ប្រធានបទទី១៣ សុភាសិតមួយពោលថា
«ការងារជាឃ្លាំងប្រាក់» ចូរពិពណ៌នា។
ន័យអត្ថានុរូប
(ន័យចំ)
|
អ្នកដែលខ្ជិលរកស៊ី
មិនខំធ្វើការ ដេកស៊ី នោះប្រាកដជាជួបប្រទះតែភាពក្រីក្រជាក់ជាមិនខាន
ចំណែកឯជនទាំងឡាយណាដែលខិតខំរកស៊ី បំពេញការងារយ៉ាងសស្រាក់សស្រាំនោះ
គេអាចនឹងរកចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃបាន
ហើយមានប្រាក់ចាយគ្រប់គ្រាន់ទៀតផង។ និយាយរួម ការងារគឺជាប្រភពចំណូល ឬធនធានដ៏សំខាន់សម្រាប់មនុស្សជាតិ។
|
សេចក្ដីអធិប្បាយ
គ្រប់កិច្ចការទាំងឡាយ
ទោះបីទាបក្ដី ឲ្យតែសុចរិត គឺសុទ្ធតែមានតម្លៃ
ដោយហេតុថាវាបានផ្ដល់នូវប្រាក់ចំណូលដល់មនុស្សទាំងឡាយដោយមិនចេះរីងស្ងួត
រីឯបុគ្គលដែលខ្ជិលច្រអូសរមែងជួបតែភាពក្រីក្រដុនដាបពីមួយថ្ងៃទៅមួយថ្ងៃ។
ដើម្បីជាការទូន្មានដល់កូនខ្មែរជំនាន់ក្រោយ
ទើបបុព្វបុរសខ្មែរបានលើកឡើងជាសុភាសិតមួយឃ្លាថា «ការងារជាឃ្លាំងប្រាក់»។
តើមតិប្រធានខាងលើនេះផ្ដល់នូវតម្លៃអប់រំយ៉ាងដូចម្ដេចខ្លះ?
ដើម្បីជាស្ពានចម្លងទៅដល់ដំណកស្រាយនោះ
ជាបឋមគួរគប្បីយល់នូវពាក្យគន្លឹះជាមុនសិនដូចជា «ការងារ» គឺកិច្ចការ
ឬមុខរបរ ដែលជាប្រភពសាងប្រាក់កំរៃសម្រាប់ចិញ្ចឹមជីវិត រីឯ «ឃ្លាប្រាក់»
សំដៅដល់កន្លែងផ្ទុកទ្រព្យសម្បត្តិ មាសប្រាក់ជាដើម។
តាមរយៈសុភាសិតខាងលើនេះ គេចង់មានន័យថា ការងារជាប្រភពដែលមិនចេះរីងស្ងួតក្នុងការសាងប្រាក់បចំណូល
បុគ្គលដែលមានការងារធ្វើ គឺរមែងមានជីវភាពល្អប្រសើរ។
ជាការពិតណាស់
គេសង្កេតឃើញថា មនុស្សមួយចំនួនមិនគិតរកស៊ីទេ បែរជាភ្លើតភ្លើនដើរប៉ោឡែ
ផឹកស៊ី បំផ្លាញទ្រព្យសម្បត្តិទៅវិញ ដល់ពេលយូរៗទៅ
អ្វីៗក៏រលាយមួយប៉ព្រិចភ្នែក សូម្បីតែផ្ទះសម្បែងក៏គ្មាននៅសល់ផង
មិនត្រឹមតែប៉ុណ្ណោះ គឺត្រូវខ្មាសគេយ៉ាងពន់ពេក
ហើយត្រូវគេវាយតម្លៃថា ជាមនុស្សចោលម្សៀត
និងជាគំរូអាក្រក់បំផុតមួយនៅក្នុងសង្គម។ ដោយឡែក អ្នកដែលខិតខំរកស៊ី
ប្រកបកិច្ចការនានាដោយមិនខ្លាចនូវការហត់នឿយ
ច្រើនតែទទួលបាននូវទ្រព្យសម្បត្តិយ៉ាងហូរហៀ
ហើយធ្វើឲ្យពួកគេមានជីវភាពគ្រាន់បើ ឬធូរធារជាងមុន។ នៅក្នុងរឿងរៃ
និងស្រមោច បានតំណាលថា រៃគិតតែសប្បាយ មិននាំគ្នារកចំណីទុកក្នុងខែប្រាំងទេ
តែស្រមោចបបានសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំសម្រាប់ត្រៀមទុក
ដល់រដូវវស្សាមកដល់ រៃក៏អត់អីស៊ី ហើយនាំគ្នាទៅពឹងស្រមោច
តែស្រមោចមានស្បៀងសម្រាប់តែគ្នាគេប៉ុណ្ណោះ។ នេះសរបញ្ជាក់ឲ្យឃើញថា
អ្នកខ្ជិលធ្វើការច្រើនតែជួបសេចក្ដីវិនាស រីឯអ្នកខំប្រឹងប្រកបកិច្ចការ
រមែងមានភាពរីកចម្រើន។ តួយ៉ាង តាមរយៈរឿងកុលាបប៉ៃលិន
ដែលជាស្នាដៃនិពន្ធរបស់លោក ញ៉ុក ថែម
បានលាតត្រដាងឲ្យឃើញយ៉ាងច្បាស់នូវការតស៊ូរបស់ចៅចិត្រ
ដែលខិតខំធ្វើការរែងត្បូងក្រោមកម្ដៅថ្ងៃដោយមិនមានការធុញទ្រាន់បន្តិចឡើយ
រហូតដល់ទទួលការស្រលាញ់ពេញចិត្តពីចៅហ្វាយនាយ ចំណែកឯនាងឃុននារី
ក៏ចូលចិត្តគេដែរ ទីបំផុត ចៅចិត្រ ក៏ក្លាយជាកូនប្រសាររបស់លោក ហ្លួង
រតនសម្បត្តិ ហើយមានជីវភាពធូរធារពិតមែន។ បន្ថែមពីនេះ នៅក្នុងរឿងពុទ្ធិសែន
ដែលជាវណ្ណកម្មអក្សរសិល្ប៍ស្ថិតនៅក្នុងចលនាពុទ្ធនិយម
ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីភាពមោះមុតរបស់ពុទ្ធិសែន
ដែលខិតខំរកចំណីមកចិញ្ចឹមខ្លួន និងម្ដាយ
រួមទាំងអ៊ំស្រីទាំងដប់មួយនាក់ផ្សេងទៀតឲ្យមានជីវិត
រហូតដល់គេក្លាយជាមនុស្សជោគជ័យម្នាក់។ មួយវិញទៀត
តាមរយៈរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ដែលជាស្នាដៃនិពន្ធរបស់លោក សួន
សុរិន្ទ ស្ថិតក្នុងចលនាខេមរនិយម
ក៏បានលាតត្រដាងឲ្យឃើញនូវជីវភាពរបស់ប្រជាជន
ដែលខិតខំរកស៊ីតាមសមត្ថភាព តួយ៉ាង សម ដែលជាតួអង្គតំណាងវណ្ណៈប្រជាជននាសម័យនោះ
បានធាក់ស៊ីក្លូ ធ្វើកម្មករកំពង់ផែ កម្មករសាប៊ូ ដោយមិនដេកចាំព្រេងវាសនា
ឬទ្រាំចាំតាមយថាកម្មនោះឡើយ ប៉ុន្តែព្យាយាមជានិច្ច
ទោះបីបានប្រាក់កំរៃស្ដួចស្ដើងក៏ដោយ ក៏វាប្រសើរជាងឆកប្លន់គេដែរ។
ក្រៅពីនេះ នៅច្បាប់ស្រីហិតោបទេស ក៏ធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា «គ្មានម្រឹគឯណាបោលចូលមាត់សីហដែលកំពុងដេកនោះឡើយ»
ក្នុងន័យនេះបានសេចក្ដីថា ម្រឹគ ជាសត្វចតុបាទ ដូចជា ប្រើស ឈ្លូស ក្ដាន់
ឬគោព្រៃ ។ល។ តំណាងឲ្យលាភសក្ការ ឬទ្រព្យធន ចំណែកឯ សីហ
ជានិមិត្តរូបនៃសេចក្ដីព្យាយាមរបស់មនុស្ស កាលបើបុគ្គលទាំងឡាយ
មិនខិតខំរកទេ នោះនឹងគ្មានមាសប្រាក់
ដោយហេតុថាវាមិនដែលដើរមករកមនុស្សឡើយ
មានតែមនុស្សទេដែលត្រូវរត់ទៅរកវា។ ផ្សេងពីនេះ តាមរយៈសុភាសិតខ្មែរ
ក៏បានបង្ហាញផងដែរថា «មានពីរក» មានន័យថា ទាល់តែឧស្សាហ៍ព្យាយាម
ទើបក្លាយជាអ្នកមាន មិនមែនខ្ជិលច្រអូស ចេះតែស្រមើស្រមៃ
ដូចចៅចាក់ស្មុគឡើយ។
សរុបសេចក្ដី
មានការងារទេដែលអាចជួយឲ្យមនុស្សគ្រប់គ្នាបានរីកចម្រើន
ហើយក្លាយទៅជាអ្នកមានបាន ចំពោះបុគ្គលដែលគិតតែសប្បាយភ្លេចខ្លួន
មិនយូរមិនឆាប់ នឹងក្លាយទៅជាជនក្រីក្រ
ឬរលាយទ្រព្យសម្បត្តិអស់ពីខ្លួន ហើយមានឈ្មោះមិនល្អក្នុងសង្គមទៀតផង។
យោងតាមការបកស្រាយខាង
គេអាចសន្និដ្ឋានបាន
សុភាសិតនេះពិតជាមានតម្លៃអប់រំយ៉ាងធំធេងចំពោះមនុស្សគ្រប់រូប ឲ្យខិតខំរកស៊ីដោយសុចរិត
ដើម្បីសាងជីវភាពឲ្យកាន់តែប្រសើរឡើង។
ក្នុងនាមជាអ្នកសិក្សាគួរខិតខំរៀនសូត្រ
និងប្រកបកិច្ចការផ្សេងៗដោយស្របតាមច្បាប់រដ្ឋ ដើម្បីជួយឲ្យខ្លួនឯង
គ្រួសារ និងសង្គមជាតិមានមុខមានមាត់នៅក្នុងសង្គម។
ថ្ងៃព្រហស្បតិ៍
ទី១៥ កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
សៀមរាប
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨
សូមមើលវីដេអូបន្ថែម
No comments:
Post a Comment