Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, June 29, 2019

រឿងរាមាយណៈ ភាគ២ ប្រែសម្រួលជាភាសាខ្មែរ


ព្រះរាមៈគោរព និង​ទូលថា «ពួករាក្សក៏ត្រូវវិនាស រី​ឯពិធីយគ្ន ក៏ចប់សព្វគ្រប់ហើយដែរ។ សូម​ព្រះអង្គអនុញ្ញាតឲ្យពួកខ្ញុំវិលត្រឡប់ទៅអយុធ្យាវិញចុះ។»
ឥសីវិស្វាមិត្រៈតបវិញថា​ «បាន​! ព្រះអង្គអាចយាងទៅអយុធ្យាបាន​ ប៉ុន្តែទូលបង្គំចង់ឲ្យព្រះអង្គជូន​ទូលបង្គំ​ទៅនគរមិថិលាសិន។»
«ហេតអ្វី?» ព្រះរាមៈសួរ។
«ព្រះបាទជនកនៃនគរមិថិលាមានបុត្រីមួយអង្គ ព្រះនាមថា សិតា។ ព្រះអង្គបាន​ប្រកាស​របស់​បុរសដ៏​ល្អ​ម្នាក់សម្រាប់រៀបអភិសេកជាមួយបុត្រីរបស់ព្រះអង្គ។»
«តើទ្រង់ជ្រើសរើសតាមវិធីណា?» ព្រះលក្ស្មណៈសួរ។
«ទ្រង់មាន​ធ្នូមួយ​ដែលថ្វាយដោយព្រះសិវ។​ ធ្នូនោះធំ​ និង​ធ្ងន់ណាស់​ គ្មាននរណាអាចលើក​រួច​ឡើយ។ ទ្រង់​បាន​អញ្ជើញព្រះបុត្រា​ពី​នគរនានា ថាបើរាជបុត្រអង្គណាមានសមត្ថភាព​លើក​ និង​យឹតធ្នូនោះបាន ទ្រង់​នឹង​លើកបុត្រីឲ្យ។ ព្រះរាមៈ! ទូលបង្គំចង់ឲ្យព្រះអង្គប្រជែងជាមួយ​បុត្រាទាំងនោះ​។ នេះហើយជាមូលហេតុដែលទូលបង្គំចង់ឲ្យព្រះរាជបុត្រទាំងពីរជូនទូលបង្គំទៅនគរមិថិលា។»

«ពួកយើងនឹង​ទៅជាមួយ​តេជគុណ ប្រសិនបើព្រះបិតារាជានុញ្ញាត។»
«ព្រះអង្គត្រូវតែប្រាកដថា ព្រះបិតារបស់ព្រះអង្គនឹងមិន​ជំនាស់ចំពោះរឿងនេះទេ។» ឥសី​វិស្វាមិត្រៈតបទៅវិញ។    
ដូច្នេះ​ ឥសី​វិស្វាមិត្រៈបានចេញដំណើរទៅ​នគរមិថិលា ជាមួយ​នឹង​ព្រះរាជបុត្រទាំងពីរ។ នៅ​តាម​ដង​ផ្លូវ ពួកគេ​ក៏ប្រទះនូវ​អាស្រមរបស់ឥសីគោតម ជាកន្លែងភរិយាដ៏ស្អាតនោះគឺ នាងអាហល្យ បានត្រូវ​បណ្ដាសាឥសី​ជាប្ដីក្លាយទៅជាថ្ម។​ នៅព្រះរាមៈបាន​ស្ដាប់នូវរឿង​ដ៏សោកសៅពីឥសីវិស្វាមិត្រៈរួចហើយ ព្រះអង្គក៏ប៉ះថ្មនោះ និងសង្គ្រោះនាង អាហល្យ ឲ្យមានជីវិតឡើងវិញ​។ ព្រាហ្មណ៍គោតម និង​នាង​អាហល្យ ក៏ត្រូវ​គ្នាវិញ។
មិនយូរ​ប៉ុន្មាន ក៏ទៅដល់នគរមិថិលា ទីឋានរបស់ព្រះនាងសិតា។
ព្រះបាទជនកបានទទួលរាក់ទាក់ចំពោះឥសីវិស្វាមិត្រៈបំផុត។ ព្រះអង្គក៏មានបន្ទូលថា «បុរសដ៏ស្រស់សង្ហាទាំងពីរ​នេះជានរណា? ពួកគេទាំងពីរមើលទៅដូចជាពូជពង្សរាជវង្ស។»
«មែនហើយព្រះអង្គ! ពួកគេទាំងពីរ​ជាព្រះរាជបុត្រ មាន​ព្រះនាមថា រាមៈ និង​លក្ស្មណៈ ជាបុត្រារបស់ព្រះបាទទសរថនៃនគរកោសល។ ដោយរាជានុញ្ញាត ទូលបង្គំចង់ឲ្យព្រះរាមៈសាកល្បងយឹតធ្នូនេះ​ក្រាបទូល។»
ព្រះបាទជនក មានរាជបន្ទូលថា «ព្រះរាជបុត្រជាច្រើន​បានយាងមកសាកល្បង ដើម្បីទទួលបាន​សិតា!»
«សូមទ្រង់រាជានុញ្ញាតឲ្យទូលបង្គំជម្រះកាយសិន​មុននឹងទៅទីលានប្រកួតក្រាបទូល។» ឥសី​វិស្វាមិត្រៈតប។
ក្រោយពីងូតទឹកសម្អាតរាងកាយ និងរៀបចំខ្លួនស្អាតបាតរួចហើយ​ ពួកគេក៏បានមកដល់ពីមុខព្រះទីនាំង​របស់ព្រះបាទជនក។ ព្រះរាជបុត្រជាច្រើន​បាន​អង្គុយរង់ចាំប្រកួតក្បែរ​ទីលាន។​
ព្រះបាទជនក​គង់នៅលើបល្លង្កមាស ជាមួយ​កម្រងផ្កានៅនឹង​ព្រះហស្ត ឯព្រះនាងសិតាក៏គង់នៅក្បែរនោះដែរ។ ទោះបើឃើញត្រឹមស្បៃដែលនៅលើផ្ទៃមុខរបស់ព្រះនាងក្ដី​ ក៏​ព្រះរាមៈសម្គាល់ឃើញថា ព្រះនាង​ពោរពេញទៅដោយសម្រស់ស្រស់ស្អាតណាស់ទៅហើយ។ ព្រះអង្គក៏គង់ក្នុងចំណោមព្រះរាជបុត្រទាំង​ឡាយនោះផង​។
ធ្នូក៏ត្រូវយក​មកកាន់ទីលានដោយរទេះដែលមានអ្នករុញ២១នាក់។ អ្នកគ្រប់គ្នាស្ងប់ស្ងែងចំពោះទំហំធ្នូនេះណាស់។
ធ្នូនេះមិនត្រឹមតែធំប៉ុណ្ណោះទេ តែក៏ធ្វើពីដែកដ៏រឹងមាំផងដែរ តើអាចលើកដោយវិធីណាទៅ? ព្រះរាជបុត្រជាច្រើន​អស់សង្ឃឹម និងសម្រេចព្រះទ័យថាមិនសាកល្បងឡើយ ចំណែកព្រះរាជបុត្រមួយចំនួនទៀតនោះមិនអាច​លើករួចសោះ សូម្បីតែរំកិលក៏ដោយ  ឯរាជបុត្រមួយអង្គក៏ត្រូវរបួស។ សូម្បីតែ​ រាវណៈ ស្ដេចនៃ​នគរលង្កា ដែល​មានក្ដីរំពឹងថានឹងអាចយកនាងសិតាបាន ក៏​ត្រូវ​បរាជ័យក្នុងការលើកធ្នូនេះដែរ។
ទីបំផុត ដល់វេនព្រះរាមៈ ម្ដង ទ្រង់បាន​យាងទៅកាន់ធ្នូ។ ទ្រង់បាន​ឱនគោរពធ្នូ និងចាប់លើកដោយដៃទាំងពីរដោយមិនលំបាកសោះ ហើយ​ក៏ទទួលសំឡេងសាទរពីសំណាក់ភ្ញៀវដែលចូលរួមទាំង​ឡាយ​។ ព្រះរាមៈអាច​យឹតធ្នូបានដោយងាយ។
សំឡេងសាទរដ៏កក្រើកពីសំណាក់រាជបុត្រ និង​មន្ត្រីទាំងឡាយ។ ព្រះបាទជនកក៏រត់ស្ទុះចេញពីបល្លង្កដើម្បីសាទរព្រះរាមៈ។ ព្រះអង្គក៏ត្រូវបានជ្រើសរើស។ ព្រះបាទជនកនាំព្រះរាមៈទៅជួបសិតា។ សំឡេងសាទរក៏លាន់ឮឡើង នៅពេលព្រះនាងពាក់កម្រងផ្កាឲ្យព្រះអង្គ។

សំណួរ
១.ហេតអ្វីបានព្រះអង្គម្ចាស់ទាំងពីរធ្វើដំណើរទៅនគរមិថិលា។
២.តើស្ដេចនៃនគរមិថិលាមានព្រះនាមអ្វី? ទ្រង់មានបុត្រីមួយអង្គមានព្រះនាមអ្វី?
៣.ហេតុអ្វីបានរាជបុត្រជាច្រើនធ្វើដំណើរមកនគរមិថិលា?
៤.តើស្ដេចនៃនគរមិថិលាជ្រើសរើសវិធីអ្វីដើម្បីរៀបអភិសេកឲ្យបុត្រីព្រះអង្គ?
៥.តើ អាហល្យ ជានរណា? តើព្រះរាមៈសង្គ្រោះនាងដោយវិធីណា?
៦.ចូររៀបរាប់អំពីសកម្មភាពដែលព្រះរាមៈបានធ្វើនៅឯនគរមិថិលា។
សូមមើលវីដេអូបន្ថែម



No comments: