យប់កាន់តែជ្រៅខ្យល់ត្រជាក់ សន្សើមក៏ធ្លាក់សណ្តំចិត្ត
ក្រោមផ្ទៃមេឃាដ៏ងងឹត បេះដូងរឹងរឹតរែងកំព្រា។
សព្វសត្វទាំងឡាយចូលទ្រនំ សល់តែរូបខ្ញុំញ័ររងារ
តែមានដួងចន្ទបានជាគ្នា តែដួងចន្ទ្រាខ្វះរស្មី។
ចន្ទអើយរះទៅនៅដល់ណា រង់ចាំនរណាម្តេចមិនស្តី
ដឹងទេបេះដូងក្រំរីងរៃ ម្តេចមិនប្រណីបំភ្លឺចិត្ត។
ឮតែចង្រិតក្អាត់ស្រែកយំ លាន់ឮរងំរៀមគេងគិត
ចន្ទអើយចន្ទថ្លៃឆ្ងាយពេកពិត ខាននែបនិត្យជិតកាយា។
រាត្រីនេះរៀមអភព្ទក្រៃ ម្តេចក៏ចន្ទថ្លៃមិនមេត្តា
ដាច់ចិត្តហើយឬព្រះចន្ទថ្លា បំភ្លឺចិន្តាដែលកំព្រា។
រាត្រីនេះម្តេចអាប់រស្មី ឬមិនប្រណីចិត្តរងារ
ឬក៏ចន្ទថ្លៃមិននឹកនា រៀមរងវេទនាកំព្រាចិត្ត។
ថ្ងៃ ព្រហ ទី ១២ ខែ សីហា 2010

No comments:
Post a Comment