Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 2, 2019

រឿងរាមាយណ ភាគទី៣ ប្រែសម្រួលជាភាសាខ្មែរ


                រាជទូតក៏នាំរាជសារទៅដល់ក្រុងអយុធ្យា។
ព្រះរាមៈអាចលើកធ្នូប្រកបដោយភាពជោគជ័យ

ព្រះបាទជនកបានថ្វាយដំណឹងដល់ព្រះបាទទសរថថា ព្រះរាជបុត្ររបស់ទ្រង់​គឺព្រះរាមៈអាច​យឹតធ្នូរបស់ព្រះសិវបាន ហើយនឹងត្រូវរៀបអភិសេកជាមួយនឹងព្រះនាងសិតា បុត្រីរបស់ព្រះអង្គ។
            ព្រះបាទទសរថ រួមទាំងមហេសី និង​បុត្រារបស់ទ្រង់គឺ ព្រះភារតៈ និងសត្រុឃ្ន ព្រមទាំងរាជ​បរិពារទាំងឡាយក៏បាន​ទៅដល់ទីនោះ។ ពិធីអភិសេករបស់ព្រះរាមៈនិងព្រះនាងសិតាត្រូវ​បាន​ប្រារព្ធឡើងយ៉ាងអធិកអធម ហើយបន្ទាប់មក អាពាហ៍ពិពាហ៍បុត្រាទាំងបីផ្សេងទៀត​របស់ព្រះបាទទសរថក៏ត្រូវបាន​ធ្វើឡើងផងដែរ គឺព្រះភារតៈជាមួយព្រះនាងមន្ទវី ព្រះលក្ស្មណៈជាមួយ​ព្រះនាងឧរមិល ឯព្រះសត្រុឃ្នជាមួយ​ព្រះនាងស្រុតកិរត្តិ។
            ពេលធ្វើដំណើរត្រឡប់ទៅក្រុងអយុធ្យាវិញ​ ក៏មានខ្យល់ព្យុះដ៏ធំសម្បើមមួយ ស្រាប់តែលេចមហា​ព្រាហ្មណ៍មួយគឺ​បរសុរាមៈ។ ព្រាហ្មណ៍នេះ​ខ្លាំងណាស់ បាន​យកឈ្នះលើក្សត្រទាំងឡាយ និងធ្វើដំណើរជុំវិញផែនដី២១ជុំ។ ព្រាហ្មណ៍នេះបានជួបនឹងព្រះរាមៈ ដែលអាចលើកធ្នូរបស់គាត់ដោយស្រួល និងយឹតធ្នូដោយងាយ។ ដោយដឹងថា ព្រះរាមៈមិនមែនជាមនុស្សធម្មតា បរសុរាមៈក៏សុំទោសព្រះរាមៈ ហើយវិលទៅភ្នំហិមលយវិញ ដើម្បីទៅសុំសីលបន្តទៀត។
            មិនយូរប៉ុន្មាន ព្រះបាទទសរថមានរាជបំណងចង់លើកព្រះរាមៈជាស្ដេច ដោយហេតុថាទ្រង់មានព្រះជន្មច្រើនទៅហើយ ទើបទ្រង់លើករាជបុត្រនេះឲ្យសោយរាជ្យ។ ទ្រង់បានកោះហៅរាជបុត្រទាំងអស់ រួមទាំងក្រុមមន្ត្រីផង ហើយប្រកាសថា «យើងចាស់ណាស់ហើយ យើងចង់លើកព្រះរាមៈឲ្យសោយរាជ្យ។ តើអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរ?»
            អ្នកគ្រប់គ្នាពិតជារីករាយណាស់ពេលបានឮបែបនេះ។  ព្រះរាមៈគឺជាក្សត្រដែលគេស្រលាញ់គ្រប់គ្នានៅអាណាចក្រទាំងមូល។ ពួកគេក៏ស្រែកព្រមៗគ្នាថា «ពួកទូលបង្គំឯកភាព!»
            «បើ​អ៊ីចឹងឆាប់រៀបចំពិធីឡើងសោយរាជ្យទៅ!»
            ដំណឹងស្ដីពីការឡើងសោយរាជ្យ​របស់ព្រះរាមៈក៏ផ្សព្វផ្សាយពាសពេញក្រុងអយុធ្យា ហើយក៏មាន​សេចក្ដីសាទរផងដែរ។ អ្នករាល់គ្នាក្នុងព្រះបរមរាជវាំងក៏រីករាយផង ពេលណាដែល​ពិធីឡើងសោយរាជ្យត្រូវបានធ្វើឡើង។
            ថ្លែងពីព្រះនាងកៃកេយិ មាតារបស់ព្រះភារតៈ មានស្ត្រីបម្រើចំណាស់ម្នាក់ឈ្មោះ​ មន្ថារៈ។ ពេល​អ្នក​បម្រើនេះ​បាន​ឮបែបនេះហើយ ក៏ប្រញាប់ទៅទូលពិតព្រះនាងកៃកេយិថា «តើព្រះនាងបាន​ដឹងរឿងអីឬអត់? ព្រះរាមៈនឹងត្រូវឡើងធ្វើជាស្ដេចហើយ!»
            «នោះគឺជាដំណឹងល្អតើ! ព្រះរាមៈជាបុត្រច្បង ទ្រង់ជាក្សត្រល្អ និងមានសេចក្ដីក្លាហានផង។​មនុស្ស​គ្រប់គ្នាស្រលាញ់ទ្រង់ណាស់។ ទ្រង់នឹងក្លាយមហាក្សត្រដ៏ល្អជាក់ជាមិនខាន។» ព្រះនាងកៃកេយិតបទៅវិញ។
            «ព្រះនាងចង់មានន័យថាម៉េច? តើព្រះនាងដឹងខ្លួនឬទេ?» យាយមន្ថារៈគំហក។
            «ថាម៉េច? មានអីទាស់ខុសទៅ?»
យាយមន្ថារៈបានញុះញង់ព្រះនាងកៃកេយិ 
«មានអីខុស! ព្រះនាងសាកគិតមើល ថានឹងមានរឿងអ្វីកើតឡើងចំពោះព្រះភារតៈ និងព្រះនាង ពេលដែលព្រះរាមៈឡើងសោយរាជ្យ តើព្រះនាងប្រាកដទេថា ព្រះអង្គនឹងបំបរបង់ព្រះភារតៈនិងព្រះនាងទៅនគរផ្សេងទេ?»
            «ព្រះរាមៈមិនធ្វើបែបនេះទេ!» ព្រះនាងតបទាំងរន្ធត់ ដោយព្រះនាងនៅតែស្រលាញ់ចូលចិត្តព្រះរាមៈ។
            «ចូរស្ដាប់ទូលបង្គំ! ម្ចាស់ក្សត្រីកៃកេយិ» យាយមន្ថារៈញុះញង់បន្ថែម រួចនិយាយទៀតថា          «ប្រសិនបើព្រះនាងចង់ការពារសុវត្ថិភាពរបស់ព្រះភារតៈ ​និងចង់ឲ្យទ្រង់ឡើងសោយរាជ្យវិញនោះ។»
            «ថាម៉េច?»
            «តើព្រះនាងនៅចាំទេថា កាលមួយនោះ ព្រះនាងបានជួយព្យាបាលរបួស និងសង្គ្រោះជីវិតព្រះបាទទសរថ គ្រាដែលទ្រង់រងរបួសក្នុងសង្គ្រាមរវាងពួកទេវ និងអសុរៈ?»
            «មែនហើយ!» ព្រះនាងកៃកេយិ តប។
            «ហើយនៅពេលទ្រង់ដឹងព្រះកាយវិញ ទ្រង់បានថ្វាយព្រះនាងនូវពាក្យសន្យាពីរប្រការ?»
            «ត្រូវហើយ! យើងបានប្រាប់ថា យើងនឹងសុំនៅពេលដែលយើងត្រូវការ។»
            «ត្រឹមត្រូវ! ឥឡូវនេះ ដល់ពេលដែលព្រះនាងត្រូវរំឭកនូវពាក្យសន្យារបស់ទ្រង់ហើយ» យាយ​មន្ថារ
ៈ និយាយ។
«ប៉ុន្តែ យើងគួរតែសុំអ្វីទៅ?»
«ប្រាប់ព្រះបាទទសរថថា ព្រះនាងចង់ឲ្យព្រះភារតៈឡើងសោយរាជ្យ ហើយនិរទេសព្រះរាមៈទៅព្រៃរយៈពេល១៤ឆ្នាំ។»
យាយមន្ថារៈបានចាក់រុកបន្ថែម ហើយទីបំផុតយាយ​នេះក៏ធ្វើឲ្យព្រះនាងកៃកេយិលង់ទៅតាម​គំនិតគាត់តែម្ដង។
សំណួរ
១.ហេតុអ្វីបានជាព្រះបាទទសរថចង់លើកព្រះរាមៈឲ្យទទួលរាជសម្បត្តិ?
២.តើស្ត្រីបម្រើរបស់ព្រះនាងកៃកេយិមានឈ្មោះអ្វី? តើព្រះនាងកៃកេយិសប្បាយព្រះទ័យដែរឬទេពេលដែលដឹងថាព្រះរាមៈគ្រោងនឹងឡើងសោយរាជ្យ?
៣.ស្ដ្រីបម្រើរបស់ព្រះកៃកេយិបាននិយាយអ្វីខ្លះ ប្រសិនបើព្រះរាមៈបានឡើងសោយរាជ្យ?
៤.តើស្ត្រីបម្រើនេះបានរំឭកព្រះនាងកៃកេយិអំពីរឿងអ្វី?
៥.តើពាក្យសន្យាអ្វីដែលស្ដ្រីបម្រើនេះចង់ឲ្យព្រះនាងកៃកេយិសុំពីព្រះបាទទសរថ?
សូមមើលវីដេអូបន្ថែម


No comments: