ន័យអត្ថានុរូប
(ន័យចំ)
|
«សំដី»
សំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ បើនិយាយហើយត្រូវតែធ្វើ
មិនមែនចេះតែនិយាយប៉ប៉ាច់ប៉ប៉ោចតាមតែនឹកឃើញនោះទេ
នាំឲ្យបាត់បង់តម្លៃរបស់ខ្លួន។ ដូចគេតែងហៅថា «ភូតច្រើនចាញ់អាត្មា»
គឺចូលចិត្តកុហក ចុងក្រោយគ្មានអ្នកជឿ។ មួយវិញទៀត
ពាក្យសម្ដីជាមធ្យោបាយនាំមុខគេក្នុងការធ្វើទំនាក់ទំនងនឹងអ្នកដទៃ
ស្លាប់ឬរស់គឺពឹងលើសម្ដីនេះឯង ចំណែក «លេខជាទោ»
គឺសំដៅទៅលើការប្រើប្រាស់អក្សរ។ ត្រង់ចំណុចនេះក៏សំខាន់ដែរ
សម្រាប់អ្នកដែលចូលចិត្តសរសេរ។ អ្វីដែលសំខាន់បំផុត នោះគឺសម្ដី
បន្ទាប់គឺអក្សរតែម្ដង។
|
ពាក្យសម្ដីរបស់មនុស្សពិតជាមានតម្លៃខ្លាំងណាស់
កាលបើហារស្ដីចេញពីមាត់វិញហើយមិនអាចលេបវិញបានឡើយ
ដោយគេអាចវាយតម្លៃថាជាមនុស្សក្រឡេចក្រឡុច ឬស្មោះត្រង់ទៅតាមនោះដែរ
ចំណែកឯសំណេរវិញក៏សំខាន់ដូចគ្នាដែរ
តែស្ថិតក្នុងលំដាប់ទីពីរបន្ទាប់ពីពាក្យសម្ដី
ដោយហេតុថាការសរសេរក៏អាចធ្វើឲ្យគេយល់ពីគំនិតបានដែរ ។ ហេតុដូច្នេះហើយ
ទើបមានសុភាសិតមួយពោលថា «សម្ដីជាឯក លេខជាទោ»។
តើសុភាសិតនេះមានខ្លឹមសារយ៉ាងដូចម្ដេចខ្លះ?
ដើម្បីជាស្ពានចម្លងទៅដល់ការបកស្រាយខាងលើនេះ
ដំបូងគួរយល់នូវពាក្យគន្លឹះសំខាន់ៗជាមុនសិន ដូចជា «សម្ដី» «ឯក» «លេខ» និង
«ទោ» ជាដើម។ ពាក្យថា «សម្ដី» សំដៅដល់ការនិយាយស្ដី រីឯ «ឯក» គឺគ្មានពីរ
មានតែមួយ ចំណែកឯ «លេខ» តំណាងដល់ការសរសេរ ហើយ «ទោ» បានន័យថា ចំនួនពីរ
ដែលធំជាងមួយ ហើយតូចជាងបី។ តាមរយៈសុភាសិតនេះ
បុព្វបុរសខ្មែរបានទាញអារម្មណ៍កូនខ្មែរទាំងឡាយឲ្យយកចិត្តទុកដាក់ចំពោះពាក្យសម្ដីរបស់ខ្លួន
មួយម៉ាត់រស់ មួយម៉ាត់ស្លាប់ មួយម៉ាត់ក្លាយជាមិត្ត មួយម៉ាត់ក្លាយជាសត្រូវ
ហើយក៏សរសេរអក្សរក៏អាចជាការលាតត្រដាងនូវគំនិតដែរ បើសរសេរល្អ គេចូលចិត្ត
បើសរសេរផ្ដេសផ្ដាសខ្វះការពិចារណា ក៏ត្រូវគេស្អប់ដូច្នោះដែរ ដូច្នេះ
មុននឹងធ្វើអ្វី ត្រូវពិចារណាជាមុនសិន។
តាមរយៈសកម្មភាពរបស់មនុស្សសព្វថ្ងៃនេះ
គេសង្កេតឃើញអ្នកខ្លះរស់ដោយសារសម្ដី ដូចជាពិធីករ ពិធីការនី
រួមទាំងតារាងចម្រៀងល្បីនានា ឬគ្រូបង្រៀន វាគ្មិនមួយចំនួនធំ
ដែលពូកែខាងវោហារសាស្ត្របានទាក់ទាញនូវចំណាប់អារម្មណ៍
ហើយអាចសាងនូវប្រាក់ចំណូលយ៉ាងច្រើន និងអាចក្លាយទៅជាអ្នកមានក៏ថាបាន។
អ្នកខ្លះរៀនមិនសូវពូកែទេ តែបាននិយាយយោង តែអ្នកខ្លះរៀនពូកែ
តែអន់សម្ដី បើនិយាយទៅអ្នកដែលពូកែសម្ដី គឺគេត្រូវការចាំបាច់ណាស់
ដូចជាឃោសនាផ្សព្វផ្សាយពាណិជ្ជកម្មអ្វីមួយ
ដោយហេតុថាអាចទាក់ទាញចិត្តអតិថិជនបាន ក៏ប៉ុន្តែមិនមែនថាអ្នកចេះអក្សរនោះអន់ទេ
គឺពូកែដូចគ្នា តែវាស្ថិតក្នុងលំដាប់ទីពីរទេ បើបានទាំងពីររឹតតែប្រសើរ។
ជាក់ស្ដែងនៅក្នុងរឿងទុំទាវ នេនទុំ មានទាំងចំណេះ និងពូកែទាំងវោហារ
រួមផ្សំនឹងទឹកដមសំឡេងដ៏សែនពីរោះផងនោះ ដូចត្រង់អត្ថបទក្នុងវគ្គទី៣២
លើកឡើងថា «លោកគ្រូទទួលស្រួលព្រះទ័យ ប្រឹតប្រៀនទុំវៃខាងអាគម
អាចគាប់ដោយប្រាជ្ញប្រឹងជញ្រ្ជំ ខិតខំចង់បួសផ្នួសសាមណេរ។»
ហើយត្រង់វគ្គទី៣៥ លើកឡើងទៀតថា «ទុំមានប្រាជ្ញាវោហារប្រាជ្ញផ្សេង
មានទាំងសំឡេងរូបខ្ចីល្វក់ ល្អទ្រង់អង្គកាយសាយទឹកមុខ រួចទុកនេនពេជ្រជាប្អូនស្រេច។»
ដោយទុំមានសំឡេងពីរោះ ចេះស្មូតយ៉ាងពូកែបែបនេះ
ក៏ធ្វើឲ្យមនុស្សជុំវិញខ្លួនចាប់អារម្មណ៍
រហូតបានទៅស្មូតដល់ផ្ទះនាងទាវទៀត សូម្បីតែងនាងទាវក៏ចង់ឃើញដែរ។ ដោយឡែក
ព្រះរាជសាររបស់ព្រះរាជពិតជាសំខាន់ណាស់សម្រាប់ទុំ តែទុំបែរជាភ្លេច
ដោយហេតុថាវាជាភស្តុតាងដ៏សំខាន់ដែលស្ដែងអំពីព្រះរាជបញត្តិរបស់ព្រះមហាក្សត្រដើម្បីឲ្យទុំទៅយកនាងទាវមកវិញដោយស្របច្បាប់
ទីបំផុតទុំក៏ត្រូវស្លាប់។
តែយ៉ាងការនិយាយស្ដីនៅតែជាជម្រើសមុនគេដដែល មកពីទុំនិយាយមិនដឹងរឿងបែបនេះហើយ
ទើបទុំមានគ្រោះថ្នាក់ បើរូបគេប្រាប់អរជូនថា ខ្លួនមានព្រះរាជសារនោះ
ម្ល៉េះប្រាកដជាមិនទទួលមរណភាពយ៉ាងអាណោចអាធ័មបែបនេះឡើយ។ បន្ថែមពីនេះ
ក្នុងការបញ្ជាទ័ព គឺត្រូវនិយាយយ៉ាងម៉ឺងម៉ាត់បំផុត
និងប្រកបដោយប្រាជ្ញាស្មារតីខ្ពង់ខ្ពស់ ដូចយ៉ាង តេជោយ៉ត
ដែលអាចគ្រប់គ្រងទ័ពបាន
ហើយស្វែងរកជនបង្កប់នៅក្នុងជួរកងទ័ពរបស់ខ្លួនដោយប្រើពាក្យសម្ដីនេះឯង។
យ៉ាងណាមិញ ការកត់ត្រាសំខាន់ណាស់ដែរ
ក្រោយពីមនុស្សស្លាប់បាត់ពាក្យប្រាកដជាស្លាប់ទៅតាម ដូច្នោះទើបគេមានចារនូវសិលាចារឹក
ឬចារគម្ពីរផ្សេងៗដើម្បីកត់ត្រាសម្ដីអ្នកទាំងនោះដូចជា
កំណាព្យរបស់ព្រះរាជសម្ភា ឬច្បាប់ក្រមង៉ុយជាដើម។
សរុប
នៅក្នុងជីវភាពសព្វថ្ងៃនេះ
មនុស្សទាំងឡាយត្រូវចេះរៀបពាក្យសម្ដីរបស់ខ្លួនបានត្រឹមត្រូវទៅតាមកាលៈទេសៈ
ដើម្បីនាំភាពរីកចម្រើនដល់ខ្លួន
តែកុំភ្លេចកត់ត្រាអ្វីៗខ្លួនជួបប្រទះផង ដោយហេតុថាពេលខ្លួនបាត់បង់ទៅ
ក៏នៅសល់ឯកសារសម្រាប់អ្នកជំនាន់ក្រោយដែរ។
យោងតាមការវិភាគខាងលើ
គេអាចវាយតម្លៃបានថា ទស្សនៈសុភាសិតខាងលើពិតជាមានន័យល្អប្រសើរដល់មហាជនទាំងឡាយឲ្យយកចិត្តក្នុងដាក់ក្នុងការប្រើគំនិតរបស់ខ្លួនតាមរយៈការនិយាយ
និងការសរសេរផងដែរ។ ក្នុងនាមជាអ្នកសិក្សាគួររៀនអ្វីដែលល្អ
ចៀសវៀងអ្វីដែលផ្ដល់ចំណុចអវិជ្ជមាន រួចរៀននិយាយស្ដីឲ្យបានពីរោះពិសា
រួមទាំងចេះកត់ត្រាគំនិតខ្លួនទុកផងដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយទៀត។
ថ្ងៃព្រហស្បតិ៍
ទី១៥ កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
សៀមរាប
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨
សូមមើលវីដេអូនបន្ថែម
សូមទាញយកឯកសារជា PDFត្រង់នេះ
No comments:
Post a Comment