-
- (បទកាកគតិ)
- ព្រលឹមថ្ងៃយប់ ដំណើរឥតឈប់ ពុំមានព្រំដែន
- ខ្លួនគិតតែព្រោក អាងសូកសំណែន មិនគិតបោកបែន
- ធ្វើស្រែចម្ការ។
- ស៊ីឆ្អែតមួយពេល គិតថាបានក្រែល បំពេញតណ្ហា
- មិនគិតសន្សំ ផ្សែផ្សំកិច្ចការ ចាត់ទុករូបា
- ស្មើនឹងពូកខ្នើយ។
- ខ្យល់បក់ទូកវេរ ចង្កូតរារេ ឥតកោះឥតត្រើយ
- ចុងស្រល់ស្រលះ ខ្យល់ប៉ះផាត់ផើយ រេរាំទៅហើយ
- សប្បាយខ្លាំងណាស់។
- រៃនឹងស្រមោច ទុក្ខនិងប្រយោជន៍ ស្រេចអ្នកជាម្ចាស់
- បើធ្វើឲ្យក្រ ក៏ក្រខ្លាំងណាស់ ហិនហោចផ្ដាំចាស់
- រលាយកេរ្តិ៍ឈ្មោះ។
- ទឹកកាន់តែហូរ ចូរយើងកុំថ្ងូរ ប្រយ័ត្នអ័ព្ទយស
- ជីវិតសំណល់ មានសល់តែឈ្មោះ អាក្រក់ពីរោះ
- លើយើងកំណត់។
- កុំទាន់សប្បាយ ក្រែងលោខ្ចាត់ខ្ចាយ ជួបគ្រោះកម្សត់
- ចូរប្រើប្រាជ្ញា ធ្វើការអំណត់ ស៊ូកុំខ្លាចហត់
- ដាក់ចិត្តប្ដេជ្ញា។
- ដីចេះតែវិល ខ្លួនគិតតែខ្ជិល មិនប្រឹងធ្វើការ
- ដល់ពេលពោះឃ្លាន តាំងហ៊ានមុសា បញ្ចេញកិរិយា
- ព្រហើនកោងកាច។
- ចូរលើកហត្ថា ចាប់ការសិក្សា ក្លាហានកុំខ្លាច
- ពេលជាថ្នាំពុល បំពុលអ្នកខ្លាច រីអ្នកអង់អាច
- ពេលជាថ្នាំផ្សះ។
- ស្រលាញ់សៀវភៅ ដើរតាមផ្លូវត្រូវ កុំធ្វើកញ្ជះ
- យកគេធ្វើមិត្ត កុំចិត្តមានះ តាំងចិត្តឲ្យឈ្នះ
- ស្វែងរកពុទ្ធិ។
Tuesday, October 11, 2011
កុំភ្លេចខ្លួន

Subscribe to:
Post Comments (Atom)
No comments:
Post a Comment