ្វី​ដែល​ជា​គំរូ​នោះ​ឡើយ​ គឺ​មាន​តែ​គេ​ស្អប់​ខ្ពើម​គ្រប់​ជាតិ​។ ម្យ៉ាង​វិញ​ទៀត ក្នុង​រឿង​ព្រះ​អាទិត្យ​ថ្មី​រះ​លើ​ផែន​ដី​ចាស់​ សម​ បាន​ជំនះ​រាល់​បញ្ហា​នៃ​ជីវិត​ រក្សា​នូវ​ឧត្ដមគតិ​ មិន​ប្រព្រឹត្ត​ថោកទាប​ ដូច​មនុស្ស​មនុស្ស​ភាគច្រើន​ឡើយ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គេ​ជា​បរុស​ដែល​ស្មោះត្រង់​ និង​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ​ទៀត​ផង​។​ លើ​ស​ពី​នេះ​ទៅ​ទៀត​ ​នៅ​ក្នុង​រឿង​ទុំ​ទាំវ​ បាន​ស​បញ្ជាក់​ឲ្យ​ឃើ​ញ​នូវ​ការ​ជិះជាន់​របស់​ពួក​អភិជន​ទៅ​អ្នក​ក្រី​ក្រ​តូច​តាច​ ជាក់​ស្ដែង​ អរជួន​ដែល​ជា​ស្ដេច​ត្រាញ់​ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ថ្លើម​ធំ​ហ៊ាន​ប្រឆាំង​នឹង​ព្រះរាជ​បញ្ជា​ស្ដេច ពង្រាត់​ទុំ​និង​ទាវ​ដែល​ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​ក្រោម​​ព្រះ​រាជអធិបតី​នៃ​ព្រះ​រាមា​ជើង​ព្រៃ​ ទង្វើ​ដ៏​គឃ្លើន​នេះ​ ធ្វើ​ប្រជា​ជន​នៅ​ក្នុង​សម័យ​នោះ​និង​អ្នក​សិក្សា​ជំនាន់​ក្រោយ​ថ្កោល​ទោស​ជា​ខ្លាំង​ ហើយ​គេ​តែង​តែ​ចងចាំ​នូវ​ចរិត​ដ៏​ព្រៃ​ផ្សៃ​របស់​ជន​នេះ​អស់​មួយ​ជីវិត​។​ សំខាន់​ជាង​នេះ​ទៅ​ទៀត​ ​ក្នុង​រឿង​ថៅកែ​ចិត្ត​ចោរ​ ពូ​ហំ​ បាន​បក​អាក្រាត​នូវ​ចរិត​ខូចខិល​របស់​ថៅកែដែល​ខិល​ខូច​ បោកប្រាស​កូន​ចៅ​ ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មិន​ពេញ​ចិត្ត​ថៅកែ​រូប​នោះ​ឡើយ។ បន្ថែម​ពី​នេះ​ រឿង​តេជោយ៉ត​ ក៏​បាន​បង្ហាញ​យ៉ាង​​ច្បាស់​ថា ជំទាវ​ស្រែន​ បាន​លះបង់​កម្លាំង​ពលកម្ម​និង​សម្រស់​ ដើម្បី​បោក​បញ្ឆោត​ស្ដេច​សំរ៉ែ​ ដែល​ជាជន​អាក្រក់​ចេញ​ពី​សង្គម​ រហូត​ទាល់​តែ​ទទួល​ជ័យ​ជម្នះ​ និង​ការ​ពារ​សន្តិសុខ​ជូន​ជាតិ​មាតុភូមិ​។ ទោះ​បី​នាង​ជា​ស្រី​ក្ដី​ ប៉ុន្តែ​ក៏​បាន​បន្សល់​នូវ​ស្មារតី​ស្នេហា​ជាតិ​និង​ស្រឡាញ់​នូវ​អំពើ​យុត្តិធម៌​ផង​ដែរ​។​
        សរុប​ គេ​ឃើញ​ថា​ បុគ្គល​ទាំង​ឡាយ​ខាង​លើ​​សុទ្ធ​តែ​បន្សល់​នូវ​ស្នាដៃ​ដែល​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​មនុស្ស​គ្រប់​ជំនាន់​ ហើយ​គេ​ឃើញ​​ព្រះ​រាជា​ខ្មែរ​ជាច្រើន​ខំ​បម្រើ​ការពារ​ជាតិ​ និង​ចាត់​ទុក​ថា ជា​វីរបុរស​ជាតិ​ ចំណែក​ឯបុគ្គល​ខ្លះ​ទៀត​ពេល​ស្លាប់​ទៅ​ នៅ​សល់​តែ​ស្នាមលាមក ដែល​គេ​តែង​តែ​ស្អប់​ខ្ពើម​ តួយ៉ាង​ដូចជា បាឡាត់​ស្រុក​សង្កែ​ ថៅកែចិត្ត​ចោរ​ជាដើម​។ ដូច​នេះ​បុគ្គល​ដែល​សាង​ល្អ​តែ​សល់​នូវ​គំរូល្អ​ រី​ឯ​ជន​ដែល​សាង​អំពើ​ទុច្ចរិត​ នៅ​សល់​តែ​​កេរ្តិ៍​ឈ្មោះ​ស្អុយ​រលួយ​ងំ ទាំង​អស់​នេះ​គេ​អាច​ប្រៀប​បាន​ថា «​កំពង់​នៅ​»​ រី​ឯ​សេចក្ដី​ស្លាប់​របស់​បុគ្គ​ល​ទាំង​នោះ​មិន​អាច​ចៀស​ផុត​បាន​ឡើយ​ គឺ​ប្រៀប​ស្មើ​នឹង​ «​ទុក​ទៅ​»​។​
        ​យោង​តាម​បក​ស្រាយ​ខាងលើ​នេះ​ គេ​អាច​វាយ​តម្លៃ​បាន​ថា សុភាសិត​ខាង​លើ​នេះ​ពិត​ជា​មាន​ន័យ​អប់​រំ​យ៉ាង​ជ្រាលជ្រៅ​បណ្ដុះ​ឲ្យ​មនុស្ស​សាង​តែ​អំពើ​កុសល​និង​សន្សំ​ ដើម្បី​ថែរ​ក្សា​កិត្តិយស​​​និងជាតិ​ខ្លួន​ឲ្យ​ក្រអូប​ដូច​បុប្ផា​ ក្រោយ​ដែល​ខ្លួន​លាចាក​លោក​នេះ​ទៅ​។​ ដូច​នេះ​ក្នុង​នាម​ជា​អ្នក​សិក្សា គួរ​គប្បី​ចេះ​បែង​ចែក​អ្វី​ល្អ​និង​អ្វី​ដែល​អាក្រក់​ ហើយ​ចៀស​វាង​នូវ​អំពើ​ខុស​ច្បាប់​ រក្សា​នូវ​សីលធម៌​ សុជីវធម៌​ និង​យុត្តិធម៌​ជានិច្ច​ ដើម្បី​រក្សាឈ្មោះ​ខ្លួន​ទៅ​ក្រោយ​ទុក​ជា​គំរូ​ដល់​អ្នក​ជំនាន់​ក្រោយ​ក្នុងការ​កសាង​ប្រទស​ជាតិ​។

ដោយ រស់ វាសនា​
ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥









No comments: