Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 9, 2019

រឿងរាមាយណ ភាគទី៧ ប្រែសម្រួលដោយ រស់ វាសនា


            ថ្លែងពីក្រុងអយុធ្យាវិញ ព្រះបាទទសរថទួញសោយសោកជាខ្លាំងក្រោយពីឃ្លាតឆ្ងាយពីព្រះរាជបុត្រ​។​ ខណៈដែលទ្រង់ធ្លាក់ព្រះកាយប្រឈួន ទ្រង់ក៏នឹកឃើញដល់ហេតុការណ៍មួយដែលបានកើតឡើងកាលទ្រង់នៅមានព្រះជន្មវ័យក្មេង ពេលដែលបរបាញ់ ទ្រង់បានទៅដល់ទន្លេសរយុ (Sarayu)។ ដោយ​ឮស្នូរជើងនៅក្នុងទឹក ទ្រង់ក៏បានគិតថាប្រហែលជាសត្វព្រៃចុះមកផឹកទឹកទន្លេហើយ ពេលនោះទ្រង់ក៏ដកព្រួញតម្រង់ទៅរកសំឡេងនោះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ​ គឺទ្រង់បានសម្លាប់ក្មេងប្រុសម្នាក់ឈ្មោះថា ស្រាវណកុមារ ជាកូនប្រុសតែគត់ដែលមានឪពុកម្ដាយពិការភ្នែកទាំងពីរ ដែលបានចុះមកដងទឹក។ ឪពុករបស់ក្មេងប្រុស បានដាក់បណ្ដាសាទ្រង់ឲ្យ​ស្លាប់ដោយវិនាសទាំងកូនប្រុសដែរ។
          តាំងពីតែពីព្រះរាមៈចាកចេញទៅ ព្រះបាទទសរថ​ក៏សោយទិវង្គត។ ដំណឹងនេះ​បានផ្សព្វផ្សាយពាសពេញក្រុងអយុធ្យានៃនគរកោសល​។ អាណាចក្រទាំងមូលក៏បានកាន់​ទុក្ខចំពោះការសោយទិវង្គត​​របស់​ព្រះអង្គ។
            រាជសារក៏ត្រូវ​ថ្វាយទៅដល់​ព្រះភារតៈ ដែលកំពុងនៅនគររបស់ព្រះអយ្យកោខាងមាតា ឲ្យត្រលប់មកអយុធ្យាវិញ ដោយមិនបញ្ជាក់ពីដំណឹង​សោយទិវង្គត​របស់ព្រះបិតាឡើយ។
            ពេលមកដល់ ព្រះភារតៈបានចូលទៅក្នុងបន្ទប់ព្រះបិតា មិនឃើញទ្រង់សោះឡើយ ព្រះអង្គយាងទៅក៏បន្ទប់​របស់ព្រះមាតាកៃកេយិ។ ភ្លាមនោះ ព្រះនាងក៏ក្រោកឈរឡើង​ នៅពេលឃើញបុត្រ និងឱបបុត្រ។
            «ភារតៈ! បិតាបុត្រសោយទិវង្គតហើយ។ រាមៈ សិតា និងលក្ស្មណៈ បានចេញទៅរស់​នៅ​ក្នុងព្រៃ​១៤​ឆ្នាំ​។ មានតែបុត្រមួយអង្គប៉ុណ្ណោះ​ដែលនឹងក្លាយទៅជាព្រះមហាក្សត្រ។»
            «មាតាកំពុងនិយាយអ្វី? ព្រះរាមៈជាព្រះរៀម ត្រូវ​តែ​ឡើងសោយរាជ្យ​មុនគេ។» ភារតៈនិយាយ។
            «គេមិនអាចត្រលប់អយុធ្យាបាន​ឡើយ លុះត្រាតែ​គ្រប់១៤ឆ្នាំ។»
            «ហេតុអ្វី
            នាងកៃកេយិបាន​ពន្យល់បុត្រនូវរឿងរ៉ាវដែលបាន​កើតឡើង។
            «មាតាធ្វើបែបនេះ ក៏ដើម្បីបុត្រដែរ។»
            «ពិតជាអាម៉ាស់ណាស់ដែលហៅអ្នកថាជា ព្រះមាតា។ ព្រះរាមៈស្រលាញ់និងគោរពអ្នកណាស់។ ចុះហេតុអ្វីបានជាធ្វើបាបទ្រង់បែបនេះ? ខ្ញុំនឹងទៅព្រៃ និងយកទ្រង់ត្រលប់មកវិញ​ ខ្ញុំនឹងទៅរស់នៅ​ក្នុងព្រៃជាមួយ​ព្រះអង្គដែរ។»
            «កុំពោលបែបនេះអី! គ្រប់យ៉ាងដែលមាតាធ្វើគឺសុទ្ធតែដើម្បីបុត្រទាំងអស់» នាងកៃកេយិស្រែក​យំ។
            «ដើម្បីខ្ញុំ អ្នកបានបំផ្លាញព្រះរៀមដ៏ល្អរបស់ខ្ញុំឲ្យរស់នៅក្នុងព្រៃ១៤ឆ្នាំ ហើយនៅនិយាយថាដើម្បីខ្ញុំទៀត។ ព្រះបិតាសោយទិវង្គតដោយសារតែអ្នក។ តើអ្នកគិតថាខ្ញុំនឹងទទួលយករាជបល្លង្កឬ? ខ្ញុំមិនចង់និយាយជាមួយអ្នកទៀតទេ។»
            ព្រះភារតៈបាននាំទ័ពចេញទៅស្វែងរកព្រះរាមៈដោយមិនខ្វល់ពីព្រះនាងកៃកេយិឡើយ។ នៅពេល​ស្វែងរកព្រះអង្គនៅអាស្រមនៅភ្នំចិត្រកូតរួចមក ភារតៈបាន​លុតជង្គង់ និង​សួរថា «ម៉េចក៏ព្រះអង្គដាច់ព្រះទ័យចាកចេញពីនគរ និងទុកឲ្យបិតាសោយសោកយ៉ាងដូច្នេះ

ព្រះភារតៈបានទៅជួបអ្នកទាំងបី 
          ព្រះរាមៈក្រឡេកទៅមើលភារតៈដោយ​លាយឡំនឹងទឹកព្រះនេត្រា រីឯព្រះភារតៈទម្លាក់ព្រះភក្ត្រចុះ។ រាជបុត្រទាំងបីពិតជាសោយសោកណាស់ចំពោះបិតា។ បន្តិចក្រោយមក ព្រះភារតៈក៏បាននិយាយថា «ទូលបង្គំមកយកព្រះអង្គទៅវិញ​ ព្រះអង្គត្រូវ​តែធ្វើជាព្រះមហាក្សត្រ។»
        «មិនអាចទេ ភារតៈ យើងត្រូវតែធ្វើតាមពាក្យសន្យារបស់ព្រះបិតាចំពោះព្រះមាតាកៃកេយិ។ ឯង​គឺជា​អនាគតព្រះ​មហាក្សត្រហើយ។»
            «ទេ! ទូលបង្គំនឹងនៅទីនេះជាមួយព្រះអង្គ។» ព្រះភារតៈឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់។
            «ភារតៈ កុំធ្វើដូចកូនក្មេងអី។ មាតាកៃកេយិ បានទទួលនូវពាក្យសន្យាចំនួនពីរ​របស់ព្រះបិតារួចហើយ នេះ​គឺជាកាតព្វកិច្ចរបស់យើង ដែលត្រូវសម្រេចនូវពាក្យសច្ចនេះ។ ចូរត្រលប់ទៅវិញ រួចឡើង​សោយរាជ្យចុះ។»
            «ទូល​បង្គំ​មិន​ធ្វើ​ជាស្ដេច​ទេ ព្រះអង្គ ប៉ុន្តែ​ទូលបង្គំ​នឹង​ជួយ​សម្រេច​ពាក្យសច្ចរបស់​ព្រះបិតា សូមប្រគល់ស្បែកជើងរបស់ព្រះអង្គមក ទូលបង្គំនឹងយកទៅដាក់លើបល្លង្ក និងគ្រប់គ្រងអាណាចក្រដោយដាក់ព្រះនាមព្រះអង្គលុះណាតែព្រះអង្គយាងមកវិញ។»
            ព្រះរាមៈមិនអាច​ផ្លាស់ប្ដូរព្រះទ័យរបស់​ព្រះអនុជ​បាន​ឡើយ។ ព្រះអង្គក៏ថ្វាយស្បែកជើង​របស់ទ្រង់ទៅកាន់ភារតៈ ហើយយកមកដាក់លើថ្ងាស រួច​យកមកដាក់លើសំពត់មាស ហើយចាកចេញ និងត្រលប់ទៅអយុធ្យាវិញ។
សំណួរ
១.តើមានអ្វីកើតឡើងនៅអយុធ្យា ក្រោយពីពួកគេចាកចេញ?
២.តើអំពើបាបអ្វីដែលព្រះបាទទសរថបានសាង?
៣.តើព្រះភារតៈនិយាយដូចម្ដេច នៅពេលព្រះនាងកៃកេយិរៀបរាប់នូវរឿងរ៉ាវទាំងអស់?
៤.តើព្រះភារតៈទៅទីណា? តើគេធ្វើអ្វី នៅពេលដែលព្រះរាមៈមិនព្រមវិលទៅអយុធ្យាវិញ?
សូមមើលវីដេអូបន្ថែម

No comments: