Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 9, 2019

រឿងរាមាយណ ភាគទី៦ ប្រែសម្រួលជាភាសាខ្មែរ ដោយ រស់ វាសនា

            ព្រះរាមៈ ព្រះនាងសិតា និង​ព្រះលក្ស្មណៈ បានដោះព្រះពស្តុក្សត្រ និងគ្រងសម្លៀកបំពាក់អ្នកបួសវិញ ហើយបានយាងទៅសុំពរពីព្រះបាទទសរថ មុន​នឹងចាកចេញ។
            ព្រះបាទទសរថបានឱបបុត្រយ៉ាងជាប់លាយឡំនឹងទឹកព្រះនេត្រជោគផែនថ្ពាល់។
          «កុំទៅអី! បុត្រសម្លាញ់បិតា! បំភ្លេចពាក្យសន្យានោះចោលទៅ ហើយមកនៅក្បែរបិតាមក។ កុំចាកចោលបិតាអី​! បិតាមិនរស់ទេ បើបុត្រចាកឆ្ងាយទៅ។»
         ព្រះរាមៈឈរនៅស្ងៀម ដោយឱនគោរព។ បន្តិចក្រោយមក អ្នកទាំងបីក៏ឱនគោរពដល់ព្រះបាទាព្រះបិតាព្រះមាតា ហើយក៏ចាកចេញតែម្ដង។ នៅពេលពួកគេចេញពីព្រះរាជវាំង ពួកគេបានឃើញហ្វូងប្រជាជនយ៉ាងច្រើនទាំងប្រុសទាំងស្រីសម្រក់ទឹកភ្នែក។ អាណាប្រជានុរាស្ត្រស្រលាញ់ព្រះរាមៈ។
ព្រះរាមៈ ព្រះនាងសិតា និងព្រះលក្ស្មណៈ បានលាអាណាប្រជានុរាស្ត្រនៃនគរកោសល

          អ្នកទាំងបីបានយាងចូលក្នុងរាជរថ រួចធ្វើដំណើរចេញទៅរហូតដល់ច្រាំងទន្លេតាមសៈ
(Tamasa)។ ក្រោយពីឆ្លងទន្លេគង្គា (Ganges) រួចមក ពួកគេក៏ទៅដល់ក្បែរព្រៃមួយ ជាកន្លែងដែល គុហៈ ស្ដេចថ្មើរព្រៃរស់នៅ។ បន្ទាប់ពីបានសម្រាកនៅទីនោះ ព្រឹកឡើង ព្រះរាមៈបានផ្ដែផ្ដាំទៅសុមន្ត្រៈ ដែលជាមន្ត្រីម្នាក់បានជូនដំណើរទ្រង់ ហើយព្រះអង្គផ្ដាំឲ្យគេត្រឡប់ទៅអយុធ្យាជាមួយនឹងរទេះវិញ។

            ព្រះរាមៈ នាងសិតា និងលក្ស្មណៈ បានបន្ដដំណើរដោយថ្មើរជើង ដោយលក្ស្មណៈដើរពីមុខ ជាអ្នកត្រួសផ្លូវ នាងសិតាដើរតាមក្រោយ រីឯព្រះរាមៈដើរពីក្រោយនាង។ ពួកគេបានទៅដល់អាស្រមរបស់ភារទវជ អ្នកដែលនាំពួកគេឆ្លងទន្លេយមុនៈ (Yamuna) និងរស់នៅក្នុងតំបន់ចិត្រកូត (Chitrakut) ដែលពោរពេញដោយសម្រស់ស្រស់ស្អាត។ ក្រោយពីបានមកដល់ភ្នំចិត្រកូដ អ្នកជូនដំណើរនេះបានធ្វើកូនខ្ទមមួយនៅក្បែរកន្លែងទន្លេមល្យវតិ (Malyavti)។ នាងសិតាស្រលាញ់ទីកន្លែងនេះខ្លាំងណាស់។
សំណួរ
១.តើព្រះបាទទសរថមានបន្ទូលដូចម្ដេចទៅកាន់ព្រះរាមៈ នៅពេលដែលទ្រង់មកសុំព្រះពរ មុននឹងចាកចេញពីនគរ?
២.ក្រោយពីចាកចេញពីក្រុងអយុធ្យា តើព្រះរាមៈ ព្រះនាងសិតា និងលក្ស្មណៈ ទៅកន្លែងណាមុនគេ?















សូមមើលវីដេអូបន្ថែម

No comments: