Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, November 16, 2012

ធ្វើ​ស្រែ​ឲ្យ​មើល​ស្មៅ​ ទុក​ដាក់​កូន​ចៅ​ឲ្យមើល​ផៅ​សន្ដាន​





សេចក្ដី​អធិប្បាយ​
នៅ​ក្នុង​សង្គម​ខ្មែរ​ ការ​រក​គូស្រករ​ឲ្យ​កូន​ចៅ​មិន​មែន​​ងាយ​នោះ​ទេ​ គឺ​រមែង​ទទួល​ការ​ពិនិត្យ​ពីសំណាក់​ចាស់​ព្រឹទ្ធាចារ្យ​ឬ​ឪពុកម្ដាយ​ផង​ដែរ ដើម្បី​ពិនិត្យ​មើល​ពូជពង្ស​និង​ខ្សែ​ស្រលាយ​​វង្សត្រកូល​របស់​អ្នក​នោះ​ជា​មនុស្ស​ប្រភេទ​បែប​ណា​ ល្អ​ឬ​ក៏​មិន​ល្អ​។ ទម្រាំ​តែ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ឬ​គូ​អនាគត​ ត្រូវ​ទទួល​ការ​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ ដើម្បី​ទប់​ស្កាត់​ភាព​មិន​ចុះ​សម្រុង​គ្នា​ ឬ​ជម្លោះ​ដោយ​ប្រការ​ណា​មួយ​។ អាស្រ័យ​ហេតុ​នេះ​ហើយ​ទើ​ប​បុព្វ​បុរស​ខ្មែរ​ បង្កើត​សុភាសិត​មួយ​នេះ​​ឡើង​ថា​ «​ធ្វើ​ស្រែ​ឲ្យ​មើល​ស្មៅ​ ទុក​ដាក់​កូន​ចៅ​ឲ្យ​ផៅ​សន្ដាន​»
ដោយសារ​តែ​ប្រទេស​ខ្មែរ​យើង​ ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម​ ទើប​បុព្វ​រស​ខ្មែរ​យក​ការ​ធ្វើ​ស្រែ​មក​ភ្ជាប់​នឹង​ការ​ទុកដាក់​កូន​ចៅ​។ ប៉ុន្តែ​វា​ពោរ​ពេញ​ទៅ​ដោយ​ន័យ​ធៀប​ ហើយ​បង្កប់​នូវ​ខ្លឹមសារ​អប់រំ​យ៉ាង​ជ្រាលជ្រៅ​មិន​អាច​កាត់​ថ្លៃ​បាន​។​ បើ​ផ្ដោត​លើ​ន័យ​អត្ថានុរូប (ន័យ​ដើម​)​ បាន​ន័យ​ថា​ ការ​ធ្វើ​ស្រែ​ត្រូវ​តែ​សង្កេត​មើល​ស្មៅ​ ថា​តើ​ស្មៅ​វា​ដុះ​ច្រើន​ឬ​អត់​ បើ​ច្រើន​ ស្រូវ​ប្រាកដ​ជាដុះ​មិន​ល្អ​ទេ​ ដូច្នេះ​ត្រូវ​តែ​ចូក​ឬ​ដក​ស្មៅ​ចេញ​ ដើម្បី​ឲ្យ​ស្រូវ​លូត​លាស់​បាន​ល្អ​ ហេតុ​នេះ​វា​ប្រៀប​ទៅ​នឹង​ការ​ទុកដាក់​កូន​ចៅ​អ៊ីចឹង​ ត្រូវ​ចំណាយ​ពេល​អង្កេត​ ដើម្បី​ស្វែង​រក​ចំណុច​ល្អ​បុរស​ឬ​នារី​នោះ​មាន​។ ការ​ទុកដាក់​កូនចៅ​ បើ​មិន​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​ ប្រាកដ​ជា​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ទៅ​ថ្ងៃ​ក្រោយ​ជា​មិន​ខាន​។
តាម​​សុភាសិត​នេះ​ មិន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​មាស​ប្រាក់​ឡើយ​ ប៉ុន្តែ​ឲ្យ​តម្លៃ​ជា​ពិសេស​ទៅ​អត្តចរិត​ មារយាទ​ និង​បុគ្គលិក​លក្ខណៈ​របស់​បុគ្គល​នោះ​។ ការ​សម្លឹង​មើល​ត្រឹម​តែ​មាស​ប្រាក់​របស់​គេ​ អាច​ធ្វើ​មនុស្ស​ភ្លេច​ខ្លួន​ ហើយ​ឈាន​ទៅ​រក​ការ​វិនិច្ឆ័យ​ខុស​ ពំនោល​មួយ​ឃ្លា​គេ​ពោល​ថា​ «​ប្រាក់​ជា​ទាសករ​សម្រាប់​មនុស្ស​ល្អ​​ផង​និង​មនុស្ស​អាក្រក់​ផង​»។ តួ​យ៉ាង​ យាយ​នួន​ ម្ដាយ​នាង​វិធាវី​ នៅ​ក្នុង​រឿង​ផ្កា​​ស្រពោន​របស់​លោក​ ញ៉ុក​ ថែម​ បាន​ឲ្យ​តម្លៃ​ខ្ពស់​លើ​មាស​ប្រាក់​ ហើយ​បែរ​ជា​បំភ្លេច​ ប៊ុន​ ធឿន​ ចោល​ទៅ​វិញ​។ ចុង​ក្រោយ​មិន​ត្រឹម​តែ​បាត់​បង់​កូន​ប្រសា​ដ៏​ល្អ​ទេ​ ហើយ​ថែម​ទាំង​បាត់​បង់​កូន​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ទៀត​ផង​។ ចំណែក​ លោក​ ហ្លួង​រតនសម្បត្តិ​ នៅ​ក្នុង​រឿង​កុលាប​ប៉ៃលិន​ បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់​ទៅ​លើ​សមត្ថភាព​និង​កិរិយា​មារយាទ​ គឺ​រូប​ចៅ​ចិត្រ​នេះ​ឯង​ ពូជពង្ស​ក៏​ល្អ​ មាន​ចំណេះ​ដឹង​គ្រាន់​បើ​ មាន​ចិត្ត​ក្លាហាន​ ស្មោះត្រង់​ចំពោះ​ចៅហ្វាយ​នាយ​ ចេះ​ជួយ​ទុក្ខធុរៈ​គ្នា​ទៅវិញ​ទៅ​មក​ មាន​ចិត្ត​ទូលាយ​ ចេះ​ឱន​លំទោន​ ចំណុច​ទាំង​នេះ​ដែល​លោក ហ្លួង​រតនសម្បត្តិ​ ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​រូប​គេ​។ ហេតុ​នេះ​ហើយ​ទើប​ គូ​ស្រករ​ទាំង​ពីរ​នេះ​រស់​នៅ​ជាមួយ​គ្នា​ប្រកប​ទៅ​ដោយ​សុភមង្គល​យ៉ាង​ពិត​ប្រាកដ​។ ការ​លើក​នាង​ សីតា​ ទៅ​ឲ្យ​ព្រះរាម​ក៏​មិន​ខុស​អី​ពី​ការ​ធ្វើ​ស្រែ​ឲ្យ​មើល​ស្មៅ​ឡើយ​ ព្រោះ​ព្រះរាម​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​​និង​មាន​ភាព​ក្លាហាន​ ហើយ​ព្រះ​អង្គ​នៅ​តែ​តាម​ថែរក្សា​នាង​សីតា​ ជា​និច្ច​ មិន​ឲ្យ​នាង​ទទួល​រង​ការ​ឈឺ​ចាប់​ឡើយ​។ ដូច្នេះ​ ការ​ទុក​ដាក់​កូន​ចៅ​ ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ សម្រាប់​អនាគត​របស់​កូន​ប្រុស​ស្រី​ គឺ​ទាមទារ​ឲ្យ​មាន​សង្កេត​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទៅ​លើ​បុគ្គល​ម្នាក់​នោះ​។
ផ្ទុយ​ទៅ​វិញ​​ ក៏​នៅ​មាន​មតិ​មួយ​ទៀត​មិន​ទាន់​យល់​ស្រប​ទាំង​ស្រុង​ផង​ដែរ​ គឺ​ធ្វើ​ស្រែ​មិន​ត្រឹម​មើល​តែ​ស្មៅ​នោះ​ទេ​ គឺ​ទាម​ទារ​ឲ្យ​មានការ​ស្រោច​ទឹក​ ដាក់​ជី​ និង​ចេះ​រើស​ពូជ​ស្រូវ​វ​ផង​​​ដែរ​ បើ​ប្រៀប​ជាមួយ​នឹង​មនុស្ស​ ការ​ទុក​ដាក់​ឲ្យ​មើល​ផៅ​សន្ដាន​ក៏​មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ​​ឡើយ។ គេអាច​​វាស់​ជម្រៅ​សមុទ្រ​បាន​ ប៉ុន្តែ​គេ​មិន​អា​ច​វាស់​ដឹង​ជម្រៅ​ចិត្ត​មនុស្ស​បានទេ​​ ចិត្ត​មនុស្ស​បត់​បែន​ដូច​ជា​ទឹកស្ទឹង​ ពិបាក​ប៉ាន់​ស្មាន​ណាស់។ ជួនកាល​មនុស្ស​អាច​បោក​បញ្ឆោត​ឬ​ធ្វើ​​ពុ​ត​ជា​មាន​ចរិត​ល្អ​ ដែល​យើង​មើល​ពី​សម្បក​ខាង​ក្រៅ​មិន​ដឹង​។​ ជួនកាល​ទៀត​ អ្នក​ពូកែ​ក្លែង​បន្លំ​ធ្វើ​ល្អ​ ប៉ុន្តែ​ចិត្ត​ខាង​ក្នុង​ពោរពេញ​ទៅ​ដោយ​ភាព​ស្មោកគ្រោក មាន​ចិត្ត​ចង្អៀត​ចង្អល់​ ឬ​មាន​បំណង​មិន​ល្អ​ ឬ​អាច​សម្លឹង​មើល​ឃើញ​ផល​ប្រយោជន៍​អ្វី​មួយ​​ដែល​យើង​មិន​បាន​ចាប់​អារម្មណ៍។ ពេល​ខ្លះ​ទោះ​ជា​ផៅ​សន្ដាន​​មិន​ល្អ​ ក៏​មិន​ប្រាកដ​ថា​បុគ្គល​ម្នាក់​នោះ​អាក្រក់​ដែរ​ គេ​ថា​ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​ ប៉ុន្តែ​វា​ក៏​អាច​​ជ្រុះ​ឆ្ងាយ​ពី​គល់​ដែរ​។ និយាយ​ឲ្យ​ស្រួល​ស្ដាប់​ទៅ​ មនុស្ស​មាន​បុគ្គលិក​លក្ខណៈ​មិន​ដូច​គ្នា​ទេស ផៅ​សន្ដាន​ល្អ​​ អា​ច​បុគ្គល​នោះ​មិន​ល្អ​ ផៅ​សន្ដាន​មិន​ល្អ​ អា​ច​បុគ្គល​នោះ​ល្អ​ ហើយ​អាច​ល្អ​ទាំង​ព្រម​ទៀត​ផង។
ដូច្នេះ​ គំនិត​ដែល​ពោល​ថា​ «​ធ្វើ​ស្រែ​ឲ្យ​មើល​ស្មៅ​ ទុក​ដាក់​កូន​ចៅ​ឲ្យ​មើល​ផៅ​សន្តាន​»​ មិន​ខុស​អ្វី​ទេ​ គ្រាន់​តែ​មាន​ចំណុច​ខ្វះ​ខាត​បន្តិច​បន្តួច​ប៉ុណ្ណោះ​។ គួរ​ណាស់​តែ​យល់​ថា​ មនុស្ស​មាន​លក្ខណៈ​មិន​ដូច​គ្នា​ មាន​មនុស្ស​ល្អ​និង​មនុស្ស​អាក្រក់ វាប្រៀប​ដូច​ជា​ការ​ធ្វើ​ស្រែ​ដែល​មិន​មែន​ពឹង​តែ​ការ​មើល​ស្មៅ​ប៉ុណ្ណោះ​ឡើយ​ គឺ​ត្រូវ​ថែម​ជី​ ស្រោច​ទឹក​ ការ​មើល​ថែ​ផង​ដែរ​។ ជា​ការ​ពិត​ណាស់ មុន​នឹង​រៀប​ទុក​ដាក់​កូន​ចៅ​ ឪពុក​ម្ដាយ​គ្រប់​រូប​គួរ​តែ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​ជាមុន​សិន​ មុន​នឹង​សម្រេច​ចិត្ត​ ដោយ​មិន​សម្លឹង​ទ្រព្យ​ គឺ​ឲ្យ​តម្លៃ​ទៅ​លើ​សមត្ថភាព​ ចំណេះ​ដឹង​ និង​សីលធម៌​ជា​ធំ​។

ដោយ រស់ វាសនា

No comments: