ន័យអត្ថានុរូប
(ន័យចំ)
|
«ទូក»
ជាមធ្យោបាយមួយសម្រាប់ការធ្វើដំណើរនៅតាមផ្លូវទឹក
ហើយតាំងពីបុរាណកាលមក ប្រជាជនខ្មែរមិនចេះប្រើម៉ាស៊ីនទេ គឺគេប្រើច្រវា
ដើម្បីចែវ ឲ្យវាទៅមុខ ហេតុនេះ «ច្រវា»
ពិតជាសំខាន់ខ្លាំងណាស់ចំពោះចលនារបស់ទូក។
|
ន័យអត្ថបដិរូប
(ន័យធៀប)
|
តាមរយៈសុភាសិតនេះ ដូនតាខ្មែរបានធៀបរួចជាស្រេចទៅ
គឺ «ទូក» ប្រៀបដូចជា «ការសិក្សា» ចំណែកឯ «ច្រវា» ប្រៀបដូចជា
«ការខិតខំ»។ ហេតុនេះ ការរៀនសូត្រចេះដឹង មិនមែនកើតឡើងដោយខ្លួនឯង
ឬព្រះជាអ្នកផ្ដល់ឲ្យនោះឡើយ
ប៉ុន្តែវាកើតឡើងដោយសេចក្ដីព្យាយាមរបស់មនុស្សម្នាក់ៗ។
|
សេចក្ដីអធិប្បាយ
ជាការពិតណាស់
សិស្សមួយចំនួនគិតតែសប្បាយភ្លេចខ្លួន ដើរលេងមិនចូលសាលា មានស្នេហាហ៊ឺហា
សម្ភារៈនិយម គេមិនដឹងថា ការរៀនសូត្រមានប្រយោជន៍ប៉ុណ្ណាឡើយ
តែចំពោះសិស្សដែលទទួលលទ្ធផល នោះ មកពីគេមានការលះបង់ និងប្រឹងប្រែងនេះឯង។
ហេតុនេះហើយទើបមានសុភាសិតមួយបានក្រើនរំឭកយ៉ាងដូច្នេះថា «ទូកពឹងច្រវា
ការសិក្សាពឹងអ្នកខិតខំ»។
តើមតិប្រធាននេះមានតម្លៃអប់រំ
និងឧត្ដមគតិយ៉ាងដូចម្ដេចខ្លះ?
ដើម្បីជាជំនួយដល់ការបកស្រាយ
ជាដំបូង គួរយល់នូវពាក្យគន្លឹះជាមុនសិន ដូចជា «ទូក» «ច្រវា» និង
«ការសិក្សា» ជាដើម។ ពាក្យថា «ទូក» សំដៅដល់យានមួយប្រភេទសម្រាប់ធ្វើដំណើរលើផ្លូវទឹក
ចំណែកឯ «ច្រវា» គឺជាឧបករណ៍សម្រាប់ចែវទូកឲ្យទៅមុខ រីឯ«ការសិក្សា» បានន័យថា
ការរៀនសូត្រ។ ជារួមមក «ទូកពឹងច្រវា» ប្រៀបដូចជា
ចំណេះដឹងដែលចាំបាច់ណាស់ត្រូវការឲ្យមនុស្សគ្រប់គ្នា ជាសិស្សនិស្សិត
ត្រូវខិតខំទើបអាចចេះបាន។
នៅក្នុងសង្គមជាក់ស្ដែង
គេសង្កេតឃើញថា
សិស្សនិស្សិតមួយចំនួនចំណាយលុយឥតប្រយោជន៍ជាមួយមិត្តភក្ដិបនភឿន
សេពគប់គ្រឿងញៀន បំផ្លាញអនាគតខ្លួនឯង ទីបំផុតមានតែវិប្បដិសារីប៉ុណ្ណោះ
ចំណែកសិស្ស និស្សិត ដែលចេះព្យាយាម ចេះរៀបចំកាលវិភាគរៀន
យកចិត្តទុកដាក់នឹងពេលវេលា និងមេរៀនដែលគ្រូបានបង្ហាត់បង្រៀន
ក៏នឹងធ្វើឲ្យគេកាន់តែរឹងមាំ ហើយក្លាយជាធនធានមនុស្សដ៏សំខាន់
ដែលជាទីត្រូវការរបស់សង្គម។ តួយ៉ាងនៅក្នុងរឿង សូផាត
ដែលជាស្នាដៃនិពន្ធរបស់លោក រីម គីន បានសរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា
សូផាត ទោះបីម្ដាយស្លាប់ចោលយ៉ាងណាក្ដី
ក៏រូបគេនៅតែខិតខំរៀនសូត្រជានិច្ច
ដោយមិនបណ្ដែតបណ្ដោយខ្លួនទៅតាមព្រេងវាសនាឡើយ ចំណែកឯ ណារិន
វិញអាងតែខ្លួនជាកូនរបស់លោកអធិបតីសេនា មិនសូវខំ ខ្ជិលច្រអូស ខ្ជីខ្ជាគ្រប់កិច្ចការទាំងឡាយ
ជាពិសេសនោះ ការសិក្សារបស់គេកាន់តែខ្សោយទៅៗជាលំដាប់
ក៏ប៉ុន្តែក្រោយពីសូផាតបានមករស់នៅជាមួយ ក៏ធ្វើឲ្យគេកាន់តែយល់
ហើយរៀនពូកែដែរ នេះមកពីគេមានការប្រឹងប្រែងនេះឯង។ បន្ថែមពីនេះទៅទៀត
នៅក្នុងរឿងផ្កាស្រពោន របស់លោក ញ៉ុក ថែម ក៏បានប្រាប់ទៀតថា ប៊ុនធឿន
ពិតជាស្រឡាញ់ការសិក្សានេះ
រូបគេមានឱកាសទៅបន្តការរៀនសូត្រដល់វិទ្យាល័យស៊ីសុវត្ថិ
ដែលជាសាលាដ៏ល្បីមួយក្នុងសម័យអាណានិគមនិយមបារាំង។
គ្រាដែលគ្រួសាររបស់ធ្លាក់ខ្លួនក្រ ហើយត្រូវព្រាត់ប្រាសនាងវិធាវីក្ដី
ក៏រូបគេមិនបោះបង់ការរៀនសូត្រឡើយ នេះមកពីគេយល់នូវតម្លៃនៃចំណេះដឹង។
មួយវិញទៀត នៅក្នុងរឿងទុំទាវ ទុំអាចស្មូតបានពីរោះ ដោយសារគេរៀន
រីឯនេនពេជ្រចេះផ្លុំប៉ី មកពីគេបានហ្វឹកហាត់។ បន្ថែមពីនេះ នៅក្នុងរឿងរាមកេរ្តិ៍
ព្រះរាម ព្រះលក្ស្មណ៍ មានសិល្ប៍សាស្ត្រខ្លាំងពូកែ មិនមែនជាការងាយឡើយ
គឺពួកគេបានចំណាយពេលសិក្សាជាមួយឥសីពិស្វាមិត្រយ៉ាងសស្រាក់សស្រាំបំផុត
ទម្រាំខ្លាំងពូកែបែបនេះ
ហើយអាចយកទៅបង្ក្រាបសភាវៈអាក្រក់ទាំងឡាយឲ្យវិនាសខ្ចាត់ខ្ចាយបានដោយជោគជ័យ។
ក្រៅពីនេះ នៅក្នុងរឿងតេជោយ៉ត របស់លោក ទី ជីហួត
ក៏បានឆ្លុះបញ្ចាំងនូវសមត្ថភាពរបស់តេជោយ៉ត
ដែលរូបគេមិនមែននៅសុខៗចេះក្បួនសឹក ក្បួនទ័ពនោះ
គឺមកពីគេប្រឹងប្រែងក្រេបជញ្ជក់ដោយយកចិត្តទុកដាក់នេះឯង ទោះបីរូបគេជាជនជាតិភាគតិចក៏ដោយ។
លើសពីនេះទៅទៀត នៅក្នុងច្បាប់ល្បើកថ្មីរបស់លោកតាក្រម ង៉ុយ ត្រង់វគ្គទី៤៦
បានលើកឡើងថា «បើល្ងង់ឲ្យចេះ រករៀនតម្រិះ រិះរកតម្រាប់
ឥន្ទ្រិយឆ្វេងស្ដាំ កុំចាំគេប្រាប់ រៀនស្ដីរៀនស្ដាប់ រៀនមើលឲ្យស្ដែង»
ក្នុងវគ្គនេះ លោកចង់ឲ្យមនុស្សគ្រប់គ្នាសង្វាតស្វែងរកចំណេះដឹង
កុំដេកខ្ជិលនោះឡើយ ហើយនៅក្នុងច្បាប់ដដែល ត្រង់វគ្គទី៤៤ បានលើកឡើងថា «បើចង់ស្រាលខ្លួន
រៀនសូត្រឲ្យមួន ឲ្យមាំចាំស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ
បើចេះប្រាកដ ប្រាក់រត់តាមហៅ» ត្រង់នេះ
លោកណែនាំឲ្យកុលបុត្រកុលធីតារៀនអ្វីរៀនឲ្យប្រាកដប្រជា។
សរុបមកសេចក្ដី
មិនថាជនជាតិ ឬជាតិសាសន៍ឡើយ បើខ្ជិលរៀន ពិតជាមានតែភាពល្ងង់ខ្លៅ
ហើយមិនអាចសម្រេចការណ៍អ្វីបានឡើយ ចំណែកអ្នកដែលលះបង់និងតស៊ូ ចំណេះវិជ្ជារបស់គេនឹងកើនឡើង
អាចឈានទៅដល់ចំណុចកំពូល ហើយមានអនាគតភ្លឺស្វាងទៀតផង។
យោងតាមការបកស្រាយខាងលើ
គេមើលឃើញថា សុភាសិតនេះ ពិតជាបង្កប់នូវឧត្តមគតិដ៏ប្រសើរថ្លៃថ្លាបំផុត
ដើម្បីបំផុសឲ្យកូនខ្មែរជំនាន់ក្រោយយល់នូវតម្លៃនៃការសិក្សារៀនសូត្រ។
ក្នុងនាមជាកូនខ្មែរ គួរក្រេបជញ្ជក់ចំណេះឲ្យបានច្រើន
និងកុំប៉ះពាល់គ្រឿងញៀនឲ្យសោះ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាសិស្សល្អ
កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិទាំងមូល។
ថ្ងៃអង្គារ
ទី០៨ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
សៀមរាប
ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨
No comments:
Post a Comment