Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, July 7, 2019

រឿងរាមាយណ ភាគទី៥ ប្រែសម្រួលដោយ រស់ វាសនា



            ពិធីឡើងសោយរាជ្យត្រូវប្រព្រឹត្តឡើងតាមការគ្រោងទុកនៅព្រឹកស្អែក រីឯព្រះរាជវាំងពោរពេញដោយភាពអ៊ូអរ ដោយមានការតុបតែងលម្អដោយបុប្ផជាតិ និងមានពណ៌ចម្រុះ។ ចង្ក្រៀងបំភ្លឺគ្រប់ទីកន្លែង ដោយលាយឡំនឹងក្លិននៃទឹកអប់។
            ពពួកក្សត្រស្លៀកពាក់យ៉ាងស្រស់ឆើតឆាយ ចំណែកឯភ្ញៀវសុទ្ធតែមកពីនគរផ្សេងៗគ្នា។ ពពួកព្រាហ្មណ៍​កំពុងតែរៀបចំពិធី និង​កំពុងតែកូរទឹកមន្ត។
          ព្រះរាមៈគ្រងព្រះពស្តសម្រាប់ពិធី ដែលបានត្រៀមរៀបចំរួចហើយ។ ព្រះអនុជរបស់ព្រះអង្គពិតជារំភើបណាស់។ ព្រះនាងសិតាគ្រងព្រះពស្តស្រស់ៗ រីឯព្រះនាងកោសល្យពោរពេញដោយស្នាមញញឹម។ ទីបំផុត បុត្រាជាទីស្រលាញ់របស់ព្រះនាងបានឡើង​សោយរាជ្យហើយ នេះ​គឺជាបំណងប្រាថ្នាតែមួយគត់របស់ព្រះ​នាង។
         រំពេច​នោះ អ្នកនាំសារ​បាន​រត់សំដៅទៅព្រះរាមៈ និងនិយាយថា «ព្រះបាទទសរថ​បាន​ ត្រាស់ឲ្យព្រះអង្គចូលគាល់។»

ព្រះរាមៈបានចូលគាល់ព្រះបិតា និងព្រះនាងកៃកេយិ

            ព្រះរាមៈភ្ញាក់ផ្អើលជាខ្លាំង។ ទ្រង់ក៏​ប្រញាប់ប្រញាល់យាងទៅគាល់ព្រះបិតា ហើយ​កាន់តែ​ភ្ញាក់ទៀតពេលឃើញ​ទឹកព្រះនេត្ររបស់ព្រះបិតា​។ «តើមានរឿងអ្វី? តើមាន​បញ្ហាអ្វីទៅព្រះបិតា?» ព្រះអង្គពិភាល់។
            «ព្រះមាតា! តើព្រះបិតាទ្រង់មានបញ្ហាអ្វីទៅទ្រង់សួរព្រះនាងកៃកេយិ រួចបន្តថា «កាលពីម្សិលមិញ ទ្រង់សប្បាយរីករាយតើ ម៉េចក៏ស្រាប់តែថ្ងៃនេះ​ទ្រង់កើតទុក្ខទៅវិញ
            ព្រះនាងកៃកេយិឆ្លើយតបទៅវិញដោយព្រងើយថា «បិតារបស់បុត្របានផ្ដល់នូវបំណងប្រាថ្នាដល់មាតា នៅពេលដែលមាតាបានសង្គ្រោះជីវិតទ្រង់ក្នុងសមរភូមិ។ មាតាត្រូវតែរំឭកទ្រង់នៅថ្ងៃនេះ។ មាតាចង់លើកព្រះភារតៈឡើងសោយរាជ្យ ហើយមាតាចង់ឲ្យបុត្រនិរទេសទៅព្រៃរយៈពេល១៤ឆ្នាំ។»
            «ព្រះមាតា! ព្រះបិតាបានពោលពាក្យសន្យាទៅកាន់ព្រះមាតា ហើយពាក្យសច្ច​នេះក៏មានតម្លៃចំពោះទូល​បង្គំដែរ។ ទូល​បង្គំនឹង​ធ្វើ​តាមបំណងប្រាថ្នារបស់​មាតា។ ខណៈដែលខ្ញុំម្ចាស់ត្រៀមទៅកាន់ព្រៃ សូមផ្ញើរាជសារទៅព្រះភារតៈឲ្យត្រលប់មកអយុធ្យាភ្លាម។»
            ព្រះ​រាមៈបានឱនគោរពដល់ព្រះបាទាព្រះបិតានិង​ព្រះនាងកៃកេយិ ជាមនុស្សដែលព្រះអង្គស្រលាញ់ រួច​ក៏​យាង​ទៅខាងក្រៅតែម្ដង។
            មាតារបស់ទ្រង់ គឺព្រះនាងកោសល្យសម្រក់ទឹកនេត្រា ពេលដែលទ្រង់ឮ​ដំណឹងនេះ។ «តើបុត្របានធ្វើអ្វីខុសទៅបានជាព្រះនាងកៃកេយិដាក់ទោសបុត្របែបនេះ?» ព្រះនាងទួញសោកសៅ។
            «ព្រះមាតា! សូមរំងាប់ព្រះទ័យទៅ។ ទូលបង្គំពុំបានធ្វើអ្វីទេ។ មាតាកៃកេយិគ្រាន់តែសុំឲ្យទូលបង្គំជួយសម្រេច​បំណងប្រាថ្នា ដែលព្រះបិតាបានសន្យាថានឹងប្រគល់ឲ្យទ្រង់ប៉ុណ្ណោះ។»
            ព្រះលក្ស្មណៈក្រេវក្រោធខ្លាំងណាស់ «ទូលបង្គំមិនឲ្យរឿងបែបនេះកើតឡើងទេ» ទ្រង់គំហកឡើង រួចបន្តថា «ព្រះអង្គរាជបុត្រច្បង គួរឡើងសោយរាជ្យ។ ព្រះភារតៈគ្មានសិទ្ធិទេ។»
            «សូមកុំភ្លេចណា លក្ស្មណៈ ពាក្យសន្យារបស់ក្សត្រត្រូវតែគោរព ហើយយើងនឹងជួយសម្រេច។ សូមកុំបង្កបញ្ហាលំបាកបន្ថែមទៀតឡើយ» ព្រះរាមៈមានព្រះបន្ទោល។
            «ទូលបង្គំនឹងមិនបង្កការលំបាកអ្វីឡើយ គ្រាន់តែទៅជាមួយព្រះអង្គ និងនៅបម្រើព្រះអង្គក្នុង    រយៈ​កាល១៤ឆ្នាំខាងមុខប៉ុណ្ណោះ។» ព្រះលក្ស្មណ
ៈឆ្លើយតបទាំងកំហឹង។
            «ខ្ញុំម្ចាស់ដែរ នឹងទៅព្រៃជាមួយអង្គ ជម្រករបស់ភរិយា គឺត្រូវ​តែនៅជាមួយស្វាមីជានិច្ច» ព្រះនាងសិតាមានបន្ទូល។
            «អូនមិនអាចទៅជាមួយបងទេ ហេតុអ្វីបានជាអ្នកទាំងពីរមិនយល់សោះអ៊ីចឹង? ការរស់នៅក្នុងព្រៃមិនស្រួលទេ តើអ្នកទាំងពីរនឹងបានអ្វីហូប ហើយត្រូវដេកនៅកន្លែងណាព្រះរាមៈពន្យល់។
            «ព្រះអង្គសោយអី ទូលបង្គំក៏សោយតាមដូចទ្រង់ដែរ យ៉ាងហោចណាស់ ក៏ខ្ញុំម្ចាស់បាននៅជាមួយ​ព្រះអង្គដែរ នឹងអាចកំដរឲ្យព្រះអង្គសប្បាយព្រះទ័យបានដែរ។» ព្រះនាងសិតាតប។
            «បងមិនដឹងថាត្រូវពន្យល់អូននិងលក្ស្មណៈយ៉ាងម៉េចទៀតទេ ការរស់នៅក្នុងព្រៃវាមិនមាន​សុវត្ថិភាពនោះឡើយ មិនមែនមានត្រឹមតែសត្វសាហាវ ពស់ប៉ុណ្ណោះទេ ថែមទាំងមានពពួក​រាក្សទៀតផង។ យើង​ប្រហែលជាមានការស្រេកឃ្លានរាល់ថ្ងៃ បើទោះជារកអាហារបានក៏ដោយ ក៏វាគ្រាន់តែជាផ្លែឈើព្រៃ និង​ឫស​ឈើប៉ុណ្ណោះ។ ទេ! យើងមិនឲ្យអ្នកទាំងពីរទៅជាមួយទេ! យល់ទេ
            «តើមានន័យយ៉ាងម៉េច? បើមិនសុវត្ថិភាពចំពោះពួកយើង ក៏មិនមានសុវត្ថិភាព​ចំពោះព្រះអង្គ​ដូចគ្នា​។ ព្រះមាតា! ទូលព្រះបង្គំនឹងកម្ទេចនរណាដែលព្យាយាមនិរទេសព្រះរាមៈទៅព្រៃ» ព្រះលក្ស្មណ៍មានបន្ទូលទៅកាន់ព្រះនាងកោសល្យ។
            «បានយើងយល់ព្រម ទៅជាមួយយើងចុះ បើអ្នកទាំងពីរសម្រេចបែបនេះហើយ។» ព្រះរាមៈមានបន្ទូល។

សំណួរ
១.ចូររៀបរាប់អំពីរាជវាំងដែលមានការតុបតែងសម្រាប់ពិធីឡើងសោយរាជ្យរបស់ព្រះរាមៈ។
២.ហេតុអ្វីបានជាព្រះរាមៈភ្ញាក់ផ្អើល នៅពេលដែលព្រះអង្គទតឃើញស្ថានភាព្រះបិតា? តើព្រះនាងកៃកេយិបាននិយាយដូចម្ដេច? តើព្រះនាងបានតបយ៉ាងដូចម្ដេច?
៣.តើព្រះរាមៈមានបន្ទូលដូចម្ដេច នៅពេលព្រះនាងកៃកេយិបានរៀបរាប់អំពីរាជបញ្ជាទាំងពីរ​របស់ព្រះនាង?
៤.តើព្រះលក្ស្មណៈបាននិយាយដូចម្ដេច នៅពេលដែលគេបានឮព្រះរាមៈត្រូវ​បាននិរទេសទៅព្រៃ​រយៈពេល១៤ឆ្នាំ?
៥.ហេតុអ្វីបានជាព្រះរាមៈ មិនចង់ឲ្យព្រះនាងសិតា និងលក្ស្មណៈទៅព្រៃដែរ?
សូមមើលវីដេអូបន្ថែម

No comments: