Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, June 27, 2019

រឿងរាមាយណ ភាគទី១ ប្រែសម្រួលជាភាសាខ្មែរ


            កាលពីយូរលង់ណាស់មកហើយ ព្រះបាទទសរថបានគ្រប់គ្រងនៅនគរកោសល មានរាជធានីដ៏ស្រស់ឆើតឆាយមួយ គឺអយុធ្យា។ ទ្រង់ជាព្រះរាជាប្រកបដោយទសពិធធម៌ ប្រជាជន​រស់នៅ​ប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត។
   ទ្រង់មានមហេសីចំនួន៣អង្គ គឺព្រះនាង​កោសល្យ ព្រះនាង​សុមិត្រ និង​ព្រះនាង​កៃកេយិ ប៉ុន្តែ​ទ្រង់​មិន​មាន​រាជបុត្រ​សោះសម្រាប់ស្នងរាជពេលដែលព្រះអង្គសោយទិវង្គតទៅ។​ ដូច្នេះ តាម​រយៈដំបូន្មានរបស់ព្រាហ្មណ៍ ទ្រង់ក៏បានធ្វើពិធីយជ្ញ ក្រោយមកព្រះអគ្និ (អាទិទេព​ភ្លើង) បាន​ថ្វាយទឹកដោះគោមួយពែង​ទៅដល់ទ្រង់ ចំណែកឯមហេសីទាំងបី​ក៏បាន​សោយ​ទឹកដោះនោះ​។ ព្រះបាទទសរថបាន​ថ្វាយ​ទឹកដោះពាក់កណ្ដាលទៅព្រះនាងកោសល្យ ហើយ​ទ្រង់បែងចែកមួយភាគ​ទៅ​ព្រះនាង​កៃកេយិ ពីរភាគទៀត​ទៅ​ព្រះនាងសុមិត្រ។ ក្រោយ​មក​ ទ្រង់​ក៏​ទទួល​បានរាជបុត្រចំនួន​៤​អង្គ គឺ​ព្រះរាមៈ បុត្រនៃព្រះនាង​កោសល្យ ភារតៈ បុត្រនៃព្រះនាងកៃកេយិ លក្ស្មណៈ និង​សត្រុឃ្ន បុត្រនៃព្រះនាង​សុមិត្រ។
            ព្រះអង្គម្ចាស់ទាំងបួនទទួលបាន​ការ​ហ្វឹកហាត់តាំង​ពីក្មេង​ដើម្បីត្រៀមក្លាយ​មេដឹកនាំ​និង​មេទ័ព​ដ៏​អង់អាចក្លាហាន ហើយ​ទទួលបាន​ការ​សិក្សាពីពពួកព្រាហ្មណ៍នូវចំណេះវិជ្ជានានា ហើយ​ក៏រៀន​នូវ​សីលធម៌ការគោរពចំពោះ​ព្រះរៀម និង​ការ​ប្រើប្រាស់ដាវ​ផងដែរ​ ទោះបីជាមានការលំបាកយ៉ាងណា​ក៏ដោយ​។
            បន្ថែមពីនេះ ពួកគេហ្វឹកហ្វឺនយ៉ាងស្វិតស្វាញក្រោម​ការត្រួសត្រាយរបស់​ព្រាហ្មណ៍ វាសិស្តៈ ដែលធ្វើ​ឲ្យ​ពួកគេ​ស្ទាត់ជំនាញ​ខាង​បាញ់ព្រួញ ជិះសេះ និង​ប្រមាញ់។ ពួកគេ​ប្រកបដោយ​សីលធម៌ រឹងមាំ និង​ក្លាហាន។
            ថ្ងៃមួយ ព្រះគ្រូ​មួយអង្គនាមថា វិស្វាមិត្រៈ បាន​និមន្ត​មក​សួរ​សុខទុក្ខព្រះបាទទសរថ។ ព្រះរាជា​បាន​ទទួលបដិសណ្ឋារកិច្ចយ៉ាង​រាក់ទាក់ចំពោះ​ព្រាហ្មណ៍​នេះ​ណាស់។ ឥសីវិស្វាមិត្រៈ ក៏​កើតមានូវរីករាយ​ផង​ដែរ។
            លោកមានដីកាថា « ទូលព្រះបង្គំ​មកទីនេះ​ ដើម្បីសុំរឿងមួយ។»
            ព្រះបាទទសរថ​បានចាប់ដៃរបស់​លោក រួច​មាន​បន្ទូលថា «អូ! សូម​មានដីកាតាម​បំណងចុះ! ខ្ញុំម្ចាស់នឹង​ប្រគេនជូន​ដោយក្ដីរីករាយ។»
            «ព្រះអង្គពិតជាយល់ព្រម​តាមសំណើរបស់ទូល​ព្រះបង្គំមែនឬ?»
            «មែនហើយ!» ព្រះរាជាមានបន្ទូលតបទៅវិញ។ 

ឥសីវិស្វាមិត្រៈបាននិមន្តមកជួបព្រះបាទទសរថ នៃនគរកោសល នាក្រុងអយុធ្យា
           «ទូលព្រះបង្គំបានធ្វើពិធី យគ្ន នៅអាស្រមក្នុងព្រៃ​ តែមិនអាច​ប្រារព្ធបាន​ពេញលេញ​ឡើយ ព្រោះ​តែមានការរំខានពីសំណាក់ពួករាក្ស (ពួកបិសាច) គឺ ម៉ារីឆៈ និងសុពាហុ និង​បរិវាររបស់វា។ ទូល​ព្រះបង្គំ​ល្បីថា ព្រះអង្គ​មានបុត្រាច្បងមួយ​អង្គ ព្រះនាម រាមៈ ពោរពេញដោយ​សេចក្ដីក្លាហាន ស្ទាត់ជំនាញខាង​ធ្នូ និង​ដាវ។ ទូលបង្គំ​ចង់សុំបុត្រាអង្គនេះ​ទៅអាស្រម​របស់ទូលបង្គំ និង​សម្លាប់​ពួករាក្ស។»
            ព្រះរាជា​ពិតជាមានសេចក្ដីរន្ធត់ខ្លាំង​ណាស់​ពេល​ឮ​បែបនេះ​។ ព្រះរាមៈទើបតែមានព្រះជន្ម១៦ ព្រះវស្សា ហើយ​ក៏​ជា​រាជបុត្រសំណព្វព្រះទ័យរបស់ទ្រង់ផង។ តើឲ្យ​ទ្រង់សម្រេចព្រះទ័យយ៉ាងដូចម្ដេច​ទៅ? ឥសីវិស្វាមិត្រៈ ដឹងថា​ព្រះរាជាមាន​ក្ដីបារម្ភដែរ តែ​លោក​នៅតែស្ងៀម។
            បន្តិចក្រោយមក ព្រះរាជាក៏​មាន​បន្ទូលតបថា «ព្រះគ្រូអើយ សំណើរបស់ព្រះអង្គ ខ្ញុំករុណាសូម​បញ្ជូន​លក្ស្មណៈទៅ​បង្ក្រាបពួករាក្សដែរ។ គេ​ក៏​ក្លាហាន ហើយមានភក្ដីភាពចំពោះព្រះរាមៈផង។ ពួកគេ​ទាំងពីរ​អាច​បង្ក្រាបពួករាក្សបាន។»
            ឥសី​វិស្វាមិត្រៈក៏​យល់​ព្រម ព្រោះបើមាន​ពីរ​នាក់​កាន់​តែ​ប្រសើរ​ក្នុង​ការ​កម្ទេចពួករាក្ស។ ថ្លែងពីព្រះរាមៈ និង​លក្ស្មណៈ ក៏​ត្រូវ​បានហៅ​ឲ្យចូលគាល់​ព្រះរាជា​។ អ្នកទាំងពីរ​ក៏បាន​គោរពប្រណីប័តន៍ព្រះគ្រូ​។ ព្រះរាជា​យល់ព្រម​សំណូមពរ​របស់​ព្រះគ្រូ ចំណែក​រាជបុត្រា​ទាំងពីរ​ក៏​ឯកភាព​ផងដែរ។​
            ពួកគេទាំងពីរក៏​ពាំនាំ​ដំណឹង​នេះ​ទៅគាល់ដល់​ព្រះមាតា​រៀងៗខ្លួន​ រួច​ទៅ​យក​ធ្នូ និង​ព្រួញ ហើយ​ក៏​ត្រលប់មក​ជួបព្រះបិតាវិញ។ ពួកគេ​បាន​ក្រាបសំពះលាបិតា​ដល់​ព្រះបាទា រួច​ក៏ចាកចេញ​ជាមួយ​ព្រះគ្រូវិស្វាមិត្រៈ។ ថ្លែង​ពី​ព្រះបាទទសរថសម្លឹងមើល​ទាំងក្ដី​អាលោះអាល័យបំផុត។
          ក្រោយធ្វើដំណើរ​ដោយថ្មើរជើង​អស់​ពីរទៅបីថ្ងៃ​ ពួកគេក៏ទៅដល់​ព្រៃ​ដ៏​ក្រាស់​មួយ ជា​កន្លែងដែលយក្ខិនីឈ្មោះថា តរកៈ រស់នៅ។ មនុស្ស​គ្រប់គ្នាយក្ខិនីកំណាចនេះណាស់។ ឥសីវិស្វមិត្រៈ​បាន​ណែនាំ​ឲ្យព្រះរាមៈបង្ក្រាប​នាង​បិសាច​នេះ​។ ព្រះរាមៈក៏គោរព​ និង​ទទួល​នូវ​អាវុធដ៏មានអនុភាព​ពីឥសី​វិស្វាមិត្រៈ។ ពួកគេក៏បន្តដំណើរ​ទៅ​មុខ​ទៀតរហូតទាល់តែទៅដល់អាស្រម​របស់​វិស្វាមិត្រៈ។ វា​ជាកន្លែង​មួយដ៏​មាន​សម្រស់ និងស្ងប់ស្ងាត់។ ហ្វូងក្ដាន់​ប្រលែង​នៅតាម​សួន បក្សាបក្សី​ប្រសេចប្រសាចនៅលើចុងឈើ បុប្ផាទាំងឡាយ​រីកស្គុសស្គាយជុំវិញអាស្រម។
ព្រះរាមៈ និងព្រះលក្ស្មណៈ កំពុងបង្ក្រាបពួករាក្សក្នុងពេលឥសីវិស្វាមិត្រៈកំពុងប្រារព្ធពិធី
       ព្រឹកឡើង ឥសីវិស្វាមិត្រៈ បាន​ចាប់ផ្ដើមពិធីយគ្ន។ ព្រះអង្គម្ចាស់ទាំងពីរ​អង្គុយក្បែរនោះ ដែលត្រៀមជាស្រេចនូវធ្នូ និងព្រួញ និង​ការពារ​ពិធីយជ្ញ ដើម្បីប្រឆាំង​នឹង​ពួករាក្ស។ នៅថ្ងៃចុងក្រោយនៃពិធី ផ្ទៃមេឃហាក់ដូចជា​ងងឹត នោះគឺ មារិឆៈ និង សុពាហុ រួមទាំងបរិវាររបស់វាបានបង្ហាញខ្លួន​ ដើម្បីមក​បំផ្លាញពិធីយជ្ញ។ ឥសីវិស្វាមិត្រៈ បានបន្តការបួងសួង។ ថ្លែងពី ព្រះរាមៈ និង​ព្រះលក្ស្មណៈ បាន​សម្លាប់អស់ពួករាក្សទាំងនោះ​។ មារិឆៈ ក៏ហោះរំលងផែនដីរត់ឆ្ពោះទៅដែនសមុទ្រដោយសារតែខ្លាចព្រួញរបស់ព្រះរាមៈ ​ឯ​អ្នកផ្សេងទៀតចែកផ្លូវគ្នាប្រសេចប្រសាចទាំង​មាន​របួសពេញខ្លួន។
            ព្រះរាមៈបានរង់ចាំឥសីវិស្វាមិត្រៈដើម្បីបញ្ចប់ពិធីយជ្ញ។ ព្រះគ្រូក៏​ក្រោកឡើង ដោយមានសេចក្ដីសាទរចំពោះព្រះអង្គម្ចាស់ទាំងពីរ។
            ឥសីមានដីកាថា «ធ្វើបាន​ល្អ ព្រះរាជបុត្រទាំងពីរ។ ព្រះអង្គបាន​ជួយឲ្យទួលបង្គំសម្រេចនូវ​ពិធី​យគ្ននេះដោយជោគជ័យ។»
សំណួរ
១.តើនគរនិងទីក្រុងរបស់ព្រះបាទទសរថមានឈ្មោះអ្វី?
២.តើព្រះបាទទសរថបានធ្វើពិធីអ្វីដើម្បីបួងសួងសុំបុត្រ?
៣. តើព្រះបាទទសរថមានបុត្រាប៉ុន្មានអង្គ? មានព្រះនាមអ្វីខ្លះ?
៤.តើព្រះបុត្រាទាំងបួនបានទទួលការហ្វឹកហ្វឺនអ្វីខ្លះ?
៥.តើនរណាដែលបានទៅជួបព្រះបាទទសរថ? មានបំណងអ្វី?
៦.ចូររៀបរាប់អំពីហេតុការណ៍មួយចំនួនដែលកើតឡើងនៅអាស្ររបស់ឥសីវិស្វាមិត្រ។

តួអង្គមួយចំនួន​ក្នុងភាគទី១
ព្រះបាទទសរថ (King Dasharatha)៖ ស្ដេចនៃនគរកោសល ក្រុងអយុធ្យា ជាបិតារបស់ព្រះរាមៈ ព្រះលក្ស្មណៈ ព្រះភារតៈ និងព្រះសុត្រុឃ្ន មានមហេសីបីអង្គគឺ ព្រះនាងកោសល្យ ព្រះនាងសុមិត្រ និងព្រះនាងកៃកេយិ។
-          ព្រះនាងកោសល្យ (Kaushalya)៖ ជាអគ្គមហេសីរបស់ព្រះបាទទសរថ និងជាមាតាបង្កើតរបស់ព្រះរាមៈ។
-          ព្រះនាងសុមិត្រ (Sumitra)៖ ជាអគ្គមហេសីទីពីររបស់ព្រះបាទទសរថ មានបុត្រាពីរអង្គ គឺព្រះលក្ស្មណៈ និងព្រះសត្រុឃ្ន។
-          ព្រះនាងកៃកេយិ (Kaikeyi)៖ ជាអគ្គមហេសីទីបីរបស់ព្រះបាទទសរថ មានបុត្រាមួយអង្គគឺព្រះភារតៈ
-          ព្រះរាមៈ (Rama)៖ ជាព្រះរាជបុត្រច្បងរបស់ព្រះបាទទសរថ និងព្រះនាងកោសល្យ ហើយមានមហេសីឈ្មោះសិតា។
-          ព្រះភារតៈ (Bharata)៖ ជាបុត្រារបស់ព្រះបាទទសរថ និងព្រះនាងកៃកេយិ។
-          ព្រះលក្ស្មណៈ (Lakshmana)៖ ជាបុត្រារបស់ព្រះបាទទសរថ និងព្រះនាងសុមិត្រ។
-          ព្រះសត្រុឃ្ន (Shatrughna)៖ ជាបុត្រារបស់ព្រះបាទទសរថ និងព្រះនាងសុមិត្រ។
-          វិស្វាមិត្រ (Vishwamitra)៖ ឥសីដែលជាគ្រូរបស់ព្រះរាមៈ និងព្រះលក្ស្មណៈ បាននាំព្រះរាមៈទៅនគរមិថិលា ដើម្បីប្រកួតលើកធ្នូដែលថ្វាយដោយព្រះសិវ។
-          វិសិស្ត (Vishishta)៖ ព្រះរាជគ្រូដែលបានបង្រៀនបុត្រាទាំងបួនរបស់ព្រះបាទទសរថ។
-          ពួករាក្ស (Rakshasas)៖ ត្រកូលអសុរ ដែលចូលចិត្តបំផ្លាញ និងអុកឡុកចក្រវាល។
-        មារិឆៈ (Maricha)៖ គឺជាពួករាក្ស ដែលបានកាឡាខ្លួនជាប្រើសមាស ក្រោមការបញ្ជារបស់      រាវណៈ ដើម្បីបញ្ឆោតព្រះរាមៈ ព្រះលក្ស្មណៈ និងនាងសិតា។
-          សុពាហុ (Subahu)៖ ពួកអសុរ ដែលចូលចិត្តរំខានមនុស្សលោក។
-          តរកៈ (Taraka)៖ យក្ខេនីដែលសាហាវឃោរឃៅ ត្រូវស្លាប់ក្រោមដៃព្រះរាមៈ
      សូមមើលវីដេអូបន្ថែម


No comments: