«បទពាក្យ៧»
ព្យុះព្យោបក់បោកគួចធូលី
ផាយផាត់វក់វីយោលរុក្ខា
ពពកខ្មៅក្រាស់ច្បាស់នេត្រា
រញ្ជួយឱរាស្លុតវិញ្ញាណ។
ស្នូរផ្គរគ្រហឹមលាន់គគ្រេង
បន្លឺជាភ្លេងគ្រប់កោះគៀន
ផ្ទះខ្ទមឬស្បូវវាំងវិមាន
អ្នកក្រឬមានចៀសមិនផុត។
រន្ទះភ្លឺផ្លេកស្រែកបន្ទរ
ទឹកភ្លៀងឈូឆផ្ដាំសម្លុត
រន្ទះផូងផាំងស្ទើរតក់ស្លុត
នាំចិត្តរន្ធត់ក្នុងកាយា។
ក្រោយភ្លៀងមេឃពិតប្រែស្រលះ
រាំងហើយឃើញច្បាស់ពន្លឺថ្លា
គយគន់គ្រប់ទិសគាប់នេត្រា
ពិតច្បាស់សច្ចាគួរយល់ដឹង។
ចូរយើងកុំខ្លាចការនឿយហត់
ប្រឹងប្រែងអំណត់ទ្រាំប្រឹតប្រឹង
ប្រាជ្ញាយើងមានគិតសញ្ចឹង
លំបាកប៉ុណ្ណឹងកុំរអ៊ូ។
ក្រោយពេលឆ្លងផុតអ្នកនឹងឈ្នះ
ពន្លឺក៏រះអមជាគូ
បំភ្លឺជាផ្លូវអ្នកតស៊ូ
ជាជនគំរូភាពជោគជ័យ។
ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១២
No comments:
Post a Comment