Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, August 25, 2019

បាក់ឌុប ១៩ សីហា ២០១៩ អក្សរសិល្ប៍ខេមរនិយម​បង្ហាញ​ពីសង្គម​ខ្មែរ​តាមសម័យកាល​នីមួយៗ


ប្រលងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ
សម័យប្រលង ១៩ សីហា ២០១៩
វិញ្ញាសា អក្សរសាស្ត្រខ្មែរ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម
ប្រធានបទ «អក្សរសិល្ប៍ខេមរនិយម​បង្ហាញ​ពីសង្គម​ខ្មែរ​តាមសម័យកាល​នីមួយៗ​» ចូរ​អ្នក​បកស្រាយ​ឲ្យបាន​ក្បោះ​ក្បាយដោយលើក​អត្ថបទ​អក្សរសិល្ប៍ឲ្យបាន​បីមកបញ្ជាក់។

គំនិតសំខាន់
ឧទាហរណ៍អក្សរសិល្ប៍
សម័យលង្វែក
រឿងទុំទាវ
-          របបសក្ដិភូមិ រាជានិយម​ផ្ដាច់ការ
-          ប្រពៃណីខ្មែរ ការបួសរៀន ពិធីចូលម្លប់ ការស្ដីដណ្ដឹង ជំនឿ​លើ​ការទស្សន៍ទាយ
-          គោរពលើព្រះពុទ្ធសាសនា
សម័យអាណានិគមនិយមបារាំង និងជប៉ុន
រឿងភូមិតិរច្ឆាន
-          បារាំង​គាបសង្កត់ខ្មែរ ទារពន្ធដារ
-          ការ​ក្រោក​តស៊ូប្រឆាំង​នឹងបារាំង​
-          សម្លាប់បារដែស
-          ការដាក់ភូមិក្រាំង​លាវ​ទៅជា​ភូមិតិរច្ឆាន
រឿងគូលីកំណែន
-          ស្ថិត​នៅក្រោម​អាណានិយម​ជប៉ុន ក្រោយពី​ជប៉ុន​វាយឈ្នះបារាំង​ និង​ចូលលុក​លុយ​ពាសពេញទ្វីបអាស៊ី
-          ប្រជាជនជាច្រើនជាប់កំណែន​របស់ជប៉ុន
-          ចលនាតស៊ូរបស់ខ្មែរដើម្បីជាតិ ដូចជា ម៉ឹង លឹម​ ជាដើម
សម័យសង្គមរាស្ត្រនិយម
រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់
-          ការរីកចម្រើនឡើងវិញ​របស់កម្ពុជា ក្រោយពីរំដោះទឹកដី​ចេញ​ពី​អាណានិគម​និយម​បារាំង ក្រោម​ព្រះរាជកិច្ច​ដ៏​ភ្លឺ​ស្វាង​របស់​អង្គសម្ដេច​ឪ




សេចក្ដីអធិប្បាយ
            អក្សរសិល្ប៍គឺជាវិទ្យាសាស្ត្រមួយដែល​សិក្សា​អំពីសង្គម​ មានកម្មវត្ថុដ៏ច្បាស់​លាស់​ត្រូវ​វិភាគទៅ​លើ​មនុស្ស​ ដោយ​កត្តា​ទាំង​នេះ​ហើយទើប​វណ្ណកម្មតែងនិពន្ធក្នុងចលនាខេមរនិយម​រមែង​ផ្ដោត​យ៉ាង​ខ្លាំង​ទៅ​លើ​ស្ថានភាពទូទៅ​ទាំងអស់​ដែលជាប់​ពាក់ព័ន្ធនឹង​ប្រទេស​កម្ពុជាស្ទើរ​គ្រប់ពេល​វេលា​​ រួម​មាន​ដូចជា វប្បធម៌ ប្រពៃណី ជំនឿសាសនា របៀបរស់នៅ ការប្រកបរបរ​ចិញ្ចឹម​ជីវិត​ និង​របៀបគ្រប់គ្រង​រដ្ឋ​ជាដើម រាប់តាំងពីសម័យ​លង្វែក ឧដុង្គ សម័យបារាំង និងសង្គម​រាស្ត្រនិយម​ជាដើម​​។ ដោយ​មើល​ឃើញ​បែប​នេះ​ហើយ ទើប​មាន​ទស្សនៈមួយ​ពោល​ឡើងថា «អក្សរសិល្ប៍ខេមរនិយម​បង្ហាញ​ពី​សង្គម​ខ្មែរតាម​សម័យកាល​នីមួយ​ៗ​»។
            តើ​ទស្សនៈប្រធានខាង​លើ​នេះ​ចង់​បង្ហាញអំពី​អ្វីខ្លះ?
            ដើម្បី​ជា​ពន្លឺក្នុងការ​ធ្វើ​បំណក​ស្រាយ​ ជា​បឋម​គួរគប្បី​ស្គាល់​នូវ​ពាក្យ​គន្លឹះ​ជាមុនសិន រួម​មាន​ដូចជា «អក្សរសិល្ប៍​»​ «ខេមរនិយម​» និង «សម័យកាល​»។ ពាក្យថា «អក្សរសិល្ប៍» គឺជាកម្រងស្នាដៃ​ដែល​សិក្សា​អំពី​ជីវិត បញ្ហា​សង្គម​ និងដំណោះស្រាយ​ក្នុងជីវភាព​រស់​នៅ​ដែលអ្នក​​និពន្ធ​ធ្លាប់​បាន​ឆ្លងកាត់ ឬ​ធ្លាប់​ដឹង​ធ្លាប់​ឮ​ រី​ឯ​ «ខេមរនិយម​»​ សំដៅ​ទៅ​លើ​ទំនោរ​ទៅ​រក​ខ្មែរ រួម​មាន​វប្បធម៌​ប្រពៃណី​ សាសនា ផ្នត់គំនិត​របស់ខ្មែរ​ជាដើម​ ចំណែក​ឯ​ «សម័យកាល​» បង្ហាញ​អំពី​ពេលវេលាពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ ដែល​អាច​មាន​របៀប​គ្រប់​គ្រង​ខុសៗ​គ្នា​។ តាមរយៈ​មតិ​ប្រធាន​ខាង​លើ​ គេ​ចង់​បង្ហាញ​យ៉ាង​ដូច្នេះថា ស្នាដៃ​ទាំង​ឡាយ​ណា​ដែល​ស្ថិត​នៅ​ក្នុងចលនា​អក្សរសិល្ប៍​ខេមរនិយម​តែងតែឆ្លុះបញ្ចាំង​ឲ្យឃើញ​យ៉ាង​ច្បាស់​នៃ​រជ្ជកាល​ឬ​ជំនាន់នីមួយៗដែល​ជា​ទិន្នន័យដ៏​សំខាន់​សម្រាប់​អ្នកសិក្សាស្រាវជ្រាវ។
            ជាការពិត​ណាស់​ អក្សរសិល្ប៍គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​សង្គម ដែល​អាច​ឲ្យ​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​នូវ​អាកប្បកិរិយា​នាជំនាន់​នោះ​ដូចជា អំពើ​ជិះ​ជាន់ ការ​គៀបសង្កត់ ចលនា​តស៊ូ ជំនឿ​សាសនា​ និង​របៀបរបប​ដឹកនាំ​ជាដើម​។ ជាទឡ្ហីករណ៍​ ក្រោយ​ពី​សិក្សារឿង​ទុំទាវ​ចប់សព្វគ្រប់​មក​ គេ​អាច​សង្កេត​ឃើញ​យ៉ាង​ប្រត្យក្ស​​អំពី​សម័យ​លង្វែក​ នៅ​ក្នុង​នោះ​ អំណាច​ស្ថិត​នៅ​ក្រោម​មនុស្ស​តែ​មួយ​ក្រុម​តូចប៉ុណ្ណោះ​ អ្នក​ណាខ្លាំង​អ្នក​នោះ​ឈ្នះ​ ចៅ​ហ្វាយ​ខេត្ត​ប្រៀប​ដូចជា​ស្ដេច​ត្រាញ់​ប្រចាំ​តំបន់​ ដែល​មាន​សិទ្ធិ​សម្រេច​អ្វីៗ​ទាំង​អស់​នៅ​ទីតាំង​ដែលខ្លួន​បាន​កាន់កាប់​។ ជាក់​ស្ដែង​ អរជូន​បាន​ប្រើ​ឥទ្ធិពល​ដើម្បី​ចាប់​បង្ខំ​នាងទាវ​ឲ្យរៀបការ​ជាមួយ​កូន​ខ្លួន​ គឺម៉ឺន​ងួន ​នេះ​ឯង​។ បន្ថែម​ពី​នេះ គេ​អាច​និយាយ​បានថា ការ​គ្រប់​គ្រង​រដ្ឋ​​របស់​ប្រទេស​កម្ពុជា​សម័យ​នោះ​ ប្រកាន់​នូវ​របប​រាជានិយម​ផ្ដាច់​ការ​ ស្ដេច​មាន​រាជានុសិទ្ធិ​គ្រប់បែប​យ៉ាង​ ចង់​ចាប់​ចង់​សម្លាប់​ គឺ​អាច​ធ្វើ​ទៅ​បាន​គ្រប់​កាលៈទេសៈទាំងអស់​ ដូចជា​ចាប់​បក្សពួកអរជួន និង​ម្ដាយ​ទាវ​ប្រហារជីវិត​ និង​បញ្ចូល​អ្នក​ចូលរួម​ពិធី​មង្គលការរវាង​នាង​ទាវ និង​ម៉ឺនងួន ​ឲ្យ​ទៅ​ជា​អ្នក​ងារ​ទាំងអស់​។ មិន​ត្រឹមតែប៉ុណ្ណោះ​ គេ​ក៏​អាចដឹង​នូវ​របៀប​នៃការសិក្សា​នៅ​សម័យលង្វែក​​ផងដែរ ដូចជា​បុរស​ត្រូវ​បួសរៀន​នៅទី​អារាម រីឯ​នារី​ត្រូវ​ចូលម្លប់​។ តួយ៉ាង ទុំ​ជា​ព្រះ​សង្ឃ​បាន​សិក្សា​រៀនសូត្រ​នូវ​គម្ពីរដីការ​ និងចេះស្មូត្រ​ រួម​ទាំង​ចេះ​ធ្វើ​ជំនួញ​ជួញ​ដូរទៀត​ផង​ ចំណែក​ឯ ពេជ្រ មាន​ជំនាញ​ផ្លុំ​ប៉ី​ ថ្លែង​ពី​នាង​ទាវ​ត្រូវបាន​ម្ដាយ​ឲ្យចូល​ម្លប់​ដើម្បី​ត្រៀម​ខ្លួន​ក្លាយ​ជា​នារី​ខ្មែរ​ពេញ​លក្ខណៈ​ ហើយ​រៀននូវសីលធម៌ ច្បាប់ស្រីជាដើម។ ក្រៅ​ពី​នេះ អ្នកនិពន្ធ​បាន​លើក​ឡើង​នូវ​ពិធី​ចូលស្ដីដណ្ដឹង​ ត្រង់អរជូន​ទៅដណ្ដឹង​នាង​ទាវឲ្យ​ទៅ​កូន​ខ្លួននេះឯង​ ចំណែក​ជំនឿ​ទៅលើ​ហោរ​ គឺនៅតែ​ពេញ​និយ​ម​ដោយ​មិន​អាចបំបាត់បាន និង​មាន​លក្ខណៈឆុត​ខ្លាំង​ណាស់ មែន​ទែន​ទៅ​ លោក​គ្រូ​ចៅអធិការ​វត្តបានទាយ​ឲ្យទុំ​ថា​មិន​ត្រូវ​សឹក​ក្នុងពិសាខ​ទេ​ ដោយជាន់លើ​សេចក្ដីស្លាប់​ ប៉ុន្តែទុំ​មិន​ស្ដាប់សោះ​ ក៏​លួច​លាចាក​សិក្ខា​បទដោយ​ចិត្ត​ឯង ទីបំផុត​ក៏ស្លាប់​យ៉ាង​ទាន់​ហន់​តែ​ម្ដង។ និយាយ​ឲ្យខ្លី​ទៅ​ តាមរយៈរឿងទុំទាវ​នេះ​បាន​បង្ហាញ​ឲ្យយ៉ាង​ប្រាកដ​អំពីសម័យ​លង្វែក ដែល​រួម​មាន​របប​គ្រប់​គ្រង​បែ​ប​រាជានិយម​ផ្ដាច់ការ ការបួសរៀន ពិធីចូលម្លប់​ ការ​ទស្សន៍ទាយ និង​ការគោរព​ព្រះពុទ្ធសាសនា​ជាដើម​។
