ប្រធានបទទី១៤ សុភាសិតមួយបានលើកឡើងថា
«បុរសសង្ហាដោយវិជ្ជា នារីសោភាដោយចរិយា» ចូរអភិប្រាយ។
ន័យអត្ថានុរូប
(ន័យចំ)
|
តាមរយៈន័យសុភាសិតទាំងមូលបានលាតត្រដាងឲ្យឃើញថា
បុរសជាមនុស្សដែលមានកម្លាំងជាងនារី
ហើយគួរគប្បីមានចំណេះវិជ្ជាឲ្យគ្រប់គ្រាន់ និយាយទៅ
បុរសដែលសង្ហារពិតប្រាកដ គឺពោរពេញទៅដោយចំណេះដឹង សីលធម៌ គុណធម៌
មិនមែនមើលតែសម្បកក្រៅនោះឡើយ។ បន្ថែមពីនេះ
នារីដែលសម្រស់ស្រស់ស្អាតតែខាងក្រៅ
ពុំអាចឆ្លុះបញ្ចាំងពីចរិតបានឡើយ អ្វីដែលសំខាន់នោះ គឺកិរិយាមារយាទ
ឥរិយាបថ និងទង្វើរបស់នារីទេ ដែលគេហៅថានារីដ៏សោភា។ ដូច្នេះ
បុរសសង្ហារពិតប្រាកដ គឺមានចំណេះ ឯនារីស្រស់ស្អាតពិតប្រាកដគឺមានចរិយាមារយាទល្អ។
|
សេចក្ដីអធិប្បាយ
ភាពស្រស់ស្អាតរមែងជាភាពទាក់ទាញដល់ភ្នែកអ្នកផងទាំងឡាយ
បុរសដែលរូបសង្ហា និងនារីសោភាច្រើនសម្រស់ល្អប្លែក
ក៏វាគ្រាន់តែជាសម្បកខាងក្រៅប៉ុណ្ណោះ ហើយវាអាចនឹងប្រែប្រួលទៅតាមកាលវេលាកំណត់ជានិច្ច
គឺមានតែចំណេះវិជ្ជា និងអត្តចរិតត្រឹមត្រូវប៉ុណ្ណោះ ដែលមិនចេះបាត់បង់។
ហេតុដូច្នេះហើយ ទើបដូនតាខ្មែរហ៊ានលើកឡើងថា «បុរសសង្ហាដោយវិជ្ជា
នារីសោភាដោយចរិយា»។
តើទស្សនៈប្រធានខាងលើបង្កប់នូវតម្លៃអប់រំយ៉ាងដូចម្ដេច?
ដើម្បីងាយស្រួលបកស្រាយសុភាសិតនេះ
ជាដំបូង គួរយល់នូវឃ្លាមួយចំនួនសិន ដូចជា «បុរសសង្ហា» និង «នារីសោភា»។
ឃ្លា «បុរសសង្ហា» សំដៅមនុស្សប្រុស ដែលមានមុខមាត់ រូបរាង ទាក់ទាញ
ហើយគួរឲ្យស្រលាញ់ ចំណែកឯ «នារីសោភា» គឺស្ត្រី
ឬស្រីដែលប្រកបដោយរូបឆោមលោមពណ៌ និងស្រស់ស្អាត។
តាមរយៈទស្សនៈខាងលើគេចង់បានន័យថា បុរសដែលសង្ហា
និងនារីស្អាតពិតប្រាកដ មិនមែនស្ថិតនៅលើសម្បកខាងក្រៅនោះទេ
គឺចំពោះបុរស ស្ថិតនៅលើចំណេះវិជ្ជា ចំណែកឯនារីវិញ ស្ថិតនៅលើចរិយាសម្បត្តិទៅវិញ។
នៅក្នុងសង្គមសព្វថ្ងៃនេះ
មនុស្សមួយចំនួនច្រើនឲ្យតម្លៃទៅលើសម្ភារនិយម និងភាពស៊ីវីល័យ ជាជាងចំណេះដឹង
តែកុំភ្លេចថាអ្វីទាំងនោះរមែងរលាយទៅវិញ មិនអមតៈឡើយ
ហើយវាពុំមានតម្លៃអ្វីដែលគួរឲ្យកត់សម្គាល់នោះឡើយ។ ជាក់ស្ដែង យុវជនខ្លះមានជីវភាពក្រលំបាក
ហូបចុកមិនគ្រប់គ្រាន់ តែពួកគេខិតខំរៀនសូត្រពីមួយថ្ងៃទៅមួយថ្ងៃ
មិនមែនរាថយ រហូតមានធនធានចំណេះជ្រៅជ្រះ ហើយនារីដែលមានរូបរាងស្អាតក៏មិនប្រាកដថា
ល្អត្រឹមត្រូវឡើយ អាចជាមនុស្សខូចខិលក៏ថាបាន។ នៅក្នុងរឿងកាកី
ដែលជាព្រះរាជនិពន្ធរបស់ព្រះអង្គឌួង នាងកាកី
ជានារីដែលមានរូបសម្រស់ស្រស់ស្អាត ដូចយ៉ាងត្រង់វគ្គទី២៥និងទី២៦ បានលើកឡើងថា
«ស្ដេចមានមហេសី នាមនាងកាកី ល្អល្អះឥតហ្មង ឥតមានស្រីណា សោភាផ្ទឹមផង
សមសព្វកន្លង កន្លោងអស់ ស្រី។ កាយកើតអស្ចារ្យ អំពីផ្កាកា ណិកាសោភី
ភក្ត្រាសោភ័ណ ដូចចន្ទ្របូណ៌មី សក់ដូចភមរី រលើបខ្មាញ់ខ្មៅ។»
ការពណ៌នានេះគ្រាន់តែបង្ហាញនូវលក្ខណៈខាងក្រៅរបស់នាងកាកីប៉ុណ្ណោះ
ផ្ទុយទៅនាងបែរជាមានចិត្តផិតក្បត់ស្ដេចព្រហ្មទត្ត
ហ៊ានប្រគល់ខ្លួនប្រាណឲ្យទៅអ្នកដទៃទៅវិញ ដូចជា ស្ដេចគ្រុឌ និងគន្ធ័ន
ដែលបុរសទាំងពីរពុំសមជាសុភាពបុរសឡើយ ដឹងថាគេមានប្ដីហើយ
នៅតែចង់បានរូបគេទៀត។ បន្ថែមពីនេះ នាងកាកី
ក៏ត្រូវព្រះរាជាបណ្ដែតចោលតាមពោងពាយ
ហើយត្រូវអ្នកនិពន្ធរិះគន់ត្រង់វគ្គទី១៣៩ថា «ក្សត្រីស្រីណាគាប់ កុំត្រងត្រាប់កែវកាកី
គំនិតក្បត់ចិត្តប្ដី ចោលស្វាមីសេពសហាយ»។ លោកបានផ្ដាំថា
ទង្វើបែបនេះមិនសមជានារីខ្មែរឡើយ។ ក្រៅពីនេះ នៅក្នុងរឿង
រឿងព្រះវេស្សន្ដរ វិញ
នាងមទ្រីសុខចិត្តលំបាកកាយស្មោះស្ម័គ្រតាមស្វាមីជានិច្ច ចំណែកនាង សីតា
ក្នុងរឿងរាមកេរ្តិ៍ ហ៊ានដើរផ្សងព្រេងជាមួយព្រះស្វាមី
ទោះបីត្រូវក្រុងរាពណ៍ចាប់យកទៅក៏ដោយ
ក៏នាងមិនប្រែប្រួលចិត្តពីព្រះរាមឡើយ
ចំណែកព្រះរាមវិញប្រកបដោយវិជ្ជាជ្រៅជ្រះ ចេះគិតគូពីសុខទុក្ខភរិយា
និងប្រជារាស្ត្រ ចេះដោះស្រាយរាល់បញ្ហាមួយចំនួនដោយប្រាជ្ញាញាណ។
មួយវិញទៀត ក្រុងរាពណ៍មិនសមជាបុរសពិតនោះទេ
យកអំណាចមកគំរាមកំហែងនារីភេទបែបនេះ។ ក្រៅពីនេះ គេឃើញថា
នៅក្នុងកុលាបប៉ៃលិនរបស់លោក ញ៉ុក ថែម បានស្ដែងឲ្យឃើញថា
ចំណេះវិជ្ជានិងការប្រឹងប្រែង អាចធ្វើឲ្យបុរសដែលមានរូបរាងមិនស្អាតក្លាយជាទីចាប់អារម្មណ៍បំផុតមួយ
គឺតាមរយៈតួអង្គចៅចិត្រនេះឯង។
សរុបសេចក្ដីមក
បុរសសង្ហាពិត គឺត្រូវតែមានចំណេះវិជ្ជាជាប់ខ្លួនជានិច្ច តួយ៉ាងដូចជា
ចៅចិត្រ ព្រះរាម ជាដើម ហើយកុំធ្វើដូចក្រុងរាពណ៍ ឬស្ដេចគ្រុឌក្នុងរឿងកាកីក៏ទេដែរ
ចំពោះដែលស្រស់ស្អាតពិតប្រាកដទាល់តែមានចរិយាសម្បត្តិសមសួន ដូចជា សីតា
និងនាងមទ្រីជាដើម តែមិនមែនកាកីនោះទេ។
យោងតាមការបកស្រាយខាងលើ
គេអាចវាយតម្លៃបានថា សុភាសិតនេះពិតជាមានតម្លៃអប់រំនិងក្រើនរំឭកទៅដល់កូនចៅប្រុសស្រីទាំងអស់គ្នា
កុំឲ្យយករូបសម្បត្តិជារឿងសំខាន់
ដោយហេតុថាវាមិនប្រាកដថាល្អត្រឹមត្រូវនោះ
តែត្រូវមើលទៅលើចរិយាសម្បត្តិ សីលធម៌ និងចំណេះដឹងនេះឯង។
ក្នុងនាមជាអ្នកសិក្សា គួរគប្បីធ្វើខ្លួនឲ្យសមជាទំពាំងស្នងឫស្សីសម្រាប់កម្ពុជរដ្ឋនេះ។
ព្រហស្បតិ៍
ទី១៥ កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
សៀមរាប
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨
សូមមើលវីដេអូបន្ថែម
No comments:
Post a Comment