ពេលដើរពេលគេង ពេលឈរពេលលេង នឹកឃើញទាំងអស់
កូនខ្ទមទូលស្បូវ ចិត្តនៅស្រណោះ នឹកឃើញស្រស់ៗ
ជាប់នឹងនេត្រា។
ខ្ទមតូចច្រលឹង ធ្លាប់យោលអង្រឹង ក្រោមម្លប់រុក្ខា
មាន់គោក្របី បក្សីបក្សា អឺកងខ្ញៀវខ្ញារ
បន្ទរតាមខ្យល់។
កូនខ្ទមកំព្រា ឱបប្រាណរងា ក្រោមទុក្ខកង្វល់
ភ្លៀងធ្លាក់ស្រិចៗ បេះដូងវិលវល់ ប្រែប្រាណអំពល់
គេងកើតទុក្ខធំ។
ខ្យល់បកមកហើយ ចុងស្បូវផាត់ផើយ រារាំដំណំ
ដំបូលរហែក ជួយស្រែកទួញយំ កំដររូបខ្ញុំ
ក្រោមផ្ទៃមេឃា។
ឥឡូវបាត់ខ្ទម រូបខ្ញុំស្គាំងស្គម នឹកគ្រប់វេលា
នៅសល់តែដី បាត់ថ្លៃពុំងា ព្រាត់ខ្ទមកំព្រា
ផុតខ្សែនេត្រា។
ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២
No comments:
Post a Comment