            បន្ថែម​ពីនេះ​​ តាមរយៈរឿង​ភូមិតិរច្ឆាន ដែល​ជាវណ្ណកម្ម​របស់​លោក ឌឹក គាម និង ឌឿក អំ​ ​បាន​ឆ្លុះ​បញ្ចាំង​នូវ​ស្ថានភាព​ប្រទេស​កម្ពុជា​​ក្រោម​នឹម​អាណានិគម​និយម​បារាំង ហើយ​ប្រជាជន​ រួម​ទាំង​មន្ត្រី និង​ព្រះ​មហាក្សត្រ​ ទទួល​រងនូវ​ការ​គាប​សង្កត់​គ្រប់បែប​យ៉ាង​។ ជាការ​ពិត​ណាស់ បារាំង​បា​ន​ជំរិត​ទារ​ពន្ធដារ​យ៉ាង​ធ្ងន់​ធ្ងរ​មក​លើ​ប្រជាជន​កម្ពុជា​ដើម្បី​បំពេញ​មហិច្ឆតា​សង្គ្រាម​របស់ខ្លួន​ ជាពិសេស​នៅ​ភូមិ​ក្រាំង​លាវ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​ ដោយប្រជាជន​ទ្រាំ​ទ្រ​មិន​បាន​ក៏​នាំ​គ្នា​បះបោរ​ រួច​ក្រុម​បក្សពួក​ជួននិងនៅ ក៏​បាន​សម្លាប់​បារាំង​ បារដែស ដោយ​ជោគ​ជ័យ ប៉ុន្តែ​ជា​អកុសល ត្រូវ​ទ័ព​បារាំង​បង្ក្រាប​វិញ​យ៉ាង​ចាស់ដៃ​ មិនត្រឹមតែ​ប៉ុណ្ណោះ ដើម្បី​យក​ចិត្ត​បារាំង​ ព្រះបាទ​ស៊ីសុវត្ថិ​ក៏​បាន​ចេញ​ព្រះរាជ​ប្រកាស​មួយ​ដោយ​ប្ដូរ​ឈ្មោះ​ភូមិ​នេះ​ទៅ​ជា​ភូមិ​តិរច្ឆានវិញ​ រួច​ត្រាស់​ឲ្យ​សាង​ចេតិយ​របស់​បារដែស​នៅ​ទី​នោះ​ដើម្បី​រំឭក​ និង​ធ្វើ​ពិធី​បុណ្យ​សពផង​ដែរ​ ដែល​គេ​សង្កេត​ឃើញ​ភស្តុតាង​បន្សល់​ទុក​រហូត​មក​ទល់​សព្វថ្ងៃ​នេះ​។ មួយ​វិញ​ទៀត​ ក្នុងរឿង​គូលីកំណែន ក៏​បាន​ស្ដែង​ឲ្យ​ឃើញ​នូវចក្រពត្តិ​និយម​ជប៉ុន​ បាន​កែន​ប្រជាជន​ខ្មែរ​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ពោធិ៍ចិនតុង​យ៉ាង​ដាច់ថ្លៃ​បំផុត​ មិនត្រឹមតែប៉ុណ្ណោះ ភាព​ប្រទាញ​ប្រទង់​គ្នា​រវាង​ជប៉ុន​ និង​បារាំង​ បាន​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែរង​នូវអំពើ​អយុត្តិធម៌​គ្រប់​បែប​យ៉ាង ដូច្នេះ​ហើយ​ ទើប​ តួអង្គ លឹម នូដូង ម៉ឹង ជាដើម​ បាន​ក្រោក​តស៊ូ​បណ្ដេញ​ជប៉ុន បារាំង​ចេញ​ពី​ប្រទេស រហូត​ដល់​មាន​សន្ធិសញ្ញាក្រុង​ស៊ឺណែវ​ទៀត​ផង។​ តាមរយៈ​ស្នាដៃ​ទាំង​នេះ បាន​បង្ហាញ​នូវ​របប​ដ៏​ខ្មៅ​កខ្វក់​ជិះជាន់​ កម្ពុជា​ ក្រោម​នឹម​អាណានិគម​និយម​បរទេស​បារាំង​ជប៉ុន​ ដែល​ធ្វើ​ឲ្យ​ប្រជាជនខ្មែរ​គ្រប់រូបក្រោក​ប្រឆាំង​ដើម្បី​ឯករាជ្យ និង​បូរណភាព​ទឹក​ដី​របស់ខ្លួន​។
            អ្វីដែល​ពិសេស​ជាង​នេះ​ទៅទៀត រប​ប​អាណានិគម​ទាំង​ឡាយ​ ក៏រលាយ​អស់​ទៅវិញ​ ក្រោម​ព្រះរាជកិច្ចដឹក​នាំ​ដ៏​ភ្លឺស្វាង​របស់អង្គ​សម្ដេច​ឪ។ តួយ៉ាង​ តាមរយៈវណ្ណកម្មអក្សរសិល្ប៍រឿង​ព្រះអាទិត្យ​ថ្មីរះ​លើ​ផែនដី​ចាស់ បាន​សរ​បញ្ជាក់​នូវ​ភាពឈឺចាប់​របស់​ប្រជាជន​ខ្មែរ​ក្រោម​នឹម​បរទេស ដែល​រក​ព្រឹក​ខ្វះ​ល្ងាច​ រក​ល្ងាច​ខ្វះ​ព្រឹក​ អំពើ​ពុក​រលួយផ្ទុះ​ឡើងគ្រប់​ទី​កន្លែង​ ការ​កេង​ប្រវ័ញ្ច ការកុហកបោកប្រាស់ពី​អ្នក​នយោបោក ដែល​នាំ​ឲ្យ​ពលរដ្ឋ​ស្លូត​ត្រង់​ត្រូវរងវិនាសកម្ម​ ជាក់ស្ដែង​ សម​​ ត្រូវ​រង​នូវ​អំពើ​អយុត្តិធម៌ស្ទើរ​គ្រប់​រូបភាព។ ​ដោយ​សេចក្ដី​ឈឺចាប់ទាំងនេះ ព្រះបាទនរោត្ដមសីហនុ ដែល​ទ្រង់​ពោរពេញ​ទៅដោយ​ព្រះរាជបញ្ញាញាណ​ដ៏​ឈ្លាស​វៃ បាន​នាំ​ប្រជាជនខ្មែរ បង្កើត​ជា​កង​ជីវពល​នារី​ក្លាហាន ស្វែង​រក​មតិ​គាំ​ទ្រ​ពី​សំណាក់​អន្តរជាតិ ដូចជានៅ​ប្រទេសថៃ កាណាដា សហរដ្ឋអាមេរិក​ជាដើម។ ដោយ​ចលនា​តស៊ូ​តាម​រយៈការ​ទូ​ត​នេះ​ ធ្វើ​ឲ្យ​ពិភព​លោក​ទាំង​មូលគាំ​ទ្រ និង​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ចក្រពត្តិ​នេះ​ មិន​យូរ​ប៉ុន្មាន កម្ពុជា​ក៏​បាន​ទទួល​ឯក​រាជ្យ​យ៉ាង​ពិត​ប្រាកដ​ពីសំណាក់​បារាំង​។ គ្រា​នោះហើយ​ ដែល​កម្ពុជា​ស្គាល់​នូវ​របប​ថ្មី​ទៀត​ គឺសង្គម​រាស្ត្រ​និយម អ្វីៗ​ទាំងអស់​ក៏​មាន​ការរីកចម្រើន​ រួម​ទាំង​សង្គមកិច្ច នយោបាយ​ ហេដ្ឋារចនាសម្ព័ន្ធ​ សេដ្ឋកិច្ច​ ហើយ​កម្ពុជា​ទាំងមូលក៏មាន​សន្តិភាព រីឯ​សម ក៏វិល​ទៅរស់​នៅឯស្រុក​កំណើត​វិញ​ដោយ​ភាពសុខសាន្ត។ ហេតុ​នេះ​ តាមរយៈរឿង​ព្រះអាទិត្យថ្មីរះលើ​ផែនដីចាស់ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ប្រាកដ​នូវ​ការរលំរលាយ​នៃរបប​ចក្រពត្តិនិយម​បារាំង​ និង​ការ​រីកលូតលាស់​នៃ​របបសង្គម​រាស្ត្រ​និយម​ក្រោម​ព្រះរាជ​កិច្ច​ដឹក​នាំ​របស់​ព្រះបាទនរោត្ដម​សីហនុ​ដែលបាន​ធ្វើ​ឲ្យ​កម្ពុជា​លូតលាស់​ស្ទើរ​គ្រប់​វិស័យ​។
            សរុបសេចក្ដី​មក គេឃើញ​ថា​ស្នាដៃ​អក្សរសិល្ប៍ខាង​លើ​បាន​បង្ហាញ​ឲ្យឃើញ​នឹង​ភ្នែក​នូវ​សម័យ​កាល​នីមួយ​ៗ​យ៉ាង​ជាក់ច្បាស់​បំផុត​ ជាក់ស្ដែង​ រឿង​ទុំទាវ​សរបញ្ជាក់​នូវ​សម័យ​លង្វែក​ រឿង​គូលែន​កំណែន​ និង​រឿង​ភូមិតិរច្ឆាន​ បាន​លាតត្រដាង​នូវ​ស្ថានភាព​ប្រទេស​កម្ពុជា​នៅ​ក្រោម​របប​អាណានិគម​និយម​ពីរ​គឺ​បារាំង និង​ជប៉ុន រួម​ទាំងរឿង​ព្រះអាទិត្យថ្មីរះលើ​ផែនដីចាស់ បាន​បញ្ចូល​នូវ​ការ​ផុត​រលត់​នៃ​ពួក​បរទេស​ឈ្លានពាន ដោយ​ព្រះរាជ​ដឹកនាំ​របស់​ដ៏​ភ្លឺ​ស្វាង​របស់អង្គ​សម្ដេច​ឪ​ ដែល​ធ្វើឲ្យ​ប្រទេស​ខ្មែរ​ជួប​ប្រទះ​តែ​សុខ​សន្តិភាព ​ឯករាជ្យភាព អព្យាក្រឹតភាព និងបូរណភាពទឹកដី​ផងដែរ​។
            តាមរយៈការ​បកស្រាយ​ដ៏​ក្បោះក្បាយ​ខាង​លើ​ គេ​អាច​វាយតម្លៃ​បាន​ថា មតិ​ប្រធាន​ដែល​បាន​លើក​ឡើង​នេះ​ពិត​ជា​ឆ្លុះបញ្ចាំង​ពី​ការពិត​មែន ដោយ​ហេតុ​ថា អក្សរសិល្ប៍​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពីសង្គម​ និង​ជាកម្រង​ឯកសារ​ស្ដីអំពី​ជីវិតរបស់​មនុស្ស​។ ក្នុងនាម​ជាអ្នក​សិក្សា​ គួរគប្បី​អាន​អត្ថបទ​រឿង​ឬ​វណ្ណកម្មនានា​របស់អ្នកនិពន្ធ​ខ្មែរល្បីៗ​ឲ្យបាន​ច្រើន​ ដើម្បី​ក្រេប​ជញ្ជក់​នូវពុទ្ធិ​ក្នុង​បំណង​ជួយ​ជំរុញ​ឲ្យកម្ពុជា​កាន់​តែ​សម្បូរ​ធនធាន​មនុស្ស​ និងឈាន​ទៅ​រកភាព​រីកចម្រើន​លូតលាស់ទៅថ្ងៃ​អនាគត​។


ថ្ងៃ​ពុធ​ ទី០៦ រោច ខែស្រាពណ៌ ឆ្នាំ​កុរ​ ឯកស័ក ពុទ្ធសករាជ ២៥៦៣​
សៀមរាប ថ្ងៃទី២១ ខែសីហា ឆ្នាំ​២០១៩



                             រស់ វាសនា

 






 សូមមើលវីដេអូបន្ថែម

No comments: