Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, August 25, 2011

អង្ករមួយគ្រាប់



(បទកាកគតិ)

ខ្ញុំរស់វាសនា សូមលើកហត្ថា វាចាគោរព

ដល់គ្រូបាធ្យាយ ពីនាយសព្វគ្រប់ ពុកម៉ែគុណគាប់

លោកផ្តល់កំណើត។

ខ្ញុំសូមសន្មត លើកប្រធានបទ ដែលប្រឹងកង្កើត

ប្រែងប្រឹងនិពន្ធ គិតគន់មិនឆើត ដែលប្រឹងបង្កើត

ខំស៊ូខំអត់។

បកតាមលំដាប់ ស្រាយពាក្យរ៉ាយរ៉ាប់ ប្រាប់តាមកំណត់

ដំណើរដើមទង ចងក្រងកាកបទ គតិប្រាកដ

ដោយតួអក្ខរា។

ធ្វើស្រែនឹងទឹក បាយរួចធ្វើសឹក ម្រឹគពឹងព្រឹក្សា

អស់់ជាតិជាត្រី ពឹងផ្ទៃជលសា ដីពឹងសុរិយា

ផ្កាពឹងសន្សើម។

កសិករភ្ជួររាស់ ប្រឹងសែងកាប់គាស់ ព្រោះមានដង្ហើម

ធ្វើស្រែបានស្រូវ ទុកនៅផ្តួចផ្តើម ទប់ទល់ដណ្តើម

នឹងគ្រោះទុរ្ភឹក្ស។

ក្រោមភ្លៀងធ្លាក់ខ្យល់ ដួងចិត្តកង្វល់ បានល្ងាចខ្វះព្រឹក

ខិតខំធ្វើការ យាត្រាត្រឹកៗ ខ្លួនប្រាណទទឹក

ញ័រជើងញ័រដៃ។

ពុកម៉ែក៏ចាស់ ខំប្រឹងប្រែងណាស់ គ្មានយប់គ្មានថ្ងៃ

ព្រោះតែកូនមួយ អ្នកព្រួយដូងចៃ គ្មានយប់គ្មានថ្ងៃ

ខំរកខំអត់។

ឲ្យកូនខំរៀន នៅក្រោមវិមាន ខ្ទមស្បូវកម្សត់

ជញ្ជាំងធ្លុះធ្លាយ លាំលាយជូរចត់ ជីវិតក្រខ្សត់

ក្រៀមក្រំខ្លោចផ្សា។

ពេលនេះកូនធំ រូបកូនលែងយំ លែងជាតិកុមារ

ឥលូវកូនថ្លៃ ពេញវ័យសិក្សា លាជាតិកុមារ

ស្តារយសពូជផង។

ស្អែកមួយក៏ឃ្លាត ស្អែកពីរមកទៀត ស្អែកច្រើនកន្លង

ស្អែកច្រើនហួសទៅ ចិត្តនៅចាំចង គុណព្រះគន្លោង

ហួសក្រៃវេហាស៍។

ពេលនេះកូនលា ពុកម៉ែកំព្រា រស់នៅឯកា

កូនទៅភ្នំពេញ ទន្ទេញសិក្សា ហាត់ពត់ប្រាជ្ញា

សច្ចាជាញជ័យ។

ឃើញគេឆើតឆាយ ហ៊ឺហាសប្បាយ ភ្លេចជាតិក្រក្រី

រីករាយភ្លេចខ្លួន ជ្រុលខ្លួនអប្រិយ ធ្លាក់ជ្រោះអវចី

នរកបិសាច។

កូនមិនភ្លេចខ្លួន គុណមិនសាបសូន្យ ទោះខ្លួនដាច់ដាច

មិនសាងអាក្រក់ កខ្វក់កោងកាច ទោះខ្លួនដាច់ដាច

ប្រាថ្នាយកត្រង់។

មិនភ្លេចបណ្តាំ ពុកម៉ែបានផ្តាំ កែប្រែតម្រង់

ឲ្យកូនខំរៀន ឲ្យបានផ្ចិតផ្ចង់ កុំឲ្យខ្លួនលុង

អន្ទាក់រាត្រី។

ញើសអ្នកហូរស្រក់ ក្លាយជាដំណក់ ដក់ក្នុងហឬទ័យ

ភាពទុក្ខភាពព្រួយ រញ្ជូយអរភ័យ កូនប្រឹងយកជ័យ

ក្នុងនាមកូនប្រុស។

អង្ករមួយគ្រាប់ ទុកដូចជាទ្រព្យ សំចៃទុកចុះ

ក្លាយជាមួយក្តាប់ ទុកចាប់មិនខុស ភ្លាមៗប៉ុណ្ណោះ

ក្លាយជាមួយតៅ។

អង្ករមួយគ្រាប់ ម៉ែផ្គុនពុកផ្គាប់ ធ្វើក្រោមថ្ងៃក្តៅ

ប្រមូលគ្មានសល់ បានដល់មួយតៅ ឲ្យដល់គោលដៅ

ក្នុងការសិក្សា។

បួនឆ្នាំផុតទៅ លោកកុំសោកសៅ ក្រៀមក្រំឱរា

គង់តែវិលវិញ ចរចេញយាត្រា ជួបម្ចាស់សង្ខារ

ដួងជីវិតកូន។

វេលាដ៏ខ្លី កូនបានជោគជ័យ នាមមិនសាបសូន្យ

ប្រលងគ្រូជាប់ ជាទ្រព្យសមសួន កូនបានមាំមួន

រស់មិនអាប់ឱន។

អង្ករមួយគ្រាប់ ក្លាយទៅជាទ្រព្យ អង្ករមួយតោន

សែនល្អសក្តិសម លែងក្រំស្រពោន ជីវិតលែងលូន

ពុកម៉ែសប្បាយ។

កូនខ្មែរត្រូវរស់ រក្សាកេរ្តិ៍ឈ្មោះ ឲ្យល្បីសុះសាយ

ខំប្រឹងរៀនសូត្រ រហូតកុំណាយ អនាគតវែងឆ្ងាយ

អង្ករមួយគ្រាប់។

No comments: