ក្រោមម្លប់ខ្ទមស្រែដៃម៉ៃទន់ភ្លន់
រលាស់ល្វត់ល្វន់បបោសថ្នាក់ថ្នម
ក្រមាម៉ែមួយជួយលួងបីបម
បក់មួយៗថ្នមអមមន្តវាចា។
បំពេដោយសៀងសំនៀងក្រអួន
ក្រមាអង្រួនរាំក្នុងហត្ថា
ត្រជាក់អនេកប្លែកក្នុងលោកា
សណ្ដំចិន្តាក្នុងក្ដីស្រឡាញ់។
ខ្យល់បក់តិចៗភ្លេចអស់ហ្មងសៅ
ក្រមានិត្យនៅក្បែរកូនសម្លាញ់
ក្រមាផន់មែប្រៀបម្ហូបឆ្ងុយឆ្ងាញ់
ចិត្តកូនចុះចាញ់បានស្គាល់រសជាតិ។
កូនគេងកើយភ្លៅម៉ែនៅតែបក់
រលឹមតក់ៗម៉ែនៅមិនឃ្លាត
ក្រមាម៉ែមួយហាក់ដូចរាប់ញាតិ
ភ្លៀងរយមេទៀតឃ្លាតកូនពុំបាន។
មានម៉ែនៅជិតចិត្តកូនកក់ក្ដៅ
ពាក្យប្រៀនប្រដៅដល់កូនកល្យាណ
ក្រមាតូចស្ដើងកូនដណ្ដប់ប្រាណ
សាងភាពសុខសាន្តបានធំដឹងក្ដី។
ពេលនេះក្រមាម៉ែខុសពីមុន
បេះដូងកូនស្ងួនដង្ហោយរកថ្លៃ
សល់ស្នាមរហែកដាច់ដាចឥតបី
ជាតិនេះជាតិថ្មីកូនស្គាល់ទៀតទេ។
និពន្ធដោយ រស់ វាសនា នៅភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១២
No comments:
Post a Comment