Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, July 11, 2019

រឿង​រាមាយណ​ ភាគទី៨ ប្រែ​សម្រួល​ដោយ រស់ វាសនា



            បន្ទាប់ពីភារតៈត្រលប់មកអយុធ្យា ព្រះរាមៈ សិតា និង​លក្ស្មណៈ ក៏បានចាកចេញពីភ្នំចិត្រកូត និងធ្វើដំណើរព្រៃទន្ទកៈ (Dandaka) វិញ។​ កន្លែងនេះ​ហើយដែលពួកគេរស់នៅបានជិត១០ឆ្នាំ​ បន្ទាប់មក ពួកគេ​បាន​ទៅ​ព្រៃបញ្ចវតិ (Panchavati)
            បញ្ចវតិជាព្រៃដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់​ នៅតាមច្រាំងទន្លេគោទវារី (Godavari)។ ព្រះលក្ស្មណៈបានសាងសង់ខ្ទមពីរ មួយសម្រាប់ព្រះរាមៈ និងព្រះនាងសិតា និងមួយទៀតសម្រាប់ខ្លួនឯង។ ពួកគេ​រស់នៅ​យ៉ាងរីករាយ។
            ថ្ងៃមួយ មាននាងយក្ខិនីមួយក្បាល ឈ្មោះថា សុរបនខា បាន​មកដល់​ទីនេះ។ នាងបាន​សម្លឹងមើលព្រះរាមៈ និង​លួច​បេតី។ នាងបាន​ដើរ​តម្រង់ទៅរក​ព្រះអង្គ និងសួរថា «ខ្ញុំម្ចាស់ចង់រៀបការជាមួយព្រះអង្គ។»
            «តើនាងជានរណាព្រះរាមៈសួរទាំងឆ្ងល់។
            «ខ្ញុំគឺជាសុរបនខា ជាប្អូនស្រីតែមួយគត់របស់ រាវណៈ ស្ដេចនៃ​ក្រុងលង្កា ចំណែកឯ កុម្ពកាណ៌  វិភិសាណៈ ខរៈ និង​ទុសាណៈ គឺសុទ្ធតែ​ជា​បងប្អូនរបស់ទូលបង្គំ។»
            «ខ្ញុំមិនអាចរៀបការជាមួយនាងបានទេ។ នេះគឺជាភរិយារបស់ខ្ញុំ សិតា កំពុងតែឈរជិតខ្ញុំ។ ប្អូនប្រុសរបស់ខ្ញុំ​នៅទំនេរ​ នាងអាច​ទៅរកគេបាន។» ព្រះរាមៈតប។
            នាងសុរបនខា ក៏បានដើរសំដៅទៅរកលក្ស្មណៈ និង​និយាយថា «ពិតជាសង្ហាមែន ខ្ញុំចង់រៀបការជាមួយព្រះអង្គ តើស្រលាញ់ខ្ញុំទេ
            ព្រះលក្ស្មណៈនិយាយបែបលេងសើចថា «ម៉េចក៏ចង់រៀបការជាមួយខ្ញុំ? នោះនាងនឹងក្លាយជាអគ្គមហេសី បើរៀបការជាមួយ​ព្រះរាមៈ។»
            នៅពេលអ្វីៗមិនបានជោគជ័យ  នាងសុរបនខា ក៏បានហក់ទៅសង្គ្រប់លើព្រះនាងសិតា ហេតុនេះ​ព្រះរាមៈក៏ចាប់នាងនោះចេញ។ និយាយពីព្រះលក្ស្មណៈវិញក៏ស្ទុះទៅទាំងកំហឹង​ពេលដែលឃើញ​ព្រះនាងសិតាត្រូវ​នាងសុរបនខាធ្វើបាប។ គេក៏ទាញដាវចេញ និងកាត់ច្រមុះនិង​ត្រចៀករបស់នាង។ សម្រែក​ឈឺចាប់ក៏បន្លឺឡើង នាង​សុរបនខាក៏​ទៅជួបបងប្រុសរបស់នាងគឺខរៈ។
            នាងបានរៀបរាប់អំពីព្រះរាមៈ និង​លក្ស្មណៈ។ គ្រានោះ ខរៈក៏បានចេញទ័ព​ភ្លាម ដោយម្នាក់ៗរួសរាន់កាន់ដាវ​និងលំពែងចេញទៅ ប៉ុន្តែ​ក៏ត្រូវ​ព្រះរាមៈ និងលក្ស្មណៈសម្លាប់គ្មានសល់ រួម​ទាំងខរៈ និង​ទុសាណៈផង។
            សុរបនខា ក៏រត់ទៅជួបបងប្រុសនៅក្រុងលង្កា គឺរាវណៈ ស្ដេចនៃក្រុងលង្កា។ ដោយយល់ហេតុការណ៍ និងស្ដាប់ការរៀបរាប់របស់នាង រាវណៈក៏ក្រោធយ៉ាងខ្លាំង។ គេពិតជាចង់បាននាងសិតាណាស់ ប៉ុន្តែ​គេធ្លាប់បរាជ័យកាលប្រលងលើកធ្នូ។ នេះ​គឺជាឱកាសមាសហើយ​ដើម្បីសងសឹក។ ដូច្នេះ គេក៏រកឧបាយកលដើម្បីបញ្ឆោតចាប់នាងសិតា។
            គេបានហៅ មារិឆៈ ជាពួករាក្សដែរ​ និងបានប្រាប់ថា «ប្អូនប្រុសរបស់យើងត្រូវគេ​សម្លាប់ដោយមនុស្សពីរនាក់នៅព្រៃបញ្ចវតិ គឺរាមៈ និង លក្ស្មណៈ ហើយប្អូនស្រីរបស់យើងក៏ត្រូវដាច់ច្រមុះនិងត្រចៀកដោយសារពួកវាទាំងពីរដែរ។ យើងមិនឲ្យវារួចខ្លួនឡើយ។ ចូរស្ដាប់តាមផែនការរបស់យើង។»
            «យើងនឹងទៅចាប់នាងសិតា ប្រពន្ធរបស់រាមៈ។ ដើម្បីសម្រេចរឿងនេះបាន យើង​ត្រូវ​ការឲ្យឯងជួយ។ ពេលទៅដល់កន្លែងនោះ ឯងត្រូវកាឡាខ្លួនជាប្រើសមាសភ្លាម​ ហើយបញ្ឆោតពួកវា​ឲ្យចេញពីនាង​សិតាតែម្ដង។»
            «តែពួកវាប្រាកដជាសម្លាប់ខ្ញុំ!» មារិឆៈ ស្រែក។
            «បើអ៊ីចឹងមែន មុននឹងឯងស្លាប់ ឯងត្រូវក្លែងសំឡេងឲ្យដូចរាមៈ ហើយស្រែកទៅ ដើម្បីឲ្យប្អូនប្រុសរបស់វាចេញមកជួយ។»
សំណួរ
១.តើព្រះរាមៈ ព្រះនាងសិតា និងលក្ស្មណៈ បន្តដំណើរទៅទីណាទៀត បន្ទាប់ពីភារតៈវិលទៅក្រុង​អយុធ្យាវិញ? តើពួកគេរស់នៅទីនោះរយៈពេលប៉ុន្មាន?
២.ក្រោយមក ពួកគេបន្តដំណើរទៅណាទៀត? ចូរពណ៌នាអំពីទីកន្លែងនោះ។
៣.ចូររៀបរាប់អំពីជំនួបរវាងនាងសុរបនខា ព្រះរាម និងព្រះលក្ស្មណៈ។
៤.តើនរណាខ្លះជាបងប្រុសរបស់សុរបនខា? តើបងប្រុសណាខ្លះនាងបានមកសុំជំនួយមុនគេ?
៥.តើរាវណៈបានធ្វើដូចម្ដេច ពេលដែលដឹងថាខរៈត្រូវគេសម្លាប់?


No comments: