Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, January 28, 2019

ប្រាសាទបន្ទាយក្ដី


ប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ។
ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ។ មិនមាននរណាដឹងថាប្រាសាទនេះ សាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាននោះទេ។ ការស្រាវជ្រាវថ្មីៗនេះធ្វើឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ា បានបញ្ជាក់ថា បន្ទាយក្តីត្រូវបានសាងសង់ឡើងនៅលើប្រាសាទ ដែលមានអាយុចាស់ជាងសតវត្សរ៍ទី១២ ដោយសារគេឃើញគ្រឹះនៃប្រាសាទមួយទៀត ក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តី ដែលគេសន្និដ្ឋានថាវាមានទំនាក់ទំនងទៅនឹងភូមិកុដិ តាំងពីសម័យព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទបន្ទាយក្តីមានខ្លោងទ្វារចំនួន២សម្រាប់ចេញចូលគឺនៅទិសខាងលិចនិងទិសខាងកើត។ ឈ្មោះប្រាសាទបន្ទាយក្តីផ្គុំឡើងដោយពាក្យ «បន្ទាយ» បូកនិងពាក្យ «ក្តី»។ ពាក្យ​ «បន្ទាយ» ត្រូវបានសម្គាល់ថាជាក្រុងឬប្រាសាទ រីឯពាក្យ «ក្តី» ក្លាយពីពាក្យ «កុដិ» ដែលក្រោយមកត្រូវបានបញ្ចេញសូរនិងសរសេរជា «ក្តី» វិញ។ ប្រាសាទបន្ទាយក្តីគឺជាប្រាសាទបែបព្រះពុទ្ធសាសនាមហាយានមួយក្នុងចំណោមប្រាសាទព្រះពុទ្ធសាសនាមហាយានជាច្រើនកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ កសាងនៅក្នុងសតវត្សទី១២ ប៉ុន្តែសម័យកណ្តាល ប្រាសាទនេះបានក្លាយជាទីសក្ការៈបូជានៃព្រះពុទ្ធសាសនាហិនយានវិញដែលមានវត្តនិងចេតិយជាដើម។ 
មានភស្តុតាងជាច្រើន ដែលនាំឱ្យមានសេចក្តីសនិដ្ឋានយ៉ាងដូចច្នេះគឺតាមរយៈការធ្វើកំណាយរកឃើញកោដ្ឋដាក់ធាតុជាច្រើននៅបរិវេណប្រាសាទនេះ។ លើសពីនេះទៅទៀតនៅពេលភ្ញៀវទេសចរជនជាតិអឺរ៉ុបបានមកទស្សនាតំបន់អង្គរនៅសតវត្សទី១៩ក៏បានកត់ត្រាទុកថា មានព្រះពុទ្ធបដិមា និងកុដិរបស់ព្រះសង្ឃនៅក្នុងបរិវេណរបស់ប្រាសាទនេះជាភស្តុតាងផងដែរ។ សិលាចារឹកមានចំនួន៥ផ្ទាំងត្រូវបានគេប្រទះឃើញនៅក្នុងបរិវេណប្រាសាទបន្ទាយក្តី។ សិលាចារឹកចំនួន៣ត្រូវបានគេសិក្សារួចរាល់ហើយ។ នៅក្នុងអត្ថន័យនៃសិលាចារឹកទាំងនោះមាននិយាយអំពីឈ្មោះរបស់អាទិទេព អ្នកបម្រើការខាងសាសនារបស់ព្រះមហាក្សត្រជាដើម។ នៅក្នុងចំណោមសិលាចារឹកទាំងអស់មានសិលាចារឹកតែមួយគត់ដែលស្ថិតនៅក្នុងប្រាសាទរហូតដល់សព្វថ្ងៃ ចំណែកឯសិលាចារឹកផ្សេងទៀតគឺត្រូវបានគេយកមកតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ។    ប្រាសាទបន្ទាយក្តីត្រូវបានរៀបចំសម្អាតដំបូងពីឆ្នាំ១៩២០-១៩២២ ដោយលោក ម៉ាឆេល (H.Marchal) និងលោកបេតធឺ (Ch.Batteur) លុះក្រោយមកត្រូវបានស្រាវជ្រាវ ដើម្បីធ្វើកំណាយនៅកន្លែងមួយក្បែរហោត្រ័យខាងជើងនៃផ្លូវចូលពីខ្លោងទ្វារទិសខាងកើតដោយគម្រោងរបស់សាកលវិទ្យាល័យសូហ្វីយ៉ា (SOFIA UNIVERSITY) មកពីប្រទេសជប៉ុននៅក្នុងឆ្នាំ២០០១។ កំណាយនេះត្រូវបានគេព្រះទះឃើញព្រះពុទ្ធបដិមាចំនួន២៧៤បំណែក ដែលត្រូវបានកប់ចោលនៅក្នុងរណ្តៅ។ ភាគច្រើននៃបំណែកបដិមាដែលរកឃើញគឺជាប្រភេទព្រះពុទ្ធរូបប្រក់នាគ ព្រះពុទ្ធទ្រង់ឈរ និងព្រះពុទ្ធខ្លះទៀតមានលក្ខណៈសមាធិ ប៉ុន្តែរូបបដិមាភាគច្រើនទាំងនោះស្ថិតនៅក្នុងសភាពបាក់បែក និងបាត់ព្រះកេស និងអ្វីដែលចាប់អារម្មណ៍បន្ថែមទៀតនោះគឺថ្មគោលព្រះពុទ្ធសាសនារាងបួនជ្រុងទ្រវែងមួយដ៏ធំមានឆ្លាក់ព្រះពុទ្ធរូបតូចៗចំនួន១០៨អង្គ ដែលត្រូវបានគេកប់នៅពីលើគេ។ បំណែករូបទាំងនេះត្រូវបានប្រមូល និងយកទៅដាក់តាំងនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ប្រាសាទបន្ទាយក្តីមានកំពែងព័ន្ធជុំវិញសាងអំពីថ្មបាយក្រៀមចំនួនបីជាន់ ហើយមានខ្លោងទ្វារសាងអំពីថ្មភក់បែបទៅរកទិសខាងកើតនិងខាងលិច លើកលែងតែកំពែងទី១នៅខាងក្រៅ មានខ្លោងទ្វារចេញចូលចំនួនបួនទិសសំខាន់ទាំងបួនដែលខ្លោងទ្វារនីមួយៗមានកំពូលមុខបួនដូចខ្លោងទ្វារប្រាសាទតាព្រហ្មនិងខ្លោងទ្វាររាជធានីអង្គរធំ។ មានកសិន្ធុព័ន្ធជុំវិញ កំពែងទី២មានហោត្រ័យ សាលរបាំ និងអាគារបន្ទាប់បន្សំផ្សេងៗទៀត។

ប្រភពអត្ថបទ សូមចុចត្រង់នេះ

No comments: