Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, August 26, 2019

វិញ្ញាសារអក្សរសាស្ត្រខ្មែរ សម័យប្រលង ១៩ សីហា ២០១៩ «ការសិក្សាអក្សរសិល្ប៍ឆ្លុះបញ្ចាំងពីការប្រយុទ្ធ​រវាងសភាវៈល្អ និងសភាវៈអាក្រក់»


ប្រលងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ
សម័យប្រលង ១៩ សីហា ២០១៩
វិញ្ញាសា អក្សរសាស្ត្រខ្មែរ ថ្នាក់​វិទ្យាសាស្ត្រ​
ប្រធានបទ «ការសិក្សា​អក្សរសិល្ប៍ឆ្លុះបញ្ចាំងឲ្យឃើញពីការ​ប្រយុទ្ធរវាង​សភាវៈល្អ និងសភាវៈអាក្រក់​»។ ចូរ​បកស្រាយ​ដោយ​លើក​យក​អក្សរសិល្ប៍មកបញ្ជាក់។

គំនិតសំខាន់
ឧទាហរណ៍អក្សរសិល្ប៍
អក្សរសិល្ប៍ព្រាហ្មណ៍​និយម
រឿងរាមកេរ្តិ៍
-          ការប្រជែង​គ្នា​រវាង​ពួក​អសុរ និង​ទេវៈ
-          ក្រុង​រាពណ៍ និង​ព្រះរាម
-          ការពារ​ចក្រវាល
អក្សរសិល្ប៍ពុទ្ធនិយម
រឿងពុទ្ធិសែន
-          សន្ធមារ​ និង​ពុទ្ធិសែន
អក្សរសិល្ប៍ខេមរនិយម
រឿង​កុលាបប៉ៃលិន
-          ចៅចិត្រ និងបាឡាត់ស្រុក
រឿងមាលាដួងចិត្ត
-          ទីឃាវុធ ការពារជាតិ ប្រឆាំងសៀម
រឿងគូលីកំណែន
-          ខ្មែរ និងអាណានិគមជប៉ុន
រឿងភូមិតិរច្ឆាន
-          ខ្មែរ​ និង​អាណានិគមបារាំង
រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់
-          ដណ្ដើមឯករាជ្យពីបារាំង​
រឿងថៅកែចិត្តចោរ
-          ការ​ទាមទារយុត្តិធម៌ ពូហំ និង​ថៅកែ
រឿងមហាចោរនៅទល់ដែន
-          មានន្ទ  សម្លាប់កាមា និងប្រឆាំងសៀម
រឿងតេជោយ៉ត
-          សម្លាប់ជនក្បត់ ស្ដេចសំរែ
រឿងទុំទាវ
-          ងើបតស៊ូនឹងអំពើជិះជាន់ផ្ដាច់ការ
សេចក្ដីអធិប្បាយ
            អក្សរសិល្ប៍គឺជាកម្រង​ឯកសារស្ដីអំពីជីវិត គឺ​អ្នក​និពន្ធ​បាន​លើក​យកសង្គម​ណា​មួយ​ដែល​ខ្លួនធ្លាប់​ដឹង ធ្លាប់ឮ មក​លាត​ត្រដាង​នៅ​ក្នុង​វណ្ណកម្ម​របស់​ខ្លួន​ ដោយ​លាយឡំទៅដោយ​សិល្បៈ សិល្ប៍វិធី​ និង​បញ្ចូល​នូវ​រូបារម្មណ៍ មនោសញ្ចេតនា​ដ៏​រស់​រវើក​។ ទន្ទឹម​នឹង​នោះ​ដែរ​ ក៏ស្រាប់​តែមានការ​លេច​ឡើងនូវទស្សនៈមួយដែលបាន​អះ​អាង​ថា «ការសិក្សា​អក្សរសិល្ប៍ឆ្លុះបញ្ចាំងឲ្យឃើញពីការ​ប្រយុទ្ធរវាង​សភាវៈល្អ និងសភាវៈអាក្រក់​»។
            តើ​អ្វីដែល​បាន​ពោលដូច​ខាង​លើ​នេះ​មាន​ខ្លឹមសារ​យ៉ាងដូចម្ដេច?
            ដើម្បី​ជួយ​ឲ្យការ​បកស្រាយ​កាន់តែ​ក្បោះក្បាយនោះ ជា​ដំបូង​គួរ​គប្បី​យល់​នូវពាក្យ​គន្លឹះ​មួយ​ចំនួន​ជាមុនសិន​។ ពាក្យថា «អក្សរសិល្ប៍» ស្ដែង​ពី​វណ្ណកម្ម​តែង​និពន្ធ​ដែល​ពោរពេញ​ទៅដោយ​សិល្បៈ សិល្ប៍វិធី​ រមែង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​តថភាព និង​ផ្នត់គំនិតរបស់អ្នកនិពន្ធ រីឯ «សភាវៈល្អ» សំដៅ​ទៅ​លើ​មនុស្ស អមនុស្ស ដែល​ច្រើនតែ​សាង​នូវ​អំពើ​ត្រឹមត្រូវ ជាប្រយោជន៍ដល់​សង្គម​ ចំណែក​ឯ «សភាវៈ​អាក្រក់» បង្ហាញ​ពី​ពពួក​តួអង្គទាំងឡាយណា​ដែល​តែងតែ​បញ្ចេញ​សកម្មភាព​មិន​គប្បី បំផ្លាញ​អ្នកដទៃ​។ តាមរយៈ​ទស្សនៈ​ប្រធាន​ទាំង​មូល​បាន​សរ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា កាល​ណាសិក្សា​អក្សរសិល្ប៍​រួច​ហើយ​នោះ​ គេ​អាច​នឹង​ឃើញ​មាន​ការ​តតាំង​គ្នា​រវាង​តួអង្គ​ល្អ និង​តួអង្គ​អាក្រក់​ជាក់​ជាមិន​ខាន។
            តាម​ទ្រឹស្ដី​ អក្សរសិល្ប៍ត្រូវបានចែកចេញជាបីចលនា​ធំៗ ដូចជា ព្រាហ្មណ៍និយម ពុទ្ធនិយម និង​ខេមរនិយម​ជាដើម​។ យ៉ាង​ណាមិញ នៅ​ក្នុង​រឿង​​រាមកេរ្តិ៍​ ស្នាដៃ​អក្សរសិល្ប៍​ដ៏​ល្អ​ឯក​ មួយ​ស្ថិត​នៅក្នុង​ចលនា​ព្រាហ្មណ៍​និយម​ បាន​លើក​ឡើង​ឲ្យ​ឃើញ​ពី​ដំណើរ​ចាប់​កំណើត​របស់​ព្រះវិស្ណុ​ ដែល​គេសង្កេតឃើញ​ថា​ ព្រះ​រាម​ជាអវតារ​ ហើយ​ទ្រង់​មិនដែល​ទុក​ឲ្យ​ផែនដី​នេះ​រង​វិនាស​សកម្ម​នោះ​ឡើយ គឺ​កម្ទេច​នរណា​ដែល​អុកឡុក​ចក្រវាល។ ជាទឡ្ហីករណ៍ នៅ​ពេល​ដែល​ឥសី​ពិស្វាមិត្រ​កំពុងតែ​ធ្វើ​ហោម​ពិធី ស្រាប់​តែ​មាន​យក្សមួយ​ក្បាល​ឈ្មោះ កាកនាសូរ បាន​ចូល​មករំខាន គ្រា​នោះ​ព្រះរាម​ក៏​ចេញ​សម្លាប់​វា​ប្រកបដោយ​ជោគជ័យ។ មិនត្រឹមតែ​ប៉ុណ្ណោះ​ ទ្រង់​បាន​រំលាយ​ពាលីចោលផងដែរ​ ដោយ​ហេតុ​ថា​ស្វានេះ​មិនសម​ជាមេដឹកនាំ មានចរឹតមិន​សម​ប្រកប​ឡើយ​ រួច​​លើក​សុគ្រីពវិញ ដែល​សក្ដិសមជា​ស្ដេច​នៃ​នគរខាស់ខឹនបុរី។ បន្ថែម​ពី​នេះ ទ្រង់​បាន​ធ្វើសង្គ្រាម​ជាមួយ​ក្រុង​រាពណ៍​ក្នុង​លក្ខណៈ​ទ្រង់-​ទ្រាយ​ធំ​ ទីបំផុត​អំពើ​ល្អក៏ឈ្នះ​ដោយមិនអាច​ប្រកែក​បាន​។ មួយវិញ​ទៀត ពិភេក​ហោរា​ ដែល​ជាប្អូនប្រុស​បង្កើត​របស់​ក្រុង​រាពណ៍​ ក៏ចេញ​មក​ប្រឆាំង​នឹង​ទង្វើ​របស់​បង​ខ្លួនដែរ​ ដោយ​មិន​អាច​ទុក​ឲ្យស្ដេច​លង្កា​នេះ​ធ្វើ​អ្វីតាម​អំពើ​ចិត្ត​ឡើយ​ មាន​តែ​រក​វិធី​ចាក​ចេញ​ និង​រំលាយ​ចោល​តែ​ម្ដង។ មួយវិញ​ទៀត​ គ្រា​ដែល​ព្រះរាម​បាន​ចេញ​ទៅ​បាញ់​ប្រើស​មាស​តាម​ការ​ស្នើសុំ​របស់​ព្រះនាង​សិតា​ ហើយ​ព្រះ​លក្ស្មណ៍​ក៏​ទៅតាម​ទ្រង់​ទៀត​ ដោយ​ទុក​ឲ្យ​នាង​សិតា​នៅ​តែ​ឯង​ ពេល​នោះ​ហើយ​ជាឱកាស​មាស​ដែល​ក្រុង​រាពណ៍​ចាប់​យក​នាង​សិតា​ទៅ​ក្រុង​លង្កា ប៉ុន្តែ​ក៏​ពើបនឹង​បក្សី​ចិត្តធម៌​មួយ​ ដែល​មាន​ឈ្មោះ​ថា ជតាយុ​ ជា​អកុសល​ គេ​ក៏​ត្រូវ​របួស​ធ្ងន់​ រួច​ក៏​ធ្លាក់​ដល់​ដី មិន​អាច​សង្គ្រោះ​នាង​សិតា​បានឡើយ។​ និយាយ​ឲ្យ​ខ្លី​ទៅ​ ការ​តតាំង​គ្នា​រវាង​សភាវៈ​ល្អ​និង​សភាវៈ​អាក្រក់​ គឺ​មាន​ច្រើន​ណាស់​ ដូចជា​រវាង​ជតាយុ និង​ក្រុង​រាពណ៍ រវាង​ពិភេក​ហោរ​ និងបងប្រុស រវាង​កាកនាសូរ​ ក្រុង​រាពណ៍​ និងព្រះរាម​ជាដើម​។
            ដោយ​ឡែក​ តាមរយៈអក្សរសិល្ប៍​ដែលស្ថិត​នៅ​ក្នុងចលនា​ពុទ្ធ​និយម​ ក៏​មិនខុសគ្នា​ប៉ុន្មានដែរ​ តួយ៉ាង​នៅ​ក្នុង​រឿង​ពុទ្ធិសែន​ នាងទាំង​ដប់​ពីរ ត្រូវ​បាន​បក្សពួក​សន្ធមារ​ចាប់​យក​ទៅ​ខ្វេះ​ភ្នែក​ ដោយ​ហេតុ​យក្ស​នេះ​បាន​ដាក់​ស្នេហ៍​សណ្ដំ​ទៅ​លើព្រះស្វាមី​របស់ពួកនាង គឺព្រះនាម​ព្រះបាទឫទ្ធិសក្ដិ ហើយ​មាន​តែ​នាង​ពៅ​ទេ​ដែល​នៅសល់​ភ្នែក​ម្ខាង​។ ថ្លែ​ង​ពីនាង​ទាំង​ដប់​មួយ​នោះ សុទ្ធតែ​សម្រាល​កូន​បាន​ម្នាក់​មួយ​ៗ​ ប៉ុន្តែ​ដោយសារ​សេចក្ដីស្រេក​ឃ្លា​នមាន​ឥទ្ធិពល​ធំធេង​ពេក​ ទើប​ពួក​គេ​ចាប់​ហែក​កូន​របស់​ខ្លួន​ឯងស៊ីទាំង​រស់​តែ​ម្ដង​ មាន​តែនាង​ពៅ​ទេ​ដែល​ខំ​រក្សា​កូន​រហូត​ដល់​ពេញ​វ័យ មាន​ឈ្មោះ​ថា ពុទ្ធិសែន​។ កុមារ​នេះពេល​ធំពេញរូបរាង​ឡើង​ ក៏​មាន​ចិត្ត​ទូលំទូលាយ​ចិញ្ចឹម​អ៊ំស្រី​ទាំង​អស់ រួម​ទាំង​ម្ដាយ​ផង​ឲ្យ​មាន​ជីវិត​ និង​មាន​អាហារ​ហូប​ចុករាល់​ថ្ងៃ​។ ចៅ​ពុទ្ធិសែន​បាន​ស្វែង​រក​ព្រះបិតា​ឃើញ​ហើយ ប៉ុន្តែ​យក្ស​សន្ធមារ​ ក៏រក​ល្បិច​ដើម្បី​សម្លាប់​គេ​ទៅវិញ ដោយ​ឲ្យគេ​នាំ​ព្រះរាជសារ​ទៅនគរ​ខ្លួន​ ដោយ​ក្នុង​សារ​នោះ​បាន​សរសេរ​ថា ទៅ​ដល់យប់​ស៊ីទាំង​យប់ ទៅ​ដល់​ថ្ងៃ​ស៊ីទាំង​ថ្ងៃ ប៉ុន្តែ​ដោយ​មាន​គុណបុណ្យបារមី​ តាឥសី​ក៏បាន​ប្រែ​ខ្លឹមសារ​នៃ​ព្រះរាជសារ​នោះ​វិញថា ទៅ​ដល់​យប់​ការ​ទាំង​យប់​ ទៅ​ដល់​ថ្ងៃ​ការ​ទាំង​ថ្ងៃ​។ ថ្លែ​ង​ពី​នាង​កង្រី​ជាបុត្រី​របស់​សន្ធមារ​ ក៏​គោរព​តាម​រាជសារ​នោះ ហើយ​នាង​ក៏បាន​យក​ពុទ្ធិសែន​ធ្វើ​​ជា​ព្រះ​ស្វាមី​។ ផ្ទុយ​ទៅ​វិញ​ ទ្រង់​មិនដែលភ្លេច​ម្ដាយ​ និង​នគរ​សោះឡើយ និង​បាន​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​រក​កែវ​ភ្នែក​ម្ដាយ​ឲ្យ​ឃើញ​ ទី​បំផុត​គេ​ក៏​អាច​សម្រេច​បាន​ជោគ​ជ័យ​ ភ្នែក​នាង​ទាំង​ដប់​ពីរ​ក៏​ភ្លឺ​ឡើង​វិញ​ រីឯ​យក្ស​សន្ធមារ​ក៏​ត្រូវ​ស្លាប់​ដែរ​។ ហេតុ​នេះ​ ការតតាំង​រវាង​សភាវៈល្អ​ និង​សភាវៈ​អាក្រក់​ បាន​ធ្វើ​ឲ្យដំណើរ​រឿង​នេះ​អូសបន្លាយ​រហូតដល់​ទីបញ្ចប់​ ទីបំផុត​អំពើ​កុសល ឈ្នះ​រាល់​អ្វី​ៗ​ទាំង​ឡាយ​។
            មួយ​វិញ​ទៀត​ គេ​អាច​សង្កេត​មកមើល​ស្នាដៃ​អក្សរសិល្ប៍​ដែលស្ថិតក្នុងចលនា​ខេមរនិយម​វិញ​ម្ដង​ តាមរយៈរឿង​កុលាបប៉ៃលិន​ ដែល​ជាស្នាដៃ​និពន្ធរបស់​លោក ញ៉ុក​ ថែម​ បាន​សរ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ប្រត្យក្ស​ថា ចៅចិត្រ​ ជា​ជន​ក្រីក្រ​ តែ​មានសេចក្ដី​តស៊ូ​ និង​ហ៊ាន​ជម្នះ​រាល់​របាំង​ឧបសគ្គ​ទាំង​ឡាយដោយ​សេចក្ដី​ក្លាហាន​បំផុត​ គ្មាន​នរណា​ដែលអាចប្រៀបផ្ទឹម​បាន មិន​ត្រឹមតែប៉ុណ្ណោះ​ គេ​បានសាង​គុណ​សម្បត្តិ​យ៉ាង​ច្រើន​សម្រាប់​មនុស្ស​គ្រប់គ្នា ពោរពេញ​ដោយ​សីលធម៌ គុណធម៌ ចរិយាធម៌ ចេះ​គោរពនារីភេទ ចៅហ្វាយ​នាយ​ជាដើម​។ បើនិយាយ​ពី​​បាឡាត់ស្រុកសង្កែវិញ​​មាន​ត្រឹមតែ​បុណ្យសក្ដិ​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ តែ​ខ្វះ​សីលធម៌ មាន​តែ​អំនួត​អួត​ក្អេង​ក្អាង ចុង​ក្រោយ​បាន​នាំ​ថៅកែ​ផាន់ ដែល​ជាមេចោរ​ ចូល​មក​ប្លន់​ ក្នុង​ផ្ទះរបស់​លោក​ហ្លួង​រតនសម្បត្តិ​ទៀត​ផង​។ ជាសំណាង​ល្អ ក៏​ត្រូវបាន​ចៅចិត្រ​បង្ក្រាប​បាន ​ជួយការពារ​​អាយុជីវិត​ចៅហ្វាយនាយ ព្រម​ទាំង​នាង​ឃុននារី​ផងដែរ​។ លើ​ស​ពី​នេះ​ទៅ​ទៀត​ ក្នុងរឿង​មាលាដួង​ចិត្ត​ របស់​លោក នូ​ ហាច ក៏​បាន​លាត​ត្រដាង​នូវ​អំពើ​ឈ្លាន​ពាន​របស់សៀម​មក​លើ​ទឹកដី​ខ្មែរ​ ទី​ឃាវុធ​ បាន​ចូលបម្រើ​កងទ័ព​ដើម្បី​ការពារ​ជាតិ​ និង​សម្លាប់​រាល់​ចោរ​អប្រិយទាំងឡាយ​ដែល​យាយី​មក​លើអធិបតេយ្យភាព បូរណភាពទឹកដីរបស់​កម្ពុជា​ ហើយ​គេ​បាន​សន្យា​ក្នុងចិត្ត​ថា បើ​កាលណា​សៀម​មិន​ព្រម​ប្រគល់​ខេត្ត​បាត់ដំបង សៀមរាប មក​ឲ្យខ្មែរវិញទេ គេ​នឹង​មិន​អាច​មាន​ទំនាក់​ទំនង​ជាមួយ​នាង​ចន្ទ មណី​បានឡើយ។ ទីបំផុត​ សៀមក៏បាន​ប្រគល់​ខេត្ត​ទាំងឡាយ​នោះ​មក​ឲ្យខ្មែរ​វិញ​ដោយ​ស្របច្បាប់​។ ជាង​នេះ​ទៅ​ទៀត តាមរយៈ​រឿងគូលី​កំណែន របស់លោក អ៊ឹម ថុក ក៏បាន​ឆ្លុះ​បញ្ចាំង​ឲ្យឃើញ​ពី​អំពើ​ជិះ​ជាន់​របស់​ពួកជប៉ុន ដែល​ជាចក្រពត្តិនិយម​នាសម័យ​នោះ បាន​កែន​រាស្ត្រ​ខ្មែរ​គ្រប់​ទី​កន្លែង ជា​ពិសេស​ភូមិចំបក់ ប្រជាជន​នៅទីនោះ​ត្រូវ​ទៅ​ធ្វើ​ជាកម្មករ​ដាច់ថ្លៃនៅពោធិ៍​ចិនតុង​ សូម្បីតែ​លឹម ដែល​សល់តែ​មួយ​ខែទៀត​ត្រូវរៀបការ ក៏​មិន​លើក​លែង​ឡើយ​ ធ្វើឲ្យ​រូប​គេ​ឃ្លាត​ឆ្ងាយ​ពី​នាង​ហេង ដែល​ជា​គូដណ្ដឹង រួម​ទាំង​ឪពុកម្ដាយ​ចាស់​ជរា​ផងដែរ​។ សេចក្ដី​ឈឺចាប់ទាំង​នេះ ពុំ​បាន​ធ្វើ​ឲ្យ​រាស្ត្រ​ខ្មែរ​នៅស្ងៀម​ឡើយ គឺ​នូដូង ម៉ឹង​ លឹម​ ជាដើម​បាន​ចូលរួម​ក្នុងចលនា​ខ្មែរ​ឥស្សរៈដើម្បី​ងើប​ប្រឆាំង​នឹង​ពួក​ចក្រពត្តិ​ រហូតដល់​មាន​សន្ធិសញ្ញា​ក្រុង​ស៊ឺណែវ​។ មួយវិញ​ទៀត​ នៅ​ក្នុងរឿង​ភូមិតិរច្ឆាន ដែល​ជាវណ្ណកម្ម​របស់​លោក ឌឹក គាម និង​ ឌឿក អំ ក៏​បាន​បង្ហាញ​នូវ​ទង្វើ​ដ៏ស្មោកគ្រោក​របស់​បារាំង​ដែល​ទារ​ពន្ធ​ដារ​យ៉ាង​ធ្ងន់ក​មក​លើ​រាស្ត្រ​តូច​តាច​ដោយ​គ្មាន​សេចក្ដី​មេត្តា​ ទោះបី​អង្វរយ៉ាង​ណា​ក៏​មិនស្ដាប់​ ចុង​ក្រោយ​បក្សពួកជួន និង​នៅ រួម​ទាំង​នាង​នី នាង​ប៊ីផង ក៏​បះបោរ​ រួច​សម្លាប់​បារដែស​ប្រកប​ដោយភាពជោគជ័យ​។ ពិសេស​ជាង​នេះ​ទៅ​ទៀត​ វណ្ណកម្មរបស់​លោក សួន សុរិន្ទ​ គឺ​រឿង​ព្រះអាទិត្យថ្មី​រះលើ​ផែនដីចាស់​ បាន​ឆ្លុះ​បញ្ចាំង​នូវ​សង្គម​ពុក​រលួយ​ ជិះជាន់ កេងប្រវ័ញ្ច​ វិបត្តិសង្គម​ សេដ្ឋកិច្ច​ក្រោម​របបរបស់​បារាំង​ ដែល​ធ្វើ​ឲ្យ​ប្រជាជន​រស់​នៅ​យ៉ាង​វេទនា​ រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក​។ តួយ៉ាង​តាមរយៈតួអង្គ សម ត្រូវ​រង​នូវ​សេចក្ដីឈឺចាប់​ ព្រាត់​ទាំង​ប្រពន្ធ​ គេ​ធ្វើ​បាប​គ្រប់ពេល​វេលា​ ក៏​ប៉ុន្តែ​អង្គ​សម្ដេច​ឪ​ពុំ​អាច​នៅ​ស្ងៀម​បាន​ទេ ក៏​បង្ហាញ​ព្រះ​កាយ​តតាំង​តាម​រយៈ​ការទូត​ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​សំណាក់​អន្តរជាតិ​ រហូត​ធ្វើ​ឲ្យ​បារាំង​ព្រម​ប្រគល់​ឯករាជ្យ​ជូន​ព្រះរាជាណាចក្រកម្ពុជា​ឡើងវិញ​។ ក្រៅ​ពី​នេះ គេ​អាចសង្កេត​មក​មើល​រឿង​ថៅកែ​ចិត្តចោរ ដែល​ប្រភេទ​អត្ថបទ​ល្ខោន​និយាយ​ និពន្ធ​ដោយ​លោក អ៊ំ ឈឺន និង​ពៅ​ យូឡេង បាន​បក​អាក្រាត​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ថៅកែ​មារយាទថោក​ ដែល​បោកប្រាស់​កម្មករ​របស់​ខ្លួន​។ ជាក់ស្ដែង​ ពូហំ ត្រូវ​បាន​ថៅ​កែ​សន្យា​ផ្ដល់​ប្រាក់​មួយ​ម៉ឺន​រៀល ជាថ្នូរ​នឹង​ជិះ​ឡាន​បំ-បុក​ឡានថៅកែ​ហុងលី ពេល​ការងារ​បាន​សម្រេច​ គាត់​ក៏បាន​ទារ​លុយ​ពី​ថៅកែ ប៉ុន្តែ​ចៅហ្វាយរូប​នេះ​ពុំ​បាន​គោរព​តាម​សន្យា​នោះ​ឡើយ​ គ្រានោះ​ហើយ គេសង្កេតឃើញ​ថា ផានិត​ ដែល​ជាអ្នក​កាន់​បញ្ជី​ រួម​ទាំង​សុខ-មាន-​គង់-​ទ្រី ក៏ចេញ​មុខ​មក​ការពារ​គាត់ ទោះ​បីថៅកែ​បញ្ឈប់​ពួកគេ​ពីការងារ​ក៏ដោយ ក៏​ពួក​គេ​មិន​គាំ​ទ្រ​អំពើ​យុត្តិ​ធម៌​នោះ​ឡើយ​ និង​ត្រូវ​ស្វែង​រក​​ភាពត្រឹមត្រូវ​ជូន​ពូហំ​វិញ​។ ផ្សេង​ពី​នេះ តាមរយៈរឿង​មហាចោរ​នៅ​ទល់​ដែន​ របស់​លោក សាង សាវ៉ាត ក៏​បាន​ស្ដែង​ឲ្យ​ឃើញ​ពី​ការ​ប្រយុទ្ធ​យ៉ាង​សកម្មរវាង​មានន្ទ និង​កាមា​ផងដែរ​ ក្រៅ​ពី​នេះ​ មានន្ទ​បាន​ប្រឆាំង​នឹង​អំពើ​ឈ្លានពាន​របស់​សៀម​មក​លើ​ខេត្ត​សិរីសោភ័ណ​ទៀត​ផង​ ទីបំផុត​រូប​គេ​ និង​ខ្មែរ​គ្រប់​គ្នា​ក៏​ទទួល​បាន​ជ័យ​ជម្នះ​លើ​សមរភូមិ​នេះ​។ អ្វីដែល​គួរ​ឲ្យ​កត់​សម្គាល់​បន្ថែម​ទៀត​នោះ នៅ​ក្នុង​វណ្ណកម្ម​អក្សរសិល្ប៍រឿង​តេជោយ៉ត​ របស់​លោក ទី ជីហូត ក៏​បាន​លាត​ត្រដាង​នូវ​អំពើ​ក្បត់​ជាតិ​របស់​ស្ដេច​សំរ៉ែ ដែល​មាន​បំណង​ជ្រែក​រាជ​ ផ្ដួលរំលំ​ព្រះ​ជ័យចេស្ដា​ ក៏​ប៉ុន្តែ​តេជោមាស តេជោយ៉ត ខិតខំ​តតាំង​យ៉ាង​ពេញ​ដៃ​ពេញ​ជើង​ទៀត​ផង។ បន្ទាប់​មក​ តេជោមាសមិន​អាច​កម្ចាត់​ស្ដេច​សំរ៉ែបាន​សម្រេចឡើយ ​​ ថ្លែងពីភរិយា​របស់​គាត់ គឺ​ជំទាវ​ស្រែន​ ក៏​ចូល​ខ្លួន​មក​បម្រើ​ជាតិ​ ដោយ​ប្រើល្បិច​លែងលះ និង​ចុះចូល​ជាមួយ​ស្ដេចសំរ៉ែ​ ហើយ​ពង្វក់​ជន​ក្បត់​ជាតិនេះ​រហូត​ដល់​ធ្លាក់​ក្នុង​ឧបាយ​របស់​ខ្លួន ទីបំផុត​ក៏​អាច​រំលាយបុគ្គល​អាក្រក់​នេះ​បាន និង​បាន​ធ្វើ​ឲ្យ​នគរ​ស្ងប់​សុខ​។ បើតាម​រយៈ​រឿងទុំទាវ​ របស់ព្រះភិក្ខុសោម បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ថា ទុំទាវ​ ដែល​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ត្រូវ​បាន​ព្រះរាជា​រៀប​ការ​ឲ្យ​ទៀត​ផង ក៏ប៉ុន្តែ​ម្ដាយទាវ​ទេ​ដែល​រក​ល្បិច​បញ្ឆោត​ឲ្យនាង​វិលទៅត្បូង​ឃ្មុំ​វិញ ដោយ​កុហកថា​ខ្លួន​ឈឺធ្ងន់ ហើយ​គ្រា​ដែល​នាង​ទៅដល់ ក៏ត្រូវ​ម្ដាយ​ចាប់​ទៅ​ផ្ទឹម​ការ​នឹង​ម៉ឺន​ ងួន។ ដំណឹង​នេះ​ក៏​លេច​ឮដល់ទុំ​នៅ​ឯ​លង្វែក គេ​ក៏​សុំ​ក្រាប​ថ្វាយ​បង្គំ​លា​ព្រះមហាក្សត្រ​ដើម្បី​ទៅយក​ប្រពន្ធរប​ស់ខ្លួន​មកវិញ ដោយ​មាន​ភ្ជាប់​ទាំងព្រះរាជសារ​ទៅជាមួយ​ផង​ដែរ​។ ពេល​ទៅ​ដល់​ ទុំ​បាន​បង្ហាញ​នូវ​សកម្មភាព​ឌឺដង​ឲ្យ​បក្សពួកអរជូន និង​ម្ដាយ​ទាវ ចុង​ក្រោយ​ពួកគេ​ក៏ចាប់​ទុំ​យក​ទៅសម្លាប់ចោល​ ឯ​ទាវ​បាន​ធ្វើ​អត្តឃាត​។ ថ្លែ​ងពី​ពេជ្រ​ បាន​ពាំនាំ​ដំណឹង​នេះ​ទៅ​ថ្វាយ​ព្រះរាជា ទ្រង់​ខ្ញាល់​ណាស់​ ក៏​បានលើក​រេហ៍ពល​ជាច្រើន​ទៅ​ត្បូងឃ្មុំ​ ដើម្បី​កាត់​ទោស​ជន​ក្បត់​ព្រះរាជ​បញ្ជា​ដោយ​ចាប់​ភ្ជួរ​រាស់​ទាំងរស់​ និង​ដាក់​បញ្ចូល​អ្នក​ចូល​រួម​មង្គលការទាំង​អស់​ទៅ​ជាអ្នកងារ​ ដើម្បី​ស្វែងរក​យុត្តិ​ធម៌​ជូនដល់​វិញ្ញាណក្ខន្ធ​របស់ទុំ​និងទាវ។​ និយាយ​ទៅ​ អក្សរសិល្ប៍​ក្នុង​ចលនា​ខេម​រនិយម​ក៏​​មិន​ខុស​ពី​ពុទ្ធនិយម​ និង​ព្រាហ្មណ៍​និយម​ឡើយ ដោយ​ហេតុ​អ្នក​និពន្ធ​រមែង​លើក​ពី​ការ​តតាំង​គ្នា​យ៉ាង​មោះមុតបំផុតរវាង​តួអង្គ​ល្អ និង​តួអង្គ​អាក្រក់​ ដែល​ជួនកាល​អាច​អំពើ​កុសល​ឈ្នះ​អំពើស្មោកគ្រោក ហើយ​ពេល​ខ្លះ​ទង្វើ​ឃោរឃៅ​មាន​ប្រៀបជាង​សកម្មភាព​ត្រឹមត្រូវ​ក៏ដោយ​។
            សរុប​សេចក្ដី​មក​ គេ​សង្កេត​ឃើញ​ថា អក្សរសិល្ប៍​ក្នុងចលនា​ទាំងអស់​បាន​លាត​ត្រដាង​នូវភាពប្រទាញប្រទង់​គ្នា​រវាង​សេចក្ដីស្មោះត្រង់​ និង​អំពើ​ទុច្ចរិត​ខិលខូច ដូច​យ៉ាង​ក្នុងរឿង​រាមកេរ្តិ៍ ការ​ប្រយុទ្ធគ្នា​រវាង​ព្រះរាម និង​ក្រុង​រាពណ៍ រួម​ទាំង​តួអង្គ​ផ្សេងៗ​ទៀត ហើយ​គេ​ក៏ឃើញ​ទៀតថា ក្នុងរឿងពុទ្ធិសែន​ តួអង្គ​ពុទ្ធិសែន​តែងតែ​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បីប្រឆាំង​យក្ស​ រីឯ​យក្ស​សន្ធមារ​ក៏​រមែង​ប្រើ​កលល្បិច​ដើម្បី​កម្ចាត់​គូ​បដិបក្ខ​របស់ខ្លួន​វិញ​ដែរ​ ចំណែក​ក្នុង​អក្សរសិល្ប៍​ រឿង​ទុំទាវ​ រឿង​គូលីកំណែន​ រឿង​មហាចោរ​នៅ​ទល់​ដែន​ និង​រឿង​ក្នុងចលនា​ខេមរនិយម​ផ្សេង​ៗទៀត សុទ្ធ​តែ​បាន​លាត​ត្រដាង​នូវ​បដិវាទកម្ម​យ៉ាង​សកម្មតាំង​ពីដើម​ដល់​ចប់​ផងដែរ​។

ថ្ងៃ​សៅរ៍​ ទី០៩ រោច ខែស្រាពណ៌ ឆ្នាំ​កុរ​ ឯកស័ក ពុទ្ធសករាជ ២៥៦៣​
សៀមរាប ថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០១៩


                             រស់ វាសនា


            យោងតាមការ​បកស្រាយ​យ៉ាង​លម្អិត​ខាង​លើ​នេះ គេ​អាច​វាយតម្លៃ​បាន​ថា ប្រធាន​ដែល​បាន​លើ​កឡើង​នេះ ​ពិត​ជា​ឆ្លុះ​បញ្ចាំង​ពីការពិត​មែន​ដែលបានផ្ដល់​​ជាប្រយោជន៍ ​និង​ជា​ពុទ្ធិមួយសម្រាប់អ្នក​សិក្សា​ស្រាវជ្រាវ​​អក្សរសិល្ប៍ទាំង​ឡាយ។ ក្នុង​នាម​ជា​កុលបុត្រ​កុលធីតា​ខេមរា គួរ​គប្បី​ខិតខំរៀនសូត្រ​ឲ្យ​បាន​ចេះដឹង​ទាំង​អស់​គ្នា​ ដើម្បី​បង្កើន​ធនធាន​មនុស្ស​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង៕





សូមមើលវីដេអូបន្ថែម

  ទាញយកឯកសារ

No comments: