Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, July 3, 2019

រឿងរាមាយណ ភាគទី៤



    ព្រះនាងកៃកេយិពិតជាបារម្ភចំពោះសុវត្ថិភាពរបស់ព្រះភារតៈណាស់។​ ព្រះនាងក៏រសាយនូវសេចក្ដីស្រលាញ់ចំពោះព្រះរាមៈអស់រលីង ដែលជាបុត្រមួយអង្គធ្លាប់តែធ្វើល្អចំពោះព្រះនាង និងស្រលាញ់ព្រះអនុជភារតៈ។ ព្រះនាងបានស្រាយព្រះកេសា និងគ្រវែងគ្រឿងតុបតែងទាំងឡាយ រួមទាំង​គ្រឿងអលង្កានានាទៅលើកម្រាលឥដ្ឋ ហើយស្រែកយំយ៉ាងខ្លាំង។

ព្រះនាងកៃកេយិ ស្រែកយំទាមទារនូវបំណងប្រាថ្នា២យ៉ាងពីព្រះបាទទសរថ
                 គ្រានោះ ព្រះបាទទសរថ បាន​យាងមកជួបព្រះនាង ដើម្បីប្រាប់ដំណឹងល្អស្ដីពីការឡើង​សោយ​​រាជ្យរបស់ព្រះរាមៈ ព្រោះទ្រង់ដឹងថាព្រះនាងក៏ស្រលាញ់រាជបុត្រនេះដែរ។ ផ្ទុយទៅវិញ ព្រះអង្គពិតជា​ភ្ញាក់​ផ្អើលជាខ្លាំង ពេលឃើញមហេសីនៅលើឥដ្ឋ។
            «មានរឿងអ្វី ព្រះមហេសី?» ទ្រង់សួរយ៉ាងអន្ទះសា។
            ព្រះនាងកៃកេយិ ក៏ងើបឡើង ហើយជូតទឹកព្រះនេត្រ។
            «តើត្រឹមត្រូវឬទេថា ព្រះមហាក្សត្រត្រូវគោរពពាក្យសច្ចជាជាងជីវិតខ្លួនឯងនោះ?»
            «មែនហើយ!» ទ្រង់តប។
            «ហើយព្រះអង្គធ្លាប់មានបន្ទូលថានឹងគោរពតាមការសន្យា ទោះជាអ្វីក៏ដោយ?»
            «ត្រូវហើយ! ប៉ុន្តែម្ចាស់អូនចង់សុំរឿងអ្វី?» ព្រះបាទទសរថសួរទាំងភាំង។
            «តើព្រះអង្គនៅចាំទេ ពាក្យសន្យាចំនួនពីរដែលព្រះអង្គថានឹងផ្ដល់ឲ្យខ្ញុំម្ចាស់?»
            «មែនហើយ!»
            «ឥលូវនេះ ទូលបង្គំសុំហើយ។» ព្រះនាងកៃកេយិឆ្លើយតប។
            «និយាយមក! សុំអ្វីខ្លះទៅ?»
          «ទូលបង្គំចង់ឲ្យព្រះអង្គលើកព្រះភារតៈឡើងសោយរាជ្យ ហើយបញ្ជូនព្រះរាមៈទៅ
ព្រៃ១៤ឆ្នាំ។»
            ព្រះបាទទសរថក៏ភ្ញាក់ព្រើត «តើអូនដឹងថា អូននិយាយពីអ្វីទេ? តើព្រះរាមៈបានធ្វើអ្វីមិនគួរគប្បីចំពោះអូន បានជាចង់ឲ្យគេទៅរស់នៅក្នុងព្រៃរយៈពេល១៤ឆ្នាំ?»
            «ទូលបង្គំគ្រាន់តែសុំក្ដីប្រាថ្នាតាមការសន្យាប៉ុណ្ណោះ វាជារឿងរបស់ព្រះអង្គ ដែលត្រូវតែថ្វាយដល់ទូលបង្គំ។» ព្រះនាងកៃកេយិតប។
            «បងមិនយល់ទេ» ទ្រង់មានបន្ទូលទាំងកំហឹង។ «អូនធ្លាប់ប្រាប់ថា ស្រលាញ់រាមៈដូចជាបុត្រាបង្កើត ហេតុអ្វីក៏ប្រែប្រួលលឿនបែបនេះ? ព្រះរាមៈធ្វើអ្វីខុសទៅ បានជាដាក់ទោសគេ១៤ឆ្នាំ ឲ្យរស់នៅ​ក្នុងព្រៃបែបនេះ?»
         ព្រះនាងកៃកេយិ មិនព្រមឆ្លើយតបទាល់តែសោះ។ ព្រះបាទទសរថបានព្យាយាមលួងលោម​ព្រះនាងកៃកេយិពេញមួយថ្ងៃ ដើម្បីឲ្យព្រះនាងផ្លាស់ប្ដូរព្រះទ័យ ប៉ុន្តែព្រះនាងមិនព្រមស្ដាប់ឡើយ។

សំណួរ
១.តើព្រះនាងកៃកេយិបានធ្វើដូចម្ដេចខ្លះ នៅពេលដែលព្រះនាងចាប់ផ្ដើមបារម្ភពីសុវត្ថិភាពរបស់ព្រះភារតៈ?
២.តើព្រះនាងបានសួរព្រះទសរថអំពីអ្វីទាក់ទងទៅនឹងព្រះមហាក្សត្រ?
៣.តើបំណងប្រាថ្នាពីរយ៉ាងរបស់ព្រះនាងគឺអ្វី?
៤.តើព្រះបាទទសរថមានប្រតិកម្មអ្វី ពេលព្រះនាងកៃកេយិបង្ហាញនូវបំណងប្រាថ្នាទាំងពីរ?
៥.តើព្រះនាងកៃកេយិបានផ្លាស់ប្ដូរព្រះទ័យដែរឬទេ?
សូមមើលវីដេអូបន្ថែម

No comments: