Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, November 22, 2012

បេះដូង​អំណត់​





វាចា​ពី​ចិត្ត​រឹត​ចំណង​                             ​គួប​ផ្សំ​បំណង​​ប៉ង​ប្រាថ្នា​

ថ្លែង​ពី​កម្លាំង​ក្នុង​អាត្មា​                          រិះ​រៀន​វិចារណ៍​​គ្មាន​ទំនេរ​។​

​ប្រឹង​ប្រែង​ក្រែង​ទាន់​ចេះ​​​​ចងចាំ​           អាន​ស្ដាប់​ចំណាំ​​មិន​​ងាករេ​

កត់​ត្រា​ត្រឹម​ត្រូវ​គិត​គ្នាន់​គ្នេរ​                ចិត្ត​មិន​​វៀច​វេរ​ទេរ​តាម​ខ្យល់​។​

បេះ​ដូង​មោះ​មុត​មិន​ស្លុតស្លាំង​            ស៊ូ​​​មិន​ភាន់​ភាំង​នៅ​វិល​វល់​

ប្រឹង​អំណត់​បំភ្លេចកង្វល់​                    ដើរ​រហូត​ដល់​ដែន​បំផុត​។​

ទោះ​ឧបសគ្គ​ច្រើន​យ៉ាង​ណា​             ​មិន​អាច​ប្រហារ​ចិត្ត​មោះ​មុត​

​មិន​អាច​ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់​                            ​លុះ​លោក​រលត់​ភ្នំ​រលាយ​។

កែវ​ភ្នែក​សម្លឹង​ប្រឹង​ទៅ​មុខ​                 លុក​លុយ​សម្រុក​​ពាក្យ​គេ​ទាយ​

កុំ​ចាំ​សំណាង​ពី​ព្រេង​នាយ​                 ​​គួរ​ចិត្ត​រីករាយ​ងើប​តស៊ូ​។​

ពេល​ក៏លឿន​ជីវិត​ក៏​ខ្លី​                        ​​ប្រែ​ប្រាណ​ឃ្មាត​ខ្មី​មិន​រអ៊ូ​

ទោះ​ចាញ់​ទោះ​ឈ្នះ​នៅ​តែ​ស៊ូ​            ចិត្ត​មិន​ផ្លាស់​ប្ដូរ​រឹង​ដូចថ្ម​។​


និពន្ធ​ដោយ​ រស់​ វាសនា​ នៅ​​ពាក់​កណ្ដាល​អធាត្រ​​ឈាន​ចូល​ថ្ងៃ​ថ្មី​ព្រហស្បត្តិ៍ ទី​២២ ខែ​វិច្ឆិកា​ ឆ្នាំ​

២០១២                   

No comments: