ដេកដើរយប់ថ្ងៃ គេងគិតស្រមៃ ដៃធ្លាប់បីបម
បបោសអង្អែល ថួនថែថ្នាក់ថ្នម ហត្ថាទាំងព្រម
មេត្តាប្រណី។
ប្រោសប្រាណកូនស្ងួន វាចាសមសួន ពោរពេញអភ័យ
ដៃអង្អែលក្បាល កូនទាំងប្រុសស្រី ឲ្យកូននេះនៃ
ពេញភាពកក់ក្ដៅ។
កូនៗស្រែកយំ ហត្ថាម៉ែផ្គុំ ត្រកងឆោមឆ្លៅ
លើកដាក់ប្រលែង សម្ដែងជម្រៅ ចិត្តដល់ពាលពៅ
កូនសម្លាញ់ចិត្ត។
ស្រមោចវារកាត់ ម៉ែលើកដៃស្កាត់ មិនឲ្យមកជិត
ម៉ែចោលនេត្រា សង្កេតនែបនិត្យ កូនសម្លាញ់ចិត្ត
មិនឲ្យលំបាក។
ម៉ែមិនទំនេរ ហត្ថាទាំងទ្វេ មិនចេះសម្រាក
ស្ទាបអង្អែលកូន ទាំងខ្លួនតោកយ៉ាក ទោះផលវិបាក
ដៃម៉ែប្រណី។
រាត្រីថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ ម៉ោង១១:៥៥
No comments:
Post a Comment